ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការនាំ​ចេញ​សម្លៀក​បំពាក់​ទៅ​អាមេរិក​កើន​ឡើង​ក្នុង​ត្រីមាស​ទី១


ការ​នាំ​ចេញ​សម្លៀក​បំពាក់​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អាមេរិក​ក្នុង​ឆ្នាំ២០១០ ​មាន​ចំនួន​១.៨៤៣,៨៩​លាន​ដុល្លារ​អាមេរិក គឺ​កើន​ឡើង​២៦%​បើ​ធ្វើ​ការ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១០។
ការ​នាំ​ចេញ​សម្លៀក​បំពាក់​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អាមេរិក​ក្នុង​ឆ្នាំ២០១០ ​មាន​ចំនួន​១.៨៤៣,៨៩​លាន​ដុល្លារ​អាមេរិក គឺ​កើន​ឡើង​២៦%​បើ​ធ្វើ​ការ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១០។

ការ​នាំ​ចេញ​សម្លៀកបំពាក់​ទៅ​អាមេរិក​ក្នុង​ត្រីមាស​ទី១​ឆ្នាំ២០១១​នេះ​ បាន​កើន​ឡើង​ប្រមាណ​២៦% ​បើ​ធ្វើ​ការ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១០។ នេះ​បើ​យោង​តាម​លោក​លោក​ គង់ ពុទ្ធារ៉ា ​ប្រធាន​នាយកដ្ឋាន​ស្ថិតិ​ និង​ព័ត៌មាន​នៃ​ក្រសួង​ពាណិជ្ជកម្ម​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ច័ន្ទ​នេះ។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ការ​កើន​ឡើង​នេះ​ដោយសារ​តែ​សេដ្ឋកិច្ច​អាមេរិក​ និង​សាកលលោក​បាន​ងើប​ឡើងវិញ។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«បើ​សិន​ជា​លក់​អត់​ទ្រទ្រង់​ជីវភាព​សេដ្ឋកិច្ច​បាន ​ជីវភាព​ប្រជាជន​មាន​ការងារធ្វើ​បាន​ គឺ​គាត់​ម៉េច​និង​កូម្មង់​ (បញ្ជា​ទិញ) មក​យើង​កើត។ ដូច​យើង​អញ្ចឹង​ ឧបមាថា​ នៅ​ក្នុង​ទីផ្សារ​យើង​កលិយុគ​តាំងពី​នយោបាយ​ តាំង​ពី​អ្វី​ទាំងអស់ អញ្ចឹង​យើង​អត់ហ៊ាន​កុម្មង់​ទៅ​គេ​ទេ។ តែ​ឧបមា​អាមេរិក​ក៏​អញ្ចឹងដែរ។ ឧបមាថា ប្រជាជន​គេ​ត្រូវ​ការ​សម្លៀក​បំពាក់​ពី​យើង​ ទាល់តែ​គេមាន​ការងារ​ធ្វើ»។

តួលេខ​របស់​ក្រសួង​ពាណិជ្ជកម្ម​ឲ្យ​ដឹង​ថា ​នៅក្នុង​ត្រីមាស​ទី១​ឆ្នាំ​២០១១​នេះ​ ការ​នាំ​ចេញ​សម្លៀក​បំពាក់​ទៅ​កាន់​សហរដ្ឋ​អាមេរិក​មាន​ចំនួន​ប្រមាណ​ជាង​៥២១​លាន​ដុល្លារ​អាមេរិក ​ហើយ​នៅ​ក្នុង​ឆ្នាំ២០១០​ មាន​ចំនួន​ជាង​៤១១​លាន​ដុល្លារ​អាមេរិក ។

ការ​នាំ​ចេញ​សម្លៀក​បំពាក់​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អាមេរិក​ក្នុង​ឆ្នាំ២០១០​មាន​ចំនួន​១.៨៤៣,៨៩ ​លាន​ដុល្លារ​អាមេរិក។

របាយការណ៍​អាមេរិក​មួយ​ដែល​មាន​ឈ្មោះ​ថា​ Trade and Trade Policy​ បាន​ឲ្យដឹង​ថា​ ការ​នាំចេញ​សម្លៀកបំពាក់​ពី​កម្ពុជា​ និង​បង់ក្លាដេស​ទៅ​ទីផ្សារអាមេរិក​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស។

ក្នុង​ចំណោម​ប្រទេស​ទាំងបួន​ដែល​រួមមាន​បង់ក្លាដែស ​កម្ពុជា អ៊ែល​សាលវ៉ាឌ័រ និង​ហុងឌុរ៉ាស មានតែ​ប្រទេស​បង់ក្លាដែស​មួយ​គត់​ដែល​បាន​នាំចេញ​សម្លៀកបំពាក់​ទៅអាមេរិក​ខ្ពស់​ជាងគេ ​គឺមាន​រហូត ដល់​៣៩​ភាគរយ។​ ចំណែកកម្ពុជា​វិញ​គឺ​ស្ថិត​ក្នុង​លំដាប់​ថ្នាក់ទី២​មាន​តែ​ប្រមាណ​៣១​ភាគរយ​ប៉ុណ្ណោះ ។

លោក​ជា មុន្នី​ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​ទទួល​ស្គាល់​ថា ​ការ​នំាចេញ​សម្លៀកបំពាក់​ទៅ​កាន់​ទីផ្សារ​អាមេរិក​ពិតជា​មាន​ការ​កើន​ឡើង​មែន។ ក៏​ប៉ុន្តែ​ប្រាក់​ចំណេញ​ទាំងនេះ​មិន​បាន​ផ្តល់​ផលប្រយោជន៍​ដល់​ក្រុម​កម្មករ​ខ្មែរ​ទេ។ លោក​ជា មុនី ​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ថៅកែ​រោងចក្រ​គួរ​តែ​ចែក​រំលែក​ប្រាក់​ចំណេញ​ទាំងនេះ​ដល់​ក្រុម​កម្មករ​តាមរយៈ​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​ពួក​គេ។ លោក​មាន​ប្រសាសន៍​ថា៖

«ផល​ចំណេញ​នេះ​ធំណាស់ ​ច្រើន​មែនទែន​ ហើយ​កម្មករ ​កម្មការីនី​ ក្នុង​ប្រទេស​កម្ពុជា​ប្រាក់ខែ​ទាប ណាស់​ចាយ​អត់​គ្រាន់​ទេ។ ការដែល​យើង​ឲ្យ​ទៅ​កម្មករ​នេះ ​ដោយសារ​តែ​កម្មករ​ជា​អ្នក​ផលិត។ ប្រសិន​បើ ណា​ជា​យើង​មិន​ឲ្យ​ទៅ​កម្មករ​ទេ​ គឺ​កម្មករ​អត់​មាន​ទឹកចិត្ត​នៃការ​ផលិត។ អញ្ចឹង​ការ​នាំ​ចេញ​ផលិតផល​នៃ​ការ​ កើន​ឡើង​នៃ​ការ​នាំ​ចេញ ​គឺអត់​បាន​តែ​ប៉ុណ្ណឹង​ទេ។ អញ្ចឹង​យើង​គួរ​តែ​ថា ​អ្វី​ដែល​កម្មករ​បាន​ខិតខំ​ហើយ​ ផលចំណេញ​របស់​កម្មករ​គួរ​តែ​ចែក​ឲ្យ​កម្មករ»។

លោក​ជាតិ ខេមរា ​មន្រ្តី​ជាន់ខ្ពស់​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ​ថៅកែ រោង​ចក្រ​កាត់ដេរ​បច្ចុប្បន្ន​នេះ ​គ្រាន់តែ​ស៊ីឈ្នួល​ដេរ​ឲ្យ​អ្នក​ទិញ​តែ​ប៉ុណ្ណោះ។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ តាម​ការសិក្សា​កន្លង​មក​នៅ​តាម​បណ្តា​រោងចក្រ​មួយ​ចំនួន​ថៅកែ​ មិន​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​ទេ។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«អ្វី​ដែល​អ្នក​បាន​លើក​ឡើង​ថា​ ចំណេញ​ច្រើន​ អ្នកនោះ​មិនដែល​មក​ធ្វើ​ក្នុង​វិស័យ​កាត់ដេរ​ មិន​ដែល​ ក្តោបក្តាប់​ ឬ​ក៏​វិនិយោគ​នៅក្នុង​វិស័យ​កាត់ដេរ។ ជំរាប​សួរ​ថា​ កម្ពុជា​ចំណេញ​បាន​ប៉ុន្មាន​ ខ្ញុំ​គ្រាន់តែ​ឧទារហណ៍​ សួរ​ថា​ កម្ពុជា​ចំណេញ​យ៉ាង​ម៉េច​ បើ​កម្ពុជា​រក​តែ​ខ្លួន​ឯង​អត់​មាន​បុគ្គលិក​ខ្មែរ​ជាអ្នក​ជំនាញ​ខាង​ទីផ្សារ​នៅ​ខាង​ក្រៅ​ផង ថៅកែ​លុយ​កាក់​វិល​នៅ​ខាងក្រៅ​ទាំងអស់»។

កម្ពុជា​មាន​រោងចក្រ និង​សហគ្រាស​ប្រមាណ​៥៣០​ដែល​មាន​កម្មករ​ កម្មការីនី​សរុប​ប្រមាណ​ជាង​៣៧ម៉ឺន​នាក់​ ហើយ​ប្រាក់ខែ​គោល​របស់​ក្រុម​កម្មករ​ម្នាក់ៗ​ប្រមាណ​តែ​៦១​ដុល្លារ​តែប៉ុណ្ណោះ។​ ក្រុម​កម្មករ​ធ្លាប់​បាន​និយាយ​ថា​ ប្រាក់​ខែ​ទាំងនេះ​មិន​អាច​ទ្រទ្រង់​ជីវភាព​របស់​ពួកគេ​បាន​ទេ​ បើ​ប្រៀប​ធៀប​ទៅ ​និង​ការ​ឡើង​ថ្លៃ​ទំនិញ​នៅ​ក្នុង​ទីផ្សារ​បច្ចុប្បន្ន​នេះ៕

XS
SM
MD
LG