វ៉ាស៊ីនតោន៖ អ្នកតំណាងរាស្រ្តគណបក្សសម រង្ស៊ី គឺលោកស្រីមួរ សុខហួរ ប្រហែលជាជៀសមិនរួចពីការត្រូវបង់ប្រាក់ទៅឱ្យលោកហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាទេក្នុងរឿងបរិហារកេរ្តិ៍ បន្ទាប់ពី តុលាការចេញដីការបង្ខំឱ្យសភាជាតិកាត់ប្រាក់ខែលោកស្រី។
តុលាការក្រុងភ្នំពេញបានចេញដីការសម្រេចឱ្យរឹបអូសប្រាក់ខែលោកស្រីមូរ សុខហូរ ពីសភាជាតិកម្ពុជាក្នុងរឿងក្តីបរិហារកេរ្តិ៍ជាមួយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ហើយហាមឃាត់មិនឱ្យលោកស្រីរារាំងការអនុវត្តនេះឡើយ។
នៅក្នុងដីការសម្រេចចុះថ្ងៃទី២០ ខែកក្កដានេះ ហើយវីអូអេសំឡេងសហរដ្ឋអាមេរិកទទួលបានមួយច្បាប់ លោកចៅក្រមជា សុខហៀងបានសម្រេចស្នើឱ្យសភាជាតិកាត់ប្រាក់ចំនួន ៤.២០៤.៤៩៩រៀលក្នុងមួយខែៗ ពីប្រាក់បៀវត្សនិងប្រាក់ឧបត្ថម្ភនានារបស់លោកស្រីមូរ សុខហូរ រហូតដល់គ្រប់ចំនួន៨.០០០.០០០រៀលជាការបង់ជម្ងឺចិត្តដល់លោកហ៊ុន សែន។
ដីការសម្រេចនោះបានបញ្ជាក់ថា លោកស្រីមូរ សុខហួរ “មិនត្រូវរារាំង ចាត់ចែងឬហាមឃាត់មន្រ្តី ទទួលបន្ទុកបើកប្រាក់បៀវត្សនៅនាយកដ្ឋានហិរញ្ញវត្ថុនៃសភាចំពោះសិទ្ធិលើបំណុលដែលត្រូវរឹបអូសនេះទេ”។
លោកស្រីមូរ សុខហួរបានចាត់ទុកថា នេះជាឧទាហរណ៍ជាក់ស្តែងនៃអសមត្ថភាពរបស់ប្រព័ន្ធតុលាការក្នុងការស្វែងរកយុត្តិធម៌ ហើយស្នើឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវក្រោកឡើងដើម្បីទាមទារឱ្យមានការកែទម្រង់ប្រព័ន្ធយុត្តិធម៌៖
“ច្បាស់ហើយថា ក្នុងនាមជាប្រជាពលរដ្ឋស្លូតត្រង់ តុលាការនេះគឺជាតុលាការមួយដែលយើងពុំអាចទទួលបានដើម្បីរកយុត្តិធម៌បានទេ។ ការបង្ខិតបង្ខំរបៀបនេះគឺជាការបង្ខិតបង្ខំមួយដែលយើងឃើញថា ជាឧបករណ៍នយោបាយ ហើយចៅក្រមមិនអាចប្រើប្រាស់សតិសម្បជញ្ញៈរបស់ខ្លួនក្នុងការកាត់សេចក្តីឱ្យខ្ញុំក្នុងនាមជាអ្នកនយោបាយទេ។ ដូច្នេះចំពោះខ្ញុំវិញ ខ្ញុំយល់ឃើញថា យើងត្រូវតែពុះពារក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរដែលចង់ឱ្យមានការកែទម្រង់ក្នុងប្រព័ន្ធតុលាការ។ យើងត្រូវតែហ៊ានក្រោកឈរឡើង ហើយទំលុះនូវអ្វីដែលជាការស្ងៀមស្ងាត់របស់យើង ទើបមានការកែទម្រង់ប្រព័ន្ធតុលាការ ក៏ដូចជាកែទម្រង់ប្រព័ន្ធដទៃទៀតដែរ”។
គណបក្សសម រង្ស៊ីបានថ្កោលទោសចំណាត់ការតាមរបៀបបង្ខំនេះ ដោយចាត់ទុកថា តុលាការខ្មែរនៅតែបម្រើតាមតែក្រុមអ្នកមានអំណាច។ លោកយឹម សុវណ្ណ អ្នកតំណាងរាស្រ្ត និងជាអ្នកនាំពាក្យ គណបក្សសម រង្ស៊ី បានបញ្ជាក់ថា៖
“ជារឿងចំណាត់ការមួយដែលអយុត្តិធម៌បំផុត។ អយុត្តិធម៌នៅតែអយុត្តិធម៌ ព្រោះថា លោកជំទាវមូរ សុខហួរតស៊ូនេះមិនមែនតស៊ូរឿងប្រាក់ខែឬរឿងអ្វីមួយផ្សេងសម្រាប់ខ្លួនគាត់ទេ គឺជាការបង្ហាញប្រាប់មតិសាធារណៈ ជាតិនិងអន្តរជាតិថា ប្រព័ន្ធតុលាការនេះជាប្រព័ន្ធតុលាការឧបករណ៍នយោបាយរបស់គណបក្សប្រជាជន។ នៅពេលដែលគណបក្សប្រជាជនបញ្ជាឱ្យធ្វើអ្វីគឺគេធ្វើហ្នឹងរួមទាំងការរំលោភសិទ្ធិមនុស្ស កាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ។ នៅក្នុងប្រទេសកម្ពុជា អ្នកមានលុយ អ្នកមានអំណាចឈ្នះក្តីជារៀងរហូត ចំណែកអ្នកក្រ ប្រជាពលរដ្ឋក្រីក្រគឺចាញ់ក្តី”។
ដីការសម្រេចនេះមិនបញ្ជាក់ថា នឹងចាប់ផ្តើមកាត់ប្រាក់ខែនេះចាប់ពីពេលណាទេ។ ហើយវីអូអេមិនអាចទាក់ទងលោកជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុសភាជាតិដើម្បីបញ្ជាក់បានឡើយ។
ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីលោកស្រីមូរ សុខហួរទទួលបរាជ័យជាបន្តបន្ទាប់ក្នុងការតវ៉ាប្រឆាំងទល់នឹងការសម្រេចរបស់តុលាការរាជធានីភ្នំពេញ ចេញកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០០៩ ដែលតម្រូវឱ្យលោកស្រីបង់ប្រាក់សំណងទៅលោកហ៊ុន សែន និងការដែលលោកស្រីប្រកាន់ជំហរប្រកែកមិនព្រមបង់ប្រាក់ បើទោះបីជាមានការគំរាមថា អាចនឹងត្រូវជាប់ពន្ធនាគារក៏ដោយ៕