ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយចាប់ផ្តើមធ្វើការងារប្រយុទ្ធនឹងអំពើពុករលួយ ដោយកំណត់យកការប្រកាសទ្រព្យជាអាទិភាពទី១។
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយចំនួន ១១ រូប បានបើកកិច្ចប្រជុំ ជាលើកដំបូងនៅថ្ងៃអង្គារ៏នេះ ដើម្បីបោះឆ្នោតជ្រើសតាំងអតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ២ រូប ឱ្យដឹកនាំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយថ្មីនេះ។
លោក តុប សំ អាយុ៦៣ឆ្នាំត្រូវបានតែងតាំងជាប្រធាន និងលោកប្រាក់ សុក អាយុ៦៦ឆ្នាំ ជាអនុប្រធាន សម្រាប់ការដឹកនាំក្រុមប្រឹក្សាប្រឆាំងអំពើពុករលួយនេះ។ ការតែងតាំងនេះ បានធ្វើឡើងបន្ទាប់ពីព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រះហស្ថលេខាលើព្រះរាជក្រិត្យ តែងតាំងសមាជិកនៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយចំនួន ១១ រូប រួមមានលោក តុប សំ និងលោក ប្រាក់ សុខ អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ លោកឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោកស្រីសោម គឹមសួរ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធ សភា និងអធិការកិច្ច លោកកែវ រ៉េមីរដ្ឋលេខាធិការពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកច័ន្ទ តានី រដ្ឋលេខាធិការប្រចាំទីស្តីការគណៈរដ្ឋមន្ត្រី លោកស៊ុយ ម៉ុងលាង ប្រធានកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ លោកហេង វង្សប៊ុនឆាត ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ លោកអ៊ុត ឈន ប្រធានអាជ្ញាធរសវនកម្មជាតិ លោកជីវ កេង ប្រធានតុលាការក្រុងភ្នំពេញ និងលោកគុយ សុផល មន្ត្រីប្រចាំព្រះបរមរាជវាំង។
លោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានថ្លែងក្នុងសន្និសិទកាសែតនៅទីស្តី ការគណៈរដ្ឋមន្ត្រីថា ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានចាប់ផ្តើមធ្វើការងាររបស់ខ្លួន ចាប់ពីព្រឹកនេះទៅ។ លោកបន្តទៀតថា៖
«ចាប់ពីពេលនេះទៅ យន្តការសម្រាប់អនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ បានបង្កើតហើយ ហើយព្រឹត្តិការណ៏ អាចចាត់ទុកថាជាព្រឹត្តិការណ៏ប្រវត្តិសាស្ត្រសម្រាប់ព្រះរាជាណាចក្រកម្ពុជាផងដែរ។»
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយចំនួន១១នេះ មានភារកិច្ចសំខាន់ៗចំនួន៧ រួមមានការកសាង យុទ្ធសាស្ត្រ និងគោលនយោបាយប្រឆាំងអំពើពុករលួយ ការពិគ្រោះយោបល់ និងផ្តល់អនុសាសន៍ ដល់អង្គភាពប្រឆាំងអំពើពុករលួយ និងការឃ្លាំមើលការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយជាដើម។
លោក ឱម យិនទៀង សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងជាប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយបានបញ្ចាក់ថា កិច្ចការអាទិភាពរបស់ក្រុមប្រឹក្សាជាតិនេះ ត្រូវពិនិត្យសំណើរបស់អង្គភាព ប្រឆាំងអំពើពុករលួយអំពីទម្រង់នៃការប្រកាសទ្រព្យសម្បត្តិ។ លោកថ្លែងថា៖
«កិច្ចការដំបូងទី១ ដែលក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនឹងយកមកធ្វើជាអាទិភាព គឺការពិនិត្យទម្រង់បែបបទមុខសញ្ញា និងរបៀបរបបប្រកាសទ្រព្យសម្បត្តិឱ្យរលូន។»
លោក ឱម យិនទៀង បានថ្លែងថា ការស៊ើបអង្កេត និងប្រតិបត្តិការផ្សេងៗ គឺជាភារកិច្ច និងការទទួលខុសត្រូវរបស់អង្គភាពប្រឆាំងអំពើពុករលួយ ហើយក្រុមប្រឹក្សាជាតិមិនលូកដៃចូលកិច្ចការរបស់អង្គភាព ប្រឆាំងអំពើពុករលួយទេ។
គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល មិនមានជំនឿលើឯករាជ្យភាព និងប្រសិទ្ធភាពរបស់ក្រុម ប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដែលមន្ត្រីនៃក្រុមប្រឹក្សានេះ គឺជាមន្ត្រីគណបក្សប្រជាជនកម្ពុជានោះទេ ដោយសំអាងថា ក្រុមនេះទទួលរងឥទ្ធិពលនយោបាយ ហើយនឹងមានឥទ្ធិពលលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជាតិនេះ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សប្រឆាំង បានថ្លែងថា គណបក្សសម រង្សី មិនគាំទ្រច្បាប់ប្រឆាំងអំពើពុករលួយនេះទេ ពីព្រោះវាមានចំណុចជាខ្សោយច្រើន ជាពិសេសសមាសភាពក្រុមប្រឹក្សាប្រឆាំងអំពើពុករលួយ។ លោកបន្តទៀតថា៖
«យើងអត់មានជំនឿថា សមាសភាពក្រុមប្រឹក្សាប្រឆាំងអំពើពុករលួយ ដែលតែងតាំងឡើងសុទ្ធតែជា សមាជិករបស់គណបក្សប្រជាជនកម្ពុជានេះ អាចទៅបំបាត់អំពើពុករលួយនៅក្នុងរដ្ឋាភិបាល និងនៅក្នុងគណបក្សប្រជាជនបានទេ ទាល់តែសមាភាពនេះឯករាជ្យ និងអត់មានទំនាស់ផលប្រយោជន៏។»
នៅក្នុងឆ្នាំ២០០៤ ប្រទេសកម្ពុជាត្រូវបានរាយការណ៏ថា បានបាត់បង់ប្រាក់រហូតដល់៥០០លានដុល្លាអាមេរិកក្នុង១ឆ្នាំៗដោយសារអំពើពុករលួយ។
លោក តុប សំ បានបញ្ជាក់ថា ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយប្តេជ្ញាថានឹងខិតខំអនុវត្ត ច្បាប់ប្រឆាំងអំពើពុករលួយ ហើយសូមឲ្យសាធារណជនរង់ចាំមើលលទ្ធផលនៃការអនុវត្តច្បាប់នេះ។
លោក ឱម យិនទៀងបាននិយាយថា ការងារប្រឆាំងអំពើពុករលួយនេះ គឺជាការងារលំបាកណាស់ ជាពិសេស ការរកភស្តុតាង ប៉ុន្តែក្រុមលោកនឹងមិនអាចដើរថយក្រោយបានទេ។