វ៉ាស៊ីនតោន៖ សកម្មជនជាតិនិយមថៃល្បីឈ្មោះម្នាក់និងជំនួយការរបស់លោកបានប្រឈមមុខនឹងការសាកសួរនៅក្នុងតុលាការខ្មែរមួយកាលពីថ្ងៃពុធ អំពីបទចោទប្រកាន់រឿងចារកម្ម។ អ្នកទាំងពីរស្ថិតនៅក្នុងចំណោមជនជាតិថៃ៧នាក់ រួមមានអ្នកតំណាងរាស្ត្រម្នាក់ដែលត្រូវជាប់ចោទពីបទចូលក្នុងប្រទេសកម្ពុជាដោយខុសច្បាប់។ ករណីនេះអាចនាំឲ្យជម្លោះការទូតដែលកំពុងពុះតិចៗឲ្យពុះកញ្ជ្រោលជាថ្មីឡើងវិញបាន។
លោក វារ៉ា សោមក្វាំគីត(Veera Somkwamkid) និងលេខាធិការរបស់លោកឈ្មោះ រ៉ាទ្រី ពីប៉ាថាណាផៃប៊ុន (Ratree Pipatanapaiboon)ត្រូវជាប់ចោទអំពីបទប្រមូលព័ត៌មានដែលអាចគំរាមដល់សន្តិសុខរបស់ប្រទេសកម្ពុជា។ ពាក្យចោទនេះអាចផ្តន្ទាទោសឲ្យជាប់គុកដល់ទៅ១០ឆ្នាំ។
អ្នកទាំងពីរត្រូវចាប់ខ្លួនកាលពីខែមុន បន្ទាប់ពីបានឆ្លងដែនចូលទៅក្នុងតំបន់យោធាមួយរបស់កម្ពុជា។ អ្នកទាំងពីរបានធ្វើដំណើរជាមួយជនជាតិថៃ៥នាក់ទៀត ដែលភាគច្រើនជាសមាជិកនៃក្រុមបំបែកខ្លួនជាតិនិយមមួយឈ្មោះ សម្ព័ន្ធភាពប្រជារាស្រ្តដើម្បីលទ្ធិប្រជាធិបតេយ្យ។ ក្រុមសកម្មជនហៅពួក«អាវលឿង»បានជំរុញឲ្យរដ្ឋាភិបាលថៃប្រកាន់យកជំហររឹងមាំមួយចំពោះប្រទេសកម្ពុជានៅក្នុងជម្លោះព្រំដែន។
នាយករដ្ឋមន្រ្តីថៃ លោក អាហ្វីស៊ីត វិចាជីវ៉ា (Abhisit Vejjajiva)បានអំពាវនាវសុំឲ្យរដ្ឋាភិបាលក្រុងភ្នំពេញដោះលែងអ្នកទាំងប្រាំពីរទៅវិញ ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន ថ្លែងថា តុលាការត្រូវសម្រេចអនាគតអ្នកទាំងនេះ។
លោកឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយខ្មែរម្នាក់ដែលរស់នៅទីក្រុងអ័កស្វ័ដ(Oxford) ប្រទេសអង់គ្លេស ថ្លែងថា ប្រព័ន្ធតុលាការខ្មែរមិនមានឯករាជ្យភាពទេ ហើយថា ការជំនុំជំរះក្តីជនជាតិថៃទាំងនោះមានឱកាសយុត្តិធម៌ តិចតួចណាស់។
«ប្រព័ន្ធនេះនៅដូចជាប្រព័ន្ធតុលាការកុម្មុយនិស្តមួយ ដែលស្ថិតនៅក្រោមការត្រួតត្រារបស់រដ្ឋាភិបាល តាមរយៈគណបក្សកាន់អំណាច ដែលចៅក្រមស្ទើរទាំងអស់ជាសមាជិកគណបក្សគ្រប់គ្រងអំណាច។ ហើយគណបក្សមានវិន័យតឹងរ៉ឹងណាស់ ដូច្នេះការងាករេចេញពីខ្សែបន្ទាត់គណបក្សនិងទទួលការស្តីបន្ទោស»។
ក្រុមអ្នកជាតិនិយមថៃនិយាយថា ជនជាតិថៃ៧នាក់នេះកំពុងធ្វើការស៊ើបអង្កេតពាក្យចោទប្រកាន់ដែលថា កម្ពុជាបានរុករានចូលទៅក្នុងទឹកដីថៃ ហើយថា ពួកគេត្រូវទាហានខ្មែរចាប់ ។ ព្រំដែនដែលមានការកម្រិតមិនច្បាស់លាស់រវាងគូបដិបក្ខដ៏យូរអង្វែងជាយូរមកហើយបានបំផុសឲ្យមានអារម្មណ៍ជាតិនិយមនៅក្នុងប្រទេសទាំងពីរ។ ជម្លោះមួយទាក់ទងនឹងប្រាសាទបូរាណរបស់ខ្មែរគឺព្រះវិហារបានបណ្តាលឲ្យមានការវាយប្រយុទ្ធគ្នារវាងកងទ័ពខ្មែរនិងថៃក្នុងឆ្នាំ២០០៨។ អង្គការUNESCO ទទួលស្គាល់ថា ប្រាសាទនេះជាកម្មសិទ្ធិរបស់ខ្មែរ តែសកម្មជនថៃខ្លះនិយាយថា ប្រាសាទនេះជារបស់ថៃ។
លោកឡៅ ម៉ុងហៃនិយាយថា កម្ពុជាមានសម្ព័ន្ធមិត្តការទូតតិចជាងប្រទេសថៃ ហើយមុខជាមិនបានជោគជ័យច្រើនទេ បើសិនជាកម្ពុជាលើកយករឿងនេះទៅដោះស្រាយនៅក្នុងវេទិកាអន្តរជាតិមួយ ដូចជាអង្គការសហប្រជាជាតិជាដើម។ ផ្ទុយទៅវិញលោកបន្ថែមថា រដ្ឋាភិបាលកម្ពុជាហាក់ដូចជាប្រើការចាប់ខ្លួនជនជាតិថៃនេះជាការបង្វែរផ្លូវនយោបាយ។
«និយាយឲ្យជ្រៅទៅ រឿងនេះគឺកាន់តែបង្កើនភាពតានតឹង និងបង្វែរមតិសាធារណជនចេញពីព្រំដែនខាងកើតតែប៉ុណ្ណោះ»។
នេះគឺព្រំដែនខាងកើតជាមួយប្រទេសវៀតណាម ដែលជាបញ្ហាងាយមានបញ្ហាដូចគ្នាសម្រាប់អ្នកជាតិនិយមខ្មែរ ដែលព្រួយបារម្ភអំពីការវាទទឹកដីរបស់ក្រុងហាណូយ ដោយលួចរំកិលបង្គោលព្រំដែនស្ងៀមស្ងាត់ៗ។ បញ្ហានេះមានការពិនិត្យពិច័យតាមផ្លូវការដ៏តិចតួចពីរដ្ឋាភិបាលភ្នំពេញ ដែលក្រុមអ្នករិះគន់និយាយថា ជាសញ្ញាមួយបង្ហាញឥទ្ធពលដ៏ខ្លាំងក្លារបស់វៀតណាមនៅក្នុងនយោបាយកម្ពុជា។
ចំណែកព្រំដែនជាមួយថៃវិញជាបញ្ហាខុសស្រឡះពីនេះ។ ករណីបច្ចុប្បន្នជាមួយថៃបានទាក់ទាញអារម្មណ៍យ៉ាងខ្លាំងរបស់បណ្តាញព័ត៌មាននៅក្នុងកម្ពុជា ហើយអ្នកចរចាកំពូលៗអំពីបញ្ហាព្រំដែននៃប្រទេសទាំងពីរបានជួបគ្នានៅក្រុងភ្នំពេញក្នុងសប្តាហ៍នេះ ព្រមទាំងបានសន្យាថា នឹងពន្លឿនដំណើរបោះបង្គោលព្រំដែន ទោះបីជាមានភាពតានតឹងយ៉ាងណាក៏ដោយ។
ប្រែសម្រួលដោយពិន ស៊ីសុវណ្ណ