លោកឧបនាយករដ្ឋមន្រ្តីទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជានៅថ្ងៃច័ន្ទនេះ បានដឹកនាំគណៈប្រតិភូមួយក្រុមដើម្បីទៅបំពេញទស្សនកិច្ចនៅប្រទេសចិនចំនួនមួយសប្តាហ៍ក្នុងគោលបំណងដើម្បីពិភាក្សារវាងរដ្ឋមន្រ្តីនៃក្រសួងការពារជាតិនៃប្រទេសទាំងពីរ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានមានប្រសាសន៍ថា លោកគ្រោងនឹងជួបជាមួយមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលចិននិងលោកលាង គួងលី (Liang Guanglie) រដ្ឋមន្រ្តីក្រសួងការពារជាតិរបស់ប្រទេសចិន។
លោកឧបនាយករដ្ឋមន្រ្តីទៀ បាញ់ មិនបានមានប្រសាសន៍លម្អិតអំពីដំណើរទស្សនកិច្ចរបស់លោកទេ។ ក៏ប៉ុន្តែលោកបានមានប្រសាសន៍ថា ភាគីចិន និងកម្ពុជា នឹងពិភាក្សាអំពីបញ្ហាវិស័យយោធា។
«ទស្សនកិច្ចរបស់គណៈប្រតិភូ គឺបញ្ជាក់ច្បាស់ហើយ គឺយោធាហើយរវាងក្រសួងការពារជាតិ ធ្វើយ៉ាងណាក៏ដោយ គឺវាមានមួយផ្នែកហើយ ដែលពិភាក្សាគ្នា»។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងការពារជាតិកម្ពុជា បានកើតមានឡើងបន្ទាប់ពីកម្ពុជាបានបញ្ជូនជនជាតិចិនចំនួន១៨៧នាក់ទៅកាន់ប្រទេសរបស់ខ្លួនវិញ ក្រោយពីបានសម្ងំលាក់ខ្លួនប្រព្រឹត្តបទឧក្រិដ្ឋនៅក្នុងប្រទេសកម្ពុជា។
ប្រតិបត្តិការបង្រា្កបនោះបានធ្វើឡើងជាលក្ខណៈអន្តរជាតិក្នុងពេលតែមួយរវាងប្រទេសកម្ពុជា ថៃ ចិនតៃវ៉ាន់ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីហើយបានធ្វើឡើងកាលពីដើមខែនេះ។
ជនជាតិចិនទាំង១៨៧នាក់នេះ ត្រូវបានចោទប្រកាន់ពីបឧក្រិដ្ឋកម្មឆ្លងដែន ដោយបានយកប្រទេសកម្ពុជាធ្វើជាទីតាំងសម្រាប់ធ្វើការគំរាមកំហែងជំរិតទារប្រាក់នៅឯក្រៅប្រទេស។
លោកគឹម ស៊ូភិរិទ្ធ អ្នកតំណាងរាស្រ្ត និងជាអ្នកនាំពាក្យស្តីទីរបស់គណបក្សសម រង្ស៊ី បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជាលើកនេះទំនងជាអាចនាំមកនូវជំនួយយោធាបន្ថែមទៀតពីប្រទេសចិន។
«ប្រទេសចិនជានិច្ចកាលតែងតែផ្តល់នូវផ្នែកជំនួយយោធាមកប្រទេសកម្ពុជា។ យើងឃើញមានរថយន្តជាហូរហែ ហើយក៏អាចមានទំនាក់ទំនងក្នុងការទិញដូរសម្ភារៈ និងគ្រឿងសព្វាវុធមួយចំនួនព្រោះខ្ញុំដឹងថា សម្ភារៈសឹកមួយចំនួននៅប្រទេសយើង គឺសុទ្ធតែរបស់ដែលវាសល់ពីសម័យចិននៅមានអំណាចឥទ្ធិពលលើប្រទេសកម្ពុជា»។
កាលពីអំឡុងខែឧសភា រដ្ឋាភិបាលចិនបានផ្តល់ឯកសណ្ឋានយោធាចំនួន៥០.០០០សម្រាប់ ដើម្បីជាផ្នែកមួយនៃទំនាក់ទំនងយោធានៃប្រទេសទាំងពីរ។
នៅឆ្នាំ២០១០ប្រទេសចិនបានផ្តល់សម្ភារៈយោធាចំនួន២៥៧គ្រឿង ដើម្បីជំនួសឲ្យជំនួយយោធារបស់សហរដ្ឋអាមេរិកដែលសន្យាថានឹងផ្តល់មកកម្ពុជាប៉ុន្តែត្រូវបានផ្អាកទៅវិញដោយសារហេតុផលសិទ្ធិមនុស្ស។
ក្នុងចំណោមជំនួយយោធាទាំងនោះមានរថយន្តចំនួន២០០គ្រឿង រថយន្តសម្រាប់មេបញ្ជាការចំនួន៣០គ្រឿង រថយន្តពេទ្យចំនួន២០គ្រឿង និងរថយន្តដឹកគ្រឿងបន្លាស់ចំនួន៥គ្រឿង។
ប្រទេសចិននិងកម្ពុជាមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នាតាំងពីយូរយារណាស់មកហើយ។
ជំនួយយោធារបស់ប្រទេសចិនមកកម្ពុជាបានកើតមានឡើងបន្ទាប់ពីកម្ពុជាមានជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ ជាមួយនឹងប្រទេសថៃ។
លោកឧបនាយករដ្ឋមន្រ្តីទៀ បាញ់ ធ្លាប់បានមានប្រសាសន៍ថា កម្ពុជាត្រូវការអាវុធយុទ្ធភណ្ឌទំនើបៗដើម្បីការពារបូរណភាពទឹកដី៕