វ៉ាស៊ីនតោន៖ លោកស្រីរដ្ឋមន្ដ្រីក្រសួងការបរទេស ស.រ.អ. ហ៊ីឡារីគ្លីនតុន (Hillary Clinton) មានប្រសាសន៍ថា ទំនាក់ទំនងចិនអាមេរិកាំងចូលមកដល់វគ្គមួយដ៏សំខាន់បំផុត ក្រោយពីបីទសវត្សរ៍ដែលប្រទេសទាំងពីរបានបើកឲ្យមានទំនាក់ទំនងគ្នាតាមផ្លូវការកាលពីឆ្នាំ១៩៧៩ ហើយប៉ុន្មានថ្ងៃប៉ុណ្ណោះមុនទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ហ៊ូ ជីនតាវ នៅក្នុង ស.រ.អ.។
នៅក្នុងសុន្ទរកថាថ្លែងកាលពីសុក្រពីក្រសួងការបរទេស លោកស្រីក្លីនតុនបានអំពាវនាវសុំឲ្យមានតម្លាភាព និងការទុកចិត្ដគ្នា ខណៈដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនជំរុញឲ្យមានភាពទូលំទូលាយដល់ការទាក់ទងគ្នាជាមួយទីក្រុងប៉េកាំង។
លោកស្រីគ្លីនតុនមានប្រសាសន៍ថា ទំនាក់ទំនងចិនអាមេរិកំាងមានសារៈសំខាន់ដូចគ្នានឹងទំនាក់ទំនងទ្វេភាគីនៅក្នុងពិភពលោករវាងប្រទេសនានាលើពិភពលោក ដែលគេអាចពិពណ៌នាដោយប្រើពាក្យសាមញ្ញ ដូចជា 'ប្រទេសមិត្ដ ឬ ប្រទេសគូប្រជែង'។
«ប្រវត្ដិសាស្រ្ដបានឲ្យដំបូន្មានថា ប្រទេសដែលទើបនឹងឡើងឋានៈជាមហាអំណាចថ្មីច្រើនតែដើរឆ្ពោះទៅរកយុគនៃទំនាស់ និងភាពមិនជាក់លាក់។ វាពិតហើយថា ឋិតនៅម្ខាងម្នាក់នៃមហាសាគរប៉ាស៊ីហ្វិក យើងអាចមើលឃើញសញ្ញារំជើបរំជួលនៃការកើនអំណាចនៅក្នុងប្រទេសចិន និងអំពីអនាគតនៃទំនាក់ទំនងគ្នារវាងស.រ.អ. និងចិន។ អ្នកខ្លះនៅក្នុងតំបន់ និងអ្នកខ្លះទៀតនៅទីនេះ បានមើលឃើញថា ការលូតលាស់របស់ចិនជាការគំរាមមួយដែលនឹងនាំទៅឲ្យមានទំនាស់ ដូចជាសង្រ្គាមត្រជាក់ ឬការទន់ខ្សោយរបស់ស.រ.អ.។ មានអ្នកខ្លះទៀតនៅក្នុងប្រទេសចិន មានចិត្ដព្រួយបារម្ភថា ស.រ.អ.មាននិន្នាការលំអៀងទៅលើការរាំងខ្ទប់ចិន មិនឲ្យមានការលូតលាស់ ដែលជាទស្សនមួយជំរុញឲ្យបង្កើតទស្សនៈជាតិនិយមចិន។ យើងបដិសេធទស្សនទាំងអស់នោះ»។
លោកស្រីគ្លីនតុនថ្លែងថា រដ្ឋបាលអូបាម៉ាអនុវត្ដយុទ្ធសាស្រ្ដត្រីកោណ។
«យើងនឹងប្រើវិធានការធ្វើការចរចាគ្នាដ៏ខ្លាំងសកម្មនៅតំបន់អាស៊ី ប៉ាស៊ីហ្វីក។, យើងខិតខំស្ថាបនាឲ្យមានការទុកចិត្ដគ្នាដ៏ខ្លាំង រឹងមាំរវាងចិន និងស.រ.អ. ហើយយើងប្ដេជ្ញាថា នឹងពង្រីកកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ច នយោបាយ និងសន្ដិសុខនៅគ្រប់ទីកន្លែង ដែលយើងអាចធ្វើបាន»។
លោកស្រីរដ្ឋមន្ដ្រីគ្លីនតុនមានប្រសាសន៍ទៀតថា ប្រទេសទាំងពីរត្រូវការរួមកម្លាំងគ្នាឲ្យមានប្រសិទ្ធិភាពឡើង ដើម្បីធ្វើឲ្យសម្រេចដល់កាតព្វកិច្ចសកល។ លោកស្រីមានប្រសាសន៍ទៀតថា កិច្ចការទាំងនេះត្រូវការឲ្យមានការពាក់ព័ន្ធរឹងមាំ និងជាក់ច្បាស់ ក្នុងការដោះស្រាយការខ្វែងគំនិតគ្នា ដូចជាខាងវិស័យមនុស្សធម៌។
«ពេលនេះ ខ្ញុំដឹងថា មានអ្នកខ្លះនៅក្នុងប្រទេសចិន មិនត្រឹមតែនៅក្នុងរដ្ឋាភិបាលប៉ុណ្ណោះទេ តែក្នុងចំណោមប្រជាពលរដ្ឋចិនជាទូទៅផងដែរ មិនចូលចិត្ដ ឬបដិសេធការលើកស្ទួយសិទ្ធិមនុស្សរបស់យើង ហើយថា នេះជាការជ្រែតជ្រែកចូលទៅក្នុងបូរណភាពប្រទេសចិន។ តែ ក្នុងនាមជាសមាជិកអ្នកបង្កើតអ.ស.ប.មួយដែរ ចិនបានប្ដេជ្ញាថា នឹងគោរពសិទ្ធិរបស់ប្រជាពលរដ្ឋទាំងអស់។ នេះជាសិទ្ធិសកលទទួលស្គាល់ដោយសហគមន៍អន្ដរជាតិ»។
លោកស្រីគ្លីនតុនមានប្រសាសន៍ទៀតថា ស.រ.អ.នឹងដាក់សម្ពាធមកលើចិន នៅពេលដែលអាជ្ញាធរចិនរឹតបន្ដឹងមកលើអ្នកសរសេរបញ្ចេញមតិនៅក្នុងអ៊ិនធឺណិត ឬ Bloggers ចាប់សកម្មជនដាក់គុក ហើយបដិសេធសេរីភាពក្នុងការគោរពសាសនា ហើយនិងសិទ្ធិធ្វើការតវ៉ាដោយសន្ដិវិធី។
ប្រធានាធិបតីរបស់ប្រទេសចិននឹងធ្វើដំណើរមកដល់ស.រ.អ. នៅថ្ងៃអង្គារនេះ៕
ប្រែសម្រួលដោយលោកអ៊ូ ធួក