ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​កោះ​ហៅ​លោក​កឹម​សុខា ​ក្នុង​បណ្តឹង​ភរិយា​លួច​លាក់

  • ហេង ​រស្មី

phnom penh court front gate
តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​កោះ​ហៅ​លោក​ កឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​ចូលមក​បំភ្លឺ​នៅ​ថ្ងៃទី​១៨​ខែ​កក្កដា​ខាង​មុខនេះ​ពាក់​ព័ន្ធ​នឹង​បណ្តឹង​ពី​ស្ត្រី​ម្នាក់​ដែល​អះអាង​ថា​ជា​ភរិយា​លួចលាក់​របស់​លោក។ ​នេះ​បើតាម​ការបញ្ជាក់​នៅ​ក្នុង​ដីកាកោះ​របស់​តុលាការ​ដែល​បាន​ចេញ​កាល​ពី​សប្តាហ៍​មុន​ហើយ​ត្រូវ​បាន​ចែក​ផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

អ្នកស្រី​កែវ សុផាន់​ណារី​ ដែល​អះអាង​ថា​ជា​ភរិយា​លួច​លាក់​របស់​លោក​កឹម សុខា​បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ច្បាប់​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ​ដើម្បី​ទាមទារ​សំណង​ចំនួន​មួយម៉ឺន​ដុល្លារ​ពី​លោក​កឹម​ សុខា​សម្រាប់​យក​ទៅ​ចិញ្ចឹម​កូន។​

លោក​កឹម សុខា​ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បដិសេធ​ថា​លោក​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ស្នេហា​លួច​លាក់​ជាមួយ​នឹង​អ្នក​ស្រី​ផាន់ណារី​ទេ។ ​លោក​បាន​ហៅ​ការ​ចេញ​ដីកា​កោះ​ហៅ​លោក​ឱ្យ​ចូល​មក​បំភ្លឺ​ផ្ទួនៗ​របស់​តុលាការ​ថា​ជារឿង​នយោបាយ។​

លោក​បញ្ជាក់​ថា​លោក​នឹង​មិន​ចូល​ខ្លួន​តាម​ការបំភ្លឺ​របស់​តុលាការ​ទេ​ដោយ​សារ​តែ​លោក​ជាប់​រវល់​ឃោសនា​រក​សំឡេង​ឆ្នោត។​

លោក​កឹម សុខា​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​បាន​កោះ​ហៅ​ឱ្យ​ចូល​មក​បំភ្លឺ​កាលពី​ខែមុនពាក់​ព័ន្ធ​នឹង​បណ្តឹង​របស់លោក​ជុំ ម៉ី​ អ្នក​រស់រាន​មាន​ជីវិត​ពី​គុក​ទួល​ស្លែង។​

លោក​ជុំ​ ម៉ី​បាន​ដាក់​ពាក្យ​ប្តឹង​លោក​កឹម សុខា​ពាក់​ព័ន្ធ​នឹង​អត្ថា​ធិប្បាយ​របស់​លោក​ថា​មន្ទីរ​ឃុំ​ឃាំង​គុកទួល​ស្លែង​ជាកន្លែង​សិប្ប​និម្មិត​ដែល​បាន​បង្កើត​ឡើង​ដោយ​វៀតណាម។​
តុលាការ​ក្រុង​បាន​ចេញ​ដីកា​កោះហៅ​លោក​កឹម សុខា​ចំនួន​ពីរ​លើក​រួច​មក​ហើយ​តែលោក​ស្នើ​សុំ​ពន្យា​ពេល​រហូតដល់​បោះ​ឆ្នោត​រួច។​

ដីកា​កោះ​ហៅ​លោក​កឹម សុខា​ពាក់ព័ន្ធ​នឹង​ស្រ្តី​កំណាន់​បាន​ធ្វើឡើង​មួយថ្ងៃ​មុន​ពេល​លោក​ សម រង្ស៊ី​ មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​គ្រោង​នឹង​វិល​មកកាន់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​១៩​ខែ​កក្កដា​ខាង​មុខ​នេះ​ហើយ​គេរំពឹង​ថា​នឹង​មាន​មនុស្ស​ចំនួន​៤ម៉ឺន​នាក់​រង់ចាំ​ទទួល​លោក​ពី​ព្រលាន​យន្តហោះ​រហូត​ដល់​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ។​

លោក​ យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​បាន​និយាយ​ថា​គណបក្ស​បាន​ជូន​ដំណឹង​ទៅ​ក្រសួង​មហាផ្ទៃ​រួចហើយ​ដើម្បី​ស្នើសុំ​កម្លាំង​មានសមត្ថកិច្ច​ការពារ​សន្តិសុខ​ពេល​លោក​សម រង្ស៊ី​វិលមក​ដល់​ប្រទេស​កម្ពុជា។​

លោក​បាន​និយាយ​ថាយើង​បាន​រៀប​ចំជា​ពីរ​ក្រុម​គឺ​ក្រុម​រង់ចាំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​និង​ក្រុម​ផ្សេង​ទៀតឈរ​អម​តាម​ផ្លូវ​ពី​ព្រលាន​យន្ត​ហោះ​ទី​ស្ពាន​អាកាស​ដើម្បី​ស្វាគមន៍​លោក​សម រង្ស៊ី។​

គណបក្ស​សង្គ្រោះជាតិ​បាន​ប្រកាស​ផ្អាក​ជាបណ្តោះ​អាសន្ន​នូវ​ក្បួន​ឃោស​នា​រក​សំឡេង​ឆ្នោត​លក្ខណៈ​ទ្រង់​ទ្រាយ​ធំចំនួន​បី​ថ្ងៃ​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃទី​១៥​រហូត​ដល់​ថ្ងៃទី​១៨​ខែ​កក្កដា​ដើម្បី​ត្រៀម​រៀប​ចំ​ទទួល​លោក​ សម រង្ស៊ី។ ​នេះ​បើ​តាម​ការបញ្ជាក់​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​គណបក្ស។​

នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់​ថា​ការផ្អាក​បណ្តោះ​អាសន្ន​សកម្មភាព​ឃោសនា​របស់​ខ្លួន​នេះ​ធ្វើ​ឡើង​សម្រាប់​ការឃោសនា​លក្ខណៈ​ទ្រង់ទ្រាយ​ធំតែ​ប៉ុណ្ណោះ។​ចំណែក​យុទ្ធនាការ​ឃោស​នា​តូចៗនៅ​តាម​ឃុំ-សង្កាត់​នៅ​ប្រព្រឹត្តទៅ​ជាធម្មតា។​

លោក​យឹម សុវណ្ណ ​បាន​និយាយ​ថា​មូល​ហេតុ​នៃ​ការស្នើ​សុំ​ផ្អាក​សកម្មភាព​ឃោសនា​ចំនួន​បី​ថ្ងៃនេះ​ដោយ​សារ​តែសមាជិក​គណបក្ស​រវល់​រៀបចំ​ពេល​វេលាទទួល​លោក​ សម រង្ស៊ី។​

លោក​មាន​ប្រសាសន៍​ថា៖ «បាទ​សេចក្តី​ជូន​ដំណឹង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ដោយ​សារ​យើង​តៀម​ពេល​វេលា​ ត្រៀម​កម្លាំង​ ត្រៀម​ធនធាន​ សម្រាប់​ទទួល​លោក​ប្រធាន​នៅថ្ងៃទី​១៩​ខែកក្កដា​ខាង​មុខនេះ»។​

គណបក្ស​សង្គ្រោះជាតិ​បាន​ជូន​ដំណឹង​ស្តី​ពី​ការ​ផ្អាក​បណ្តោះ​អាសន្ន​ក្បួន​ឃោសនា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំនេះ​ទៅ​គណៈកម្មការ​រៀប​ចំការ​បោះ​ឆ្នោត​ក្រុង​ភ្នំពេញ​រួច​ហើយ។​

លោក​លុន ឆេងកៃ​ ប្រធាន​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​រាជធានី​ក្រុង​ភ្នំពេញ​ បាន​និយាយ​ថា​លោក​បាន​ទទួល​សេចក្តី​ជូន​ដំណឹង​របស់​គណបក្ស​សង្គ្រោះជាតិ​រួច​ហើយ​ស្តី​ពី​ការ​ផ្អាក​សកម្មភាព​ឃោសនា​ជាបណ្តោះ​អាសន្ន​នេះ។​
លោក​បាន​និយាយ​ថា ​ការ​ផ្អាក​សកម្មភាព​ឃោសនា​បោះឆ្នោត​ជា​សិទ្ធិ​របស់​គណបក្ស​នយោបាយ៕
XS
SM
MD
LG