ក្នុងតំបន់គេដាំដើមតែច្រើននៅក្នុងប្រទេសឥណ្ឌា ក្រុមអ្នកវិទ្យាសាស្រ្ដនិយាយថា ផលិតកម្មតែ បានត្រូវប៉ះពាល់ដោយការផ្លាស់ប្ដូរអាកាសធាតុ។
ខ្នងភ្នុំខ្ពស់ទាបនៃតំបន់ហិមពាន្ដឋឹតនៅតំបន់ឦសាននៃរដ្ឋអាសាម របស់ប្រទេសឥណ្ឌា ជាទីកន្លែងពោរពេញខៀវស្រងាត់ដោយដើមតែ ដែលស្លឹករបស់វាជាតែប្រណិតបំផុតមួយដែររបស់ពិភពលោក។
តែគេមានការព្រួយបារម្ភថា អាកាសធាតុឡើងកំដៅនៅទីនោះអាចធ្វើឲ្យប៉ះពាល់ដល់ដើមតែ បណ្ដាលឲ្យចុះថយដល់ផលិតកម្មដែលមនុស្សច្រើនលានអ្នកក្នុងពិភពលោកឆុងផឹក នៅពេលគេភ្ញាក់ពីដំណេក។
នាយកសមាគមន៍ស្រាវជ្រាវតែនៅក្នុងតំបន់ អាសាម លោក ម្រីឌុល ហាសារីកា (Mridul Hasarika) កំពុងសឹក្សាអំពីការប៉ះពាល់ពីការផ្លាស់ប្ដូរអាកាសធាតុនៅក្នុងផលិតកម្មតែ។
«យើងបានសង្កេតឃើញថា សីតុណ្ហភាពអប្បរិមាកើនលើសពីរអង្សាសង់ទីក្រាដ រួចកម្ពស់ភ្លៀងធ្លាក់តិច មិនធ្លាប់មានជាង៩០ឆ្នាំមកហើយ មកនៅត្រឹម ជិត២០០ មីលីម៉ែត្រ។ កម្ពស់ទឹកភ្លៀងនេះមានសារៈសំខាន់ណាស់ សម្រាប់ផលិតកម្មតែ។»
អ្នកវិទ្យាសាស្រ្ដនិយាយថា ការកើនសីតុណ្ហភាពអាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់ដើមតែ។ កម្ពស់ទឹកភ្លៀង ផលិតកម្មតែនៅក្នុងតំបន់ អាសាមបានចុះទាប ក្នុងបុន្មានឆ្នាំថ្មីៗនេះ ទោះបីជាដំណាំតែកាន់តែរីកដាលនៅក្នុងតំបន់នោះក៏ដោយ។
ភ្លៀងធ្លាក់មិនទៀងទាត់ជាការព្រួយបារម្ភពិសេសមួយរបស់អ្នកដាំដើមតែ ពីព្រោះដើមតែពឹងផ្អែកច្រើនមកលើអាកាសធាតុ។ អ្នកទាំងនោះ បានចង្អុលបង្ហាញថា កាលពីឆ្នាំមុន មានពន្លឺថ្ងៃតិចណាស់ បណ្ដាលឲ្យមានភាពសើមធ្វើឲ្យដើមតែមានការលំបាកនឹងលូតលាស់។
អ្នកដាំដើមតែមានសុទិដ្ឋិនិយមថា ដើមតែខ្លាំងអាចសម្របសម្រួលខ្លួនវាបាន តែគេកំពុងស្វែងរកមធ្យោបាយដើម្បីប្រយុទ្ធតទល់នឹងការប៉ះពាល់ដោយសារអាកាសធាតុ៕
ប្រែសម្រួលដោយលោក អ៊ូ ធួក