លោកស្រីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ហីលឡារី គ្លីនតុន (Hillary Clinton) មានប្រសាសន៍ថា «មានការផ្តន្ទាទោសដែលកើនឡើងជាលំដាប់» ខណៈពេលដែលរដ្ឋាភិបាលរបស់លោកប្រធានាធិបតីនៃប្រទេស សៀរ៉ី (Syria) បាស្សៀ អាលអាសាដ (Bashar al-Assad) បន្តការវាយបង្រ្កាបទៅលើក្រុមអ្នកតវ៉ាប្រឆាំង។ ទោះជាយ៉ាងនេះក្តី លោកស្រីរដ្ឋមន្រ្តីនៅតែមិនទាន់បានអំពាវនាវឱ្យបានច្បាស់លាស់ ឱ្យលោក អាសាដ ចុះចេញពីដំណែងទេ។
លោកស្រី គ្លីនតុន បានមានប្រសាសន៍ថា សម្លេងអន្តរជាតិមួយគឺមានសារៈសំខាន់ណាស់ ដើម្បីកុំឲ្យ រដ្ឋាភិបាលរបស់លោក អាសាដ អាចនិយាយបានថា សម្ពាធគឺមានតែមកពីប្រទេសលោកខាងលិចតែមួយប៉ុណ្ណោះ។
លោកស្រី គ្លីនតុន បានមានប្រសាសន៍ថា លោកស្រីនិងសមភាគី ប្រទេស ន័រវេ (Norway) របស់លោកស្រី គឺលោក ចូណាស ហ្កាហរ៍ ស្តូរ (Jonas Gahr Stoere) បានពិភាក្សាអំពីការខ្វល់ខ្វាយយ៉ាងខ្លាំងរបស់ពួកគេ អំពីការវាយបង្រ្កាបរបស់រដ្ឋាភិបាលនៃប្រទេស សៀរ៉ី នៅពេលដែលអ្នកទាំងពីរបានជួបប្រជុំគ្នា នៅឯក្រសួងការបរទេសកាលពីថ្ងៃសុក្រ។
លោកស្រី គ្លីនតុន និងលោក ស្តូរ បានមានប្រសាសន៍រួមគ្នាទៅកាន់ក្រុមអ្នកយកព័ត៌មាន បន្ទាប់ពីការពិភាក្សារបស់មន្រ្តីទាំងពីរ។
«សហរដ្ឋអាមេរិកនិងបន្តធ្វើការជាមួយដែគូររបស់យើង ដើម្បីប្រែក្លាយការមូលមតិគ្នាដែលរីកកាន់តែធំឡើងនេះ ឱ្យទៅជាសម្ពាធ និងភាពឯកោកាន់តែខ្លាំងឡើងមួយ សម្រាប់របបរបស់លោក អាសាដ។ ជាពិសេស យើងជំរុញឱ្យប្រទេសទាំងឡាយ ដែលនៅតែបន្តទិញប្រេងនិងឧស្ម័នពីប្រទេស សៀរ៉ី ប្រទេសទាំងឡាយដែលនៅតែបន្តបញ្ជូនអាវុធទៅឱ្យលោក អាសាដ និងប្រទេសទាំងឡាយដែលផ្តល់ការគាំទ្រនយោបាយនិងសេដ្ឋកិច្ចទៅឱ្យគាត់ ហើយបានលើកទឹកចិត្តដល់ភាពឃោរឃៅរបស់គាត់ ឱ្យងាកមកស្ថិតនៅក្នុងផ្នែកត្រូវនៃប្រវត្តិសាស្រ្តវិញ។ លោកប្រធានាធិបតី អាសាដ បានបាត់បង់ធម្មានុរូបភាព(ភាពត្រឹមត្រូវតាមច្បាប់)នៅក្នុងការដឹកនាំ។ ហើយវាច្បាស់ណាស់ថា ប្រទេស សៀរ៉ី នឹងមានភាពប្រសើរឡើង បើសិនជាគ្មានរូបលោក»។
ទោះបីជាសហរដ្ឋអាមេរិកបន្តបង្កើនការដាក់សម្ពាធសេដ្ឋកិច្ចនិងការទូត ទៅលើប្រទេស សៀរ៉ី យ៉ាងណាក៏ដោយ ក៏ទាំងលោកស្រី គ្លីនតុន ទាំងលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) មិនបានអំពាវនាវឱ្យបានជាក់លាក់ ឱ្យលោក អាសាដ ចុះចេញពីដំណែងទេ។
លោកស្រី គ្លីនតុន បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកកំពុងជាប់ទាក់ទងនៅក្នុងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតយ៉ាងខ្លាំង ដើម្បីបញ្ចុះបញ្ចូលដែគូអន្តរជាតិ ឱ្យបង្កើនសម្ពាធនយោបាយនិងហិរញ្ញវត្ថុទៅលើប្រទេស សៀរ៉ី៕
ប្រែសម្រួលដោយ ឌី ខាំបូលី