យានស្រាវជ្រាវភពព្រះអង្គារថ្មីបំផុតរបស់អង្គការណាសា (NASA) គ្រោងចាកចេញពីផែនដីនៅដំណាច់ឆ្នាំនេះ ហើយទៅដល់ភពក្រហម (Red Planet) នៅខែសីហា ឆ្នាំ២០១២។ យាននេះត្រូវបានឲ្យឈ្មោះថា មន្ទីរពិសោធន៍វិទ្យាសាស្ត្រភពព្រះអង្គារ (Mars Science Laboratory) ដែលហៅកាត់ថា MSL ឬ Curiosity សម្រាប់សាធារណជន។ ទីដៅជាផ្លូវការរបស់យានស្រាវជ្រាវ Curiosity គឺជាទេសភាពដ៏គួរជាទីសង្ឃឹមមួយរបស់ភពព្រះអង្គារ ដែលគេឲ្យឈ្មោះថា ហ្កេល ក្រេតទ័រ (Gale Crater)។
យានស្រាវជ្រាវ Curiosity មានទំហំប៉ុនរថយន្តតួចមួយ មានម៉ាស៊ីនថតរូប(កាមេរ៉ា)ចំនួន១៧ ដៃយន្តមួយ កាំរស្មីឡាស៊ែមួយ និងប្រដាប់ខួងមួយ ហើយប្រហែលជាមួយឆ្នាំទៀតគិតចាប់ពីឥឡូវ អង្គការណាសារំពឹងថានឹងឃើញយាននេះបង្កើតបានដានខ្លះនៅលើភពព្រះអង្គារ។
លោក ចន ហ្ក្រតហ្សីនហ្គឺ (John Grotzinger) ជាអ្នកវិទ្យាសាស្ត្រគម្រោងក្នុងបេសកកម្មនេះនៅឯវិទ្យាស្ថានបច្ចេកវិជ្ចារដ្ឋកាលីហ្វ័រនីញ៉ា (California Institute of Technology)។ លោកបានប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃសុក្រនេះថា ក្រុមស្រាវជ្រាវមានព័ត៌មានលម្អិតអំពីទេសភាពនៃភពព្រះអង្គារ និងចំណេះដឹងខាងវិស្វកម្មគ្រប់គ្រាន់ ដែលពួកគេអាចជ្រើសរើសចំណុចចុះចតច្បាស់លាស់មួយបាន។ ពួកគេបានសម្រេចថា ចំណុចចុះចតនោះនឹងស្ថិតនៅឯជើងភ្នំមួយ ដែលស្ថិតនៅក្នុងទីទំនាបជ្រៅទំហំទទឹងប្រវែង១៥០គីឡូម៉ែត្រ ដែលហៅថា Gale Crater។
«រឿងរ៉ាវអំពីភ្នំនេះគឺថា វាមិនមែនជាកំពូលប៉មស្រួចខ្ពស់មួយទេ។ វាមានរាងពើងឡើង ទាបនិងជំរាល។ អ្វីដែលជាអត្ថន័យនោះគឺថា យើងអាចបើកឡើងកំពូលប៉មនោះបានដោយប្រើយានស្រាវជ្រាវ ដូច្នេះនេះប្រហែលជាភ្នំដ៏ខ្ពស់ជាងគេបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យ ដែលយើងពិតជាអាចឡើងបានដោយប្រើយានស្រាវជ្រាវនេះ»។
លោកហ្គ្រូហ្សីនជើ និយាយថា ហេតុផលមួយទៀតដែលពួកគេបានជ្រើសរើស Gale Crater ធ្វើជាកន្លែងចុះចត គឺដោយសារកន្លែងនោះស្ថិតនៅលើទីតាំងខ្ពស់ល្មម ហើយទឹកអាចហូរចុះពីលើភ្នំនោះ។ ក្រុមអ្នកស្រាវជ្រាវនឹងប្រើយានស្រាវជ្រាវដើម្បីសិក្សាថាតើ Gale Crater មានលក្ខណៈបរិស្ថាន ដែលអាចទ្រទ្រង់ជីវិតរបស់អតិសុខុមប្រាណបានដែរឬទេ។
បេសកកម្មនេះគ្រោងនឹងចំណាយពេលពីរឆ្នាំ ប៉ុន្តែលោកហ្គ្រូហ្សីនជើ ថ្លែងថា ប្រសិនបើមន្ទីរពិសោធន៍ Curiosity ដែលមានតម្លៃ២ពាន់៥រយលានដុល្លារនេះ នៅតែដំណើការ យាននេះអាចមានលទ្ធភាពបើកឡើងភ្នំនោះជាបន្តទៅមុខទៀត។
ប្រសិនបើប្រវត្តិសាស្រ្តគឺជាសញ្ញាណណាមួយ មន្ទីរពិសោធន៍ Curiosity អាចបន្តស្រាវជ្រាវហួសពីរយៈពេលពីរឆ្នាំនោះទៀត។ យានស្រាវជ្រាវ សម្រាប់ភពព្រះអង្គារ ឈ្មោះ ស្មារតី(Spirit) និងឳកាស(Opportunity) របស់អង្គការណាសា ដែលជាយានតូចជាងយានស្រាវជ្រាវ Curiosity បានបន្តធ្វើបេសកកម្មរបស់ខ្លួនបានយូរហួសពេលកំណត់ជាច្រើនឆ្នាំ។
យានស្រាវជ្រាវឬមន្ទីរពិសោធន៍ Curiosity អាចបើកបរតាមសណ្ឋានដីនៃភពព្រះអង្គារនៅលើកង់ចំនួន៦ ក្នុងល្បឿនអតិបរមាប្រហែលជាបួនសង់ទីម៉ែត្រក្នុងមួយវិនាទី។ វាជាយានស្រាវជ្រាវធំបំផុត ដែលអង្គការណាសាបានបញ្ជូនទៅកាន់ភពព្រះអង្គារ ដែលមានទម្ងន់៩០០គីឡូក្រាម មានកម្ពស់ប្រហែល២ម៉ែត្រ ហើយមានបណ្តោយនិងកម្ពស់ប្រហែល៣ម៉ែត្រ។ ប្រការនោះធ្វើឲ្យយាននេះមានទម្ងន់ធ្ងន់ជាងប្រាំដង និងវែងជាងពីរដង បើប្រៀបធៀបនិងយានស្រាវជ្រាវ ឈ្មោះស្មារតី និងឳកាស។
លោកបាននិយាយថា ម៉ាស៊ីនថតមួយដែលត្រូវបានដាក់នៅបាតក្រោមរបស់យានស្រាវជ្រាវ នឹងថតរូបភាព នៅពេលដែលយាននោះចុះចតនៅលើភពព្រះអង្គារ ដោយបន្លឺសម្លេងថតរូបភាពចំនួន៥ដងក្នុងមួយវិនាទី ដោយមានពណ៌ធម្មជាតិពេញ បើនិយាយសរុបទៅគឺ ថតខ្សែវីដេអូនៃការចុះចតនោះឯងតែម្តង។
«យើងមានម៉ាស៊ីនកាមេរ៉ាដែលស្ថិតនៅលើកំពូលដងក្តោង ដែលយើងអាចប្រើដើម្បីពិនិត្យមើលជុំវិញ ហើយព្យាយាមស្វែងរកប្រភេទថ្ម ដែលយើងចង់ធ្វើការវិភាគខាងគីមី។ ហើយនៅពេលណាដែលយើងគិតថា មានអ្វីពិសេសដ៏គួរជាទីសង្ឃឹមនោះ យើងអាចបើកឡើងកាន់តែជិត ហើយបន្ទាប់មកយើងមានកាំរស្មីឡាស៊ែ ដែលបាញ់នៅខាងមុខយានស្រាវជ្រាវនោះ បានចម្ងាយរហូតដល់៧ម៉ែត្រ ទៅកកិតជាមួយថ្ម បង្កើតផ្កាភ្លើង ហើយបន្ទាប់មក យើងពិនិត្យមើលផ្កាភ្លើងនោះ ហើយផ្អែកលើបំណែកនៃផ្កាភ្លើង វាអាចប្រាប់យើងអំពីអ្វីជាសមាសធាតុគីមីនៅក្នុងសិលានោះ ហើយថាតើប្រភេទសមាសធាតុគីមីនោះ វាស្របទៅតាមបរិយាកាសដែលទ្រទ្រង់ជីវិតដែរឬទេ»។
លោក ហ្គ្រូហ្សីនជើ និយាយថា ប្រសិនបើក្រុមស្រាវជ្រាវចង់ស៊ើបអង្កេតបន្ថែមទៀត មន្ទីរពិសោធន៍ Curiosity អាចខួងថ្មដើម្បីបង្កើតម្សៅ ហើយប្រើដៃយន្តរបស់យានស្រាវជ្រាវនោះ ដើម្បីប្រមូលម្សៅនោះ និងទម្លាក់ចូលទៅក្នុងប្រហោងនៅក្នុងយានស្រាវជ្រាវដែលមានឧបករណ៍សម្រាប់ធ្វើការវិភាគបន្ថែមទៀត។ ប្រការនេះគូសបញ្ជាក់ពីសមាសធាតុ«ពិសោធន៍»នៅក្នុងឈ្មោះជាផ្លូវការរបស់យានស្រាវជ្រាវ Curiosity ដែលថាជា «មន្ទីរពិសោធន៍វិទ្យាសាស្ត្រភពព្រះអង្គារ»។
មន្ទីរពិសោធន៍ Curiosity និងសមាសភាពយានអវកាស ដែលនឹងបញ្ជូនយានស្រាវជ្រាវទៅកាន់ផ្ទៃខាងលើនៃភពព្រះអង្គារ កំពុងត្រូវបានផ្គុំគ្នា ហើយធ្វើការសាកល្បងចុងក្រោយ។ អង្គការណាសាគ្រោងនឹងបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាសខេនណឺឌី(Kennedy)នៅក្នុងរដ្ឋហ្លរីដា (Florida) នៅចន្លោះចុងខែវិច្ឆិកានិងពាក់កណ្តាលខែធ្នូនៃឆ្នាំនេះ៕
ប្រែសម្រួលដោយ លី សុខឃាង