ពួកអ្នកវិភាគនិយាយថា នៅខណៈពេលដែលវៀតណាមដោះលែងសកម្មជននិយមលទ្ធិប្រជាធិបតេយ្យនាំមុខម្នាក់ ពួកអាជ្ញាធរវៀតណាមបាននៅបន្តការរឹតបន្តឹងលើការប្រឆាំងនយោបាយក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
នៅខែនេះ វៀតណាមបានដោះលែងមេធាវីសិទ្ធិមនុស្សដ៏ល្បីល្បាញម្នាក់ចេញពីគុក ក៏ប៉ុន្តែពួកអ្នកវិភាគនិយាយថាពួកអាជ្ញាធរវៀតណាមកំពុងបន្តការត្រួតត្រាដ៏តឹងរឹងទៅលើពួកអ្នកប្រឆាំងនយោបាយហើយនឹងសកម្មជននិយមលទ្ធិប្រជាធិបតេយ្យ ។
លោក ង្វៀន វ៉ាន់ដាយ(Nguyen Van Dai) មេធាវីអាយុ៤២ឆ្នាំ បានត្រូវដោះលែងកាលពីថ្ងៃទី៦ខែមីនា បន្ទាប់ពីជាប់គុករយៈពេល៤ឆ្នាំហើយលោកនឹងស្ថិតនៅក្រោមការឃុំឃាំងក្នុងផ្ទះរយៈពេល៤ឆ្នាំទៀត។ លោកបានត្រូវកាត់ទោសក្នុងឆ្នាំ២០០៧ចំពោះការចុះផ្សាយក្នុងគេហទំព័រដែលគាំទ្រឱ្យមានរដ្ឋមានគណបក្សច្រើន។
លោក ខាល ថៃយ័រ (Carl Thayer) ជាសាស្ត្រាចារ្យចូលនិវត្តន៍នៅសកលវិទ្យាល័យ New South Wales ក្នុងប្រទេសអូស្រ្តាលី បានប្រាប់ VOA សំឡេងសហរដ្ឋអាមេរិកថាពួកអាជ្ញាធរវៀតណាម បានដោះលែងលោក ង្វៀន វ៉ាន់ដាយទៅតាមពេលកំណត់ ក៏ប៉ុន្តែពួកគេនឹងមិនស្ទាក់ស្ទើរចាប់មេធាវីសិទ្ធិមនុស្សនោះម្តងទៀតទេប្រសិនបើលោកបន្តការតវ៉ារបស់លោកនោះ។
លោកថៃយ័រមានប្រសាសន៍បន្តទៀតថាវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានបង្ក្រាបចលនានិយមលទ្ធិប្រជាធិបតេយ្យយ៉ាងធំ លោកបានកត់សម្គាល់ទៀតថាពួកមេដឹកនាំវៀតណាមមុនពេលសមាជគណបក្សកុម្មុយនិស្តខែមករា បានអំពាវនាវឲ្យចាត់វិធានការប្រឆាំងជនជាតិវៀតណាមដែលបង្កើតគណបក្សនយោបាយនិងក្រុមប្រឆាំង។
លោក ថៃយ័រ មានប្រសាសន៍បន្តទៀតថាការពិភាក្សាបដិវត្តន៍ណាមួយក្នុងប្រទេសវៀតណាម មិនមានភាពជាប់លាប់ទេ។
«ចលនានិយមលទ្ធិប្រជាធិបតេយ្យបានត្រូវគេកាត់ផ្តាច់និងមិនមានមេដឹកនាំ ហើយខ្ញុំគិតថាបណ្តាញដែលបានផុសចេញពីឆ្នាំ២០០៦ដល់ឆ្នាំ២០០៨បានត្រូវចាត់វិធានការបំបាត់ចោលដ៏មានប្រសិទ្ធភាពនៅពេលនោះ»។
លោក ថៃយ័រ មានប្រសាសន៍បន្តទៀតថាដើម្បីធ្វើឲ្យមហិច្ឆតាខាងនយោបាយរបស់ខ្លួនជឿនលឿនទៅមុខ វៀតណាមបន្ធូរការគាបសង្កត់មួយរយៈពេលទៅលើពួកសកម្មជនសិទ្ធិមនុស្សនៅក្នុងការចូលរួមនៃដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋកម្រិតខ្ពស់ ឬធ្វើទៅតាមសំណើរដ្ឋាភិបាលបរទេស ជាពិសេសសហរដ្ឋអាមេរិក។
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) អនុប្រធានទទួលបន្ទុកតំបន់អាស៊ីរបស់អង្គការសិទ្ធិមនុស្ស Human Rights Watch មានប្រសាសន៍ថា វៀតណាមយូរៗម្តងបានបន្ធូរបន្ថយការបង្ក្រាបខាងនយោបាយក្នុងស្រុកដើម្បីផ្គាប់ផ្គុនអែបអបខាងការទូតនៅសន្និសីទពហុភាគីនិងការចរចាពាណិជ្ជកម្ម ក៏ប៉ុន្តែជានិច្ចកាលព្យាយាមរក្សានយោបាយដែលធ្វើឲ្យប្រាកដប្រជាថាមិនមានចលនាប្រឆាំងដ៏ធំកើនឡើងនៅក្នុងសង្គមវៀតណាម។
លោកមានប្រសាសន៍បន្តទៀតថា វៀតណាម បានពង្រីកការឈ្លបមើលលើប្រព័ន្ធអ៊ីនធឺណិតដោយភ័យខ្លាចពួកអ្នកសសេរ blog និងពួកអ្នកប្រឆាំងដែលកំពុងឆ្លើយតបដល់ការងើបបះបោរជាសាធារណៈនៅពាសពេញតំបន់អាហ្វ្រិកខាងជើង។
«ខ្ញុំរំពឹងថា យើងនឹងឃើញការបង្ក្រាបដ៏ធំជាងនេះទៅលើសេរីភាពនៃការបញ្ចេញមតិពីព្រោះតែរដ្ឋាភិបាលវៀតណាមបានចាប់ផ្តើមដឹងខ្លួនថាក្រុមផ្សេងៗ មិនថាតើក្រុមទាំងនោះជាមនុស្សដែលធ្វើយុទ្ធនាការអំពីដីធ្លីឬពីបញ្ហារបស់សិទ្ធិកម្មករ មនុស្សដែលពាក់ព័ន្ធជាមួយក្រុមជនជាតិភាគតិចក្នុងតំបន់ខ្ពង់រាបកណ្តាលទេ មនុស្សទាំងអស់នេះ កំពុងចាប់ផ្តើមធ្វើការទាក់ទងគ្នាកាន់តែប្រសើរឡើងតាមរយៈប្រព័ន្ធអ៊ីនធឺណិត។ ហើយខ្ញុំគិតថាអ្វីដែលអស់លោកអ្នក នឹងឃើញនៅពេលនេះនៅពេលដែលការបង្ក្រាប នឹងកើតមានឡើង ចលនាមនុស្សជាច្រើនបានចូលទៅក្នុងពិភពអ៊ីនធឺណិតរួចទៅហើយដែលនៅពេលឥឡូវនេះ ពួកគេអាចទាក់ទងគ្នាហើយបញ្ចេញទស្សនៈរបស់ខ្លួន»។
លោក Robertson មានប្រសាសន៍ថា ការបន្តផ្តោតការយកចិត្តទុកដាក់របស់វៀតណាមសាជាថ្មីលើសកម្មជននិយមលទ្ធិប្រជាធិបតេយ្យ ង្វៀន វ៉ាន់ក្វេ (Nguyen Dan Que) បានបង្ហាញថារដ្ឋាភិបាលបង្កើនការភ័យខ្លាចលើអ្នកប្រឆាំងតាមគេហទំព័រ។
លោកបានត្រូវចាប់ខ្លួនកាលពីថ្ងៃទី២៦ ខែកុម្ភៈ នៅថ្ងៃស្របគ្នាដែលលោកបាននិពន្ធពីការបញ្ចេញគំនិតខ្លីៗរបស់លោកនៅក្នុងកាសែត Washington Post ដែលជាកាសែតសហរដ្ឋអាមេរិក ដែលជំទាស់នឹងអ្វីដែលលោកបានអះអាងថាជាការមិនអើពើរបស់រដ្ឋាភិបាលទីក្រុងហាណូយដល់សិទ្ធិមនុស្សនិងច្បាប់អន្តរជាតិ។
មួយសប្តាហ៍មុនពេលការចាប់ខ្លួន លោក ក្វេ ដែលមានអាយុ៦៩ឆ្នាំ បានចុះផ្សាយក្នុងគេហទំព័រដែលអំពាវនាវឲ្យពួកយុវជនក្មេងៗជំទាស់ប្រឆាំងនឹងគណបក្សកុម្មុយនិស្តវៀតណាមដោយការធ្វើបាតុកម្មនៅតាមផ្លូវមានការសម្របសម្រួលគ្នា ដោយប្រើប្រាស់ទូរស័ព្ទចល័តនិងប្រព័ន្ធអ៊ីនធឺណិត។
បណ្តាញផ្សាយព័ត៌មានដែលត្រួតត្រាដោយរដ្ឋរបស់វៀតណាម ប្រាប់ឲ្យដឹងថាលោក ក្វេ បានត្រូវដោះលែងដោយសាបានបង់ប្រាក់ធានាកាលពីថ្ងៃទី២៧ ខែកុម្ភៈបន្ទាប់ពីត្រូវបានឃុំខ្លួនរយៈពេលមួយយប់ក្នុងបទចោទប្រកាន់ពីការព្យាយាមផ្តួលរំលំរដ្ឋាភិបាលវៀតណាម។
ប្រែសម្រួលដោយជឹង ប៉ូជីន។