ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​ការ​បាត់បង់​សមត្ថភាព​ហិត​ក្លិន​គឺ​ជា​រោគ​សញ្ញា​នៃ​ជំងឺ COVID-19 ដែរ​ឬ​ទេ?


ក្មេងស្រីម្នាក់ដោះម៉ាស់ដើម្បីហិតក្លិនផ្កាដែលកំពុងរីកនៅក្នុងសួនផ្កាមួយ ក្នុងទីក្រុង Skopje នៃប្រទេស North Macedonia ខណៈវីរុសកូវីដ១៩កំពុងរាតត្បាតនៅប្រទេសនេះនិងជុំវិញពិភពលោក នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។
ក្មេងស្រីម្នាក់ដោះម៉ាស់ដើម្បីហិតក្លិនផ្កាដែលកំពុងរីកនៅក្នុងសួនផ្កាមួយ ក្នុងទីក្រុង Skopje នៃប្រទេស North Macedonia ខណៈវីរុសកូវីដ១៩កំពុងរាតត្បាតនៅប្រទេសនេះនិងជុំវិញពិភពលោក នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។

ការ​បាត់បង់​សមត្ថភាព​ហិត​ក្លិន​អាច​ជា​រោគ​សញ្ញា​មួយ​ដែល​បង្ហាញ​ថា អ្នក​ជំងឺ​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី។ នេះ​បើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​នៅ​ក្នុង​ចក្រភព​អង់គ្លេស។

អង្គការ ENT UK ដែល​ជា​ក្រុម​គ្រូពេទ្យ​ផ្នែក​ត្រចៀក ច្រមុះ និង​បំពង់ក​នៅ​ចក្រភព​អង់គ្លេស បាន​បោះពុម្ភ​ផ្សាយ​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ដោយ​មាន​តួលេខ​មាន​កំណត់​នៅ​ឡើយ ដែល​បង្ហាញ​ថា ការ​បាត់បង់​សមត្ថភាព​ហិត​ក្លិន ពេល​ខ្លះ​អាច​កើត​មាន​ចំពោះ​អ្នក​ជំងឺ COVID-19 ទោះបីជា​អ្នក​ជំងឺ​នោះ​មិន​មាន​រោគ​សញ្ញា​អ្វី​ផ្សេង​ទៀត​ក៏​ដោយ។

លិខិត​រួម​គ្នា​មួយ​របស់​អង្គការ ENT UK និង​អង្គការ British Rhinological Society បញ្ជាក់​ដូច្នេះ​ថា៖«ភស្ដុតាង​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង ចិន និង​អ៊ីតាលី បាន​បង្ហាញ​ថា អ្នក​ជំងឺ COVID-19 ច្រើន​គួរសម​មាន​រោគ​សញ្ញា​បាត់បង់​សមត្ថភាព​ហិត​ក្លិន»។

លិខិត​នោះ​បាន​សរសេរ​បន្ត​ដូច្នេះ​ថា៖ «នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​ការ​ធ្វើ​តេស្ត​មាន​ភាព​ទូលំទូលាយ​ច្រើន គេ​ឃើញ​ថា អ្នក​ជំងឺ COVID-19 ចំនួន ៣០% មាន​រោគ​សញ្ញា​បាត់បង់​សមត្ថភាព​ហិត​ក្លិន ដែល​ជា​រោគ​សញ្ញា​សំខាន់​មួយ​នៅ​ក្នុង​ករណី​ស្រាល​នៃ​ជំងឺ​នេះ»។

បណ្ឌិត​សភា​សហរដ្ឋ​អាមេរិក​នៃ​ការ​សិក្សា​ផ្នែក​ត្រចៀក ច្រមុះ និង​បំពង់ក បាន​ចាប់ផ្ដើម​ធ្វើ​ការ​លើ​រឿង​នេះ និង​បាន​ស្នើ​ថា ការ​បាត់បង់​សមត្ថភាព​ហិត​ក្លិន និង​ការ​បាត់បង់​សមត្ថភាព​ដឹង​រសជាតិ គឺ​ជា​រោគ​សញ្ញា​បន្ថែម​ទៅ​នឹង​រោគ​សញ្ញា​ដែល​អាច​ណែនាំ​ឲ្យ​មាន​ការ​ធ្វើ​តេស្ត​រក​មេរោគ COVID-19។

បណ្ឌិត​សភា​សហរដ្ឋ​អាមេរិក​នេះ​បាន​សរសេរ​នៅ​លើ​វិបសាយ​របស់​ខ្លួន​ថា៖ «ភស្តុតាង​ផ្អែក​លើ​ការ​រាយការណ៍​នានា​ដែល​មាន​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ពី​កន្លែង​ផ្សេងៗ​នៅ​ជុំវិញ​ពិភពលោក បាន​បង្ហាញ​ថា ការ​បាត់បង់​សមត្ថភាព​ហិត​ក្លិន និង​ការ​បាត់បង់​សមត្ថភាព​ដឹង​រសជាតិ គឺ​ជា​រោគ​សញ្ញា​ដ៏​សំខាន់​ទាក់ទង​ទៅ​នឹង​ជំងឺ COVID-19»។

នៅ​ពេល​បច្ចុប្បន្ន​នេះ នៅ​ក្នុង​សហរដ្ឋ​អាមេរិក អ្នក​ជំងឺ​ណា​ដែល​ចង់​ធ្វើ​តេស្ត​រក​មេរោគ COVID-19 ចាំបាច់​ត្រូវតែ​ជា​អ្នក​ដែល​ធ្លាប់​មាន​ការ​ប្រាស្រ័យ​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​នឹង​អ្នក​ជំងឺ​ដែល​មាន​ផ្ទុក​មេរោគ​នេះ ឬ​ក៏​អ្នក​ណា​ដែល​មាន​រោគ​សញ្ញា​បង្ហាញ​ជាក់ស្ដែង​ដូចជា​គ្រុន​ក្ដៅ និង​ក្អក​ស្ងួត​ជា​ដើម៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG