លោកឧត្តមសេនីយ៍ Colin Powell ដែលបានទទួលអនិច្ចកម្មកាលពីថ្ងៃចន្ទទី១៨ ខែតុលាដោយសារផលវិបាកនៃជំងឺកូវីដ១៩ ក្នុងជន្មាយុ៨៤ឆ្នាំ ជារដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកស្បែកខ្មៅទីមួយនិងជាអតីតប្រធានក្រុមនាយសេនាធិការកងទ័ពនៃកងយោធពលសហរដ្ឋអាមេរិក។ លោកធ្លាប់បានធ្វើការជូនប្រធានាធិបតីអាមេរិក និងជួយរៀបចំគោលនយោបាយការបរទសរបស់សហរដ្ឋអាមេរិកអស់ពេលជាច្រើនឆ្នាំ។
គ្រួសារលោក Colin Powell បានប្រកាសអំពីមរណភាពលោក តាម Facebook ថា៖ «យើងបានបាត់បង់ស្វាមីបិតា ជីតាជាស្រឡាញ់និងមហាបុរសអាមេរិកាំងម្នាក់»។
គ្រួសារលោកបាននិយាយថាលោកបានចាក់វ៉ាក់សាំងគ្រប់ដូសប្រឆាំងនឹងវីរុសនេះ។ ពួកគេអរគុណក្រុមបុគ្គលិកពេទ្យនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រជាតិ Walter Reedនៅជិតរដ្ឋធានីវ៉ាស៊ីនតោន«ដល់ការព្យាបាលដោយយកចិត្តទិកដាក់របស់ពួកគេ»នៅថ្ងៃចុងក្រោយនៃជីវិតលោក។
បណ្តាញផ្សាយព័ត៌មាននៅសហរដ្ឋអាមេរិកបានរាយការណ៍ថាលោក Powell មានជំងឺមហារីកឈាមដែលរាំងខ្ទប់ការឆ្លើយតបរបស់ប្រព័ន្ធការពាររាងកាយនឹងជំងឺ។ ទោះជាបានចាក់វ៉ាក់សាំងគ្រប់ដូសប្រឆាំងនឹងកូវីដ១៩ហើយក៏ដោយក៏មនុស្សដែលមានបញ្ហាខាងប្រព័ន្ធការពាររាងកាយនឹងជំងឺអាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរដែរ។
លោក Powell ជារដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកពីឆ្នាំ២០០១ដល់២០០៥នៅក្នុងអាណត្តិទីមួយរបស់រដ្ឋបាលលោកប្រធានាធិបតី George W. Bush ខាងគណបក្សសាធារណរដ្ឋ។
នៅក្នុងការសម្តែងការគោរពលោក Bush បានមានប្រសាសន៍ថាលោកនិងលោកស្រីជាភរិយាលោក«មានទុក្ខព្រួយយ៉ាងក្រៀមក្រំ»ដោយសារមរណភាពរបស់លោក Powell។
លោក Bush បានមានប្រសាសន៍ថា៖ «លោក Powell ជាអ្នករដ្ឋការសាធារណៈអស្ចារ្យម្នាក់ ចាប់ផ្តើមពីពេលដែលលោកជាទាហានម្នាក់ក្នុងសង្គ្រាមវៀតណាម។ប្រធានាធិបតីជាច្រើននាក់បានពឹងពាក់លើការឱ្យយោបល់និងបទពិសោធន៍របស់លោកឧត្តមសេនីយ៍ Powell។ ប្រធានាធិបតីនានាពេញចិត្តលោកយ៉ាងខ្លាំងហើយបានផ្តល់មេដាយសេរីភាពប្រធានាធិបតីពីរ។លោកទទួលការគោរពយ៉ាងខ្ពង់ខ្ពស់នៅក្នុងប្រទេសនិងក្រៅប្រទេស»។
លោកប្រធានាធិបតីJoe Biden បានហៅលោក Powell ថាជា «អ្នកស្នេហាជាតិម្នាក់ដែលមានកិត្តិយសនិងសេចក្តីថ្លៃថ្នូរខ្ពង់ខ្ពស់គ្មាននរណាអាចប្រៀបបាន»។
លោក Biden បានមានប្រសាសន៍ថា៖ «លោក Colin មានឧត្តមគតិខ្ពស់បំផុតទាំងជាយុទ្ធជននិងជាអ្នកការទូត។ លោកប្តេជ្ញាដល់កម្លាំងនិងសន្តិសុខប្រទេសជាតិយើងលើអ្វីៗទាំងអស់។ ដោយបានប្រយុទ្ធក្នុងសង្គ្រាម លោកយល់ជាងនរណាទាំងអស់ថាកម្លាំងយោធាតែមួយមិនគ្រប់គ្រាន់ទេក្នុងការថែរក្សាសន្តិភាពនិងភាពសំបូររុងរឿងរបស់យើង»។
លោកអតីតប្រធានាធិបតីសហរដ្ឋអាមេរិក Barak Obama ក៏បានសម្តែងការគោរពដែរ។
លោក Obama បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទទី១៨ ខែតុលាថា៖ «លោកឧត្តមសេនីយ៍ Colin Powell យល់អំពីអ្វីដែលល្អបំផុតក្នុងប្រទេសនេះហើយលោកបានយកជីវិត អាជីពនិងសេចក្តីថ្លែងការណ៍សាធារណៈរបស់លោកដាក់តាមឧត្តមគតិនេះ។ Michelle និងខ្ញុំនៅតែយល់ជានិច្ចថាលោកជាឧទាហរណ៍មួយនៃអ្វីដែលប្រទេសអាមេរិកនិងជនជាតិអាមេរិកាំងអាចនិងគួរធ្វើតាម»។
លោករដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិក Lloyd Austin បានមានប្រសាសន៍តាម Twitter ថា៖ «គ្មាននរណាអាចជំនួសលោកឧត្តមសេនីយ៍ Colin Powell បានទេ។ លោកជាមិត្តនិងជាអ្នកណែនាំល្អប្រសើររបស់ខ្ញុំ ហើយនៅពេលនេះការបាត់បង់រូបលោកជាការស្រងាកចិត្តខ្លាំងណាស់សម្រាប់ខ្ញុំ»។
លោក Powell ជាឧត្តមសេនីយ៍ផ្កាយបួននៃកងទ័ពជើងគោកសហរដ្ឋអាមេរិកនិងជាទាហានជើងចាស់ដែលមានបទពិសោធន៍៣៥ឆ្នាំ។ លោកជារដ្ឋមន្ត្រីការពារជាតិប្រធានក្រុមនាយសេនាធិការកងទ័ព នៃកងយោធពលសហរដ្ឋអាមេរិក ពីឆ្នាំ១៩៨៩ដល់១៩៩៣នៅពេលលោក George H.W. Bush ឪពុកលោក George W. Bush កាន់តំណែងប្រធានាធិបតី ហើយលោកបានកាន់តំណែងនេះជាច្រើនខែនៅពេលលោក Bill Clinton ជាប្រធានាធិបតីប្រជាធិបតីតពីលោក George H.W. Bush។ នៅមុនពេលនោះលោកជាទីប្រឹក្សាសន្តិសុខជាតិ ក្រោមលោកប្រធានាធិបតី Ronald Reagan ពីឆ្នាំ១៩៨៧ទៅ១៩៨៩។
នៅក្នុងមជ្ឈដ្ឋាននយោបាយ គេយល់ឃើញថាលោក Powell ជាអ្នកសាធារណរដ្ឋមិននិយមជ្រុលហើយគិតតែពីសាច់ការ។ លោកបានពិចារណាឈរឈ្មោះជាបេក្ខជនប្រធានាធិបតីតទល់នឹងលោក Clinton កាលពី ឆ្នាំ១៩៩៦ តែបានសម្រេចមិនឈរឈ្មោះវិញពីព្រោះភរិយាលោកគឺលោកស្រី Alma បារម្ភអំពីសុវត្ថិភាពរបស់លោក។
កាលពីឆ្នាំ២០០៨លោកបានងាកចេញពីគណបក្សសាធារណរដ្ឋ ហើយបានគាំទ្របេក្ខភាពលោកObama ខាងគណបក្សប្រជាធិបតេយ្យ ដែលបានក្លាយជាជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិកទីមួយដែលជាប់ឆ្នោតកាន់តំណែងកំពូលក្នុងសេតវិមាន។
យុទ្ធនាការយោធា
លោក Powell បានបំពេញមុខនាទីសំខាន់កាលពីពីរទសវត្សរ៍មុននេះក្នុងសង្គ្រាមធំៗខ្លះរបស់ប្រទេសអាមេរិក។
កាលពីឆ្នាំ១៩៩១ នៅពេលលោកជានាយទាហានជាន់ខ្ពស់លោក George H.W. Bush បានបញ្ជូនទាហានសហរដ្ឋអាមេរិកទៅបណ្តេញកងកម្លាំងអ៊ីរ៉ាក់ចេញពីប្រទេសកូវ៉ែតក្នុងសង្គ្រាមខ្លីមួយដែលនៅពេលនោះបានធ្វើឱ្យប្រជាប្រិយភាពនយោបាយរបស់លោក Bush កើនឡើងច្រើនក្នុងប្រទេស។
តែក្នុងឆ្នាំ២០០៣ នៅពេលលោកកាន់តំណែងជារដ្ឋមន្ត្រីការបរទេស លោក Powell បានបំពេញមុខនាទីសំខាន់មួយក្នុងការនាំសហរដ្ឋអាមេរិកចូលលុកលុយក្នុងប្រទេសអ៊ីរ៉ាក់ដែលមានជោគវាសនាអាក្រក់ដោយផ្អែកលើព័ត៌មាននៃការស៊ើបការសម្ងាត់ខុសថា Saddam Hussein បុរសមានអំណាចខ្លាំងនៃប្រទេសនេះមានស្តុកអាវុធមហាប្រល័យគឺអាវុធគីមីនិងអាវុធជីវសាស្ត្រដែលនាំឱ្យមានការគំរាមកំហែងដល់សន្តិភាពពិភពលោក។
កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០០៣ លោក Powell បានថ្លែងសុន្ទរកថាក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោយជំរុញករណីធ្វើសង្គ្រាមដែលលោកប្រធានាធិបតី George W. Bush និងមន្ត្រីសំខាន់ៗក្នុងរដ្ឋបាលអាមេរិកាំងដោយមានរួមបញ្ចូលទាំងលោកអនុប្រធានាធិបតី Dick Cheney ផងចង់ឱ្យមាន។
លោក Powellបានអះអាងថា៖ «មិនអាចមានការសង្ស័យទេថា Saddam Hussein មានអាវុធជីវសាស្ត្រនិងសមត្ថភាពក្នុងការផលិតអាវុធបែបនេះច្រើនថែមទៀត»។
ក៏ប៉ុន្តែនៅខែកញ្ញា ឆ្នាំ២០០៥លោកបានទទួលស្គាល់ថាសុន្ទរកថារបស់លោកនៅអង្គការសហប្រជាជាតិមានការមិនត្រឹមត្រូវច្រើនដោយផ្អែកលើព័ត៌មានខុសរបស់ការស៊ើបការសម្ងាត់របស់សហរដ្ឋអាមេរិក។
នៅក្នុងបទសម្ភាសន៍មួយតាមទូរទស្សន៍លោកបានពណ៌នាការលុកលុយប្រទេសអ៊ីរ៉ាក់ថាជា«ស្នាមប្រឡាក់»មួយនៅក្នុងប្រវត្តិរបស់លោក។ សហរដ្ឋអាមេរិកមិនបានរកឃើញអាវុធមហាប្រល័យក្នុងប្រទេសអ៊ីរ៉ាក់ទេ។
លោក Powell បានមានប្រសាសន៍ថា៖ «ការលុកលុយនេះនឹងនៅជាផ្នែកមួយនៃប្រវត្តិរបស់ខ្ញុំជានិច្ច។វាជាការឈឺចាប់នៅពេលនោះ។ វាជាការឈឺចាប់នៅពេលនេះ»។
ប្រែសម្រួលដោយលោក ឈឹម សុមេធ