ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

 
សង្គមស៊ីវិលរំពឹង​ដំណើរការ​ឡើងវិញ​របស់​ទីភ្នាក់ងារ​ ​USAID​​ ខណៈមាន​ការ​តវ៉ា​នៅសហរដ្ឋអាមេរិក
ព័ត៌មាន​​ថ្មី

សង្គមស៊ីវិលរំពឹង​ដំណើរការ​ឡើងវិញ​របស់​ទីភ្នាក់ងារ​ ​USAID​​ ខណៈមាន​ការ​តវ៉ា​នៅសហរដ្ឋអាមេរិក


រូបឯកសារ៖ ទង់ជាតិអាមេរិក និងទង់ជាតិ USAID ហោះនៅខាងក្រៅអគារ USAID ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥។
រូបឯកសារ៖ ទង់ជាតិអាមេរិក និងទង់ជាតិ USAID ហោះនៅខាងក្រៅអគារ USAID ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥។

មេដឹកនាំ​និង​តំណាង​អង្គការ​សង្គមស៊ីវិល​មួយចំនួន​បាន​ឲ្យដឹង​អំពីកា​ររំពឹង​របស់​ពួក​គេ​លើ​ការ​ផ្លាស់ប្តូរមកវិញនូវ​សេចក្តី​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាលអាមេរិក​ ​នៅ​ក្នុងការ​ផ្អាក​ប្រតិបត្តិការ​របស់​ទីភ្នាក់​ងារសហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍ​អន្តរជាតិ ហៅ​កាត់ថា​ (USAID)។

ទីភ្នាក់ងារ ​USAID ត្រូវផ្អាក​ប្រតិបត្តិការ​របស់​ខ្លួន​ក្នុងរយៈពេល ​៩០ ថ្ងៃ គឺគិតចាប់​តាំង​ពីចេញបទ​បញ្ជា​របស់​លោក​ប្រធានាធិបតីអាមេរិក Donald Trump​ ឲ្យផ្អាក​សកម្មភាពផ្តល់ជំនួយ​នានា​កាលពី​ចុង​ខែ​មករាមក។

ប្រធានសមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​លោក ​នី សុខា​ ប្រាប់​វីអូអេ​ក្នុង​បទសម្ភាសន៍មួយកាលពី​ពេល​ថ្មីៗនេះ​ថា​ អង្គការ​សមាគមនៅកម្ពុជា​នឹង​មានក្តីសង្ឃឹមថា​ ក្នុងរយៈពេល​ ៩០ ​ថ្ងៃនេះ ការ​ប្រែប្រួល​អាច​នឹង​កើត​មាន​ឡើង​ចំពោះប្រតិបត្តិការ​របស់​ទីភ្នាក់​ងារ​ USAID​ ដែល​ជាម្ចាស់​ជំនួយ​ដ៏ធំមួយ​សម្រាប់ប្រទេសកម្ពុជា។

លោក​ថ្លែងថា៖ «យើង​ដឹង​ហើយ​ថា នៅក្នុង​ការណ៍ដែល​ពេល​រយៈពេល ​៩០ ​ថ្ងៃ​នេះ​ យើង​ដឹង​ថា​ វា​ជា​រយៈពេល​នៃ​ការ​ផ្អាក​ជាបណ្តោះ​អាសន្ន។ ដូច្នេះ​ ទៅថ្ងៃ​អនាគត​ទៅខាង​មុខ​នេះ​ យើង​ក៏មិន​ដឹង​ច្បាស់ទាំង​អស់​គ្នា​ថាយ៉ាងម៉េច​ដែរ​ ក៏ប៉ុន្តែ​គ្រាន់តែ​ថា​សម្រាប់​ខ្ញុំ ខ្ញុំនៅតែ​មាន​សុទិដ្ឋិនិយម​ថា​ ប្រទេស​សហរដ្ឋ​អាមេរិក​នឹង​មិន​បោះបង់​ចោល​ពី​នយោបាយ​លើក​កម្ពស់​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​នៅលើ​ពិភពលោក​ទេ។ អ៊ីចឹង​ ដើម្បី​ឲ្យមាន​ការ​ចូល​រួម​លើក​កម្ពស់​សិទ្ធិមនុស្ស ប្រជាធិប​តេយ្យ ប្រទេស​សហរដ្ឋ​អាមេរិក​ គឺ​ជាប្រទេស​មួយដែល​សកម្ម​នៅ​ក្នុង​ការ​ផ្តល់​នូវ​លទ្ធភាព​ ផ្តល់​នូវ​ជំនួយ​ផ្សេង​ៗ​ទៅដល់​ប្រទេស​ដែល​ជាដៃគូ​មួយ​ចំនួន​នៅ​ក្នុងពិភពលោកហ្នឹង ដូចជាកម្ពុជា​ជាដើមហ្នឹង អាចនឹងទទួល​ជំនួយ​ត្រឡប់​មក​វិញ។ ប៉ុន្តែក្នុងកម្រិតយ៉ាងម៉េច យើងមិនច្បាស់ទេ គ្រាន់តែថា ជារួមគឺថា អាចនឹងទទួល​បាន​ជំនួយ​ត្រឡប់មកវិញ ដោយ​អាមេរិក​មិន​បោះបង់ចោល​បញ្ហា​ហ្នឹងទេ»។

នាយកទទួលបន្ទុកកិច្ច​ការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូលោក ​អំ សំអាត យល់​ឃើញ​ថា ការផ្អាក​សកម្មភាពរបស់​ទីភ្នាក់​ងារ USAID ​បានបង្ក​ផល​ប៉ះពាល់​លើ​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ដោយ​សារ​ស្ថាប័នក្រៅ​រដ្ឋាភិបាល​ទាំងនោះ​ពឹង​ផ្អែកលើ​ជំនួយ​របស់​ទី​ភ្នាក់​ងារ​នេះ។ លោក​បាន​បន្ថែម​ថា ភាគី​រដ្ឋាភិបាល​កម្ពុជា​ក៏រង​ផល​ប៉ះពាល់​ពីការ​ផ្អាក​ការងារ​របស់​ USAID ​ផងដែរ​ ដូចជា​ការ​បោសសម្អាត​មីន​ជាដើម។ លោក​រំពឹង​ផង​ដែរ​ថា ទីភ្នាក់​ងារ USAID ​នឹង​ដំណើរការឡើងវិញ​ ខណៈ​អង្គការ​ក្រៅ​រដ្ឋាភិបាល​និងសមាគម​មួយចំនួននៅ​កម្ពុជានៅត្រូវការ​ជំនួយពី​ភ្នាក់​ងារ​សាកល​មួយនេះ។

លោក​ថ្លែង​ថា​៖ «អ៊ីចឹង​ បើសិន​ជា​កា​រអូសបន្លាយ​ ឬក៏​ USAID នេះ​ត្រូវបាន​បញ្ចប់​ វាប៉ះ​ពាល់​ច្រើន​សម្រាប់សង្គម​ស៊ីវិល ​ក៏ដូច​ជាការ​អភិវឌ្ឍ​ផ្សេង​ទៀត​ដែរ​ ជាពិសេស​ទាក់​ទង​នឹង​ការ​កែលម្អ​ទៅ​លើ​លទ្ធិ​ប្រជាធិប​តេយ្យ​ និង​ការ​គោរពសិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​យើង​។ អ៊ីចឹង​ ខ្ញុំសង្ឃឹម​ថា​ ក្រោយ​ពី ​៩០ ​ថ្ងៃ​នេះ​ សហរដ្ឋ​អាមេរិក​នឹង​បន្ត​ជំនួយ​ USAID នេះ​សម្រាប់​កម្ពុជា​ក៏ដូច​ជា​ពិភព​លោក​ឡើងវិញ​ដើម្បី​ឲ្យ​មាន​ការ​អភិវឌ្ឍ ការ​ចូលរួមធ្វើការ​អភិវឌ្ឍ​ទៅលើ​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង»។

ទីភ្នាក់​ងារ​ USAID ជា​ម្ចាស់​ជំនួយ​ធំ​ជាង​គេ​បង្អស់​តែ​មួយ​គត់​នៅលើ​ពិភពលោក។ ក្នុង​ឆ្នាំ​សារពើ​ពន្ធ ២០២៣ សហរដ្ឋ​អាមេរិក​បាន​បញ្ចេញ​ជំនួយ ​៧២ ​ពាន់​លាន​ដុល្លារ​នៅ​ជុំវិញ​ពិភពលោក​ទៅ​លើ​ផ្នែក​គ្រប់​មុខ​ រាប់​ចាប់​ពី​សុខភាព​ស្ត្រី​ក្នុង​តំបន់​សង្គ្រាម​រហូត​ដល់​ការ​ទទួល​បាន​ទឹកស្អាត ការ​ព្យា​បាល​វីរុស​ឬ​ជំងឺ​អេដស៍ សន្តិសុខ​ថាមពល ​និង​ការងារ​ប្រឆាំង​អំពើ​ពុករលួយ។
ទីភ្នាក់ងារ​នេះ​បាន​ផ្តល់​ជំនួយ​មនុស្សធម៌ ​៤២% ក្នុង​ចំណោម​ជំនួយ​មនុស្សធម៌​ទាំងអស់​ដែល​កត់ត្រា​ដោយ​អង្គការ​សហប្រជាជាតិ​ក្នុង​ឆ្នាំ​ ២០២៤។

ក្រោយ​ពេល​លោក​ Trump​ ចេញបញ្ជា​ឲ្យផ្អាក​កម្មវិធីផ្តល់​ជំនួយ​នានា​ ដែលមានទំនាក់​ទំនង​នឹង​រដ្ឋាភិបាល​អាមេរិក​ សមាជិក​សភា​អាមេរិក​មួយចំនួន​មក​ពីគណបក្ស​ប្រជាធិប​តេយ្យ​បាន​ផ្តើម​ការ​តវ៉ា​ជំទាស់​នឹង​កា​រ​ផ្អាកកម្មវិធីជំនួយទាំងនោះ​ ក្នុងនោះ​ក៏មាន​ការផ្អាក​ប្រតិបត្តិការ​របស់​ទីភ្នាក់​ងារ​ USAID។

បើតាម​សមាជិក​សភាទាំងនោះ​ ការ​ផ្អាក​ប្រតិបត្តិការ​របស់​ទីភ្នាក់​ងារ USAID ​បាន​បង្ក​ការ​លំបាក​ជាច្រើន​ដល់​ក្រុមប្រទេសក្រីក្រ ឬកំពុងអភិវឌ្ឍន៍​ដែល​ត្រូវការ​ជំនួយ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ចាំ​បាច់​មួយ​ចំនួន​ ដូចជាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង​ ការ​អត់ឃ្លាន​ និង​ដំណើរ​ការ​អភិវឌ្ឍ​សង្គម​ផ្សេង​ទៀត។ ពួកគេថា​នឹង​មានការ​ក្រោកតវ៉ា​ជំទាស់​នឹង​ការ​ផ្អាក​សកម្ម​ភាព​របស់​ទីភ្នាក់​ងារ USAID ដោយ​មិនរាថយ​ផងដែរ។

សមាគម​មួយចំនួន​នៅកម្ពុជាកំពុង​ប្រឈម​នឹង​វិបត្តិ​មូលនិធិ​ នៅពេល​ទីភ្នាក់ងារUSAID ​ផ្អាក​សកម្មភាពរបស់​ខ្លួន។

ប្រធានសមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ហៅកាត់​ថា IDEA​លោក​ វន់​ ពៅ បានវាយ​តម្លៃ​ថា​ ក្នុងករណីដែល​ USAID ពិត​ជា​ឈប់​ដំណើរ​កា​រ ផល​ប៉ះ​ពាល់​អាក្រក់​នឹង​ធ្លាក់​ទៅ​លើ​អ្នក​សហជីព​ដែល​ការពារ​សិទ្ធិកម្មករ​ សកម្មជន និងអ្នកការពារ​សិទ្ធិ​មនុស្សដែល​ត្រូវ​ការ​ជំនួយ​ដើម្បី​ពង្រឹង​ប្រជាធិបតេយ្យ និង​លម្ហសហជីព។ លោក​ថា​ សមាគម​របស់លោក​ក៏កំពុង​រង​ផល​ប៉ះ​ពាល់​ខ្លាំងនៃ​ការ​ខ្វះ​ជំនួយ​សម្រាប់​បន្តប្រតិបត្តិការការិយាល័យកណ្តាល និង​ទីស្នាក់​ការ​សមាគម​នៅតាម​បណ្តា​ខេត្ត។

ទោះ​ជា​យ៉ាង​ណាក្តី លោក​នៅ​សង្ឃឹម​ថា អាមេរិក​នឹង​មិនបោះបង់​ពល​រដ្ឋ​កម្ពុជា ដូចអ្វីដែលខ្លួន​ធ្លាប់​លើកឡើង​កន្លងមក​ ខណៈសមាគមលោក​ក៏​នៅត្រូវការ​ការជួយ​ជ្រោម​ជ្រែង​ពី USAID។

​លោក​ថ្លែងថា៖ «ខ្ញុំ​សង្ឃឹម​ថា បើសិន​ជា​អាមេរិក​គិត​ពីប្រជាធិបតេយ្យ​ គិត​ពី​ការ​គោរព​សិទ្ធិមនុស្ស​ គិត​ពីសិទ្ធិអំណាច​ប្រជាពលរដ្ឋ​ គិត​ពីយុត្តិធម៌​សង្គម​សម្រាប់​ប្រទេស​ទន់​ខ្សោយ​ ខ្ញុំយល់​ឃើញ​ថា​ អាមេរិក​នឹង​បន្ត​គម្រោង​ដូច​ជា​ USAID នេះបន្ត​ទៀត»។

ដោយ​ឡែក​ អ្នកនាំពាក្យរដ្ឋាភិបាល​កម្ពុជា​លោក ​ប៉ែន បូណា​ ប្រាប់វីអូអេថា​ អង្គការសង្គម​ស៊ីវិល​បាន​រង​ផល​ប៉ះពាល់​មុនគេ​ ក្រោយពី​ការ​ប្រកាស​ការ​កាត់​ផ្តាច់​សកម្មភាព​ការងារ​របស់​ទីភ្នាក់ងារ USAID ដោយ​រដ្ឋាភិបាល​អាមេរិក។ លោកបន្ថែម​ថា​ គម្រោង​របស់​រដ្ឋាភិបាល​មួយចំនួនដែល​សហ​ការ​ជាមួយ​សង្គម​ស៊ីវិល ដូចជាគម្រោង​ដោះមីន​ក៏រងផលប៉ះពាល់​ដែរ ប៉ុន្តែ​រដ្ឋាភិបាល​បាន​ត្រៀម​ខ្លួន​រួចជាសម្រេច​នៅ​ក្នុង​ការ​រក​វិធី​ទ្រទ្រង់គម្រោងទាំងនោះ​ឲ្យដំណើរ​ការ​ទៅមុខ​បន្តទៀត ដូច​ជា​ការ​ស្វែង​រក​ដៃ​គូផ្សេង​ៗ​ទៀត​ ក្រៅពី​ទីភ្នាក់​ងារ USAID។

លោក​ថ្លែង​ថា​៖ «​ជាពិសេស​សូម​បញ្ជាក់​ជូន​ដែរ​ថា​ រាជរដ្ឋាភិបាល​ជា​ច្រើន​ឆ្នាំ​ហើយ​ កន្លង​មក​ យើង​ព្យាយាម​ពង្រឹង​ខ្លួន​ឯង​ ហើយ​កាត់​បន្ថយ​ការ​ពឹង​ពាក់​ពី​ខាង​ក្រៅ ពីព្រោះ​យើង​យល់​ថា​ នៅ​ពេល​ខាង​មុខ​នេះ​ យើង​នឹង​ចាក​ចេញ​ពីប្រទេស​ដែលមាន​ការ​អភិវឌ្ឍ​តិច​តួច​អី ក្លាយ​ទៅ​ជា​ប្រទេស​គោល​ដៅ​ ដែល​យើង​ធ្វើ​ឆ្នាំ​ ២០៥០ ​ ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​អីហ្នឹង។ វា​ត្រូវ​ការ​ពឹង​លើ​ខ្លួន​ឯង​ខ្លាំង​ត្រូវ​ការ​ប្រកួត​ប្រជែង។ យើង​នឹង​លែង​ទទួលបាន​ការ​អនុគ្រោះ​អី​ពីបណ្តា​ប្រទេស​ផ្សេង​ទៀត​ហើយ ព្រោះ​យើង​មិន​មែន​ជា​ប្រទេស​អីក្រីក្រ​ទៀត​ទេ។ អ៊ីចឹង​ យើង​បាន​ត្រៀម​លក្ខណៈ​ទាំង​អស់​ហ្នឹង»។

ក្រុម​មេធាវី​ ធុរកិច្ច​ និង​សិទ្ធិមនុស្ស​ ដែល​ជា​ក្រុម​អ្នកច្បាប់​ឯករាជ្យដែល​បាន​ចុះបញ្ជី​ជាមួយ​គណៈ​មេធាវី​នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើ​សេចក្តីវិភាគ​មួយ​ដែលបានបង្ហាញ​ថា គម្រោង​នានា​ដែល​គាំទ្រ​ដោយ​ជំនួយអាមេរិក​នៅ​កម្ពុជា​សម្រាប់​រយៈពេល​ ៥ ឆ្នាំ​ចុងក្រោយ​នេះ​ មាន​ទឹក​ប្រាក់​ជាង ​៣៧១​ លានដុល្លារ​អាមេរិក​ សម្រាប់​ ១៨៥ ​គម្រោង។ ក្នុងទឹកប្រាក់​ជំនួយ​ទាំងនោះ​ គឺ​ទីភ្នាក់​ងារ USAID​ មាន​ចំណែក​ច្រើន​ជាងគេបំផុត​ គឺ​ស្មើនឹង​ជាង ​២២៤​ លានដុល្លារអាមេរិក ​សម្រាប់​ ៤៤ គម្រោង។

ក្រុម​មេធាវី​ ធុរកិច្ច និងសិទ្ធិមនុស្ស​ បាន​វាយតម្លៃ​ថា ការ​បិទ​ទ្វារ​នៃ​ទីភ្នាក់​ងារ​ USAID ​និង​ការ​ផ្អាក​មូល​និធិ​អាចធ្វើ​ឲ្យគាំង​ប្រតិបត្តិការ​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​ និង​សិទ្ធិការងារ​ជាច្រើន​ ដែល​ការងារ​របស់​ពួកគេ​ពឹង​ផ្អែក​លើ​ជំនួយរបស់​ទីភ្នាក់ងារ​នេះ។ ក្រុម​មេធាវី​ ធុរកិច្ច និងសិទ្ធិមនុស្ស​ បាន​ឲ្យដឹង​ទៀត​ មិនមែន​មានតែ​ពួកគេ​បានរង​ផលប៉ះពាល់ទេ តែមាន​អង្គការ​មួយចំនួន​ទៀត​ដូច​ជា មជ្ឈ​មណ្ឌល​អាមេរិកាំង​សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ​ (ACILS) សមាគមការពារ​សិទ្ធិ​មនុស្ស​អាដហុក​ និង​អង្គការ​ Centralក៏​រង​ផល​ប៉ះពាល់​ដែរ។

ក្រុម​មេធាវីធុរកិច្ច និងសិទ្ធិមនុស្សបាន​ថ្លែង​ថា​៖​ «នៅ​ក្នុង​ប្រទេស​កម្ពុជា ទីដែល​សង្គម​ស៊ីវិល​បាន​រង​សម្ពាធ​ស្រាប់​ហើយ​នោះ ជំនួយ​របស់​អាមេរិក​បានបម្រើជាការ​ជួយ​សង្គ្រោះ​ដ៏ចាំបាច់​ដល់​សហ​គមន៍​រាប់​មិន​អស់។ ការផ្អាក​មូលនិធិ​របស់​ទីភ្នាក់​ងារ​ USAID បានគំរាមកំហែង​ដល់ការ​បង្កើតបាន​នូវលម្ហទូលាយ​មួយ​ ដែល​ផ្តល់ឱកាស​ឲ្យតួអង្គ​ដែល​បង្ក​បញ្ហា​ ឬ​ការ​កេង​យក​ប្រយោជន៍​ដែល​គ្មាន​ការ​ត្រួតពិនិត្យ​កើន​ឡើង​ឥទ្ធិពល»។

ក្រុម​អ្នកច្បាប់ដដែលបាន​សង្កត់ធ្ងន់ថា៖ «ជាង​នេះទៀត​ ការបង្កកជំនួយ​របស់​សហរដ្ឋ​អាមេរិក​នឹងធ្វើ​ឲ្យមាន​ផល​លំបាកដល់​ការងារមនុស្សធម៌ និងកិច្ចខិតខំ​ប្រឹងប្រែង​សិទ្ធិ​មនុស្ស ជាពិសេស​នៅ​ពេល​ដែល​ឥទ្ធិពល​របស់​ប្រទេស​ចិន​ក្នុង​តំបន់​កំពុង​កើន​ឡើង​ដែល​មាន​សក្ដានុពល​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា និង​ប្រទេស​ដទៃ​ទៀត​ក្នុងតំបន់បន្តស្ថិតក្រោម​ការ​គ្របដណ្តប់​កាន់តែច្រើនឡើង​នៃឥទ្ធិពលរបស់ចិន»៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

កម្មវិធីព័ត៌មានពេលរាត្រី
សូម​រង់ចាំ
  • Auto
  • 240p
  • 360p
  • 480p
  • 720p
  • 1080p

No media source currently available

0:00 29:59 0:00
  • Auto
  • 240p
  • 360p
  • 480p
  • 720p
  • 1080p
XS
SM
MD
LG