មន្រ្ដីការទូតជាន់ខ្ពស់របស់ប្រទេសជប៉ុនបានឲ្យដឹងថា មហន្ដរាយដោយសារធម្មជាតិនៅក្នុងប្រទេសរបស់ខ្លួននឹងបណ្ដាលឲ្យមានការកាត់បន្ថយជំនួយមកកាន់ប្រទេសកម្ពុជា។ មន្ដ្រីសង្គមស៊ីវិលនិងមន្រ្ដីគណបក្សជំទាស់ដាស់តឿនថា រដ្ឋាភិបាលមិនត្រូវពឹងលើប្រភពជំនួយបរទេសពីប្រទេសសំខាន់តែមួយនោះទេ។
ឯកអគ្គរាជទូតជប៉ុន លោកម៉ាសាហ្វ៊ូមី គូរ៉ូគី (Masafumi Kuroki) បានព្រមាននៅថ្ងៃពុធនេះថា ជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍមកកាន់ប្រទេសកម្ពុជានឹងរងការប៉ះពាល់ដោយសារតែប្រទេសជប៉ុនត្រូវបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយគ្រោះធម្មជាតិដ៏អាក្រក់កាលពីជាងមួយខែមុននេះ។
ក្រោយពីកិច្ចប្រជុំរវាងសហគមន៍ផ្ដល់ជំនួយ និងរដ្ឋាភិបាលកម្ពុជាក្នុងទីក្រុងភ្នំពេញដើម្បីតាមដានការអនុវត្តគម្រោងអភិវឌ្ឍន៍នោះ លោកឯកអគ្គរដ្ឋទូតជប៉ុនបានថ្លែងប្រាប់ VOA សម្លេងសហរដ្ឋអាមេរិកថា រដ្ឋាភិបាលប្រទេសជប៉ុនត្រូវបង្កើនថវិកាជាតិថែមទៀតសម្រាប់ស្ដារតំបន់រងគ្រោះឡើងវិញ ដូច្នេះជំនួយអភិវឌ្ឍន៍ទៅក្រៅប្រទេសនឹងទទួលរងការប៉ះពាល់ ក្នុងនោះរាប់បញ្ចូលទាំងជំនួយសម្រាប់ប្រទេសកម្ពុជាផងដែរ។
«ការប៉ះពាល់ជាអវិជ្ជមានទៅលើថវិកាជំនួយផ្លូវការ (ODA)ជាទូទៅ ប្រហែលជាចៀសមិនផុតទេ ដោយ សារតែគ្រោះមហន្ដរាយនៅប្រទេសជប៉ុននេះ»។
ទោះជាយ៉ាងណា លោកម៉ាសាហ្វ៊ូមី គូរ៉ូគីមានប្រសាសន៍ថា វានៅឆាប់ពេកនៅឡើយ គឺមិនទាន់អាចនិយាយបានទេ ថាតើការកាត់បន្ថយជំនួយក្រៅប្រទេសរបស់ជប៉ុននឹងមានទំហំប៉ុណ្ណានោះ។
ប្រទេសជប៉ុនត្រូវវាយប្រហារដោយរលកយក្សស៊ូណាមិ និងការរញ្ជួយដីកម្រិតខ្ពស់បំផុតកាលពីថ្ងៃ១១ មិនាកន្លងទៅនេះ ដែលបណ្ដាលទីក្រុងនិងភូមិករនៅតាមបណ្ដោយឆ្នេរសមុទ្រប្រវែង២១០០គីឡូម៉ែត្រ រងការបំផ្លិចបំផ្លាញ។
ចំនួនជនរងគ្រោះដែលបានស្លាប់អាចកើនរហូតទៅដល់២៥០០០នាក់ ហើយប្រជាពលរដ្ឋជប៉ុនជាង ៤៥០០០០នាក់បាត់បង់ទីជម្រក។ រហូតមកដល់ពេលនេះមានប្រជាពលរដ្ឋជប៉ុនប្រមាណ៦៦០០០០គ្រួសារខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់។
រដ្ឋាភិបាលជប៉ុនបានអនុម័តថវិកាជាតិប្រចាំឆ្នាំកាលពីដើមខែមេសានេះ។ ក៏ប៉ុន្ដែលោកឯកអគ្គរាជទូតជប៉ុនម៉ាសាហ្វ៊ូមី គូរ៉ូគីមានបញ្ជាក់ថា រដ្ឋាភិបាលក្រុងតូក្យូនឹងត្រូវអនុម័តនូវថវិកាជាតិជាបន្ថែមទៀត ក្នុងពេលខាងមុខនេះសម្រាប់ការកសាងប្រទេសឡើងវិញ។ នោះហើយគឺការចាំបាច់សម្រាប់ការកាត់បន្ថយជំនួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសកម្ពុជានេះ។
ប្រទេសជប៉ុនផ្ដល់ជំនួយដល់ប្រទេសកម្ពុជាចំនួនជាង១០០លានដុល្លារក្នុងមួយឆ្នាំៗគឺជាប្រទេសដែលផ្ដល់ជំនួយធំជាងគេបំផុតដល់កម្ពុជា ខណៈដែលប្រទេសកម្ពុជាត្រូវពឹងជំនួយបរទេសជាប្រចាំឆ្នាំ ប្រមាណ១០០០លានដុល្លារសម្រាប់ការកសាងនិងអភិវឌ្ឍន៍។
លោកនាយករដ្ឋមន្ដ្រីខ្មែរហ៊ុន សែន កាលពីពេលថ្មីៗនេះ ធ្លាប់បានសម្តែងកង្វល់អំពីការប៉ះពាល់ដល់ជំនួយពីប្រទេសជប៉ុនមកកាន់ប្រទេសកម្ពុជានេះដែរ។
លោកយឹម សុវណ្ណ តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សជំទាស់សម រង្ស៊ី មានប្រសាសន៍ថា ការកាត់បន្ថយជំនួយណាមួយពីប្រទេសជប៉ុននឹងប៉ះពាល់ដល់ការវិនិយោគសាធារណៈ និងនិរន្ដរភាពរបស់រដ្ឋាភិបាល។
«អញ្ចឹងហើយបានជាខ្ញុំជូនយោបល់ទៅរដ្ឋាភិបាលជាញឹកញាប់ថា យើងត្រូវតែស្វែងរកប្រភពជំនួយពីបណ្តាប្រទេសផ្សេងៗ។ កុំរំពឹងទៅលើតែប្រទេសណាមួយ។យើងគួរតែខិតខំប្រឹងប្រែងរិះរកមធ្យោបាយ លុបបំបាត់អំពើពុករលួយ ខិតខំប្រមែប្រមូលថវិកាជាតិ ដើម្បីជួយខ្លួនយើង ហើយពង្រឹងហិរញ្ញវត្ថុខ្លួនយើង»។
ដោយឡែក លោកគល់ បញ្ញាក៏បានកត់សម្គាល់ដូចគ្នានេះដែរថា ការកាត់បន្ថយជំនួយរបស់ប្រទេសជប៉ុននឹងប៉ះពាល់ដល់គម្រោងអភិវឌ្ឍន៍នៅកម្ពុជាដោយសារតែជំនួយរបស់ជប៉ុនភាគច្រើន គឺជាជំនួយឥតសំណង។ ក៏ប៉ុន្ដែរដ្ឋាភិបាលមិនទាន់មានយន្តការសម្រាប់គ្រប់គ្រងហានិភ័យនៅពេលដែលម្ចាស់ជំនួយបាត់បង់លទ្ធភាពតាមការរំពឹងទុកដែលប្រទេសកម្ពុជាចង់បាននោះទេ៕