នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ បានស្នើឲ្យសាលាក្ដីខ្មែរក្រហមផ្ដល់ប្រាក់ ចំនួនជាង៣០ម៉ឺនដុល្លារអាមេរិក គិតជាតម្លៃឯកសារចាំបាច់ដែលខ្លួនបានផ្ដល់ជូនសាលាក្ដីខ្មែរក្រហម សម្រាប់ដំណើរការកាត់ទោសអតីតពួកមេដឹកនាំខ្មែរក្រហម។
នៅក្នុងលិខិតមួយច្បាប់ផ្ញើជូនប្រធានរដ្ឋបាលស្ដីទី គឺលោកក្រាញ់ តូនី និងអនុប្រធានរដ្ឋបាល សាលាក្ដីខ្មែរក្រហម លោកគ្នុត រ៉ូសិនហក កាលពីខែកុម្ភៈ ឆ្នាំ២០១០ ដែលវីអូអេសំឡេងសហរដ្ឋ អាមេរិកទទួលបាននៅថ្ងៃពុធនេះ លោក ឆាំង យុ បានឲ្យដឹងថា មជ្ឈមណ្ឌលឯកសារកម្ពុជាបាន
ផ្ដល់នូវឯកសារនានាសរុបជាទឹកប្រាក់សរុបច្រើនជាង៣០ម៉ឺនដុល្លារអាមេរិក អស់រយៈពេលចំនួន៤ ឆ្នាំមកនេះ។
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាបានគូសបញ្ជាក់តាមលក្ខណៈការទូតនៅក្នុងលិខិតនោះថា លោកនឹងដឹងគុណ ប្រសិនបើសាលាក្ដីខ្មែរក្រហមទទួលស្គាល់មជ្ឈមណ្ឌលឯកសារកម្ពុជាគឺជា ប្រភពនិងជាទីកន្លែងរបស់ឯកសារដើមមួយនោះ។
លោកឆាំង យុ បានទទួលស្គាល់ថា លោកបានសរសេរលិខិតទៅកាន់សាលាក្ដីខ្មែរក្រហមដើម្បី ស្នើឲ្យសាលាក្ដីនេះជួយផ្ដល់លុយសម្រាប់ការប្រើប្រាស់ឯកសារដែលប្រមូលផ្ដុំក្នុងមជ្ឈមណ្ឌលរបស់លោក។ ហើយលោកចាត់ទុកថា ការផ្ដល់នូវឯកសារទាំងនេះគឺជាការរួមចំណែក នៅក្នុងការ ជួយគាំទ្រដល់សាលាក្ដីខ្មែរក្រហមពីសំណាក់សង្គមស៊ីវិល ហើយត្រូវការមានការទទួលស្គាល់ពី សាលាក្ដីខ្មែរក្រហម។
“ចាំបាច់ដែរដែលតុលាការទទួលស្គាល់កិច្ចការនេះ។ ហើយវាក៏ជាគម្រូមួយសម្រាប់តុលាការទៅថ្ងៃ អនាគត។ ហើយការធ្វើបែបនេះ វាបើកទ្វារឲ្យមានការចូលរួមច្រើន រួមទាំងភស្ដុតាងនានាពាក្យ បណ្ដឹង ឬកសិណសាក្សី ឬអង្គហេតុផ្សេងៗ ដែលតុលាការចាំបាច់ ត្រូវការក្នុងការរៀបចំសំណុំរឿង ដើម្បីឲ្យមានប្រសិទ្ធិភាព"។
មជ្ឈមណ្ឌលឯកសារកម្ពុជាគឺជាមជ្ឈមណ្ឌលប្រមូលផ្ដុំឯកសារដែលទាក់ទងនឹងអំពើឃោរឃៅនៃ របបខ្មែរក្រហមយ៉ាងច្រើនបំផុត។ របបខ្មែរក្រហមដែលបានបង្កឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់បាត់បង់ ជីវិតយ៉ាងតិចចំនួន១,៧លាននាក់ ក្នុងចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។ ជនជាប់ សង្ស័យទាក់ទងនឹងអំពើឃោរឃៅនេះ ត្រូវបានចាប់ខ្លួន និងដាក់ក្នុងការឃុំឃាំងជាបណ្ដោះអាសន្ន នៅក្នុងលិខិតផ្ញើជូនប្រធានស្ដីទី និងអនុប្រធានរដ្ឋបាលសាលាក្ដីខ្មែរក្រហម លោក ឆាំង យុ ពិពណ៌នាថា ចាប់តាំងពីឆ្នាំ២០០៦មក មជ្ឈមណ្ឌលរបស់លោកបានផ្ដល់នូវឯកសារចំនួន៥០ម៉ឺនទំព័រទៅដល់សាលាក្ដីខ្មែរក្រហម ជាពិសេសទៅដល់ការិយាល័យសហព្រះរាជអាជ្ញា សហចៅក្រមស៊ើបអង្កេត ទៅកាន់ផ្នែកគាំពារការការពារក្ដី ក្រុមមេធាវីការពារជនជាប់ចោទ និងជូនមេធាវីនៃដើម បណ្ដឹងរដ្ឋប្បវេណី រួមទាំងផ្នែកកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរក្រហមផងដែរ។
លោក ឆាំង យុ បន្ថែមថា មជ្ឈមណ្ឌលរបស់លោកបានចំណាយសៀវភៅប្រមាណជា៦៥០ក្បាល ដល់សាលាក្ដីខ្មែរក្រហម ស៊ីឌីចំនួន១៩៥៥ និងឌីវីឌីជាភាពយន្ដ និងរូបថត និងភាពយន្ដខ្នាតតូច ចំនួន៥២៤។
លោក រាជ សម្បត្តិ ប្រធានផ្នែកកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរក្រហម មានប្រសាសន៍ថា សាលាក្ដីនេះកំពុងតែត្រួតពិនិត្យថា តើត្រូវឆ្លើយតបទៅនឹងសំណើសុំការបង់ប្រាក់ថ្លៃឯកសាររបស់ មជ្ឈមណ្ឌលឯកសារកម្ពុជាយ៉ាងដូចម្ដេច៕