ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង្វះ​ហិរញ្ញវត្ថុ​អាច​ជា​ឧបសគ្គ​ដល់​ការ​ជំរុញ​ស្រ្តី​ឲ្យ​ចូលរួម​ការបោះឆ្នោត​ឃុំ- សង្កាត់


ក្រុម​អង្គការ​លើក​កម្ពស់​ស្រ្តី​យល់​ថា​ ដើម្បី​ឱ្យ​ស្ត្រី​អាច​ឈរ​ឈ្មោះ​ឱ្យ​​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ជូន​បាន​​ ពួកគេ​ត្រូវ​មាន​ជំនាញ​ជាមូលដ្ឋាន​មួយ​ចំនួន​ ក្នុង​នោះ​មាន​ដូច​ជា​ ការថ្លែង​ជា​សាធារណៈ ​និង​ការ​ដោះស្រាយ​បញ្ហា​ជាដើម។
ក្រុម​អង្គការ​លើក​កម្ពស់​ស្រ្តី​យល់​ថា​ ដើម្បី​ឱ្យ​ស្ត្រី​អាច​ឈរ​ឈ្មោះ​ឱ្យ​​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ជូន​បាន​​ ពួកគេ​ត្រូវ​មាន​ជំនាញ​ជាមូលដ្ឋាន​មួយ​ចំនួន​ ក្នុង​នោះ​មាន​ដូច​ជា​ ការថ្លែង​ជា​សាធារណៈ ​និង​ការ​ដោះស្រាយ​បញ្ហា​ជាដើម។

ក្នុង​ខណៈ​ពេល​ដែល​មាន​និន្នាការជំរុញ​ស្រ្តី​ឱ្យឈរ​ឈ្មោះ​បាន​ច្រើន​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ឆ្នាំ​ក្រោយ​នេះ​ អង្គការ​លើក​កម្ពស់​ស្រ្តី ព្រួយ​បារម្ភ​ថា​ ពេល​វេលា​នៅ​សល់​តិចតួច​ណាស់​ក្នុង​ការផ្តល់​ការហ្វឹកហ្វឺន​ឱ្យ​ស្ត្រី​រៀបចំ​គ្រប់​លក្ខណៈសម្បត្តិ​ដើម្បី​ឈរ​ឈ្មោះ​សម្រាប់​ការបោះឆ្នោត​នេះ​ ហើយ​ជំនួយ​ឧបត្ថម្ភ​ដល់​ការបង្រៀន​នានា​ហាក់​នៅ​មិន​ទាន់​មាន​នៅ​ឡើយ។

ក្រុម​អង្គការ​លើក​កម្ពស់​ស្រ្តី​យល់​ថា​ ដើម្បី​ឱ្យ​ស្ត្រី​អាច​ឈរ​ឈ្មោះ​ឱ្យប្រជាពលរដ្ឋ​បោះ​ឆ្នោត​ជូន​បាន ពួកគេ​ត្រូវ​មាន​ជំនាញ​ជាមូលដ្ឋាន​មួយ​ចំនួន​ ក្នុង​នោះ​មាន​ដូច​ជា​ ការថ្លែង​ជា​សាធារណៈ ​និង​ការ​ដោះស្រាយ​បញ្ហា​ជាដើម។

លោកស្រី​ ប៉ុក ណន្តដា​ នា​យិកា​អង្គការ​ចម្រើន​ស្រ្តី​ បាន​បញ្ជាក់ថា លោក​ស្រ្តី​បាន​រៀបចំ​ផែនការ​បណ្តុះ​បណ្តាល​ជាច្រើន​ ប៉ុន្តែ​ការឧបត្ថម្ភ​ពី​ម្ចាស់​ជំនួយ​ហាក់​នៅ​ឆ្ងាយ​ណាស់ មក​ដល់​ពេល​នេះ។

«ឥឡូវ​នេះ​ មកដល់​ពេលនេះ​ យើង​មិនទាន់​ឮម្ចាស់​ជំនួយ​ណាមួយ​នៅ​ឡើយ​ទេ ​ដែល​គាត់​ថា​ គាត់​មាន​លុយ​ប៉ុណ្ណេះ ​មាន​លុយ​ប៉ុណ្ណោះ ​ដើម្បី​ជួយ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ហ្នឹង​ជួយ​បណ្តុះ​បណ្តាល។​ អត់​ទាន់​មាន​អ្នក​ណា​មួយ​ច្បាស់​លាស់​ទេ​។ ទៅជា​ពួកគាត់​ទៅវិញ​ដែល​មក​តាម​សួរ​យើង ​ ដូច​ជា​អង្គការ​យូអឹនឌីភី ​អង្គការ​ UN Women ​ទៅជា​គាត់​មក​តាម​សួរ​យើង​ខ្ញុំ​ទៅវិញ​ថា​ តើ​យើង​ខ្ញុំ​មាន​គម្រោង​ទេ ​ហើយ​ពេល​ណាដែរ។​ តែ​ពេល​ដែល​យើង​សួរ​ទៅ​គាត់​វិញ​ថា​ គាត់​មាន​លុយ​ប៉ុន្មាន?​ អត់​ឆ្លើយ ហើយ​ពេល​ណា​ក៏​អត់​ឆ្លើយ​ដែរ។ ដូច្នេះ​យើង​ខ្ញុំ​នេះ​មាន​ការ​បារម្ភ​ណាស់​ថា​ ការបោះឆ្នោត​នេះ​កាន់​តែ​ខិត​ជិត​មកហើយ​គឺ​នៅ​ខែ​៦​ហើយ។​ ហើយ​ឥឡូវ​ខែ​១២​ហើយ។ ​តើ​យើង​ត្រៀម​លក្ខណៈ​ដូចម្តេច​ទៅ ​បើ​យើង​មិន​បាន​ចាប់ផ្តើម​ឱ្យ​បាន​ពី​ចម្ងាយ។ ​នៅ​ពេល​ដែល​យើង​ចាប់ផ្តើម​ពី​ចម្ងាយ​ នោះ​បាន​ការងារ​របស់​យើង​មាន​ប្រសិទ្ធភាព»។

ប្រទេស​កម្ពុជា​គ្រោង​នឹង​រៀបចំ​ការបោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅថ្ងៃ​ទី​៣ ​ខែ​មិថុនា​ ឆ្នាំ​២០១២​នេះ​ហើយ​នឹង​មានតំណែង​ក្រុម​ប្រឹក្សា​ចំនួន​១១.៤៥៩​ដែល​នឹង​ត្រូវ​ប្រកួត​ប្រជែង។

លោកស្រី​ប៉ុក ណន្តដា​សង្ឃឹម​ថា​ ចំនួន​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ជាស្រ្តី​នឹង​ឡើង​ដល់​២៥​ភាគរយ ​ប៉ុន្តែ​ទាំង​អង្គការ​សង្គម​ស៊ីវិល​និង​គណបក្ស​នយោបាយ​ត្រូវ​ធ្វើការ​ជាមួយ​គ្នា​ឱ្យ​បាន​សកម្ម។

លោក​ស្រី​យល់​ថា​ ជំហាន​ដំបូង​ ស្រ្តី​ត្រូវ​មាន​ជំនាញ​ក្នុង​ការ​និយាយ​ជា​សាធារណៈ​ទៅ​កាន់​ហ្វូង​មហាជន។

«ឱ្យ​គាត់​មាន​ភាព​ក្លាហាន​ក្នុង​ការ​ជួប​ជាមួយ​ប្រជាពល​រដ្ឋ​ ​ឱ្យ​គាត់​ហ៊ាន​និយាយ​ ហ៊ាន​សួរ​ ហ៊ាន​លើក​ចំណុច​ដែល​ប្រជាពលរដ្ឋ​ខ្វាយខ្វល់​ ហើយ​ហ៊ាន​ឆ្លើយ​នឹង​សំណួរ​របស់​ប្រជាពលរដ្ឋ។ ​ដូច្នេះ​ការនិយាយ​នៅ​មុខ​សាធារណៈ​នោះ​ត្រូវ​តែ​មាន​ជា​ចាំ​បាច់​តែ​ម្តង​ចំពោះ​ស្រ្តី​ដែល​មាន​បំណង​ឈរ​ឈ្មោះ​ជា​បេក្ខ​នារី»។

នៅមូលដ្ឋាន​មាន​បញ្ហា​ជាច្រើន​ ដែល​មាន​ដូច​ជា​ ការស្វែង​រក​ការងារ​ធ្វើ​ ទំនាស់​ដីធ្លី ​ការអភិវឌ្ឍ​មូលដ្ឋាន ​ការអប់រំ ​និង​បញ្ហា​សុខភាព​ជាដើម​ ដែល​លោក​ស្រី​ប៉ុក ណន្តដា​យល់​ថា ​ស្រ្តី​ត្រូវ​មាន​ជំនាញ​ដោះស្រាយ​និង​ឆ្លើយ​តាម​ការ​សាកសួរ​ចង់ដឹង​ពី​ពលរដ្ឋ​មូលដ្ឋាន។

«ខ្ញុំ​ជឿ​ថា​ មិន​មាន​អ្នកណា​ម្នាក់​អាច​ដោះស្រាយ​គ្រប់​បញ្ហា​ទេ​ ក៏​ប៉ុន្តែ​គេ​មាន​វិធីសាស្រ្ត​ក្នុង​ការឆ្លើយ​នឹង​សំណួរ​ដែល​ប្រជាពលរដ្ឋ​គាត់​មាន​កង្វល់។ ​ឆ្លង​តាម​បទពិសោធន៍​ មាន​ន័យ​ថា ​ប្រជាពលរដ្ឋ​គាត់​សិក្សា​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ​ហើយ​យើង​យក​បទ​ពិសោធន៍​ហ្នឹ​ងយក​មក​និយាយ​ជាមួយ​ប្រជា​ពលរដ្ឋ​ ថា​តើ​យើង​អាច​ធ្វើ​អញ្ចេះ​ទេ​ ធ្លាប់​សាកល្បង​អញ្ចេះ​ទេ​ ហើយ​មាន​គំនិត​ផ្តួចផ្តើម​ថា​ ធ្វើ​ដូច្នេះ។ ខ្ញុំ​ជឿ​ថា​ វា​ជា​ចំណេះ​ដឹង​មួយ​ដែល​ស្រ្តី​ត្រូវ​តែ​មាន​ក្នុង​ការ​បង្ហាញ​ខ្លួន​នៅ​មុខ​សាធារណៈ​ នៅមុខ​ប្រជាពលរដ្ឋ»។

វីអូអេ​បាន​ព្យាយាម​ទាក់ទង​នឹង​ម្ចាស់​ជំនួយ​មួយ​ចំនួន​ដែល​ធ្វើការងារ​ទាក់​ទង​នឹង​ការ​លើក​កម្ពស់​ស្ត្រី​ ប៉ុន្តែ​មិន​មាន​ការឆ្លើយ​តប​អ្វី​ឱ្យ​បាន​ជាក់​លាក់​ទេ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ គណបក្ស​នយោបាយ​ធំៗ​មួយ​ចំនួន​បាន​ត្រៀម​លក្ខណៈ​ខ្លះ​ហើយ​ក្នុង​ការ​ផ្តល់​ការ​ហ្វឹកហ្វឺន​ដល់​ស្រ្តី។

លោកស្រី​មូ សុខហួរ​ តំណាង​រាស្ត្រនិង​ជា​ប្រធាន​ចលនា​ស្រ្តី​នៃ​គណបក្ស​សម រង្ស៊ី​យល់​ស្រប​នឹង​ភាពចាំ​បាច់​ដែល​សង្គម​ស៊ីវិល​បាន​លើក​ឡើង​និង​បញ្ជាក់​ថា​ នេះ​គឺ​ជា​អ្វី​ដែល​គណបក្ស​របស់​លោកស្រី​កំពុង​ផ្តោត​ការយក​ចិត្ត​ទុកដាក់។

«ទីមួយ​យើង​បង្ហាត់​បង្រៀន​និង​បង្កើន​នូវ​ការយល់​ដឹង​ បង្កើន​នូវ​ការ​រឹងមាំ​និង​ភាព​ក្លាហាន​ ហើយ​នឹង​យើង​បង្កើន​នូវ​បច្ចេក​ទេស​ផ្សេងៗ​ ដូចជា​បច្ចេកទេស​ឃោសនា​ និយាយ​ទៅកាន់​សាធារណជន​ជាដើម។ ​តាម​រយៈ​ចលនា​ស្ត្រី​ យើង​បាន​បណ្តុះ​បណ្តាល​ យើង​បាន​ចងក្រង​ស្រ្តី​យើង​អស់​រយៈ​ពេល​ជាង​មួយឆ្នាំ​មកហើយ។​ ហើយ​យើង​នឹង​បន្ត​ទៅ​ទៀត ​ដោយ​យើង​សហការ​ជាមួយ​អង្គការ​ស្ត្រី​ដទៃ​ទៀត»។

លោកស្រី​ហូ ណូន ​ប្រធាន​គណៈ​កម្មការ​សុខាភិបាល ​សង្គមកិច្ច​ ការងារ​និង​កិច្ចការ​នារី​នៃ​រដ្ឋសភា​ និង​ជា​សមាជិក​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​បញ្ជាក់​ថា​ គណបក្ស​កាន់​អំណាចក៏​ផ្តោត​ការយក​ចិត្ត​ទុកដាក់​ដល់​សារៈ​សំខាន់​នៃ​សមត្ថភាព​របស់​ស្រ្តី​ដែរ។

«សំខាន់​គឺ​រឿង​សមត្ថភាព ​កាលណា​ឱ្យ​ប្រជាជន​បោះ​ឆ្នោត​ឱ្យ​ ទាល់​តែ​យើង​ជាស្រ្តី​មាន​សមត្ថភាព​ដើម្បី​បម្រើ​ការងារ​ផង​ដែរ»។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នឹង​ប្រកាស​ឈ្មោះ​គណបក្ស​ដែល​ត្រូវចូល​រួម​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៣១ ​ខែ​ធ្នូ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG