សហគមន៍ជនជាតិដើមភាគតិចនៅក្នុងខេត្តរតនៈគិរីបានអះអាងថា ពួកគេត្រូវការត្រីជាជាងភ្លើងអគ្គិសនី។ ក្រុមអ្នកភូមិដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីទំនប់វារីអគ្គិសនីនៅក្នុងប្រទេសវៀតណាមកន្លងមកនោះ បានស្នើឱ្យរដ្ឋាភិបាលកម្ពុជាពិចារណាលើជម្រើសផ្សេងៗទៀតដើម្បីទាញយកថាមពលអគ្គិសនីក្រៅពីការសាងសង់ទំនប់បន្ថែមកាត់ទន្លេដែលពួកគេពឹងអាស្រ័យទៅលើនោះ។
លោក ពេជ្រ សំណាង រាយការណ៍ពិស្តារអំពីរឿងនេះពីខេត្តរតនៈគីរីជូនដូចតទៅ៖
ក្រុមអ្នកភូមិជនជាតិដើមភាគតិចដែលរស់នៅតាមដងទន្លេសេសាន និងស្រែពកក្នុងខេត្តរតនៈគីរីបានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឱ្យបញ្ឈប់គម្រោងអភិវឌ្ឍន៍ទំបន់វារីអគ្គិសនីនៅលើដងទន្លេទាំងនេះបន្ថែមទៀតដើម្បីបញ្ជៀសផលប៉ះពាល់អវិជ្ជមានកាន់តែធ្ងន់ធ្ងរមកលើសហគមន៍ជនជាតិដើមភាគតិចរបស់ខ្លួន។
ថ្លែងនៅក្នុងវិធីរំឭកខួបបណ្តាញទន្លេបីគឺទន្លេសេសាន ស្រែពកនិងសេកុងក្នុងភូមិ២ ឃុំស្រែអង្ក្រង ស្រុកកូនមុំកាលពីសប្តាហ៍មុន លោកមាស សាមិត តំណាងសហគមន៍ជនជាតិដើមភាគតិចនៅតាមបណ្តោយទន្លេស្រែពកនេះបានមានប្រសាសន៍ថា ទំនប់ដែលសាងសង់រួចហើយនៅខ្សែទឹកខាងលើក្នុងប្រទេសវៀតណាមនោះបានប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់អ្នកភូមិរបស់លោករួចស្រេចទៅហើយ។
លោកមាស សាមិតមានប្រសាសន៍ថា ដូច្នេះគម្រោងសាងសង់ទំនប់បន្ថែមទៀតក្នុងខេត្តរតនៈគីរីនេះនឹងធ្វើឱ្យជីវភាពរបស់ប្រជាជនកាន់តែធ្លាក់ដុនដាបខ្លាំងឡើងជាមិនខានដោយសារទំនប់ទាំងនោះនឹងធ្វើឱ្យបាត់បង់ត្រីនិងធនធានផ្សេងទៀតនៅក្នុងទន្លេដែលអ្នកភូមិពឹងអាស្រ័យសម្រាប់ទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគេ។
“កាលណាយើងបង្កើតទំនប់ហើយ ចរន្តត្រីចេញចូលហ្នឹងអត់មានទេ គឺដាក់ទៅ ដាច់ហើយ។ កុំថាហ្អ ធ្វើជណ្តើរឱ្យត្រីឡើងនោះ ពីជីដូនជីតាខ្ញុំមកអត់ដែរឮថា ធ្វើជណ្តើរយន្តឱ្យត្រីឡើងទេ។ វាឡើង ឡើងតាមធម្មជាតិរបស់វា។ ដល់ឥឡូវឮថា ធ្វើទំនប់ ហើយធ្វើជណ្តើរយន្តឱ្យត្រីឡើងទៀត។ ឱ្យតែទឹកហូរខ្លាំង លាន់អាម៉ាស៊ីនហ្នឹង ត្រីវាលែងមកជិតហើយ។ វាមិនដែលធ្វើជណ្តើរឯណាឱ្យត្រីឡើងទេ”។
សូមបញ្ជាក់ថា ទន្លេសេសាននិងស្រែពកគឺជាដៃដ៏សំខាន់របស់ទន្លេមេគង្គ ហើយប្រភពទឹកដែលហូរចូលទន្លេទាំងនេះគឺចេញមកពីខ្ពស់រាបកណ្តាលនៃប្រទេសវៀតណាម។
នៅឆ្នាំ១៩៩៣ ប្រទេសវៀតណាមបានសាងសង់ទំនប់យ៉ាលីដ៏ធំដែលមានកម្លាំងថាមពលរហូតដល់៧២០មេហ្គាវ៉ាត់នៅលើអាងទន្លេសេសានក្នុងទឹកដីរបស់ខ្លួនដែលស្ថិតនៅចម្ងាយជាង៨០
គីឡូម៉ែត្រពីព្រំដែនកម្ពុជា។
បន្ទាប់ពីការសាងសង់និងចាប់ដំណើរការទំនប់នោះតាំងពីឆ្នាំ២០០២មក អ្នកភូមិដែលរស់នៅខ្សែទឹកខាងក្រោមនៃទន្លេជាពិសេសគឺអ្នកភូមិក្នុងខេត្តរតនៈគីរីនិងស្ទឹងត្រែងបានជួបប្រទះនូវផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពួកគេ។
មានសម្បុរខ្មៅស្រឯម ហើយកាត់សក់ខ្លីត្រឹមក អ្នកស្រីផាត់ ពាំងជាកសិករវ័យ៥៥ឆ្នាំក្នុងភូមិ២ ឃុំស្រែអង្ក្រងនៃស្រុកកូនមុំនេះ បានប្រាប់ឱ្យដឹងថា ផ្ទះសម្បែងនិងដីស្រែជាង៥ហិកតារបស់អ្នកស្រីដែលនៅអែបតាមបណ្តោយដងទន្លេនេះ បានជន់លិចដោយសារទឹកជំនន់ជាប់ៗគ្នានៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។
“បីឆ្នាំហ្នឹងទឹកលិច អត់បានផលទេ។ ខ្ញុំខ្វះខាត។ ឆ្នាំកន្លងមកទឹកអត់ទាន់លេច ខ្ញុំធ្វើស្រែក្នុងមួយរដូវ បានជាង១ពាន់ប៉ោត ជាង១០តោន ដល់ទឹកលិចបីឆ្នាំហ្នឹង គ្រាន់តែហូបមិនគ្រប់គ្រាន់ផង”។
ប្រជាពលរដ្ឋប្រមាណ៣ម៉ឺននាក់ភាគច្រើនជាជនជាតិដើមភាគតិច រួមមានជនជាតិប្រូវ ចារ៉ាយ កចក់ កាវ៉ែត គ្រឺង លុន ព្នង ទំពួននិងឡាវជាដើម ពឹងផ្អែកទៅលើទឹកទន្លេសេសាន និងស្រែពកនេះសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ រកផលនេសាទ ស្រោចស្រពផលដំណាំ ហើយនឹងសម្រាប់ចិញ្ចឹមសត្វពាហនៈរបស់ពួកគេជាដើម នេះបើយោងតាមអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការងារការពារទន្លេនៅក្នុងភូមិភាគឦសាន្តនៃប្រទេសកម្ពុជានេះ។
យ៉ាងហោចណាស់ក៏មានគម្រោងសាងសង់ទំនប់ចំនួន៥ដែរនៅលើទន្លេសេសាននិងដៃរបស់វាផ្សេងទៀតនៅក្នុងទឹកដីកម្ពុជា ដោយរួមទាំងគម្រោងសាងសង់ទំនប់សេសានក្រោម២នៅក្នុងខេត្តស្ទឹងត្រែងដែលមានកម្លាំងផ្តល់ថាមពលអគ្គិសនីរហូតដល់៤០០មេហ្គាវ៉ាត់ផងដែរ។
ជាមួយគ្នានេះ នៅលើដងទន្លេមេនៃអាងទន្លេមេគង្គ កម្ពុជាក៏គ្រោងសាងសង់ទំនប់វារីអគ្គិសនីធំៗចំនួន២ទៀតដែរគឺទំនប់ស្ទឹងត្រែងក្នុងខេត្តស្ទឹងត្រែង ដែលមានកម្លាំងថាមពល៩៨០មេហ្គាវ៉ាត់និងទំនប់សម្បូរក្នុងខេត្តក្រចេះ ដែលមានកម្លាំងថាមពលរហូតដល់២៦០០មេហ្គាវ៉ាត់។
ប្រសិនបើមានការសាងសង់មែននោះ នោះទំនប់ទាំងពីរនេះនឹងធ្វើឱ្យប៉ះពាល់ប្រជាជនកម្ពុជាដែលពឹងអាស្រ័យទៅលើការនេសាទត្រីចំនួន១លាននាក់ នេះបើយោងតាមពង្រាងរបាយការវាយតម្លៃផលប៉ះពាល់មួយរបស់គណៈកម្មការទន្លេមេគង្គដែលបានចេញផ្សាយកាលពីពីរសប្តាហ៍មុន។
មានគម្រោងសាងសង់ទំនប់វារីអគ្គិសនីសរុបចំនួន១២នៅលើអាងទន្លេមេគង្គផ្នែកខាងក្រោមក្នុងបណ្តាប្រទេសជាសមាជិកនៃគណៈកម្មការទន្លេមេគង្គទាំងបួន ដែលរួមមានថៃ ឡាវ កម្ពុជានិងវៀតណាម។
ប្រជាសហគមន៍ជនជាតិដើមភាគតិចនៅក្នុងខេត្តរតនៈគីរីបានលើកឡើងថា ពួកគេដឹងថា គម្រោង សាងសង់ទំនប់វារីអគ្គិសនីនៅលើដងទន្លេក្នុងទឹកដីកម្ពុជានេះគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការថាមពលអគ្គិសនីនៅក្នុងប្រទេស ហើយពួកគេត្រូវការត្រីជាជាងភ្លើងអគ្គិសនីសម្រាប់ការរស់នៅរបស់ពួកគេ។
លោក ភៀវ ឈិន វ័យ៦៥ឆ្នាំ ជាជនជាតិប្រូវនៅភូមិកាលឹម ស្រុកវើនសៃ មានប្រសាសន៍នៅក្នុងបទ សម្ភាសន៍មួយក្នុងវិធីជួបជុំគ្នានោះថា ភ្លើងអគ្គិសនីមិនមែនជារបស់ចាំបាច់ដើម្បីទ្រទ្រង់ជីវភាពរស់ នៅរបស់លោកដែលពឹងអាស្រ័យទៅលើប្រភពធនធាននៃទន្លេនោះទេ។
“ភ្លើងហ្នឹងយកធ្វើអី? យើងស៊ីឆ្អែតដែរ? ចុះបើវាលិចផ្ទះយើង ប្រើយ៉ាងម៉ិចភ្លើងហ្នឹង? បើយើងរស់នៅ តាមដងទន្លេ បើវាលិចរហូត ប្រើអីកើត?”
អ្នកស្រី ឌី បូពី វ័យ៥៥ឆ្នាំ ជាកសិករនៅក្នុងភូមិ២នៃស្រុកកូនមុំនេះ មានប្រសាសន៍នៅក្នុងវិធីជួបជុំគ្នានេះថា អ្វីដែលអ្នកស្រីចង់បាននោះជីវភាពរស់នៅធម្មតា ដែលគ្មានការគំរាមកំហែងពីទឹកជំនន់ បើទោះជាគ្មានភ្លើងអគ្គិសនីប្រើប្រាស់ក៏ដោយចុះ។
“ខ្ញុំសូមតែថា កុំឱ្យតែលិចទេ។ រឿងភ្លើង រឿងអីធម្មតាទេ។ ចាប់អាគុយក៏ភ្លឺដែរ។ ដុតចង្កៀងក៏ភ្លឺដែរ។ បើមានភ្លើងក៏អស់លុយដូចតែគ្នា”។
ប្រទេសកម្ពុជាត្រូវការថាមពលអគ្គិសនីយ៉ាងច្រើនបន្ថែមទៀតសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ដោយសារបច្ចុប្បន្នមានផ្ទះសម្បែងប្រមាណតែ២០%ប៉ុណ្ណោះនៅទូទាំងប្រទេសដែលមានភ្លើងអគ្គិសនីប្រើប្រាស់ ប៉ុន្តែការផ្គត់ផ្គង់អគ្គិសនីភាគច្រើនគឺមានតែនៅក្នុងតំបន់ទីក្រុងប៉ុណ្ណោះ ហើយថ្លៃអគ្គិសនីទៀតសោតក៏មានតម្លៃខ្ពស់ផងដែរ នេះបើយោងតាមធនាគារអភិវឌ្ឍន៍អាស៊ី។
សព្វថ្ងៃ ប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ីអគ្នេយ៍មួយនេះត្រូវទិញថាមពលអគ្គិសនីមកផ្គត់ផ្គង់តម្រូវការរបស់ខ្លួនពីប្រទេសជិតខាង រួមមានថៃ និងវៀតណាមជាដើម។
លោក សុន សំ អភិបាលរងស្រុកកូនមុំនៃខេត្តរតនៈគីរី បានថ្លែងនៅក្នុងពិធីជួបជុំរបស់អ្នកភូមិជន ជាតិដើមភាគតិចនោះថា រដ្ឋាភិបាលបានគិតគូរយ៉ាងល្អិតល្អន់អំពីផលប៉ះពាល់នៃគម្រោងសាងសង់ទំនប់លើដងទន្លេសេសានទាំងនេះហើយ។
ដូច្នេះលោកមានប្រសាសន៍បន្ថែមថា រដ្ឋាភិបាលនឹងបន្តគម្រោងនេះក្រោយពីសិក្សាឃើញថា
ផលចំណេញដែលបានពីគម្រោងសាងសង់ទំនប់ទាំងនេះមានទំហំធំធេងជាងផលប៉ះពាល់នោះ។
“គោលបំណងយើងទាំងអស់គ្នាសព្វថ្ងៃនេះ យើងធ្វើដើម្បីប្រជាជន។ យើងមិនមែនធ្វើវារីអគ្គិសនី ដើម្បីសម្លាប់ប្រជាជនទេ។ យើងធ្វើវារីអគ្គិសនីដើម្បីការពារផលប្រយោជន៍ឱ្យប្រជាជន។ ទោះបី កម្ពុជាមិនធ្វើវារីអគ្គិសនី ក៏បណ្តាប្រទេសគេធ្វើដែរអញ្ចឹង។ បើទប់តែយើងគេមិនទប់ ហើយយើងចាំតែយកភ្លើងពីប្រទេសគេមកប្រើក្នុងប្រទេសយើង យើងសួរថា យើងអាចទៅកាត់បន្ថយភាពក្រីក្រជូនប្រជាជនយើងបានទេ”?
ទោះជាយ៉ាងនេះក្តី ក្រុមអ្នកភូមិជនជាតិដើមភាគតិចដែលរងផលប៉ះពាល់ដោយសារទំនប់បានទទួចថា រដ្ឋាភិបាលគួរតែពិចារណាទៅលើជម្រើសផ្សេងដើម្បីទាញយកថាមពលវារីអគ្គិសនីនេះដូចជាការប្រើថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់និងការប្រើជីវម៉ាស់និងជីវឧស្ម័នជាដើមវិញ ដើម្បីបញ្ជៀសផលប៉ះពាល់ជាអវិជ្ជមានបន្ថែមទៀតដែលបណ្តាលមកពីទំនប់នោះ។
ពីខេត្តរតនៈគីរី ខ្ញុំ ពេជ្រ សំណាង VOAសំឡេងសហរដ្ឋអាមេរិក៕