សហព្រះរាជអាជ្ញារបស់សាលាក្តីខ្មែរក្រហម បានសម្រេចប្តឹងឧទ្ឋរណ៍ប្រឆាំងទៅនឹងសាលក្រម របស់ឌុចនៅថ្ងៃចន្ទ័នេះ ទៅកាន់អង្គជំនុំជម្រះតុលាការកំពូល ដោយទាមទារឲ្យមានការដាក់ទោស ឌុច ឲ្យបានធ្ងន់ធ្ងរជាបន្ថែមទៀត ។
សេចក្តីសម្រេចចិត្តនេះ ធ្វើឡើង២២ថ្ងៃ បន្ទាប់ពីកាំង ហ្គិចអ៊ាវ ហៅឌុច អតីតប្រធានគុកទួលស្លែងឬ មន្ទីរស២១ ត្រូវអង្គជំនុំជម្រះសាលាដំបូងផ្តន្ទាទោសឲ្យជាប់ពន្ឋនាគារចំនួន៣៥ឆ្នាំ ក៏ប៉ុន្តែទោសនេះ ត្រូវកាត់កងអស់នៅសល់តែ១៩ឆ្នាំតែប៉ុណ្ណោះ។ សហព្រះរាជអាជ្ញា បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ខ្លួនស្នើឲ្យអង្គជំនុំជម្រះតុលាការកំពូលបង្កើនរយៈពេលផ្តន្ទាទោសដាក់ពន្ឋនាគារទៅលើឌុច ជាបន្ថែមទៀត ។
សហព្រះរាជអាជ្ញាលើកឡើងថា ខ្លួនយល់ឃើញថា ការផ្តន្ទាទោសនេះ មិនសមល្មមទៅនឹង ឧក្រិដ្ឋកម្មរបស់ឌុច តួនាទី និងឆន្ទៈចូលរួមប្រព្រឹត្តិរបស់ ឌុច នោះទេ។ សហព្រះរាជអាជ្ញា បានស្នើឲ្យអង្គជំនុំជម្រះតុលាការកំពូលរបស់សាលាក្តីខ្មែរក្រហម ផ្តន្ទាទោសឧក្រិដ្ឋកម្មរបស់ឌុច ដោយឡែកៗពីគ្នា ដូចជា ត្រូវដាក់ទោសពីបទប្រព្រឹត្តិឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការឃុំឃាំងមនុស្ស ការធ្វើទារុណកម្ម ការរំលោភផ្លូវភេទ ទោសសម្លាប់រង្គាល និងទោសនៃការដាក់មនុស្សធ្វើ ទាសករជាដើម។
លោក ឡាស អលសិន (Lars Olsen) មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្ដីខ្មែរក្រហម មានប្រសាសន៍ថា សហព្រះរាជអាជ្ញា មានរយៈពេលពីរខែទៀត សម្រាប់ដាក់បណ្តឹងឧទ្ឋរណ៍របស់ខ្លួន ទៅកាន់អង្គជំនុំជម្រះ តុលាការកំពូល ។ លោកបានថ្លែងដូច្នេះថា៖
«ឥឡូវនេះ ដំណើរក្ដីបន្ដទៀត គឺថាសហព្រះរាជអជ្ញាមានរយៈពេល៦០ថ្ងៃ ចាប់ពីថ្ងៃនេះទៅសម្រាប់ ប្ដឹងឧទ្ធរណ៍។ បន្ទាប់ពីនេះទៅ និងបន្ទាប់ពីគ្រប់ភាគីបានប្ដឹងឧទ្ធរណ៍រួចហើយ។ អញ្ចឹង អង្គជំនុំជម្រះ តុលាការកំពូលអាចចាប់ផ្ដើមរៀបចំថា តើត្រូវបើកសវនាការស្ដីពីបណ្ដឹងឧទ្ធរណ៍នៅពេលណានោះ»។
ឌុច អាយុ ៦៧ ឆ្នាំ ជាប់ចោទពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មនៃការធ្វើទារុណកម្ម និងមនុស្សឃាដ។ អ្នកទោសយ៉ាងតិចចំនួន១២.៣៨០នាក់ត្រូវបានធ្វើទារុណកម្ម និងសម្លាប់ចោលក្រោមអំណាចរបស់ ឌុច ។ អតីតអ្នកទោសគុគទួលស្លែងចំនូនពីរនាក់ នៅក្នុងចំណោមបីនាក់ ដែលកំពុងរស់រានមានជីវិត ធ្លាប់បានសម្តែងខឹងសម្បាភ្លាមៗថា ឌុចត្រូវបានផ្តន្ទាទោសតិចពេក។
លោក ប៊ូ ម៉េង អតីតអ្នកទោសគុកទួលស្លែងម្នាក់នៅក្នុងចំណោមនោះ មានប្រសាសន៍នៅថ្ងៃនេះថា លោកគាំទ្រការប្តឹងឧទ្ឋរណ៍របស់សហព្រះរាជអាជ្ញា ហើយលោកចង់ឲ្យឌុចស្ថិតនៅក្នុងការឃុំឃាំងអស់មួយជីវិត ។
សូមបញ្ជាក់ថា សហព្រះរាជអាជ្ញារបស់សាលាក្តីខ្មែរក្រហម ធ្លាប់បានទាមទារឲ្យអង្គជំនុំជម្រះសាលាដំបូង ផ្តន្ទាទោសឌុចយ៉ាងតិចបំផុតឲ្យជាប់ពន្ឋនាគារចំនួន៤០ឆ្នាំ។ ក្រុមមេធាវីតំណាងឲ្យដើមបណ្តឹងរដ្ឋប្បវេណី បានឲ្យដឹងនៅថ្ងៃនេះដែរថា ខ្លួននឹងប្តឹងឧទ្ឋរណ៍ឲ្យស្របនឹងសហព្រះរាជអាជ្ញាដែរ ដើម្បីទាមទារសំណងសម្រាប់ជនរងគ្រោះនៅក្នុងគុកទួលស្លែង។ នៅក្នុងសាលក្រមរបស់អង្គជំនុំជម្រះ សាលាដំបូងមិនបានសម្រេចផ្តល់សំណងជានិមិត្តរូបណាមួយដល់ជនរងគ្រោះនោះទេ។