មន្ត្រីជាន់ខ្ពស់សំខាន់ៗកម្ពុជារំពឹងថា ថវិកាជាតិសម្រាប់ឆ្នាំ២០១២នឹងកើនឡើងដោយសារកម្ពុជាកំពុងប្រឈមនឹងបញ្ហាព្រំដែនជាមួយថៃ។
ជម្លោះព្រំដែនបានចាប់ផ្តើមតាំងពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០០៨។ បន្ទាប់ពីមានជម្លោះព្រំដែនកម្ពុជាបានទិញអាវុធយុទ្ឋភណ្ឌទំនើបៗដើម្បីពង្រឹងឡើងវិញនូវវិស័យការពារជាតិរបស់ខ្លួន។ ជាមួយគ្នានោះដែរ ការជ្រើសរើសកងទ័ពស្ម័គ្រចិត្តបន្ថែមចំនួន៥.០០០នាក់បានចាប់ផ្តើមហើយ។ ចំនួននេះបានជ្រើសរើសបានគ្រប់ចំនួនកាលពីចុងខែកក្កដា។
កងទ័ពដែលទើបនឹងជ្រើសរើសថ្មី កំពុងហ្វឹកហ្វាត់ដោយប្រើរយៈពេលបីខែមុននឹងត្រូវបានបញ្ជូនទៅអង្គភាពការពារព្រំដែន និងយោធភូមិភាគពិសេស។ ក៏ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបាននិយាយថាចំនួនកងទ័ពថ្មីនេះនឹងត្រូវជំនួសកងទ័ពដែលត្រូវចូលនិវត្តន៍ជារៀងរាល់ឆ្នាំដោយមួយឆ្នាំចំនួន៥.០០០នាក់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្តាហ៍មុនបានមានប្រសាសន៍ទៀតថា ទោះបីជាកម្ពុជាមានសភាពធូរស្រាលលើបញ្ហាព្រំដែនក៏ដោយក៏ត្រូវមានកងទ័ពដើម្បីការពារបូរណភាពទឹកដី។
«កោតសរសើរចំពោះយុវជនទាំងអស់ដែលបានចូលរួមនូវក្នុងចលនាវិស័យការពារជាតិហើយក៏សូមផ្តាំផ្ញើថ្លែងអំណរគុណចំពោះបងប្រុស បងស្រីលោកពូ អ្នកមីង លោកយាយ លោកតា ដែលអនុញ្ញាត្តិឲ្យកូនចៅឬបងប្អូនសាច់ញាត្តិដើម្បីចូលបម្រើក្នុងកងទ័ព»។
កម្ពុជាបានចំណាយលើវិស័យការពារជាតិចំនួន១៩១លានដុល្លាក្នុងឆ្នាំ២០១០ដែលចំនួននេះតិចជាងវៀតណាម និងថៃជាង៤០ដង។ នេះបើតាមរបាយការណ៍របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក។ ថវិកាវិស័យការពារជាតិវៀតណាមនៅឆ្នាំ២០១០មានចំនួន២.៤១០លានដុល្លារ ហើយថៃមានចំនួន៥.២០០,លានដុលា្លរចំណែកឯប្រទេសឡាវមានចំនួនតែ២១លាន២សែនដុលា្លរតែប៉ុណ្ណោះ។
លោក គាត ឈុន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនបានឆ្លើយទៅនិងសំណូររបស់វីអូអេខ្មែរទេទាក់ទិននឹងថវិការបស់រដ្ឋាភិបាលលើវិស័យការពារជាតិ ទោះបីជាមានការព្យាយាមសុំការបំភ្លឺចំនួនពីរលើកក៏ដោយ។ លោក គាត ឈុន គ្រាន់តែបានបញ្ជាក់ថា៖
«ដូចយើងបានសម្រេចរួចអស់ហើយចំពោះការរក្សាបាននូវអធិបតេយ្យភាពបូរណភាពទឹកដីរបស់យើង។ សូមមិននិយាយអ្វីថែមទៀតទេ»។
លោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាក់ថា ក្រសួងមានផែនការរូចរាល់ហើយសម្រាប់ដំឡើងថវិកាលើវិស័យការពារជាតិនៅឆ្នាំក្រោយ។ លោកថ្លែងថា៖
«អាហ្នឹង! ទៅនិយាយស្អី។ រឿងរបស់គេមានត្រៀមទុកអស់ហើយ ទៅតាមលទ្ធភាពថវិការបស់ជាតិឆ្នាំនីមួយៗគឺសុទ្ធសឹងមានការគ្រោងទុកអស់ហើយ។ ចែករំលែកទៅតាមសភាពពិតប្រាកដរបស់វានៅក្នុងឆ្នាំនីមួយៗ»។
សម្រាប់ក្រសួងអប់រំថវិកាប្រចាំឆ្នាំ២០១១នេះមានចំនួន៩១៥.០០០លានរៀល។
លោកលី សិទ្ធិ ប្រធាននាយកដ្ឋានហិរញ្ញវត្ថុរបស់ក្រសួងអប់រំបាននិយាយថា ជារៀងរាល់ឆ្នាំថវិការបស់ក្រសួងអប់រំតែងតែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ថវិកាទាំងនេះនឹងយកទៅចំណាយទៅលើប្រាក់បៀវត្សរ៍តាមមូលដ្ឋាន។ លោកបានប្រាប់វីអូអេខ្មែរថា៖
«តាមកំណើនសេដ្ឋកិច្ច ថវិកាក្រសួងមានការកើនឡើងជារៀងរាល់ឆ្នាំ។ អត់អីទេ»។
ដោយឡែក ក្រសួងសុខាភិបាលវិញគ្មានមន្ត្រីណាមួយបញ្ជាក់អំពីថវិកាសម្រាប់ឆ្នាំក្រោយនេះទេ។
លោក ឡាយ ហន ប្រធាននាយកដ្ឋានហិរញ្ញវត្ថុរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថាលោកមិនទាន់ដឹងនៅឡើយ។ អ្វីៗអាស្រ័យទៅលើការសម្រេចរបស់ថ្នាក់ដឹកនាំ។ ក៏ប៉ុន្តែនៅពេលដែលទាក់ទងលោកអេង ហួត រដ្ឋលេខាធិការ និងលោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលជាច្រើនលើក លោកទាំងពីរបានអះអាងដដែលៗថាកំពុងជាប់រវល់ប្រជុំ។
រដ្ឋសភាកម្ពុជាបានអនុម័តថវិកាឆ្នាំ២០១១ចំនួន២,៤ពាន់លានដុល្លារដោយផ្លោតទៅលើវិស័យអប់រំ កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធជនបទ។
ក្រសួងសុខាភិបាលមានថវិកាចំនួន១៦៩លានដុល្លារក្នុងឆ្នាំ២០១១។
សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងនឹងកើនឡើងនៅឆ្នាំ២០១១នេះចំនួន៧ភាគរយ។ នេះបើតាមការបញ្ជាក់របស់អ្នកវិភាគសេដ្ឋកិច្ចកម្ពុជា។
លោក ចាន់ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជាបានបញ្ជាក់ថា ក្នុងពេលដែលកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសជិតខាងវិស័យការពារជាតិជាកត្តាចំបងដែលត្រូវពង្រឹង។ លោកបានមានប្រសាសន៍ថា ក្រសួងសុខាភិបាល និងក្រសួងអប់រំជាកត្តាសំខាន់មួយដែរ ក៏ប៉ុន្តែវាជាចំណាយរយៈពេលវែង៕