ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទឹកជំនន់​ស្រក​នៅ​តំបន់​ខ្លះ​តែ​បាន​សម្លាប់​មនុស្ស​អស់​៦​នាក់


អ្នក​នេសាទ​ម្នាក់​បង់​​សំណាញ់​​នៅ​​ត្រើយ​​ម្ខាង​នៃ​ទន្លេ​សាប​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​​ច័ន្ទ​ទី​១៥​ខែ​សីហា​ឆ្នាំ​២០១១​នេះ។ ទឹក​ជំនន់​ទន្លេ​មេគង្គ​បាន​ចាប់​ផ្ដើម​លិចលង់​នៅ​ក្នុង​ខេត្តក្រចេះ​​និង​ខេត្ត​ស្ទឹងត្រែង​កាលពី​ថ្ងៃព្រហស្បតិ៍​សប្ដាហ៍​មុន។
អ្នក​នេសាទ​ម្នាក់​បង់​​សំណាញ់​​នៅ​​ត្រើយ​​ម្ខាង​នៃ​ទន្លេ​សាប​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​​ច័ន្ទ​ទី​១៥​ខែ​សីហា​ឆ្នាំ​២០១១​នេះ។ ទឹក​ជំនន់​ទន្លេ​មេគង្គ​បាន​ចាប់​ផ្ដើម​លិចលង់​នៅ​ក្នុង​ខេត្តក្រចេះ​​និង​ខេត្ត​ស្ទឹងត្រែង​កាលពី​ថ្ងៃព្រហស្បតិ៍​សប្ដាហ៍​មុន។

ទឹក​ជំនន់​ទន្លេ​មេគង្គ​នៅ​ប្រទេស​កម្ពុជា​បាន​ចាប់ផ្ដើម​ស្រក​មកវិញ​ហើយ​មក​ទល់​នឹង​ថ្ងៃច័ន្ទ​នេះ​ ក៏ប៉ុន្ដែ​ចំនួន​ជនរងគ្រោះស្លាប់​ដោយ​ការ​លង់ទឹក​បាន​កើនឡើង​ដល់​ចំនួន​ប្រាំមួយ​នាក់។

លោក​ម៉ៅ ​ហាក់​ ប្រធាន​នាយកដ្ឋាន​ជលសាស្ដ្រ​របស់​ក្រសួង​ធនធាន​ទឹក​និង​ឧត្តុនិយម​បញ្ជាក់​ថា​ ទឹកជំនន់​បាន​ចាប់ផ្ដើម​ស្រក​ទាបជាង​ចំណុច​ប្រកាស​អាសន្ន​នៅ​ក្នុង​ខេត្ត​ភាគឥសាន​ គឺខេត្ត​ស្ទឹងត្រែង​ និងខេត្តក្រចេះ​ ​ហើយ​ជាមួយគ្នា​នេះ​ទឹក​បានបន្ដ​ឡើងខ្លះ​នៅ​ផ្នែក​ខាងក្រោម​នៃ​ទន្លេ​មេគង្គ។

«នៅ​ស្ទឹង​ត្រែង​នៅ​ព្រឹកនេះ​ទឹក​មាន​កម្ពស់​១០,២៣​ម៉ែត្រ។ វា​នឹង​បន្ដ​ស្រក​នៅ​ស្អែក​ហើយ​ទឹក​អាចធ្លាក់​ចុះ​រហូត​ដល់​ ៩,៩៥ម៉ែត្រ។ ហើយក្រចេះកម្ពស់ទឹក​ព្រឹក​មិញ​គឺ ​២១,៦១ម៉ែត្រ​ ហើយ​ស្អែក​អាច​ធ្លាក់​មកត្រឹម២១,​៤០ម៉ែត្រ។ នៅ​ខេត្ត​កំពង់ចាម​ថ្ងៃនេះ​ទឹក​ឡើង​ដល់​១៥,២៤ម៉ែត្រ ​ក៏ប៉ុន្ដែ​វានឹង​ស្រក​នៅ​ល្ងាច​ ឬយប់​នេះ​ ​ដោយឡែកស្ថានីយ៍​នៅ​ផ្នែក​ខាងក្រោម​តាម​ទន្លេ​បាសាក់​ក្ដី ​ទន្លេ​មេគង្គ​ក្រោម​ក្ដី​នឹង​បន្ដ​ឡើង​ពីរ​ឬ​បីថ្ងៃ​ទៀត»។

ទឹក​ជំនន់​ទន្លេ​មេគង្គ​បាន​ចាប់​ផ្ដើម​លិចលង់​នៅ​ក្នុង​ខេត្តក្រចេះ​ និង​ខេត្ត​ស្ទឹងត្រែង​កាលពី​ថ្ងៃព្រហស្បតិ៍​សប្ដាហ៍​មុន។ នៅ​ខេត្តក្រចេះ​ ទឹក​បាន​ជន់លិច​ក្នុង​ឃុំ​ចំនួន៣២​ ក្នុង​ស្រុក​សម្បូរ ស្រុក​ព្រែក​ប្រសព្វ​ ឆ្លូង ​ចិត្តបុរី ​និង​ក្រុងក្រចេះ។ រីឯ​នៅ​ខេត្តស្ទឹង​ត្រែង​ឃុំ​ចំនួន​១៨​ ត្រូវ​បាន​លិចលង់​ ​ក្នុងស្រុក​សេសាន ​ស្រុក​សៀមបូក ​ស្រុក​សៀមប៉ាង ​ក្រុង​ស្ទឹងត្រែងនិង​ស្រុក​ថាឡាបរិវ៉ាត់។

ជាមួយនេះ​ដែរ​ស្រុកក្រូចឆ្មារ ​ស្ទឹងត្រង់ ត្បូងឃ្មុំ កងមាស ស្រីសន្ធរ និងស្រុក​កំពង់សៀម ​របស់​ខេត្ត​កំពង់ចាម​កំពុង​ទទួលរង​ជំនន់​ទន្លេ​មេគង្គ​បន្ទាប់ពី​ខេត្ត​ទាំងពីរ​បាន​ស្រក ​មាន​ឃុំ​ចំនួន៣៧ ​កំពុង​គ្រប​ដណ្ដប់​ដោយ​ផ្ទៃទឹក។

លោក​កែវ ​វី ​នាយ​ខុទ្ទកាល័យ​និង​ជា​អនុ​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រងគ្រោះមហន្ដរាយ​មាន​ប្រសាសន៍​ថា ​ក្នុង​ចំណោម​ជនរងគ្រោះ​ដែល​ស្លាប់​ដោយ​សារ​ការលង់ទឹក​នោះគឺ​ប្រាំ​នាក់​ជាកុមារ។ ជនរងគ្រោះ​ពីរ​នាក់​ស្ថិត​ក្នុង​ខេត្តក្រចេះ ​និង​បួន​នាក់​ទៀត​ដែល​សុទ្ធសឹង​ជាកូនក្មេង​ស្ថិត​ក្នុង​ខេត្ត​កំពង់ចាម។

លោក​កែវ​ វី ​បាន​បញ្ជាក់​ថា​ ដំណាំ​ស្រូវ​ចំនួន​ជាង៥.២០០​ហិកតា ​កំពុង​គ្រប​ដណ្ដប់​ដោយ​ទឹក​ជំនន់ក្នុង​ខេត្ត​ទាំង​បី​ខាង​លើ ​បន្ថែម​ពីនោះ​ដំណាំ​ចំការ​ចំនួន​ជាង​២៤០ ​ហិកតា​ក៏​ទទួលរង​ទឹក​ជំនន់​ដែរដែល​ដំណាំ​ទាំងនេះ​អាច​នឹង​ទទួលរង​ការខូចខាត​ក្នុង​ពេល​ដ៏ខ្លី​នេះ។ មន្ដ្រី​នៃ​គណៈកម្មាធិការ​ជាតិគ្រប់គ្រង​គ្រោះ​មហន្ដរាយ​ដដែល​បន្ថែម​ថា​ប្រជាពលរដ្ឋ​សរុប​ចំនួន៥៧១​គ្រួសារ​កំពុង​ទទួលរង​ផល​ប៉ះពាល់ ​និង​ត្រូវ​ជម្លៀស​ចេញ​ពី​លំនៅដ្ឋាន។

លោក​ កែវ ​វី ​និយាយ​ថា​ ប្រសិន​បើ​ទឹកលិច​នឹង​បន្ដ​ក្នុង​រង្វង់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ​នឹង​មិន​ធ្វើ​ឲ្យ​ខូចខាតដល់​ដំណាំ​ស្រូវ​នោះ​ឡើយ​ ផ្ទុយទៅវិញ​ដំណាំ​នេះ​អាច​នឹង​ទទួល​រង​ការ​ខូចខាត​នៅពេល​ដែល​ទឹកជំនន់​នឹង​នៅ​នឹង​យូរ​ជាងនេះ។

«បើ​សិន​ជា​ទឹក​ស្រក​យឺត​ក្នុង​រយៈ១០ទៅ១៥​ថ្ងៃ​ទើប​បាន​បង្ក​ឲ្យ​ខូចខាត»។

សូមបញ្ជាក់​ថា ​ទឹក​ជំនន់​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​កម្ពុជា​នៅពេលនេះ​បាន​ចាប់ផ្ដើម​ឡើង​ដោយសារតែ​មាន​ភ្លៀងធ្លាក់​ខ្លាំង​នៅ​ក្នុង​ខេត្ត​ជាប់​ទន្លេ​នេះ​ក្នុង​ប្រទេសឡាវ​ និង​ប្រទេស​ថៃ។ កាលពី​ឆ្នាំ ​២០១០​ ប្រទេស​កម្ពុជា​បាន​ទទួលរង​ជំនន់​ទឹកភ្លៀង​យ៉ាងធំ ​ប៉ុន្ដែ​បាន​បង្ក​ឲ្យ​មាន​ជនរងគ្រោះ​តិចតួច​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG