ក្នុងពេលរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សានៅទូទាំងប្រទេស ចំនួន១៦៣៣ឃុំ សង្កាត់ ក្រុមអ្នកសង្កេតការណ៍បានអះអាងថា ការធ្វើវិមជ្ឃការ ឬការផ្ទេរអំណាចដល់មេឃុំសង្កាត់នៅថ្នាក់មូលដ្ឋានមានលក្ខណៈយឺតយ៉ាវដែលគេអធិប្បាយថា ការធ្វើដូច្នេះមិនអាចផ្តល់សិទ្ធិអំណាចដល់រដ្ឋបាលមូលដ្ឋានអាចអភិវឌ្ឃនិងបំរើពលរដ្ឋឲ្យមានប្រសិទ្ធិភាពទេ។ នេះជាការអះអាងរបស់លោក គុល បញ្ញានាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយឈ្មោះខុមហ្រ្វែលដែលបានថ្លែងក្នុងកម្មវិធីហេឡូវីអូអេពិសេសកាលពីថ្ងៃអង្គារទី២៩ខែឧសភាឆ្នាំ២០១២។
«ការធ្វើវិមជ្ឈការហ្នឹងក៏នៅមានការយឺតយ៉ាវណាស់ដែរ។ ជាការពិតរាជរដ្ឋាភិបាល តែងតែលើកពីបញ្ហាផ្សេងៗ ក្នុងការអនុវត្តន៍ក្នុងកម្មវិធីវិមជ្ឈការឲ្យទៅតាមផែនការឲ្យមានល្បឿនលឿនទៅតាមច្បាប់ដែលមានស្រាប់នោះ។ លើកពីមូលហេតុដែលមានពីសមត្ថភាពពីធនធាន។ល។ ហើយវិមជ្ឃការហិរញ្ញវត្ថុនៅពុំទាន់មានទាល់តែសោះ»។
លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាការ ជាតិដើម្បីអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ(គជអប)មានប្រសាសន៍ថាក្រុមប្រឹក្សា ឃុំសង្កាត់មានលក្ខណៈប្រែប្រួលក្នុងរយៈពេលជាង១០ឆ្នាំនេះដោយសារ ពួកគេ ទោះបីជាមកពីបក្សផ្សេងៗ គឺធ្វើការរួមគ្នាមិនគិតពីនិន្នាការនយោបាយ។
«ក្រុមប្រឹក្សាហ្នឹងគេធ្វើតំណាងឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ ហើយគេខិតខំគៀងគរការចូលរួម ដើម្បីធ្វើម៉េចឲ្យប្រជាពលរដ្ឋរបស់យើងហ្នឹងឲ្យគាត់ប្តូរទំលាប់ឥរិយាបទរបស់គាត់ក្នុងការអភិវឌ្ឍន៍ និងការដោះស្រាយបញ្ហាប្រឈមផ្សេងៗនៅមូលដ្ឋាន»។
ខុមហ្រ្វែលបានដាក់អ្នកសង្កេតការណ៍២៥០នាក់គ្រប់ខេត្ត និងរាជធានី។
ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃទី៣ មិថុនាឆ្នាំ២០១២ក្រោយបញ្ចប់ការឃោសនាបោះឆ្នោត១៥ថ្ងៃនៅថ្ងៃទី១មិថុនា។
សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១២៖
មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com