រដ្ឋាភិបាលយោធាថៃ ដែលគេស្គាល់ថាក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងរបៀបរៀបរយ បានកាន់អំណាចតាំងពីខែឧសភា ឆ្នាំ ២០១៤ មក និងបានដាក់ចេញនូវ «គម្រោងនយោបាយ» មួយសម្រាប់ការបោះឆ្នោត ដែលដំបូងគ្រោងនឹងធ្វើឡើងនៅក្នុងឆ្នាំ ២០១៦។
ក្រោយមក នាយករដ្ឋមន្ត្រីថៃលោកឧត្ដមសេនីយ៍ Prayut Chan-o-Cha បានកំណត់យកខែវិច្ឆិកា ឆ្នាំ ២០១៨ នេះជាកាលបរិច្ឆេទបោះឆ្នោត មុនពេលដែលរដ្ឋសភាជាតិដែលតែងតាំងដោយយោធាបានពន្យារកាលបរិច្ឆេទនៃការបោះឆ្នោតនេះរហូតដល់ខែកុម្ភៈ ឆ្នាំ ២០១៩ ខាងមុខ។
គេឃើញមានការរិះគន់កើនឡើងពាក់ព័ន្ធនឹងការពន្យារពេលការបោះឆ្នោតនេះ ដោយមន្ត្រីការទូតបរទេសបានចូលរួមតវ៉ាចំពោះបញ្ហានេះជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលរបស់ថៃ និងក្រុមគណបក្សប្រឆាំង។
លោក Chris Baker ដែលជាអ្នកអត្ថាធិប្បាយ និងជាអ្នកនិពន្ធមួយរូបផ្ដោតលើនយោបាយថៃ បាននិយាយថា៖ «រដ្ឋាភិបាលយោធាថៃបានពន្យារពេលការបោះឆ្នោតនេះអស់រយៈពេលជាច្រើនដងច្រើនសារមកហើយ។ វាដូចជាជ្រុលពេក ហើយប្រជាពលរដ្ឋគ្មានការអត់ធ្មត់បន្តទៀតនោះទេ»។
លោក Chris Baker បានបញ្ជាក់ថា សេដ្ឋកិច្ចទន់ខ្សោយនៅក្នុងប្រទេសថៃក៏កំពុងតែប៉ះពាល់ដល់ការគាំទ្ររបស់ប្រជាពលរដ្ឋចំពោះរដ្ឋាភិបាល និងជំរុញឲ្យមានបរិយាកាសទោមនស្សកាន់តែកើនឡើងថែមទៀត។
ជាងនេះទៅទៀត បញ្ហាដែលបណ្ដាលឲ្យមានការបាត់បង់ការគាំទ្រចំពោះរដ្ឋាភិបាលមួយទៀត គឺរឿងអាស្រូវដែលពាក់ព័ន្ធនឹងឧបនាយករដ្ឋមន្ត្រីថៃលោក Prawit Wongsawon។ លោក Prawit Wongsawon បានបង្កឲ្យមានការរិះគន់ខ្លាំងក្លាពីសាធារណជន ដោយសារតែលោកពាក់នាឡិកាប្រណិតៗ ដែលអាចមានតម្លៃប្រហែលជាង ១ លាន ២ សែនដុល្លារអាមេរិក។
លោក Prayut Chan-o-Cha បានលើកឡើងនៅក្នុងសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកាលពីពេលថ្មីៗនេះថា លោកជៀសវាងធ្វើការសន្យាណាមួយដែលតម្រូវឲ្យរដ្ឋាភិបាលយោធាចុះចេញពីតំណែងក្រោយការបោះឆ្នោត។
មន្ត្រីរដ្ឋាភិបាលយោធាថៃបានរិះគន់ថា ការពន្យារពេលនេះគឺបណ្ដាលមកពីឧបសគ្គផ្លូវច្បាប់។
យោធាថៃបានឡើងកាន់អំណាចកាលពីខែឧសភា ឆ្នាំ ២០១៤ មក បន្ទាប់ពីមានការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលជាច្រើនបានធ្វើឡើងអស់រយៈពេលជាច្រើនខែដើម្បីប្រឆាំងនឹងរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Yingluck Shinawatra។
បាតុកម្មទាំងនេះ ដំបូងបានកើតឡើងដោយសាររដ្ឋាភិបាលរបស់លោកស្រី Yingluck ព្យាយាមអនុម័តច្បាប់លើកលែងទោសមួយដើម្បីធ្វើយ៉ាងណាឲ្យលោក Thaksin Shinawatra ដែលជាបងប្រុសរបស់លោកស្រី និងជាអតីតនាយករដ្ឋមន្ត្រីថៃ បានរួចខ្លួនពីការចោទប្រកាន់អំពើពុករលួយ។
លោក Thaksin Shinawatra បានគេចខ្លួនពីប្រទេសថៃនៅក្នុងឆ្នាំ ២០០៨ នៅពេលដែលលោកប្រឈមនឹងបទចោទប្រកាន់អំពើពុករលួយនេះ។
លោក Thaksin ដែលជាអ្នកដែលប្រជាពលរដ្ឋភាគច្រើននិយមចូលចិត្ត និងជាអ្នកដែលបានជំរុញឲ្យមានគោលនយោបាយផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្រីក្រនៅតាមជនបទ និងប្រជាពលរដ្ឋថ្នាក់កណ្ដាលនៅក្នុងប្រទេសថៃ គឺជាបុគ្គលមួយរូបដែលបង្កឲ្យមានការបែកខ្ញែកគ្នាផ្នែកនយោបាយនៅក្នុងប្រទេស។ គោលនយោបាយរបស់លោកដូចនេះ បានជួយឲ្យលោក និងអ្នកគាំទ្ររបស់លោកឈ្នះការបោះឆ្នោតជាច្រើនលើកច្រើនសារ ស្របពេលដែលចលនា «អាវក្រហម» របស់លោកបានតតាំងជាមួយនឹងស្ថាប័នវរជននៅក្នុងទីក្រុងបាងកក។
អ្នកវិភាគនានាបានបញ្ជាក់ថា ស្របពេលដែលមានការកើនឡើងនូវការរិះគន់ចំពោះរដ្ឋាភិបាលយោធា និងទៅលើអំពើពុករលួយ ប្រជាពលរដ្ឋថ្នាក់កណ្ដាលភាគច្រើនខ្លាចរដ្ឋាភិបាលដែលមានទំនោរទៅរកលោក Thaksin ឡើងកាន់អំណាចឡើងវិញ និងខ្លាចភាពវឹកវរមានការកើតឡើងជាថ្មីម្ដងទៀត។
ប៉ុន្តែ លោក Kraisak Choonhavan អតីតសមាជិកព្រឹទ្ធសភា និងបច្ចុប្បន្នជាសមាជិកនៃគណបក្សប្រជាធិបតេយ្យថៃ បាននិយាយថា មានការមិនពេញចិត្តកើតឡើងចំពោះរដ្ឋាភិបាលយោធាបច្ចុប្បន្ន សូម្បីតែនៅក្នុងចំណោមអតីតអ្នកគាំទ្រពួកយោធាដែលគេស្គាល់ថាក្រុម «អាវលឿង» ក៏ដោយ។
លោក Kraisak Choonhavan បានប្រាប់ VOA ថា៖ «សមាជិកក្រុមអាវលឿងជាច្រើនមិនសប្បាយចិត្ត ដោយសារតែពួកគេទទួលរងពិន័យខ្លាំងក្លាសម្រាប់សកម្មភាពនយោបាយរបស់ពួកគេក្នុងការប្រឆាំងនឹងលោក Thaksin»។
អង្គការសិទ្ធិមនុស្សនានាបានបញ្ជាក់ថា ពួកយោធាដែលកំពុងប្រឈមនឹងការបាត់បង់ប្រជាប្រិយភាព ក៏បានបង្កើនការគាបសង្កត់លើការរិះគន់ និងការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល។ នាពេលបច្ចុប្បន្ននេះ ការជួបជុំណាមួយដែលមានមនុស្សចាប់ពី ៥ នាក់ឡើងទៅ ត្រូវបានហាមឃាត់។
ការបង្ក្រាបទៅលើការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិតបានឈានដល់ការចោទប្រកាន់លើប្រវត្តិវិទូថៃដ៏ល្បីឈ្មោះមួយរូបគឺលោក Charnvut Kasetsiri និងសកលវិទ្យាធិការនៃសាកលវិទ្យាល័យ Thammasat លោក Anusorn Unno។ ប៉ូលិសថៃក៏កំពុងធ្វើការស៊ើបអង្កេតលើអ្នករៀបចំបាតុកម្មកាលពីពេលថ្មីៗនេះ ដែលក្នុងនោះរួមមានទាំងក្រុមមួយដែលបានអំពាវនាវឲ្យមានការបោះឆ្នោតមុនកាលកំណត់ផងដែរ។
ប៉ុន្តែ លោក Titipol Phakdeewanich ដែលជាប្រធានដេប៉ាតឺម៉ង់វិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Ubon Ratchathani បាននិយាយថា ការពន្យារពេលបោះឆ្នោតណាមួយទំនងជាមិនមានផលប៉ះពាល់ធំដុំណាមួយដល់ប្រជាពលរដ្ឋថៃភាគច្រើនដែលសម្របខ្លួនទៅនឹងការរស់នៅក្រោមការគ្រប់គ្រងរបស់យោធារួចទៅហើយនោះទេ។
លោក Titipol Phakdeewanich បានបញ្ជាក់ថា៖ «ខ្ញុំគិតថា ការពន្យារពេលបោះឆ្នោតនេះនឹងមិនមានផលប៉ះពាល់ខ្លាំងក្លានោះទេ ដោយសារតែអំណាច និងយន្តការផ្លូវច្បាប់ដែលរដ្ឋាភិបាលយោធាមាន។ រដ្ឋាភិបាលយោធាប្រើអំណាច និងយន្តការផ្លូវច្បាប់ទាំងនេះដើម្បីគាបសង្កត់ប្រជាពលរដ្ឋ»។
លោកបានបន្ថែមទៀតថា ពួកយោធាក៏បានស្វះស្វែងធ្វើយ៉ាងណាដើម្បីទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋ ដោយការដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ចផ្ដោតលើប្រជាពលរដ្ឋនៅតាមតំបន់ជនបទ។ គោលនយោបាយនោះគឺផ្គត់ផ្គង់កសិករដោយការរួមចំណែកផ្នែកថវិកា និងការផ្ដល់ឲ្យដោយទទេៗជាដើម ដែលចំណុចនេះធ្វើឲ្យប៉ះពាល់ដល់ការគាំទ្រពីប្រជាពលរដ្ឋសាមញ្ញចំពោះចលនាអាវក្រហមដែលមានទំនោរទៅរកលោក Thaksin។
ជំហានបន្ទាប់នៅក្នុងដំណើរការនយោបាយគឺគ្រោងនឹងចូលមកដល់ក្នុងខែមិនាខាងមុខនេះ នៅពេលដែលគណបក្សនយោបាយថ្មីៗនានាមានឱកាសដើម្បីចុះឈ្មោះបេក្ខភាពសមាជិករបស់ខ្លួន។ ការចុះឈ្មោះនេះគឺមានរយៈពេលពេលមួយខែ មុនពេលគណបក្សធំៗដែលមានស្រាប់ដូចជាគណបក្សប្រជាធិបតេយ្យ និងគណបក្ស Pheu Thai ដែលមានទំនោរទៅរកលោក Thaksin ត្រូវតម្រូវឲ្យចុះឈ្មោះបេក្ខភាពសមាជិករបស់ខ្លួន។ នេះគឺជាវិធានការមួយដែលអ្នកវិភាគនានាបាននិយាយថា មានគោលបំណងគាំទ្រដល់ការប្រឹងប្រែងរបស់លោក Prayut Chan-o-Cha ដើម្បីឲ្យលោកអាចនៅកាន់អំណាចបានតទៅមុខទៀត៕
ប្រែសម្រួលដោយ ភី សុភាដា