ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផ្ទះ​ប្រមាណ​១លានខ្នង​បាន​ខូចខាត​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​ពេល​១៧ឆ្នាំ​កន្លងមក


រូបឯកសារ៖ ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​លិចលង់ ដោយសារ​ទឹកទំនប់​វារីអគ្គិសនី​សេសានក្រោម២ ក្នុង​ខេត្តស្ទឹងត្រែង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)
រូបឯកសារ៖ ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​លិចលង់ ដោយសារ​ទឹកទំនប់​វារីអគ្គិសនី​សេសានក្រោម២ ក្នុង​ខេត្តស្ទឹងត្រែង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)

ផ្ទះ​របស់​ប្រជាពលរដ្ឋ​ប្រមាណ​ជា​ ១លានខ្នង​ផ្ទះ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ បាន​រងផល​ប៉ះ​ពាល់​ពី​ការ​ប្រែប្រួលអាកាសធាតុ​ ក្នុង​ចន្លោះ​ឆ្នាំ​ ២០០០​ដល់ឆ្នាំ​ ២០១៧។ នេះបើតាម​របាយ​ការណ៍​របស់​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា ហៅកាត់​ថា​ អង្គការ​ NGO Forum​ ដែល​បាន​ចេញផ្សាយ​ជា​សាធារណៈ​នៅ​សប្តាហ៍​នេះ។

ការ​ប្រែប្រួល​អាកាសធាតុ​ ក៏​នឹង​អាច​ធ្វើ​ឲ្យ​កម្ពុជា​ ជួប​បញ្ហា​ប្រឈម​ដើម្បី​ប្រែក្លាយ​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​នៅ​ ១០​ឆ្នាំ​ខាង​មុខ​ទៀត​ផងដែរ។

របាយការណ៍​របស់​អង្គការ ​NGO Forum​ កម្រាស់ ​១៥ទំព័រ​ មាន​ចំណងជើង​ថា៖ «ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ​យល់​ដឹង​អំពី​ថវិកា​ឆ្លើយ​តប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ»​ បាន​បញ្ជាក់​ឲ្យ​ដឹងថា​ ក្នុង​ចំនួន​ផ្ទះប្រមាណ​ ១លាន​ខ្នង​ផ្ទះ​ ដែល​ទទួល​រង​ផល​ប៉ះពាល់​ពីការ​ប្រែប្រួល​អាកាសធាតុ​ មាន​ផ្ទះ​ចំនួន​ជាង​ ៧៤ម៉ឺនខ្នង​ ត្រូវ​ខូច​ខាត​ដោយ​សារ​ទឹក​ជំនន់​ និង​ផ្ទះ​ ១៨ម៉ឺន​ខ្នងត្រូវ​ខូច​ខាត​ ដោយ​សារ​ខ្យល់​ព្យុះ​ ហើយ​និង​ផ្ទៃដី​ប្រមាណ​ជាង​ ៤២ម៉ឺនហិកតា​ ត្រូវ​រង​ផលប៉ះពាល់​ពី​គ្រោះ​រាំង​ស្ងួត។

ផលិតផល​ក្នុងស្រុក​សរុប​ (ផ.ស.ស.)​ ត្រូវ​គេរំពឹង​ថា​ នឹង​ធ្លាក់​ចុះ​ចំនួន​ ០,៤ភាគរយ​ នៅត្រឹម​ឆ្នាំ​ ២០២០នេះ​ ហើយផលិតផល​ក្នុង​ស្រុក​សរុប​ក៏​ត្រូវ​គេ​រំពឹង​ថា ​នឹង​ធ្លាក់​ចុះក្រោម ៩,៨​ភាគរយនៅ​ឆ្នាំ​ ២០៥០​ ប្រសិនបើ​ការ​ប្រែ​ប្រួល​អាកាសធាតុ​ឥឡូវនេះ​ ពុំបាន​ដោះស្រាយ​ឲ្យទាន់​ពេល។

របាយ​ការណ៍​ដដែល​បាន​ឲ្យ​ដឹង​បន្ថែមថា៖ «ផែន​ការ​ប្រទេស​កម្ពុជា​ ក្នុង​ការ​ក្លាយ​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០​ អាចនឹង​ប្រឈម​ហានិភ័យ»។

លោក ​ហុក​ ម៉េងហ៊ាន់​ ប្រធាន​កម្មវិធី​បរិស្ថាន​និង​កសិកម្ម​នៃ​អង្គការ​ NGO Forum ប្រាប់​ VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ របាយការណ៍​នេះ​មាន​បំណង​ផ្តល់​ការ​យល់​ដឹង​ដល់ប្រជាពលរដ្ឋ​ខ្មែរ​ អំពី​ការ​បែងចែកថវិកា​របស់​រដ្ឋាភិបាល​សម្រាប់​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ក្នុង​ប្រទេស។ លោក​ឲ្យដឹង​ថា​ តាម​ការ​ចងក្រង​ទិន្នន័យ​ដែលមាន​ស្រាប់​របស់​ក្រសួង​ សា្ថប័ន​ពាក់​ព័ន្ធ​នានា​ ការ​ចាយវាយ​លើ​ការ​ឆ្លើយតប​ទៅនឹង​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​មាន​កម្រិត ​បើ​មើល​ទៅលើ​ទិន្នន័យ​ដែល​ប្រមូលបាន​ពី​ឆ្នាំ​ ២០១៤ និង​ឆ្នាំ ​២០១៧។

លោកបាន​បន្ថែមថា​ រដ្ឋាភិបាល​ និង​ដៃ​គូអភិវឌ្ឍន៍​ពាក់​ព័ន្ធ​ គួរ​ពិចារណា​បន្ថែម​ការ​ចំណាយ​លើ​សកម្មភាព​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​ ដោយសារ​កាល​ពីឆ្នាំ​កន្លង​ទៅ​នេះ​ កម្ពុជា​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ដំណំ​ពី​ការ​ប្រែប្រួល​អាកាសធាតុ​នេះ។

«ឆ្នាំ​ទៅ​ ឆ្នាំ​ថ្មីៗនេះ​ យើង​ជួប​ហានិភ័យ​ ទាក់​ទងទៅនឹង​គ្រោះ​រាំង​ស្ងួត​ ឬក៏​ទាក់​ទង​ទៅនឹង​ទឹក​ជំនន់​អីមួយ​ចំនួន​ដែល​មកពី​លំហូរ​ទឹក​មួយ​ចំនួន​ដែល​កើតឡើង​ជាក់​ស្តែង​នៅ​ប៉ែកឦសាននៃ​ប្រទេស​អីចឹង។ ចឹង​ ទាក់ទង​ទៅនឹង​ផែនការ​បន្សាំ​ ឬក៏​ផែនការ​ទប់​ស្កាត់​ ទាក់​ទង​ទៅនឹង​អាកាស​ធាតុ​នេះ​ គួរ​តែ​បង្កើន​ ការ​យក​ចិត្ត​ទុក​ដាក់​ថែម​ទៀត»។

របាយការណ៍​របស់​អង្គការ​ NGO Forum​ បាន​បង្ហាញថា នៅ​ក្នុង​ឆ្នាំ​ ២០១៧ ថវិកា​ដែល​បាន​ផ្តោត​ទាំង​ស្រុង​លើ​ការ​ដោះ​ស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ​ នៅ​តែ​មាន​កម្រិត​ទាប​ត្រឹម​តែ​ ២២៥​លាន​ដុល្លារ​ (គឺស្មើនឹង​ប្រមាណ​ ៩១២ពាន់​លាន​រៀល)។

​VOA ​មិន​ទាន់​អាច​សុំការ​អធិប្បាយ​ពី​លោក នេត្រ ភក្រ្តា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ និង​លោក ​ផៃ ស៊ីផាន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បានទេ​នៅថ្ងៃ​សុក្រ​នេះ។

ដោយឡែក​ លោក ​ឃុត ចាន់ដារ៉ា សមាជិក​គណៈកម្មការទី​៣ នៃ​រដ្ឋសភា​ បាន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ថា ​រដ្ឋសភា​នឹង​ចូលរួម​ពេញ​លេញ​ជុំវិញ​ការ​ជជែក​ដេញ​ដោល​លើ​ដំណើរការ​បែង​ចែក​ថវិកា​ សម្រាប់​ការ​ឆ្លើយ​តបទៅនឹង​ការ​ប្រែប្រួល​អាកាសធាតុ​នេះ។ នេះ​បើយោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់អង្គការ NGO Forumដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃព្រហស្បតិ៍។

របាយការណ៍​របស់​អង្គការ​ NGO Forum​ បាន​ផ្តល់​នូវ​អនុសាសន៍​សំខាន់ៗ​ចំនួន​បួន​ដល់​រដ្ឋា​ភិ​បាល​កម្ពុជា​ក្នុង​ការ​ពង្រឹង​ការ​ឆ្លើយតប​របស់​ខ្លួន​ទៅនឹង​ការ​ប្រែប្រួល​អាកាសធាតុ។

អនុសាសន៍​ចំនួនពីរ​ បាន​ស្នើ​ឲ្យរដ្ឋាភិបាលគួរ​រៀបចំ​របាយការណ៍​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ​យល់​ដឹង​អំពី​ថវិកា​ឆ្លើយតប​ទៅនឹង​ការ​ប្រែប្រួល​អាកាសធាតុ​ឲ្យ​បាន​ទៀង​ទាត់​ ដែល​បង្ហាញ​ពី​នីតិវិធី​នៃ​ការ​ប្រមូល​ថវិកា​ជាតិ​ និង​ការ​ចំណាយ​ក្នុងការ​ដោះស្រាយ​ការប្រែប្រួល​អាកាស​ធាតុ​ដោយ​សរសេរ​ជា​ភាសាសាមញ្ញ​ និង​ងាយ​យល់។

ក្រសួង​ពាក់​ព័ន្ធ​គួរអនុញ្ញាត​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មាន​ឱកាស​ចូលរួម​ពិភាក្សា​ ដើម្បី​ពង្រឹង​ដំណើររៀបចំ​ថវិកា​ជាតិ​ក្នុងការ​ដោះស្រាយ​ ការ​ប្រែប្រួល​អាកាសធាតុ​ថ្នាក់​ជាតិ​ និង​មូលដ្ឋាន៕

XS
SM
MD
LG