ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពួក​អាល់កៃដា​ទទួលរង​ផលប៉ះពាល់​ដោយ​ការស្លាប់​​​ជនសង្ស័យ​ដាក់​គ្រាប់​បែក​ទៅលើ​ស្ថានទូត


លោកស្រី​រដ្ឋមន្រ្តី​ការបរទេស ​ហ៊ីលឡារី ​គ្លីនតុន(ស្ដាំ​ដៃ​)​ និយាយ​ជា​មួយ​លោក​ប្រធានាធិបតី​រូ​ពីយ៉ា​ បាន់ដា​នៃ​ប្រទេស​ហ្សាំ​ប៊ីយ៉ា​ ពេល​ធ្វើ​ទស្សនកិច្ច​ទៅ​មើល​មជ្ឈមណ្ឌល​ឆ្នើម​ខាង​ការ​ព្យាបាល​កុមារ​ទើប​បើក​ថ្មី​នៅ​មន្ទីរ​ពេទ្យ​​​សម្រាប់​បង្រៀន​នៃ​សាកលវិទ្យ
លោកស្រី​រដ្ឋមន្រ្តី​ការបរទេស ​ហ៊ីលឡារី ​គ្លីនតុន(ស្ដាំ​ដៃ​)​ និយាយ​ជា​មួយ​លោក​ប្រធានាធិបតី​រូ​ពីយ៉ា​ បាន់ដា​នៃ​ប្រទេស​ហ្សាំ​ប៊ីយ៉ា​ ពេល​ធ្វើ​ទស្សនកិច្ច​ទៅ​មើល​មជ្ឈមណ្ឌល​ឆ្នើម​ខាង​ការ​ព្យាបាល​កុមារ​ទើប​បើក​ថ្មី​នៅ​មន្ទីរ​ពេទ្យ​​​សម្រាប់​បង្រៀន​នៃ​សាកលវិទ្យ

លោកស្រី​រដ្ឋមន្រ្តី​ការបរទេស ​ហ៊ីលឡារី ​គ្លីនតុន (Hillary Clinton) មាន​ប្រសាសន៍​ថា ​មរណភាព​កាលពី​សប្តាហ៍​មុន​នៃបុរស​ម្នាក់​ ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា​បាន​រៀបចំ​ការដាក់​គ្រាប់បែក​ទៅ​លើ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​កេនយ៉ា​និង​ប្រទេស ​តាំងហ្សានី ​កាលពី​ឆ្នាំ​១៩៩៨ ​គឺជា​ការវាយ​ប្រហារ​ដ៏​ខ្លាំងក្លា​មួយ​ទៅលើ​ពួក​អាល់កៃដា។

លោកស្រី​រដ្ឋមន្រ្តី​ គ្លីនតុន ​មាន​ប្រសាសន៍​ថា ​មរណភាព​របស់​ ហារុន ​ហ្វាហ្សុល (Harun Fazul) គឺ​ជា​ការវាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា​មួយ​ទៅលើ​ពួកអាល់កៃដា ក្រុមសម្ព័ន្ធ​មិត្ត​ជ្រុល​និយម​របស់​ពួកគេ ​និង​ប្រតិបត្តិការ​របស់​ពួកគេ​នៅ​អាហ្រ្វិក​ខាង​កើត។ បន្ទាប់​ពីដាក់​ផ្កា​នៅឯ​បូជនីយដ្ឋាន​មួយ​សម្រាប់​ជនជាតិ ​តាំងហ្សានី ចំនួន​១២​នាក់​ ដែល​ត្រូវ​បាន​សម្លាប់​ ក្នុងទី​ក្រុង​ ដារេស សាឡាម (Dar es Salaam) លោកស្រី​ គ្លីនតុន​បាន​និយាយ​ទៅ​កាន់​បុគ្គលិក​ស្ថានទូត​មួយក្រុម​ដែល​បាន​មក​ជួបជុំ​គ្នា​ថា៖

«ក្នុង​ចំណោម​អ្នកទាំងអស់​ មានអ្នកខ្លះ​ បាន​បាត់​បង់​មិត្តភក្តិ​និង​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក​ហើយ​ប្រជា​ពលរដ្ឋ​អាមេរិកាំង​ទាំង​អស់​សូមចូលរួម​ទុក្ខសោក​ជាមួយ​អ្នក ​ហើយ​យើង​មិន​បាន​ភ្លេច​ចំពោះ​ការបាត់​បង់នេះ​ទេ។ ហើយ​យើង​ក៏​មិន​បាន​ភ្លេច​នូវ​ការសន្យា​របស់​យើង ​ក្នុង​ការស្វែងរក​យុត្តិធម៌​ប្រឆាំង​នឹង​ជន​ទាំងឡាយ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​បែប​នេះ​ដែរ»។

លោកស្រី​ គ្លីនតុន ​មាន​ប្រសាសន៍​ថា ​ពួក​អាល់កៃដា​ទទួលរង​ការបរាជ័យ​ដ៏​ធំ​មួយ ​ដោយ​ការស្លាប់​របស់​ អូសាម៉ា ​ប៊ិនឡាឌិន​ (Osama bin Laden) ហើយ​ឥឡូវនេះ​បាន​ទទួល​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំងក្លា​មួយ​ទៀត​ដោយ​ការស្លាប់​បាត់បង់​ជីវិត​របស់ ​ហារុន ហ្វាហ្សុល ​នៅក្នុង​ប្រទេសសូម៉ាលី។

«ទោះជា​មិនមែន​ជា​មេដឹក​នាំ​ក្តី​ ក៏​គាត់​ពិតជា​មនុស្ស​ម្នាក់​នៅ​ក្នុង​ចំណោម​បុរស​ទាំងឡាយ ​ដែល​ទទួលខុសត្រូវ​ចំពោះ​ការវាយ​ប្រហារទៅលើ​ស្ថានទូត​នេះ​និង​ការបំផ្ទុះ​គ្រាប់​បែក​ទៅ​លើ​ស្ថានទូត​របស់យើង​នៅ​ក្នុង​ប្រទេស​ ណៃរ៉ូប៊ី (Nairobi) និង​អំពើ​ដ៏គួរឱ្យ​ស្អប់ខ្ពើម​ជា​ច្រើន​ផ្សេង​ទៀតដែល​បាន​សម្លាប់​មនុស្ស​រាប់​រយ​នាក់ ​និង​ធ្វើ​ឱ្យ​របួស​រាប់​ពាន់​នាក់ ​ដែល​រួមមាន​ជនជាតិ ​តាំងហ្សានី ​កេនយ៉ា​ សូម៉ាលី​ និង​បុគ្គលិក​ស្ថានទូត​របស់​យើង»។

លោកស្រី​ គ្លីនតុន ​មាន​ប្រសាសន៍​ថាមិនមាន​អ្វី​ដែល​អាច​ជំនួស​ឱ្យអ្នក​ទាំង​ឡាយ​ដែល​ត្រូវ​បាន​សម្លាប់​ដោយអ្វី​ដែល​លោកស្រី​ហៅថា ​«អំពើ​ហិង្សា​ដែល​មិន​សម​ហេតុផល»។ ប៉ុន្តែ ​លោកស្រី​មាន​ប្រសាសន៍​ថា ​លោកស្រី​ដឹង​ថាយុត្តិធម៌​ត្រូវ​បាន​ផ្តល់​ជូនហើយ​សង្ឃឹម​ថា​ប្រការ​នេះ​នឹង​ផ្តល់​ឱ្យ​នូវ​វិធានការ​មួយ​ចំនួន​ក្នុង​ការធ្វើ​ឱ្យ​ស្រាក​ស្រាន្ត​ផ្លូវ​ចិត្ត។

ក្រុម​អាជ្ញាធរ​របស់​ប្រទេស ​សូម៉ាលី ​និយាយ​ថាបុរស​ដែល​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា​ជា​មេដឹកនាំ​អាល់កៃដា​នៅ​អាហ្រ្វិក​ខាង​កើត ​និង​ដែល​ត្រូវបាន​គេ​ស្គាល់​ផងដែរ​ថា​ជា ​ហ្វាហ្សូល ម៉ូហាមេដ (Fazul Mohammed) ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ប្រឈម​មុខ​មួយ​ជា​មួយ​ប៉ូលិស ​នៅក្នុង​ទីក្រុង​ ម៉ូហ្គាឌីស៊ូ (Mogadishu)។ ប៉ូលិស​និយាយ​ថា ​គាត់​បាន​កាន់​លុយ​រាប់​ពាន់​ដុល្លា​រ និង​ឯកសារ​សម្គាល់​ខ្លួន​ជា​ច្រើន​ប្រភេទ ​ដែល​រួមទាំង​លិខិត​ឆ្លង​ដែន​អាហ្រ្វិក​ខាង​ត្បូង​ដ៏​គួរ​ឱ្យ​សង្ស័យ​មួយ​ទៀត​ផង៕

ប្រែសម្រួល​ដោយ ឌី ខាំបូលី

XS
SM
MD
LG