ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បក្ស​ប្រជាជន​និង​សង្គ្រោះ​ជាតិ​ចាប់ផ្តើម​ចរចា​កែទម្រង់​ច្បាប់​បោះឆ្នោត​ឃុំសង្កាត់

  • ម៉ែន គឹមសេង

រូបឯកសារ៖ ពលរដ្ឋ​រក​មើល​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ក្រោយពី​ការិយាល័យ​បោះឆ្នោត​មួយ​នៅក្នុង​ខេត្ត​កណ្តាល ត្រូវបាន​បើក​សម្រាប់​ការបោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣។

ក្រុមការងារ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​និងគណបក្ស​សង្គ្រោះ​ជាតិបាន​បើក​កិច្ចប្រជុំ​ចរចា​ជា​លើក​ដំបូង​កាលពី​ថ្ងៃ​អង្គារដើម្បី​និយាយ​ពីការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការបោះឆ្នោតជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅមុន​ពេល​ការបោះឆ្នោត​ដែល​នឹ​ងត្រូវ​មក​ដល់​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​ទៀត។​

​លោក​អេង ឆៃអ៊ាង ​ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«បើ​យើង​មើល​ទៅ​វា​មាន​ចំណុច​ខ្លះ​ដែល​ត្រូវ​ដក​ចេញ​ព្រោះ​កន្លង​ទៅហ្នឹង​យើង​អត់មាន​ច្បាប់​ស្តីពី​ការ​រៀបចំ​និង​ការប្រព្រឹត្តិ​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ទេ​ហើយ​ដល់​អត់មាន​នៅ​ក្នុង​ច្បាប់​ហ្នឹង​យើង​យក​តួនាទី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មក​ដាក់​ក្នុង​ច្បាប់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ប៉ុន្តែ​ឥឡូវនេះ​មាន​ច្បាប់​ដោយឡែក​អញ្ចឹង​យើង​ត្រូវ​ពិនិត្យ​មើល​ថា​ចំណុច​ណា​ត្រូវ​ដកចេញ‍»។

ក្រុមការងារ​នីមួយៗ​មាន​សមាសភាព​ប្រាំនាក់​ហើយ​ក្រុម​ការងារ​គណបក្ស​កាន់​អំណាច​ដឹកនាំដោយ​លោក សក់ សេដ្ឋា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ។

កិច្ចប្រជុំ​រវាង​ក្រុមការងារ​គណបក្ស​នយោបាយ​ធំៗ​ទាំងពីរ​ បានធ្វើ​ឡើង​បន្ទាប់ពី​បាន​កែប្រែ​ច្បាប់បោះឆ្នោត​តំណាងរាស្ត្រ​ទៅ​តាម​កិច្ចព្រមព្រៀង​នយោបាយ​ដែល​បាន​ព្រមព្រៀង​ធ្វើ​កំណែ​ទម្រង់ការបោះឆ្នោត​កាលពី​ថ្ងៃទី​២២ ​ខែកក្កដា ​ឆ្នាំ​២០១៤។ ​

លោក​ហង្ស ពុទ្ធា ​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​និង​ជាអ្នក​នាំពាក្យ​បាន​បញ្ជាក់​ថា​វាជាការ​ល្អ​ដែល​គណបក្ស​នយោបាយ​ទាំងពីរ​ជួប​ពិភាក្សា​គ្នា​នៅ​មុន​ពេល​ដែល​ការបោះឆ្នោត​ត្រូវ​រៀបចំ​ឡើង។​

លោក​បន្ថែម​ថា៖

«ច្បាប់​ដែល​គណបក្ស​ទាំងពីរ​បាន​អនុម័ត​ជាមួយ​គ្នា​គឺ​ច្បាប់​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្តអីចឹង​ច្បាប់​ស្តីពី​ការ​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ហ្នឹង​គឺ​ពុំ​ទាន់​បាន​ពិភាក្សា​គ្នា​នៅឡើយ​ទេ​ប៉ុន្តែ​យ៉ាងណា​ក៏ដោយ​លំនាំ​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ច្បាប់​នេះ​ខ្ញុំ​គិត​ថា​ត្រូវ​តែ​ធ្វើ​កំណែទម្រង់​ ឱ្យ​មាន​ភាព​សមស្រប​ជាមួយ​នឹង​គ្នា​ដែរ‍»។​

ការជួបប្រជុំ​ដំបូង​នេះ​មិន​ទាន់​សម្រេច​បាន​កិច្ច​ការ​ធំដុំ​អ្វី​ទេ​ហើយ​ក្រុម​ការងារ​ទាំងពីរ​នឹង​ជួបគ្នា​ជាថ្មីទៀត​នៅ​ថ្ងៃច័ន្ទ​ ទី៦ ​ខែកក្កដា ​ដើម្បី​ពិនិត្យ​លើខ្លឹមសារ​ច្បាប់​នេះ។

ការបោះឆ្នោត​ឃុំសង្កាត់​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ ​ដើម​ឆ្នាំ​២០១៧​ហើយ​អ្នក​វិភាគ​យល់​ថា​វាជាការ​សាកល្បង​សមត្ថភាព​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី​ដែល​បាន​បង្កើត​ឡើង​ដោយ​មាន​ការ​ចូលរួម​នៃ​គណបក្ស​ទាំង​ពីរ​និង​បុគ្គល​ឯករាជ្យ​មួយ​រូប​មក​ពី​អង្គការ​សង្គម​ស៊ីវិល៕

XS
SM
MD
LG