ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​សង្ឈឹម​ច្រើន​ចំពោះ​ទិវាសហគមន៍​ខ្មែរ​ឆ្នាំ​នេះ​​ថ្វី​បើ​មាន​បញ្ហា​សេដ្ឋកិច្ច​ក្តី


ការ​សម្តែង​សិល្បៈ​​​នៅ​ជិត​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ឱកាស​ទិវា​សហគមន៍​ខ្មែរ​ឆ្នាំ​២០០៨។
ការ​សម្តែង​សិល្បៈ​​​នៅ​ជិត​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ឱកាស​ទិវា​សហគមន៍​ខ្មែរ​ឆ្នាំ​២០០៨។

ទោះ​បីរស់នៅ​ឆ្ងាយ​ពី​មាតុភូមិ​កំណើត​ក្តី ក៏​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​មិនដែល​ភ្លេច​ស្វែង​រក​ឱកាស​ដើម្បី​ជួប​ជុំ​គ្នា​ប្រារព្ធ​ពីធី​ប្រពៃណី​ខ្មែរ​ផ្សេងៗ​ទេ។ នៅ​ជិត​រដ្ឋធានី​វ៉ាស៊ីនតោន ​ពលរដ្ឋអាមេរិកាំង​កំណើត​ខ្មែរ​មួយ​ក្រុម បាន​ជួប​ប្រជុំ​គ្នា​ជា​ថ្មី​ទៀត​ ដើម្បី​រៀបចំ​ពីធី​បុណ្យ​វប្បធម៌​ខ្មែរ​ប្រចាំ​ឆ្នាំរបស់​តំបន់ពួក​គាត់ ថ្វី​បើ​បច្ចុប្បន្ន​នេះ​ជា​កាលៈទេសៈ​សេដ្ឋកិច្ច​មិន​ល្អ​នៅ​សហរដ្ឋ​អាមេរិក​ក្តី។

(សំឡេង​ជជែក​គ្នា​របស់​សមាជិកទិវា​សហគមន៍​ខ្មែរ)

នេះ​ជា​សម្លេង​នៃ​ការ​ជជែក​ពិភាក្សា​គ្នារបស់​ក្រុម​អ្នក​រៀប​ចំ​ «ទិវា​សហគមន៍​ខ្មែរ​ឆ្នាំ​២០១០» ដែល​ជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំមួយសម្រាប់​អបអរ​និង​បង្ហាញ​នូវ​វប្បធម៌​ខ្មែរ ហើយ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យទី​២២​ខែ​សីហា​ខាង​មុខនេះ​ នា​ទី​ក្រុង​ Alexandria​ ជា​កូន​ក្រុង​នៅ​ក្បែរ​រដ្ឋធានី​វ៉ាស៊ីនតោន។

អ្នក​រៀប​ចំ​ «ទិវា​សហគមន៍​ខ្មែរ» នេះ​និយាយ​ថា ​ថ្វី​បើ​មាន​កង្វះ​ខាត​ថវិកា​និង​ធនធានមនុស្ស​ក្តី ក៏​ពួក​គាត់​មាន​ជំនឿ​ថា​នឹង​អាច​រៀប​ចំ​ពិធីក្នុង​ឆ្នាំ​នេះប្រកប​ដោយ​ជោគ​ជ័យ​បាន​។

អ្នក​នាង យ៉ាន់ សុមុនី ប្រធាន​អង្គការទិវា​សហគមន៍​ខ្មែរ​ បាន​ពន្យល់​ថា ​ថ្វី​បើឆ្នាំ​នេះ​មាន​ការ​លំបាក​ក្នុង​ការ​រៀប​ចំក្តី​ ក៏នេះ​មិន​អាច​រារាំង​នូវ​ការ​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​ចម្បងរបស់​កម្មវិធី​នេះ​ឡើយ។

«យើង​ចង់​ឲ្យ​ក្មេង​ជំនាន់​ក្រោយដែល​កើត​នៅ​ស្រុក​អាមេរិក​នេះ​ស្គាល់ពី​ប្រពៃ​ណី​ខ្មែរ​ ពី​វប្បធម៌​ខ្មែរ​ ពី​ល្បែង​របាំ​ប្រពៃ​ណី​ខ្មែរដែល​យើង​មាននៅស្រុក​ខ្មែរ​ ហើយ​យើង​ចង់​ឲ្យ​គេ​ស្គាល់ស្រុក​ខ្មែរ ខេត្ត​នៅ​ស្រុក​ខ្មែរ អ្វី​ដែល​យើង​មាន​នៅ​ស្រុក​ខ្មែរ ឲ្យ​ស្គាល់ពីរឿង​ស្រុក​ខ្មែរ​យើងឥលូវ​នេះ។»

ពិធី​«ទិវា​សហគមន៍​ខ្មែរ»​ត្រូវ​បានពលរដ្ឋ​ខ្មែរ​នៅ​តំបន់​វ៉ាស៊ីនតោន​ប្រារព្ធ​ឡើង​តាំង​ពី​ឆ្នាំ​២០០២​មក​ម៉្លេះ។ កម្មវិធីដែល​មាន​រយៈពេល​មួយ​ថ្ងៃ​នេះ តែង​តែ​បាន​ទាក់​ទាញ​អ្នក​ចូល​រួម​ពី​ ៣.០០០ ទៅ ៤.០០០ នាក់ ​ដែលជា​ពលរដ្ឋ​ខ្មែរ​ ពលរដ្ឋអាមេរិកាំង និង ជនជាតិ​ដទៃ​ទៀត​ដែល​រស់​នៅ​តំបន់​ក្រុង​ Alexandria និង​រដ្ឋធានី​វ៉ាស៊ីនតោន។

កម្មវិធីនៅ​ក្នុង​ព្រឹត្តិការណ៍​ទិវា​សហគមន៍​ខ្មែរនា​ឆ្នាំ​កន្លង​មក​រួម​មាន ការ​សម្តែង​របាំ​ប្រពៃណី​ខ្មែរ ល្បែង​ប្រជាប្រិយ​ខ្មែរ ចម្រៀង​ប្រពៃណី ពិធី​បុណ្យ​បែប​ព្រះ​ពុទ្ធសាសនា ការ​តាំង​ពិព័ណ៌​រូប​សំណាក​ប្រាសាទ​អង្គរ​វត្ត និង​ការ​បង្ហាញ​រមណីយដ្ឋាន​ទេសចរណ៍​នានា​របស់​ប្រទេស​កម្ពុជា។ បើ​តាម​ប្រសាសន៍​របស់​អ្នក​នាង​យ៉ាន់ សុមុនី កម្មវិធី​សំខាន់ៗ​នៅ​ឆ្នាំ​នេះ​រួម​មាន ពិធី​កាត់​សក់​ក្នុង​អាពាហ៍​ពិពាហ៍​ខ្មែរ​ ពិធី​បុណ្យ​ផ្កា ដែល​ជា​ពិធី​បុណ្យ​រៃ​អង្គាស​ប្រាក់​តាម​បែប​ពុទ្ធសាសនា ការ​ច្រៀង​ចម្រៀង​ «ពង្សាវតារ​ខ្មែរ» និង​ការ​បង្ហាញអំពី​ខេត្ត​ភាគ​ឥសាន​ទាំង​បួន​របស់​ប្រទេស​កម្ពុជា​គឺ​ខេត្ត​ក្រចេះ​ ស្ទឹង​ត្រែង មណ្ឌល​គីរី និង រតនៈ​គីរី។

អ្នក​ស្រី​ទេព សូភ័ណ ហេរញ្ញិក​និង​ជា​អតីត​ប្រធាន​អង្គការ​ទិវា​សហគមន៍​ខ្មែរ មាន​ប្រសាសន៍​ថា​សកម្មភាព​ទាំង​នេះ​ព្រម​ជាមួយ​នឹង​ការ​ផ្សព្វ​ផ្សាយ​ពី​ប្រទេស​កម្ពុជា​ផងមាន​គោល​ដៅ​សំខាន់​មួយ​ទៀត។

«ព្រោះ​ក្រោយ​ពី​សង្គ្រាម​ ប៉ុល​ ពត​ មក​យូរ​ឆ្នាំ​ទៅ​ គឺ​ថា​គេ​អត់​ដឹង​ខ្មែរ​យើង​ទេ​ នៅ​ស្រុក​អាមេរិក​អ្នក​ខ្លះ​គេ​អត់​ដឹង​ទេ ដល់​ហើយ​យើង​ធ្វើ ​គេ​អាច​ដឹង​ថា​ អូហ៎​ខ្មែរ​មាន​ប្រពៃណី​ មាន​អារិយធម៌​ខ្ពង់​ខ្ពស់អញ្ចឹងដែរ។ ហើយ​យើង​ចង់​បង្ហាញ​នូវ​ទេសភាព​ល្អៗ​នៅ​ស្រុក​ខ្មែរ​យើង​ ដើម្បី​ឲ្យ​គេ​ចាប់​អារម្មណ៍​និង​ទៅ​លេង​ស្រុក​ខ្មែរ​យើង។»

ទិវា​សហគមន៍​ខ្មែរ​នេះ​ក៏​បាន​ក្លាយ​ទៅ​ជា​វេទិកា​មួយ​សម្រាប់សហគមន៍​ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រីស្ថានទូត​កម្ពុជា មន្ត្រី​ក្រុង​ Alexandria អាជីវករ​ក្នុង​តំបន់​ និង​ក្រុម​សង្គម​ស៊ីវិល​ផ្សេងៗ។ ក្រុមអ្នក​រៀប​ចំ​រំពឹង​ថា​នឹង​មាន​អង្គការ​ខ្មែរ​និង​អាមេរិកាំង​ចំនួន​ជាង​១០​នឹងចូល​រួម​ក្នុង​ពិធី​នេះ ​ដើម្បី​ផ្សព្វ​ផ្សាយសកម្មភាព​របស់​ពួក​គេ។

នៅ​ក្នុងការ​រៀប​ចំ​កម្មវិធី​នេះ​នា​ឆ្នាំ​កន្លង​មក​ គេ​តែង​ជួប​ប្រទះ​ការ​លំបាក​នានា រួម​ទាំងការ​ខ្វះ​ខាត​សម្ភារៈ​សិល្បៈ​ខ្មែរ​សម្រាប់​ដាក់​បង្ហាញ ក៏​ប៉ុន្តែស្ថានភាព​សេដ្ឋកិច្ច​មិន​ល្អ​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​នេះ​បាន​ជំរុញ​ឲ្យ​មាន​ការ​លំបាក​ជាង​មុន ដោយ​ទី​ក្រុង Alexandria បាន​ផ្អាក​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ ហើយ​មាន​កង្វះ​ខាត​អ្នក​ស្ម័គ្រ​ចិត្ត​ច្រើន​ជាង​មុន ដែល​នេះ​នាំ​ឲ្យ​មាន​ការ​លំបាក​ដល់​ការ​រៀប​ចំ​ទិវា​សហគមន៍​ខ្មែរ​នេះ ព្រោះ​ទិវា​នេះ​ពឹង​ផ្អែក​លើ​ការ​ស្ម័គ្រ​ចិត្ត​ពី​សមាជិក​សហគមន៍​ខ្មែរ​ជា​សំខាន់។

ទោះ​យ៉ាង​នេះ​ក្តី ជោគ​ជ័យ​ក្នុង​ឆ្នាំ​កន្លង​មក និង ការកាន់​តែ​ល្បី​រន្ទឺ​នៃ​ទិវា​នេះ​នៅ​ក្នុង​តំបន់​វ៉ាស៊ីនតោន​បានជម្រុញទឹក​ចិត្ត​ឲ្យ​អ្នក​រៀបចំមាន​ជំនឿ​ទុក​ចិត្ត​ក្នុង​ការ​រៀប​ចំ​កម្មវិធី​នៅ​ក្នុង​ឆ្នាំ​នេះ។ អ្នក​នាង​យ៉ាន់ សុមុនី មាន​ក្តី​សង្ឈឹម​ថានៅ​ឆ្នាំ​នេះ​ អាច​នឹង​មាន​អ្នក​ចូល​រួម​រហូត​ដល់​ ៥.០០០​នាក់។

បើ​តាម​អ្នក​ស្រី​ទេព សូភ័ណ កម្លាំង​ជំរុញ​ទឹក​ចិត្ត​នេះ ​ចេញ​មក​ពី​ទឹក​ចិត្ត​ស្រឡាញ់​មាតុភូមិ​ខ្មែរ​ដ៏​ពិតប្រាកដ។ អ្នក​ស្រី​បាន​ថ្លែង​ដោយអួល​ដើម​កថា៖

«ថ្វី​ត្បិត​តែ​ពួក​ខ្ញុំ​នៅ​ស្រុក​អាមេរិក​មែន តែ​ពូក​ខ្ញុំ នៅ​តែ​ស្រឡាញ់​ជាតិ​ខ្មែរ​យើង​រហូត។ ​ចិត្ត​គំនិត​និង​បេះ​ដូង​នឹក​ដល់​ស្រុក​យើង​ជានិច្ច។»

អ្នក​ស្រី​បានផ្តាំ​ផ្ញើឲ្យ​ជន​រួម​ខ្មែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ពួត​ដៃ​គ្នា​ក្នុង​ការ​ជួយ​លើក​តម្កើង​វប្បធម៌​ខ្មែរ​តាម​សមត្ថភាព​ដែល​ពួក​គេ​ម្នាក់ៗ​មាន​។ អ្នក​ស្រី​ក្នុង​នាម​អ្នក​រៀប​ចំ​កម្មវិធី​នេះ​ក៏​សូម​ស្វាគមន៍​នូវ​រាល់អំណោយ​ជា​សម្ភារៈសិល្បៈ​និងខិត្ត​ប័ណ្ណទេសចរណ៍ពីបុគ្គល​និង​ស្ថាប័ននានា​ក្នុង​ប្រទេស​កម្ពុជាដែល​ចាប់​អារម្មណ៍​នឹង​ការ​ផ្សាយ​ពី​វប្បធម៌​ខ្មែរ​នៅ​ក្រៅ​ប្រទេស ​ដើម្បី​ឲ្យ​ទិវា​សហគមន៍​ខ្មែរ​នា​ពេល​អនាគត​កាន់​តែ​មាន​ជោគ​ជ័យ​ថែម​ទៀត។

XS
SM
MD
LG