បន្ទាប់ពីធ្វើការអស់រយៈពេលប្រមាណ២០ឆ្នាំ តស៊ូមតិដើម្បីលិទ្ធិប្រជាធិបតេយ្យតាមរយៈកំណែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ដែលត្រូវបានហៅកាត់ថា ខុមហ្រ្វែលហាក់ដូចជាបានបោះជំហានក្នុងជោគជ័យមួយយ៉ាងធំ។
កាលពីចុងខែកក្កដាកន្លងទៅមូលនិធិពានរង្វាន់ រ៉ូម៉ន ម៉ាហ្កសាយសាយ (Romon Magsaysay) ដែលមានមូលដ្ឋាននៅ ហ្វ៊ីលីពីន បានសម្រេចប្រគល់ពានរង្វាន់ រ៉ូម៉ន ម៉ាហ្កសាយសាយ ប្រចាំឆ្នាំ២០១១ ជូនលោកដោយផ្អែកលើសមិទ្ធិផលជាច្រើនដែលអង្គការខុមហ្វ្រែលសម្រេចបានក្រោមការដឹកនាំរបស់លោក។
លោកគល់ បញ្ញាគឺជាជ័យលាភីម្នាក់ក្នុងចំណោមជ័យលាភីចំនួនប្រាំមួយនាក់។ ជ័យលាភីផ្សេងទៀតរួមមានជនជាតិឥណ្ឌូណេស៊ីពីរនាក់ឥណ្ឌាពីរនាក់ និងជនជាតិហ្វីលីពីនម្នាក់។
លោក គល់ បញ្ញា បានពោលថា នេះគឺជាការផ្ដល់រង្វាន់មួយដែលលោកមិនបានដឹងជាមុន។ ប៉ុន្ដែវាគឺជាការលើកទឹកចិត្ដដើម្បីធ្វើការងារសម្រាប់ជួយពង្រឹងការបោះឆ្នោតនៅកម្ពុជាតទៅទៀត។ លោកបានប្រាប់វីអូអេខ្មែរថា៖
«ខ្ញុំអត់បានដឹងមុនទេអំពីពានរង្វាន់នេះ។ ខ្ញុំមានអារម្មណ៍មោទនាភាពមែនទែន។ មោទនាភាពនេះ មិនមែនសម្រាប់តែខ្ញុំទេ គឺសម្រាប់ក្រុមគ្រួសារខ្ញុំ ហើយសម្រាប់ប្រទេសកម្ពុជាផង ហើយជាពិសេសអង្គការមួយចំនួនដែលខ្ញុំធ្វើការជាមួយ ហើយធ្វើឲ្យបុគ្គលិកដែលខ្ញុំធ្វើការជាមួយគេអាចមានទឹកចិត្តបន្តធ្វើការងារបន្តទៅទៀត ហើយគឺជាក្តីសង្ឈឹមដែលយើងអាចធ្វើឲ្យដំណើរការបោះឆ្នោតនៅប្រទេសកម្ពុជាយើងនៅពេលខាងមុខនេះកាន់តែល្អប្រសើរពីព្រោះដោយសារលើកទឹកចិត្តកម្លាំងមនុស្ស។ អញ្ចឹងបើលើកទឹកចិត្តកម្លាំងមនុស្ស មនុស្សនេះហើយដែលជំរុញឲ្យ ដំណើរការអស់នេះទៅប្រសើរឡើង»។
មូលនិធិពានរង្វាន់ រ៉ូម៉ន ម៉ាហ្កសាយសាយ ត្រូវបង្កើតឡើងនៅឆ្នាំ១៩៥៧។ រង្វាន់នេះត្រូវបានប្រដូចទៅនឹងរង្វាន់ណូបែលសន្ដិភាព។ រង្វាន់ រ៉ូម៉ន ម៉ាហ្កសាយសាយ ត្រូវបានបង្កើតឡើងសម្រាប់ប្រគល់ជូនសកម្មជនមានស្នារដៃក្នុងទ្វីបអាស៊ី។
លោកគល់ បញ្ញា នឹងត្រូវទទួលរង្វាន់នេះជាផ្លូវការនៅថ្ងៃទី៣១ខែសីហានៅហ្វ៊ីលីពីន។ រង្វាន់នោះរួមមានលិខិតបញ្ជាក់១សន្លឹក មេដាយមួយនឹងទឹកប្រាក់ប្រមាណជា៥ម៉ឺនដុល្លារអាមេរិក។ ប្រធានាធិបតីហ្វីលីពីនលោកបេណិកណូ អាគីណូ នឹងប្រគល់រង្វាន់នេះដោយផ្ទាល់។
តាមរយៈគេហទំព័ររបស់មូលនិធិរ៉ូម៉ន ម៉ាហ្កសាយសាយ អាវ៉ាឌី (Romon Magsaysay Awardee) ត្រូវបានទទួលស្គាល់ និងកោតសរសើរពីស្នាដៃរបស់លោក គល់ បញ្ញា ផងដែរថា លោកហ៊ានតស៊ូធ្វើការក្រោមការគំរាមគំហែងក្នុងរបបនយោបាយផ្តាច់ការ ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៣រហូតមកដល់សព្វថ្ងៃនេះ។ ជាពិសេសក្នុងការបោះឆ្នោតឆ្នាំ២០០៨ លោក គល់ បញ្ញា បានអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋឲ្យយល់ដឹងអំពីនីតិវិធីនិងដំណើរការបោះឆ្នោតរួមទាំងការជ្រើសរើស និងបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតស្ម័គ្រចិត្តចំនួន១០.០០០នាក់ ទៅសង្កេតការណ៍នៅតាមស្ថានីយ៍បោះឆ្នោតរហូតដល់ទៅ៩៥ភាគរយនៅទូទាំងប្រទេសកម្ពុជា។ គេហទំព័រដដែលនោះក៏បានបញ្ជាក់បន្ថែមទៀតដែរថា លោក គល់ បញ្ញាបានអប់រំបុគ្គលិកស្ម័គ្រចិត្តកម្ពុជាពីចំនួន៥ម៉ឺននាក់ទៅដល់១៥ម៉ឺននាក់អំពីចំណេះដឹងនានាទាក់ទងនឹងដំណើរការចុះឈ្មោះនិងដំណើរការបោះឆ្នោត។
មានដើមកំណើតក្នុងទីក្រុងភ្នំពេញ និងគឺជាជនរងគ្រោះដោយរបបខ្មែរក្រហមមួយរូប លោក គល់ បញ្ញា បានប្រែក្លាយការឈឺចាប់របស់ខ្លួនទៅជាសកម្មភាពបម្រើការងារផ្នែកសិទ្ធិមនុស្សដោយសារលោកធ្លាប់បានជួបប្រទះអំពើឃោរឃៅ និងការបំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ លោកគល់ បញ្ញា សង្កេតឃើញថា រហូតមកដល់សម័យរដ្ឋកម្ពុជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិក៏នៅមានលក្ខណៈតូចចង្អៀតនៅឡើយដូច្នេះលោកមានគំនិតចង់ឲ្យប្រជាពលរដ្ឋទទួលបានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដើម្បីកែប្រែសង្គមឲ្យបានល្អប្រសើរឡើង។ លោកបញ្ញាថ្លែងថា៖
«ខ្ញុំចាប់ផ្តើមមើលឃើញសង្គម ត្រូវតែមានការកែលម្អទោះបីជានៅក្នុងឆ្នាំ៩១យើងមានហានិភ័យច្រើនណាស់។ គេអាចចាប់យើង។ គេអាចធ្វើបាបយើងដែរពីព្រោះកាលនោះនៅសភាពការតឹងតែងដែរ។ ពេលតឹងមែនទែនយើងបើកការិយាល័យក្នុងវត្ត។ យើងត្រួវធ្វើកិច្ចការខ្លះហើយបើមិនអញ្ជឹងដូចជាយើងបោះបង់ចោលឱកាសដែលអាចធ្វើឲ្យស្រុកយើងអាចបានការគោរពសិទ្ធិមនុស្សសេរីភាពអ្វីខ្លះ។ ពេលយើងចាប់ផ្តើមធ្វើតាំងពី៩១មករហូតយើងឃើញមោទនាភាពមែនទែន។ ប្រជាជនចាប់ផ្តើមយល់អំពីសិទ្ធិខ្លាំងៗ។ ការយល់ដឹងវារីកខ្លាំងបើតាមធម្មតាវាត្រូវចាយពេលច្រើនពីព្រោះខ្មែរយើងគិតថា ខ្លួនមិនមែនជាមនុស្សអីក៏នៅតែជាអង្កការចាត់តាំង»។
នៅឆ្នាំនេះលោក គល់ បញ្ញាមានអាយុ៤៤ឆ្នាំ។ លោកមានកូនចំនួនពីរនាក់គឺប្រុសម្នាក់ និងស្រីម្នាក់។ លោកបានទទួលបរិញ្ញាប័ត្រវិស្វកម្មឧស្សាហ៍កម្មគីមីនៃវិទ្យាស្ថានបច្ចេកវិទ្យាជាន់ខ្ពស់នៅឆ្នាំ ១៩៩១ គឺនៅក្នុងអំឡុងឆ្នាំនោះហើយដែលលោកបានចូលរួមបង្កើតអង្គការសិទ្ធិមនុស្សមួយឈ្មោះថា អាដហុក ដើម្បីធ្វើការតស៊ូមតិផ្នែកសិទ្ធិមនុស្សមុននឹងលោកចេញទៅបន្ដការសិក្សាយកអនុបណ្ឌិតផ្នែកនយោបាយសម្រាប់ការអភិវឌ្ឍនៅប្រទេសហូឡង់ឆ្នាំ១៩៩៨។
លោកគល់ បញ្ញា បានចាប់ផ្តើមប្រឡូកក្នុងការងារផ្នែកសិទ្ធិមនុស្សយ៉ាងសកម្មនៅក្នុងការបោះឆ្នោតដោយសេរីជាលើកដំបូង ដែលត្រូវបានរៀបចំដោយអង្គការសហប្រជាជាតិ នៅខែឧសភា ឆ្នាំ១៩៩៣។ អង្គការក្រៅរដ្ឋាភិបាលចំនួន១០បានរួមគ្នាបង្កើតក្រុមការងារមួយសម្រាប់ឃ្លាំមើលការងារបោះឆ្នោត។ លោកក៏ត្រូវបានជ្រើសរើសជានាយកប្រតិបត្តិនៅក្នុងក្រុមការងារនោះ។ ពីរឆ្នាំក្រោយពីការបោះឆ្នោតជាលើកដំបូងនោះ ក្រុមអង្កការក្រៅរដ្ឋាភិបាលទាំង១០ក៏សម្រេចបង្កើតគណៈកម្មាធិកាដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាហៅកាត់ថាខុមហ្រ្វ៊ែលសម្រាប់ធ្វើការត្រួតពិនិត្យទៅលើដំណើរការបោះឆ្នោតជាបន្ដទៀតនៅកម្ពុជា ដោយបានជ្រើសរើសលោក គល់ បញ្ញា ជានាយកប្រតិបត្តិនៃគណៈកម្មាធិការនោះ។ លោកគល់ បញ្ញាបានប្រាប់វីអូអេខ្មែរថា៖
«មិនស្រួលទេ ការអប់រំទៅដល់ប្រជាពលរដ្ឋយើងអំពីសិទ្ធិមនុស្សមានបញ្ហាខ្លះ។ ពេលនោះមានការនិយាយទិតៀន ឬក៏ពាក្យសារអប់រំរបស់យើងថា យើងនេះទៅការពារចោរទៅការពារអីអញ្ចឹងទៅ។ យើងព្រួយបារម្ភជានិច្ចពីព្រោះកិច្ចការរបស់យើងប្រឈមសុទ្ធតែខាងកិច្ចការនយោបាយពីព្រោះនៅពេលបោះឆ្នោតតួនាទីរបស់យើង យើងឲ្យព័ត៌មានមួយអំពីថាតើការបោះឆ្នោតនេះយ៉ាងដូចម្តេច។ អញ្ចឹងព័ត៌មាននេះ ក្រុមណាក៏គេអាចចោទប្រកាន់យើងថា យើងលម្អៀងទៅខាងនេះទៅខាងនោះ»។
លោក គល់ បញ្ញា រៀបរាប់ថា ប្រាក់ចំណូលពីការបំពេញការងារជាសកម្មជនសិទ្ធិមនុស្សមិនមានកម្រិតធំធេងនោះទេបើធៀបទៅនឹងកិច្ចការរបស់លោកផ្សេងទៀត។ ក៏ប៉ុន្ដែលោកយល់ថា ការងារផ្នែកសិទ្ធិមនុស្សនេះអាចជួយមនុស្សបានច្រើន និងជួយដល់សង្គមជាតិទាំងមូលបានទៀតផង នៅពេលដែលប្រជាពលរដ្ឋកម្ពុជាមានការយល់ដឹងពីសិទ្ធិរបស់ខ្លួន និងពីច្បាប់ទម្លាប់នានានៅមានកម្រិតទាបនៅឡើយនោះ។
ក្រៅពីការងារឃ្លាំមើលការបោះឆ្នោតអង្គការខុមហ្វ្រ៊ែលបានធ្វើការជាច្រើនទាក់ទងការឃ្លាំមើលសកម្មភាពរបស់តំណាងរាស្រ្ត និងការគោរពសន្យារបស់រដ្ឋាភិបាលផងដែរ។ ក្នុងការឃ្លាំមើលការបោះឆ្នោត លោកត្រូវធ្វើការរិះគន់ខ្លះពីភាពមិនប្រក្រតីដែលបានកើតឡើង។
ថ្វីបើលោកគល់ បញ្ញាលើកពីការប្រឈមមុខយ៉ាងខ្លាំងចំពោះសន្តិសុខផ្ទាល់ខ្លួនយ៉ាងណាក៏ដោយ ក៏លោកបានឲ្យដឹងថា លោកនឹងនៅតែបន្ដការងាររបស់លោកបច្ចុប្បន្ននេះ ហើយលោកមានបំណងធ្វើការបណ្តុះបណ្តាលមនុស្សជំនាន់ក្រោយតទៅទៀត៕