ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អាមេរិក​ប្រើ​​សកម្មភាព​សម្ងាត់​​​ដើម្បី​ប្រឆាំង​មេដឹក​លីប៊ី


លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា និយាយ​អំពី​ជម្លោះ​នៅ​ក្នុង​​ប្រទេស​លីប៊ី ក្នុង​ពេល​លោក​ថ្លែង​​សុន្ទរកថា​នៅ​សាកលវិទ្យាល័យ​យោធា​ជាតិ (National Defense University) នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​មីនា​ឆ្នាំ​២០១១។
លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា និយាយ​អំពី​ជម្លោះ​នៅ​ក្នុង​​ប្រទេស​លីប៊ី ក្នុង​ពេល​លោក​ថ្លែង​​សុន្ទរកថា​នៅ​សាកលវិទ្យាល័យ​យោធា​ជាតិ (National Defense University) នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​មីនា​ឆ្នាំ​២០១១។

របាយការណ៍​ដែល​ត្រូវបាន​បោះ​ពុម្ពផ្សាយ​បាន​បញ្ជាក់ថា​ លោក​ប្រធានាធិបតី អូបាម៉ា បាន​ផ្តល់​សិទ្ធិ​អំណាចប្រធានាធិបតី​ក្នុង​ការ​អនុញ្ញតឲ្យ​មាន​ការ​គាំទ្រជាសម្ងាត់​របស់​អាមេរិកដល់​ក្រុម​ឧទ្ទាម​លីប៊ី។

លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា បាន​បញ្ជាក់​ជា​រឿយៗ​ថា លោក ម៉ូអាម៉ា ហ្គាដាហ្វី (Moammar Gadhafi) មេ​ដឹក​នាំ​លីប៊ី គួរ​តែ​ចាក​ចេញ​ពី​តំណែង។​ សហរដ្ឋ​អាមេរិក កំពុង​ពិចារណា​ជម្រើស​មួយ​ចំនួន ដែល​ត្រូវ​ដាក់​លើមេ​ដឹក​នាំ​លីប៊ី។ ជម្រើស​មួយ ក្នុង​ចំណោមជម្រើស​ជា​ច្រើនអាច​ជា​កម្ម​វិធីសម្ងាត់ដើម្បី​បណ្តេញ​រូប​លោក​ចេញ​ពី​តំណែង។

ក្នុង​ពេល​មាន​វិបត្តិអន្តរជាតិ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក មានមធ្យោបាយជា​ច្រើន ដែល​លោកអាច​ជ្រើស​រើស ដើម្បីធ្វើ​ឲ្យ​មានឥទ្ធិពល​ទៅ​លើ​ហេតុ​ការណ៍​ណា​មួយ ដែល​រូម​មានសកម្មភាព​ការ​ទូត និងយោធា។ ប៉ុន្តែ​ជម្រើសមួយ​នៅ​ចន្លោះមធ្យោបាយ​ទាំងពីរគឺ​ជា​សកម្មភាព​សម្ងាត់។

សកម្មភាព​សម្ងាត់​ Covert Operation ​ជា​កិច្ច​ប្រឹង​ប្រែងរបស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដើម្បី​ផ្លាស់​ប្តូរ​សភាព​ការណ៍សេដ្ឋកិច្ច យោធា ឬនយោបាយ ​នៅប​រទេស​ក្នុងភាពលាក់​កំបាំង។​ សកម្មភាព​សម្ងាត់ Covert Operation ​រួម​មាន​កិច្ចការ​ជា​ច្រើន ដោយ​រាប់​បញ្ចូលទាំង ការ​ឃោសនា ការ​បំភ្លៃ​ក្នុង​ដំណើការបោះ​ឆ្នោត ការ​ផ្តល់​មូល​និធិ ការ​បំពាក់​អាវុធ ​និង​ហ្វឹក​ហ្វឺន​ក្រុម​បះ​បោរ ​ព្រម​ទាំងលើក​ទឹក​ចិត្ត​ឲ្យធ្វើ​រដ្ឋ​ប្រហារ​ជា​ដើម។

វា​មិន​ច្បាស់​នៅ​ឡើយ​ ថា​តើសកម្មភាព​ណា​មួយ ដែល​ទី​ភ្នាក់​ងារ​ស៊ើប​ការ​សម្ងាត់​ស៊ីអាយអេ (CIA) កំពុងអនុវត្ត ឬ​ត្រូវ​បានផ្តល់​សិទ្ធិ​អំណាចឲ្យ​អនុវត្ត​នៅ​លីប៊ី។ ប៉ុន្តែ សភាពការណ៍​នៅ​ទី​នោះ មាន​ភាព​ចលា​ចល ដោយមាន​កង​ទ័ព​ឧទ្ទាម​ដ៏​តោក​យ៉ាក​កំពុង​ដក​ថយ​ពី​កង​កម្លាំងរបស់​លោក​វរៈ​សេនីយ៍​ឯក​ហ្គាដាហ្វី។

សាស្ត្រាចារ្យ ចេនីហ្វឺ ស៊ីម (Jennifer Sims) សាស្ត្រា​ចារ្យ​គោចរណ៍​រយៈ​ពេល​ខ្លី​ផ្នែក​ការ​សិក្សា​អំពី​សន្តិសុខ​នៅ​ឯ​សាកល​វិទ្យា​ល័យ​ចចថោន (Georgetown University) ជាអ្នកជំនាញ​ខាង​កិច្ច​ការ​ស៊ើប​ការ​សម្ងាត់។ លោក​ស្រី មាន​ប្រសាសន៍​ថា សកម្មភាព​សម្ងាត់​ Covert Operation មិន​គួរ​អនុវត្ត​ដោយ​គ្មាន​រូប​ភាព​ជាក់​លាក់​ស្តី​ពី​ ថា​តើ​នរណា ដែល​អ្នកកំពុង​គាំ​ទ្រ ហើយ​ថា​តើ​លទ្ធផលនឹងក្លាយ​ជា​បែប​ណា ឬ​គួរ​ទៅជាបែបណា។ សាស្រ្តាចារ្យ​ ថ្លែង​ដូច្នេះ​ថា៖

«អ្នក​ត្រូវ​តែប្រយ័ត្ន​ប្រយែងក្នុង​ការ​ប្រើ​ប្រាស់មធ្យោបាយ​នេះ។ វា​មិនមែនជា​មធ្យោបាយមួយ​ ដែលអ្នកអនុវត្ត​នៅពេលដែល​អ្នក​មិនទាន់​អាចរក​ឃើញ​អ្វី​ផ្សេង​ដើម្បីអនុវត្ត​នោះ​ទេ។ វា​ជា​ធម្យោបាយមួយដែល​អ្នក​ត្រូវ​តែ​ចូល​ប្រឡូកយ៉ាង​ប្រុង​ប្រយ័ត្ន»។

ដូច​ដែលសាស្ត្រាចារ្យ ស៊ីម បាន​គូស​បញ្ជាក់​អញ្ចឹង​ថា សកម្មភាពសម្ងាត់​ជា​មធ្យោបាយគួរ​ជា​ទី​ពេញ​ចិត្ត​សម្រាប់​ប្រធានាធិបតី​យក​មក​ប្រើ។ លោក​ស្រី​បន្ត​ទៀត​ថា៖

«គុណសម្បតិ្ត គឺ​ថា​អ្នក​អាច​ទទួល​លទ្ធផលដែល​សម​នឹងទទួល​បានការ​ប្រើ​កម្លាំង​ក្នុង​កម្រិត​អប្បបរមា ​និង​ប្រកប​ដោយ​ឧត្តម​គតិ។ សង្ឃឹម​ថា​ តាម​រយៈ​ការ​លាក់​សកម្មភាព​របស់​សហរដ្ឋ​អាមេរិក អ្នក​នឹង​ទទួល​បានផលប្រយោជន៍ ដោយ​មិន​ទទួល​រង​ផល​ប៉ះ​ពាល់មក​លើ​សហរដ្ឋ​អាមេរិក​វិញ​ទេ​ ទាក់​ទង​ទៅ​នឹងការតវ៉ាជា​សាធារណៈ ​ស្តី​ពី​លទ្ធផល ដែលអាច​ធ្វើ​ឲ្យផ្សេង​ទៀត ​មិន​សប្បាយ​ចិត្ត។ ជា​ការ​ពិត គុណ​វិបត្តិ ​ដូច​គុណសម្បត្តិ​ដែរ គឺ​ថា​អ្នក​កំពុង​លាក់​សកម្មភាព​របស់សហរដ្ឋ​អាមេរិក ហើយ​ប្រសិន​បើសកម្មភាព​នោះ​ត្រូវ​បាន​លាត​ត្រដាង អ្នក​អាច​ទទួល​រង​ផល​ប៉ះ​ពាល់​ ដែល​ធ្ងន់​ធ្ងរ​ជាង​អ្វី​ដែល​អ្នក​កំពុង​ប្រកាន់យក​តាម​មធ្យោ​បាយ​បើក​ចំហរ​ទៅ​ទៀត»។

ជា​ធម្មតា​ សកម្មភាពសម្ងាត់​ត្រូវ​បាន​អនុវត្ត​ដោយទី​ភ្នាក់​ងារ​ស៊ើប​ការ​សម្ងាត់ស៊ីអាអេ។ លោក ឆាលស៍ អេលែន (Charles Allen) ដែលធ្លាប់​បម្រើការ​នៅ​ស៊ីអាយអេ អស់​រយៈ​ពេល​ជាង​៤០​ឆ្នាំ​មក​ហើយ មាន​ប្រសាសន៍​ថា៖ សំណើរ​សុំ​ឲ្យ​មាន​សកម្មភាព​សម្ងាត​មិន​មែន​មាន​ប្រភព​ចេញ​ពីក្រុម​ចារ​កម្ម​នោះ​ទេ ប៉ុន្តែចេញ​ពី​អ្នក​ធ្វើ​គោល​នយោបាយ។ លោក ថ្លែង​ថា ស៊ីអាយអេ ​គ្រាន់​តែ​ជា​ឧបករណ៍​មួយ​ប៉ុណ្ណោះ។​ លោក អេលែន ថ្លែង​ថា៖

«ទី​ភ្នាក់​ងារ​ស៊ើប​ការ​សម្ងាត់ កម្រ​ស្នើ​ឲ្យ​មាន​កិច្ចការ​នេះ​ណាស់។ កិច្ចការ​នេះ ជា​ធម្មតា​ ​ផុស​ចេញ​មក​ពីប្រធានាធិបតី និង​អ្នក​ធ្វើ​គោល​នយោបាយជាន់​ខ្ពស់របស់​លោក ដែល​រួម​មានរដ្ឋ​មន្ត្រីការ​បរទេស​ រដ្ឋមន្ត្រីការពារ​ជាតិ ឬ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ជាតិ។ នៅ​ក្រោមការ​ដឹក​នាំ​របស់ប្រធានាធិបតី​មួយ​ចំនួន សកម្មភាព​ទាំង​នោះ មានកម្រិត​យ៉ាង​ខ្លាំង។ ​នៅ​ក្រោមការ​ដឹកនាំប្រធានាធិបតី​ផ្សេង​ទៀត​ នៅ​ពេល​ដែល​មានការ​គំរាម​កំហែង ដែល​ត្រូវ​បាន​ចាត់​ទុក​ថាមាន​កម្រិត​ខ្ពស់ សកម្មភាពសម្ងាត់​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​រឿយៗ»។

អ្នក​ជំនាញ​ការ​ផ្នែកស៊ើប​ការណ៍​សម្ងាត់ ចាត់​ទុកប្រតិបត្តិ​ការសម្ងាត់ (Covert Operation) ថា​ មាន​ភាព​ខុស​គ្នាពី​ប្រតិបត្តិ​ការ​សម្ងាត់​ (Clandestine Operation) ដែល​ជាការធ្វើ​សកម្មភាព​ចារកម្មធម្មតា និង​សកម្មភាព​ប្រឆាំង​ការ​ស៊ើប​ការណ៍​សម្ងាត់។

ភាព​ខុស​គ្នា​មិន​គ្រាន់​តែជា​ពាក្យ​ពេចន៍ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ផ្លូវច្បាប់​ទៀតផង។ នៅ​ក្នុង​ឆ្នាំ​១៩៧៥ ផែន​ការរបស់​សហរដ្ឋ​អាមេរិក​ដើម្បី​សម្លាប់មេ​ដឹក​នាំ​បរទេស ត្រូវ​បាន​លាត​ត្រដាង។ ​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់របស់​សាធារណៈ​ជន បាន​នាំ​ឲ្យ​មាន​ច្បាប់​ដ៏​តឹង​រ៉ឹង​ទៅ​លើសកម្មភាព​សម្ងាត់ Covert Operation ដោយ​រាប់​បញ្ចូល​ទាំង​ការ​តម្រូវឲ្យមាន​ការ​អនុម័ត​ពី​ប្រធានាធិបតី​ចំពោះសកម្មភាព​សម្ងាត់ Covert Operation ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា «ការរកឃើញ» និង​ការ​បញ្ជាក់​ពី​សមាជិក​រដ្ឋ​សភា​សំខាន់ៗ​ចំនួន​៨​រូប ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ត្រួត​ពិនិត្យ​លើ​ការ​ស៊ើប​ការណ៍​សម្ងាត់។ ប្រតិបត្តិ​ការសម្ងាត់ Clandestine Operation ​មិន​តម្រូវ​ឲ្យសុំ​ការ​ផ្តល់​សិទ្ធិ​អំណាច​ពី​ប្រធានាធិបតី​នោះ​ឡើយ។

ប្រតិបត្តិ​ការសម្ងាត់ Covert Operation មួយ​ចំនួន ដូច​ជាការ​ឈ្លាន​ពាន ឆ្នេរជ្រូក (Bay of Pigs) នៅ​ប្រទេស​គុយបា​ ក្នុងឆ្នាំ​១៩៦១ គឺ​ជា​មហន្តរាយ​។ ប្រតិបត្តិ​ការ​ដទៃ​ទៀត ដូច​ជាការ​គាំ​ទ្រពួក​ក្រុម​មូចាហេឌីន (mujahedin) នៅអាហ្វហ្កានីស្ថាន ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ប្រឆាំង​នឹងការ​គ្រប់​គ្រង​របស់​សហភាព​សូវៀត ត្រូវ​បាន​ចាត់​ទុក​យ៉ាង​ទូលំ​ទូលាយថា ទទួល​បាន​ជោគជ័យ៕

ប្រែ​សម្រួល​ដោយ លី​ សុខឃាង

XS
SM
MD
LG