ខណៈដែលសមាជិកក្រុមប្រឹក្សាសនិ្តសុខអង្គការសហប្រជាជាតិ ពិចារណាសំណើរបស់ប្រទេសកេនយ៉ា សុំពន្យារការកាត់ទោសនៅឯតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (International Criminal Court) ឬហៅកាត់ថា ICC មេដឹកនាំរបស់កេនយ៉ាចូលប្រឡូកក្នុងសង្រ្គាមពាក្យសម្តីទាក់ទងទៅនឹងសុឆន្ទៈ និងផលប្រយោជន៍ របស់ប្រជាពលរដ្ឋក្នុងប្រទេសនេះ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងពិចារណាសំណើមួយ ដែលគាំទ្រដោយសហភាពអាហ្វ្រិក (African Union) ដើម្បីពន្យារការស៊ើបអង្កេតរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើអំពើហិង្សាក្រោយការបោះឆ្នោតក្នុងឆ្នាំ២០០៧ និង២០០៨។
កាលពីពេលថ្មីៗនេះ តុលាការបានកោះហៅជនជាតិកេនយ៉ាឆ្នើមៗចំនួន៦រូប ឲ្យមកឆ្លើយបំភ្លឺអំពីតួនាទីរបស់ពួកគេ នៅក្នុងអំពើហិង្សាជាតិសាសន៍ ដែលបណ្តាលឲ្យមនុស្សជាង ១៣០០នាក់ស្លាប់ និង៣សែននាក់ បាត់បង់ទីជម្រក ក្រោយពីការបោះឆ្នោតតំណែងប្រធានាធិបតី ដ៏ចម្រូងចម្រាស់ រវាងលោកប្រធានាធិបតី ម៉វ៉ៃ គីបាគី (Mwai Kibaki) និងគូប្រជែងរបស់លោក គឺលោកនាយករដ្ឋមន្ត្រីបច្ចុប្បន្ន រ៉ៃឡា អូឌីងហ្កា (Raila Odinga)។
រដ្ឋាភិបាលបានធ្វើញ្ញតិ្តទៅកាន់ក្រុមប្រឹក្សាសន្តិសុខ សុំពន្យារពេលមួយឆ្នាំសម្រាប់ដំណើការជំនុំជម្រះក្តី ដើម្បីឲ្យប្រទេសនេះ អនុម័តកំណែទម្រង់ប្រព័ន្ធតុលាការ និងកាត់ទោសជនសង្ស័យនៅក្នុងស្រុក។
ខណៈដែលក្រុមអ្នកសង្កេតការណ៍អន្តរជាតិជាច្រើន បានរិះគន់កិច្ចប្រឹងប្រែងខាងការទូតរបស់កេនយ៉ាដើម្បីបង្អាក់ការកាត់ទោស លោកស្រី ល្វីស ម៉ូរ៉េណូ អូខាមផូ (Luis Moreno Ocampo) រដ្ឋអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានអះអាងប្រាប់អ្នកយកព័ត៌មាថា កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេះ គ្រាន់តែជាផ្នែកមួយនៃដំណើការតុលាការតែប៉ុណ្ណោះ។ លោកស្រីបន្តថា៖
«ខ្ញុំមានការទទួលខុសត្រូវរបស់ខ្ញុំ។ ខ្ញុំនឹងធ្វើរឿងក្តីរបស់ខ្ញុំ។ មេដឹកនាំនយោបាយ អាចសម្រេចប្រើប្រាស់សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ។ ក្រុមប្រឹក្សាសន្តិសុខនឹងមានការទទួលខុសត្រូវរបស់ខ្លួន។ នេះជាផ្នែកមួយនៃប្រព័ន្ធស្ថាប័ន ដើម្បីចាត់ចែងការពិភាក្សា។ ហើយវាជាការពិភាក្សាដ៏មានសារៈសំខាន់។ ប្រជាពលរដ្ឋកេនយ៉ាត្រូវដឹកនាំការពិភាក្សានេះ»។
អនុលោមតាមលក្ខន្តិកៈទីក្រុងរ៉ូម (Rome Statute) ដែលបង្កើតតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ក្រុមប្រឹក្សាសន្តិសុខ អាចអនុញ្ញាតឲ្យមានការពន្យារពេល ប្រសិនបើរឿងក្តីណាមួយ បង្កការគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិភាព ឬសន្តិសុខអន្តរជាតិ។
រដ្ឋាភិបាលកេនយ៉ា សង្ឃឹមថា មាត្រានេះនឹងផ្តល់ឱកាសមួយទៀត ក្នុងការដោះស្រាយអំពើហិង្សាក្រោយការបោះឆ្នោត។ ប៉ុន្តែ កាលពីពេលថ្មីៗនេះ មេដឹកនាំគណបក្សប្រឆាំង និងក្រុមសង្គមស៊ីវិលបានចោទសួរ ថាតើការពន្យារពេលនេះ ពិតជាសុឆន្ទៈរបស់ប្រជាពលរដ្ឋកេនយ៉ា ដែរឬទេ។
ការចោទសួរនេះ បានកើតឡើង នៅថ្ងៃអាទិត្យ ដែលថាគណបក្សចលនាគាំទ្រលទិ្ធប្រជាធិបតេយ្យពណ៌ទឹកក្រូច (Orange Democratic Movement) ឬហៅកាត់ថា ODM របស់លោកអូឌីងហ្កា ដែលជាគណបក្សប្រឆាំងធំជាងគេបំផុតរបស់កេនយ៉ា បានស្នើសុំក្រុមប្រឹក្សាសន្តិសុខបដិសេធសំណើសុំពន្យារពេល។ នៅក្នុងលិខិតមួយច្បាប់ សរសេរដោយ លោក អានីយ៉ាង ន្យ៉ុងហ្គោ (Anyang' Nyong'o) អគ្គលេខាធិការគណបក្ស ODM បានអះអាងថា យុទ្ធនាការសុំពន្យារពេលត្រូវបានរៀបចំឡើង ដោយគណបក្សឯកភាពជាតិ (Party of National Unity) ឬហៅកាត់ថា PNU របស់លោកប្រធានាធិបតី គីប៊ាគី ក្នុងកិច្ចប្រឹងប្រែងដើម្បីគាំទ្រដល់និទណ្ឌភាពនៅកេនយ៉ា។
លិខិតនោះ ក៏បានបញ្ជាក់ថា ODM ដែលជាដៃគូរបស់ PNU នៅក្នុងរដ្ឋាភិបាលចម្រុះរបស់កេនយ៉ា មិនបានពិគ្រោះយោបល់ឲ្យបានសមស្របទៅលើសេចក្តីសម្រេចចិត្តស្តីពីការពន្យារពេលទេ។ លិខិតនេះ ទទួលការរិះគន់ភ្លាមៗពីសំណាក់ PNU ព្រមទាំងសមាជិករបស់ក្រុមឧទ្ទាម ODM។ ក្រុមអ្នកនយោបាយ ODM ដែលខ្វែងគំនិតគ្នា រាប់បញ្ចូលទាំង លោក វីលៀម រូតូ (William Ruto) អតីតរដ្ឋមន្ត្រីឧត្តមសិក្សា ដែលជាមនុស្សម្នាក់ក្នុងចំណោមមនុស្សប្រាំមួយនាក់ ដែលត្រូវតុលាការសង្ស័យពីបទរៀបចំឲ្យមានភាពចលាចលក្នុងពេលបោះឆ្នោត។ សមាជិក ODM ដែលជាសម្ព័ន្ធមិត្តរបស់លោក រូតូ បានសរសេរលិខិតដាច់ដោយឡែកមួយ ផ្ញើជូនទៅក្រុមប្រឹក្សាសន្តិសុខ ដោយបញ្ជាក់ថា លិខិត ដែលសរសេរដោយលោកន្យ៉ុងហ្កូ មិនបានបង្ហាញពីគោលជំហររបស់ ODM ទេ ដោយសារតែលិខិតនោះ មិនត្រូវបានដាក់ឲ្យមានការបោះឆ្នោត។ ក្រុមនេះ បានចាត់ទុកលិខិតដំបូងរបស់ ODM ថា «ក្លែងក្លាយ» និង «ដំបូន្មានខុស»។
ទន្ទឹមនឹងនេះដែរ មានការតស៊ូមួយផ្សេងទៀត ដែលត្រូវបានធ្វើឡើងនៅតាមមូលដ្ឋាន ដោយភាគីនីមួយៗ នៅក្នុងការពិភាក្សាស្តីពីការពន្យារពេលរបស់កេនយ៉ា អះអាងថា មានការគាំទ្រពីសំណាក់ពលរដ្ឋកេនយ៉ា។
កាលពីពេលថ្មីៗនេះ ក្រុមចម្រុះរបស់សង្គមស៊ីវិល បានធ្វើញ្ញតិ្ត ដើម្បីឧបត្ថម្ភដល់ក្រុមគាំទ្រឲ្យមានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ លោក កេន វ៉ាហ្វូឡា (Ken Wafula) ប្រធានថ្មីរបស់ក្រុមប្រឹក្សាជាតិរបស់អង្គការក្រៅរដ្ឋាភិបាល (National Council of Non-Governmental Organizations) បានអះអាងថា ក្រុមចម្រុះនេះ បានប្រមូលហត្ថលេខាជាង១លាន ៤សែន។ លោកវ៉ាហ្វូឡា មានប្រសាសន៍ថា៖
«មានទស្សនៈវិស័យខុសឆ្គងមួយ ដែលត្រូវបានបង្កើតឡើង ដែលថាប្រជាពលរដ្ឋកេនយ៉ា កំពុងអំពាវនាវសុំឲ្យមានការពន្យារពេល ចំពោះសំណុំរឿងក្តីរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ អ្វីដែលយើងចង់ជំរុញនោះគឺថា វាមិនត្រឹមត្រូវទេ។ ប្រជាពលរដ្ឋភាគច្រើនចង់ឲ្យការកាត់ទោសនៅឯតុលាការឧក្រិដ្ឋកម្មអន្តរជាតិបន្តទៅមុខ។ ពួកគេមិនចង់ឲ្យមានការពន្យារពេលនោះទេ»។
លោក វ៉ាហ្វូឡា បានប្រាប់វីអូអេថា ភាគច្រើននៃហត្ថលេខាទាំងអស់នោះ បានមកពីតំបន់ រីហ្វវ៉ាឡេ (Rift Valley) របស់កេនយ៉ា ដែលជាចំណុចក្តៅនៃអំពើហិង្សាក្នុងអំឡុងពេលមានវិបត្តិក្រោយការបោះឆ្នោត។ ក្រុមអ្នករៀបចំ ជឿជាក់ថា ពួកគេអាចប្រមូលហត្ថលេខាលើសពី២លាន ហើយបានបញ្ជូនហត្ថលេខាចំនួន ១លាន ៤សែន ទៅកាន់ក្រុមប្រឹក្សាសន្តិសុខរួចហើយ។
ប៉ុន្តែ កាលពីថ្ងៃពុធ លោក កាំប៊ី កាហ្ស៊ុនហ្គូ (Kambi Kazungu) សមាជិករដ្ឋសភារបស់ PNU បានប្រាប់សមាជិកក្រុមផ្សាយព័ត៌មានថា ពលរដ្ឋកេនយ៉ាភាគច្រើនបំផុត គាំទ្រឲ្យមានការពន្យារពេល។
លោក កាហ្ស៊ុនហ្គូ អះអាងថា បានប្រមូលហត្ថលេខាជាង១០លាន ដើម្បីគាំទ្រកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល នៅឯអង្គការសហប្រជាជាតិ និងជំរុញពលរដ្ឋកេនយ៉ា មិនអនុញ្ញាតឲ្យប្រទេសរបស់ខ្លួន ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឥទ្ធិពលបរទេសនោះឡើយ។ លោក ហ្ស៊ុនហ្គូ ថ្លែងថា៖
«វាមិនល្អសម្រាប់រដ្ឋាភិបាលទេ។ វានឹងបង្ហាញឲ្យឃើញថា គ្មានការព្រមព្រៀងមតិគ្នាជាឯកច្ឆ័ន្ទទៅលើបញ្ហាការពន្យារពេល ហើយនៅពេលដែលគ្មានការព្រមព្រៀងមតិគ្នាជាឯកច្ឆ័ន្ទបែបនេះ កិច្ចការដ៏ប្រសើរបំផុតដែលត្រូវធ្វើនោះ គឺត្រូវទុកឲ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិបន្តតែម្តងទៅ»។
វាមិនទាន់ដឹងច្បាស់នៅឡើយថាតើនៅពេលណាក្រុមប្រឹក្សាសន្តិសុខនឹងដោះស្រាយសំណើរបស់ប្រទេសកេនយ៉ា។ ខណៈដែលអ្នកតំណាងអង់គ្លេស បានសន្យាថានឹងស្តាប់គ្រប់ភាគីទាំងអស់ ប៉ុន្តែសហរដ្ឋអាមេរិក និងបារាំង បានសម្តែងពីភាពមិនគាំទ្រចំពោះការពន្យារពេលនេះទេ៕