ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​សុំ​លើក​ពេល​ស៊ើបអង្កេត​អំពើ​ហិង្សា​របស់​ប្រទេស​កេនយ៉ា​ទទួល​ការ​រិះគន់


Ảnh: Nguyễn Thế Long.
Ảnh: Nguyễn Thế Long.

ប្រទេស​កេនយ៉ា រង​ការ​រិះគន់​ពីសំណាក់​អន្តរជាតិ​កាន់​តែ​ខ្លាំង​ នៅ​ពេល​ដែល​មន្ត្រី​ជាន់​ខ្ពស់​មួយ​ក្រុម​របស់​ប្រទេស​នេះ​ធ្វើ​ដំណើរ​មក​អង្គការ​សហ​ប្រជាជាតិ​ ដើម្បី​ស្វះស្វែង​ឲ្យ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​លើក​ពេល​ការ​ស៊ើប​អង្កេត​អំពើ​ហិង្សា​ក្រោយ​ការ​បោះឆ្នោត​រវាង​ឆ្នាំ​២០០៧​ និង​ឆ្នាំ​២០០៨។

នៅថ្ងៃ​ច័ន្ទ​ រដ្ឋាភិបាល​កេនយ៉ា​បាន​ចាប់​ផ្តើម​ការ​គាប​សង្កត់​ផ្នែក​ការ​ទូត​មួយ​ទៀត​ ក្នុង​គោល​បំណង​លើក​ពេល​ដំណើរការ​កាត់​ទោស​នៅ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​ ដោយសារ​តែ​ខ្លាច​អំពើ​ហិង្សា។​ មន្រី្តកេនយ៉ា​ចំនួន​៦នាក់ ​រួមមាន​អ្នក​នយោបាយ​លេច​ធ្លោ​២​នាក់ ​ត្រូវ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ដោយ​រដ្ឋ​អាជ្ញា​ ល្វីស៍ ម៉ូរ៉េណូ អូខាមប៉ូ (Luis Moreno-Ocampo) ពីបទ​ផ្តល់​មូលនិធិ និង​ធ្វើ​ផែនការ​បង្កចលាចល​ដែល​នាំ​ឲ្យ​មនុស្ស​១.៣០០​នាក់​ស្លាប់ ក្រោយ​ការ​បោះឆ្នោត​ប្រនាធិបតី​ដ៏​មាន​ជម្លោះ។

ឥឡូវ​នេះ​ លោក កាឡូនហ្សូ មុស៊ីយ៉ូកា (Kalonzo Musyoka) អនុប្រធានាធិបតី​កេនយ៉ា​កំពុង​ដឹកនាំ​សមាជិក​សភា​ និង​រដ្ឋមន្ត្រី​កិនយ៉ា​មួយ​ក្រុម​ មាន​គ្នា​៧នាក់​ដែល​នឹង​បញ្ចុះ​បញ្ចូល​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​លើក​ពេល​កាត់​ទោស​មួយ​ឆ្នាំ។

កាល​ពី​ខែ​មករា​ សហ​ភាព​អាហ្វ្រិក​បាន​យល់ព្រម​តាម​សំណើ​ប្រទេស​កិនយ៉ា​ ក្នុង​ការ​ស្វះស្វែង​លើក​ដំណើរ​ការ​កាត់​ទោស​ជន​សង្ស័យ​មក​ធ្វើ​នៅ​ក្នុង​ប្រទេស​វិញ។ ​ ការ​ប៉ុនប៉ង​ជា​លើក​ដំបូង​ដើម្បី​ធ្វើ​ការ​កាត់ទោសក្នុង​ប្រទេស​ ធ្វើ​ឡើង​ក្នុង​ឆ្នាំ​២០០៩​ នៅ​ពេល​ដែល​កិនយ៉ា​បង្កើត​គណៈ​កម្មការ​ស្វែង​រក​ការណ៍​ពិត​ យុត្តិធម៌ ​និង​ការ​បង្រួប​បង្រួម​ជាតិ​ (Truth, Justice and Reconciliation Commission)​ ដើម្បី​ស៊ើប​អង្កេត​អំពើ​ហិង្សា។​ ក៏ប៉ុន្តែ​រឿង​អាស្រូវ​អំពី​ក្រម​សីលធម៌​ទាក់ទង​នឹង​ប្រធាន​គណៈ​កម្មការ​នេះ​បាន​បង្ខំ​ឲ្យក្រុម​នេះ​បញ្ឈប់​ការងារ​របស់​ខ្លួន។

អ្នក​រិះគន់​ក្នុង​រដ្ឋាភិបាល​កេនយ៉ា​បាន​និយាយ​ថា​ ការ​ប្រឹងប្រែង​បញ្ចុះបញ្ចូល​ជា​ថ្មី​នេះ​គឺ​ជា​ការ​ចំណាយ​លុយ​ពន្ធដារ​អត់​ប្រយោជន៍​ ប៉ុន្តែ​មេ​ដឹកនាំ​កិនយ៉ា​ប្រកែក​ថា​ កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ​ដែល​ត្រូវ​បាន​គូស​បញ្ជាក់​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ថ្មី​របស់​ប្រទេស​នេះ​នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​កាត់ទោស​ក្នុង​ប្រទេស។

ឌុនហ្គុ វ៉េនណៃណា (Ndungu Wainaina) ​នាយក​មជ្ឈមណ្ឌល​អន្តរ​ជាតិ​អំពី​កិច្ចការ​នយោបាយ​ និង​ជម្លោះ​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង ណៃរ៉ូប៊ី (Nairobi) ជឿ​ថា ​ ការ​ប្រឹងប្រែង​កាត់​ទោស​ជន​ដៃដល់​ក្នុង​ស្រុក ​សម្រាប់​អំពើ​ហិង្សា​ទាក់ទង​នឹង​ការ​បោះឆ្នោត​នៅ​កិនយ៉ា ​ទំនង​ជា​នឹង​មិនទទួល​បាន​ផ្លែផ្កា​ទេ។

ឌុនហ្គុ វ៉េនណៃណានិយាយថា «នៅ​ក្នុង​ប្រទេស​នេះ​ មិន​អាច​ធ្វើ​បាន​ទេ។​ប្រទេស​ផ្សេង​ប្រហែល​ធ្វើ​បាន​ តែ​នៅ​ប្រទេស​កិនយ៉ា​មិន​អាច​ធ្វើ​បាន​ទេ។​ ជាក់​ស្តែង​គឺ​អញ្ចឹង។ រហូត​មក​ដល់​ពេល​នេះ​ រដ្ឋាភិបាល​ប្រទេស​កិនយ៉ា​ មិន​ដែល​បាន​បង្កើត​យន្តការ​ដែល​អាច​ទុកចិត្ត​បាន​ដើម្បីការពារ​សាក្សី​ទេ។​ នេះ​ជា​លក្ខខណ្ឌ​ត្រូវ​មាន​ជាមុន​ ដើម្បី​ផ្តល់​លទ្ធភាព​ដល់ការ​អនុវត្ត​ដំណើរ​ការ​កាត់ទោស​ប្រកប​ដោយ​យុត្តិធម៌»។

ក្នុង​ចំណោម​ជន​សង្ស័យ​៦នាក់​ដែល​ជាប់​ឈ្មោះ​ក្នុង​ការ​ស៊ើប​អង្កេត​របស់​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​នេះ​ រួមមាន​ វីលាម រូតូ (William Ruto) ​អតីត​រដ្ឋមន្ត្រី​ឧត្តម​សិក្សា​ (អ៊ូហូរូ កិនយ៉ាត្តា (Uhuru ​Kenyatta) រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ​ និង​ ហ្វ្រង់ស៊ីស មូថូរ៉ា (Francis Muthaura)​ ប្រធាន​សេវា​សាធារណៈ។

វ៉េនណៃណា ប្រាប់​វីអូអេ​សំឡេង​សរអា​ថា​ ដោយ​សារ​ជន​សង្ស័យ​ទាំង​នេះ​ល្បី​ឈ្មោះ​ និង​មាន​ឥទ្ធិពល ទម្រង់ការ​ច្បាប់​នឹង​ជួប​ការ​លំបាក​ក្រៃលែង។

វិធានការ​ប្រទេស​កិនយ៉ា លើកសំណើ​ជូន​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​នេះ​ក៏​ទទួល​រង​ការ​រិះគន់​ដែរ។​ តាម​លក្ខន្តិកៈ​ចុះ​ហត្ថលេខា​នៅ​ទីក្រុង​រ៉ូម ​ដែល​ចែង​អំពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរ​ជាតិ ​ ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​មាន​អំណាច​លើក​ពេល​ដំណើរ​ការ​កាត់ទោស​មួយ​ឆ្នាំ​ បើ​ការ​កាត់ទោស​នេះ​នាំ​ឲ្យ​មាន​ការ​គំរាម​កំហែង​ដល់​សន្តិភាព​ ឬ​សន្តិសុខ​អន្តរជាតិ។

តែ​លោកស្រី អេលីហ្សាបែថ អេវិនសាន់ (Elizabeth Evenson) អ្នក​ស្រាវ​ជ្រាវ​ធ្វើការ​ឲ្យ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ Human Rights Watch ​ឲ្យ​ដឹង​ថា​ ករណី​ប្រទេស​កេនយ៉ា​មិន​ចូល​ក្នុង​លក្ខណៈ​វិនិច្ឆ័យ​នេះ​ប្រភេទ​នេះ​ទេ។​ លោក​ស្រី​ថ្លែង​ដូច្នេះ​ថា៖

«ក្នុង​ករណី​ប្រទេស​កេនយ៉ា​ ដាច់ខាត​មិនមាន​កត្តា​បង្ហាញ​ថា​ ការ​ស៊ើប​អង្កេត​ ឬ​ការ​កាត់ទោស​ដោយ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ ​នាំ​ឲ្យ​មាន​ការ​គំរាម​កំហែង​ដល់​សន្តិភាព​ និង​សន្តិសុខ​អន្តរ​ជាតិ​នោះ​ទេ។ ​តាម​ពិត​ទៅការ​ស៊ើប​អង្កេត​នៅ​កិនយ៉ា​ត្រូវ​គេ​ស្វាគមន៍​ទៅ​វិញ​ទេ»។

ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​Human Rights Watchគឺ​ជា​ផ្នែកមួយ​នៃ​អង្គការ​ចម្រុះ​ ដែល​បាន​ដាក់​ញត្តិ​ទៅ​សមាជិក​អាហ្វ្រិក​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​ ទាម​ទារ​ឲ្យ​ បដិសេធ​សំណើ​របស់​កេនយ៉ា​ និង​អនុញ្ញាត​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ​បន្ត​ការងារ​របស់​ខ្លួន៕

ប្រែ​សម្រួល​ដោយ ពិន ស៊ីសុវណ្ណ

XS
SM
MD
LG