ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិលរិះគន់​ការ​តែង​តាំង​មន្ត្រី​គ.ជ.ប.


រូបឯកសារ៖ សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ជួយ​ជាមួយ​មន្ត្រី​ទូត​របស់​សហគមន៍​អឺរ៉ុប​និង​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៥​ កន្លង​ទៅ​នេះ។ (នៅ វណ្ណារិន/VOA)
រូបឯកសារ៖ សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ជួយ​ជាមួយ​មន្ត្រី​ទូត​របស់​សហគមន៍​អឺរ៉ុប​និង​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៥​ កន្លង​ទៅ​នេះ។ (នៅ វណ្ណារិន/VOA)

មន្ត្រី​សង្គម​ស៊ីវិល​ និង​អ្នក​តាម​ឃ្លាំ​មើល​​ដំណើរការ​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) បាន​និយាយ​ថា ​​ការ​ជ្រើសរើស​មន្ត្រី​គ.ជ.ប. នេះ​គឺ​ជា​ជំហាន​អវិជ្ជមាន​សម្រាប់​កំណែ​ទម្រង់​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​នេះ។

មន្ត្រី​សង្គម​ស៊ីវិល​ និង​អ្នក​តាម​ឃ្លាំ​មើលដំណើរការ​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) បាន​និយាយ​ថា ការ​ជ្រើសរើស​មន្ត្រី​គ.ជ.ប. នេះ​គឺ​ជា​ជំហាន​អវិជ្ជមាន​សម្រាប់​កំណែ​ទម្រង់​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​នេះ។

លោក​ កែម ឡី អ្នក​វិភាគ​ឯករាជ្យ​អំពី​បញ្ហា​សង្គម បាន​ប្រាប់​ VOA​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា អគ្គ​លេខាធិការ​ម្នាក់ អគ្គលេខាធិការ​រង​៤​នាក់ ហើយ​និង​ប្រធាន​ អនុ​ប្រធាន​នាយកដ្ឋាន​ លេខាធិការដ្ឋាន​ ការិយាល័យ ​និង​លេខាធិការដ្ឋាន​រាជធានី​ ខេត្ត ​គ.ជ.ប.​សរុប​ចំនួន​៣៥៧នាក់​ទៀត ​ភាគច្រើន​គឺ​ជា​បុគ្គលិក​ចាស់​ ដែល​កន្លង​មក​មិន​បាន​បំពេញ​ភារកិច្ច​ច្បាស់លាស់ ​ហើយ​រង​ការ​រិះគន់​ជា​ច្រើន​ពី​អ្នក​បោះឆ្នោត​ និង​អ្នក​សង្កេត​ការណ៍​បោះឆ្នោត។

លោក​និយាយ​ថា ការ​ព្រមព្រៀង​រវាង​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​ ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​គ.ជ.ប​នោះ ​នឹង​មិន​មាន​ប្រសិទ្ធភាព​ទេ។

«កាលពី​មុនៗ​ហ្នឹង ​មនុស្ស​ហ្នឹង​សុទ្ធតែ​ជា​បក្ខជន​ណា៎​... ប្រធាន​គ.ជ.ប.​ខេត្ត​ អី​ហ្នឹង​ទាល់តែ​មនុស្ស​ហ្នឹង​ស្នូល​របស់​គណបក្ស​ប្រជាជន​ណា៎​ បាន​គេ​រើស​យក​មក​ ហើយ​យើង​យក​មក​តែងតាំង​ដដែល​ វា​មិន​មាន​ភាព​ឯករាជ្យ​ទេ»។

លោក​បន្ត​ថា ​ការ​ជ្រើស​រើស​អគ្គលេខាធិការ ​និង​អគ្គលេខាធិការ​រង​របស់​គ.ជ.ប. ​ដែល​ធ្វើ​ឡើង​តាម​កូតា​គណបក្ស​ដោយ​គ្មាន​នីតិវិធី​ត្រឹមត្រូវ​នេះ​ គឺ​មិន​មាន​គុណភាព​ ហើយ​មិន​យុត្តិធម៌​សម្រាប់​គណបក្ស​ដទៃ​ទេ។

លោក​បន្ត​ថា ​ការ​បញ្ចូល​មន្ត្រី​គ.ជ.ប. ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​រាជការ​សាធារណៈ​ គឺ​ជា​ការ​ដាក់​ចំណង ​បិទ​សិទ្ធិ​សេរីភាព​របស់​ពួក​គេ​ក្រោម​ច្បាប់​សហ​លក្ខន្តិកៈ​មន្ត្រីរាជការ​ ដែល​មាន​លក្ខខណ្ឌ​គាប​សង្កត់​សេរីភាព​ផង​ដែរ។

«ហើយ​នៅ​ក្នុង​លក្ខន្តិកៈ​មន្ត្រី​រាជការ ​កាលណា​យើង ​ឃើញ​មេ​មាន​កំហុស ក៏​យើង​អត់មាន​សិទ្ធិ​យក​មក​និយាយ​ក្រៅ​ដែរ។​ អា​ហ្នឹង​ជា​ច្បាប់​មួយ​ដែល​រឹតត្បិត​សេរីភាព។ ​បើ​កាល​ណា​រឹតត្បិត​សេរីភាព ​វា​អត់​មាន​តម្លាភាព។​ វា​អត់មាន​គុណភាព​ទេ​ណា៎»។

លោក​ កែម ឡី​ មាន​ប្រសាសន៍​ដូចនេះ​ ស្រប​ពេល​ដែល​លោក​ ហង្ស ពុទ្ធា សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​និង​ជា​អ្នក​នាំ​ពាក្យ​ស្ថាប័ន​នេះ​ផង​នោះ បាន​និយាយ​ថា ​អ្នក​រិះគន់​គ.ជ.ប. មិន​បាន​វាយ​តម្លៃ​ផ្អែក​ទៅ​តាម​សមិទ្ធផល​ដែល​គ.ជ.ប. ​ថ្មី​ ធ្វើ​បាន​នោះ​ទេ។

លោក ​ហង្ស ពុទ្ធា​ បាន​លើក​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ គ.ជ.ប​ថ្មី​នេះ ​គឺជា​លទ្ធផល​នៃ​កំណែ​ទម្រង់​ហើយ​មិនមែន​ជា​បដិវត្ត​ផ្លាស់ប្ដូរ​ទាំង​ស្រុង​ទេ។

«ហើយ​គ.ជ.ប ​នេះ​មិនមែន​មកដល់​ត្រូវ​រុះរើ​ទាំងស្រុង​នូវ​រចនា​សម្ព័ន្ធ​ចាស់​ទេ។ ​អញ្ចឹង​គ.ជ.ប​ នេះ ត្រូវ​រៀបចំ​រចនាសម្ព័ន្ធ​មួយ​ដែល​ធានា​នូវ​ប្រសិទ្ធភាព​ការងារ។ ​អញ្ចឹង ពី​មុន​មក​យ៉ាង​ណា ​ការ​យល់​ឃើញ​យ៉ាង​ណា​នោះ​ គឺ​ជា​រឿង​ផ្នត់​គំនិត​ចាស់»។

មួយថ្ងៃ​មុន​ការ​ប្រកាស​តែងតាំង​មន្ត្រី​គ.ជ.ប.កាល​ថ្ងៃ​អង្គារ​ លោក​ រស់ សារ៉ុម ​ប្រធាន​ក្រុម​ប្រតិបត្តិ​បញ្ញវន្ត​កំណែ​ទម្រង់​សង្គម ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ ការ​តែងតាំង​មន្ត្រី​គ.ជ.ប ​នេះ ​មាន​ភាព​មិន​ប្រក្រតី​ និង​ញាតិ​បក្ខ​និយម​ ហើយ​ផ្ទុយ​នឹង​ស្មារតី​កិច្ច​ព្រមព្រៀង​កំណែ​ទម្រង់​គ.ជ.ប កាលពី​ថ្ងៃ​២២​កក្កដា​ឆ្នាំ​២០១៤​ រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​និង​គណបក្ស​សង្គ្រោះ​ជាតិ ​ដឹកនាំ​ដោយ​លោក ​សម រង្ស៊ី។

«អ្នក​ខ្លះ​ មាន​ប្អូន​ទៅ​ អ្នក​ខ្លះ​ប្រពន្ធ​ក៏​មាន ​អី​ក៏​មាន​អញ្ចឹង​ទៅ។ ​វា​ពេក​ណា៎។​ អញ្ចឹង ​យើង​អត់​ចង់​ឃើញ​រូបភាព​ស្ថាបនា​មួយ​ហ្នឹង ​ធ្លាក់​ដល់​កម្រិត​ហ្នឹង​ទេ​បាទ។ ខ្ញុំ ​និយាយ​នេះ ​មិនមែន​បរិហារ​ទេ ​ប៉ុន្តែ​ខ្ញុំ​មាន​ឯកសារ​នៅ​ក្នុង​ដៃ។ ​ហើយ​មួយ​វិញ​ទៀត​ សមាគម​ក៏​អត់​ភ្លេច​ដែរ។​ យើង​បាន​សម្រេច​រួចហើយ​ យើង​នឹង​រៀបចំ​នូវ​ឯកសារ​បទដ្ឋាន​គតិយុត្តិ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​ភស្តុតាង​ដែល​ពាក់ព័ន្ធ យើង​នឹង​ដាក់​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ»។

ក៏ប៉ុន្តែ​លោក ​ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គ.ជ.ប. ដែល​មិនមែន​ជា​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឬ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​និយាយ​ថា​ បើ​មាន​ការ​ដាក់​ពាក្យ​បណ្ដឹង ​នោះ​គ.ជ.ប. នឹង​ឆ្លើយតប​តាម​ផ្លូវ​ច្បាប់​វិញ។

លោក​ ហង្ស ពុទ្ធា ​បាន​ឲ្យ​ដឹង​ថា ​ការ​ជ្រើស​រើស​បុគ្គលិក​នេះ​មិន​មាន​ពាក់​ព័ន្ធ​គ្រួសារ ​ញាតិ​បក្ខ​និយម​ទេ​ ហើយ​ការ​រិះគន់​អំពី​បញ្ហា​នេះ ​ផ្អែក​លើ​ពាក្យ​ចចាមអារ៉ាម​តែ​ប៉ុណ្ណោះ។

ទោះជា​យ៉ាងណា​ក៏ដោយ ​លោក​ឲ្យ​ដឹង​ថា ​ក្នុង​ការ​ជ្រើស​រើស​អ្នក​ការពារ​ ឬ​អ្នក​បើក​ឡាន​ បុគ្គលិក​គ.ជ.ប. ​មាន​សិទ្ធិ​ជ្រើស​រើស​អ្នក​ដែល​ខ្លួន​ទុក​ចិត្ត​ ដែល​មិន​មាន​ឥទ្ធិពល​ដល់​ការ​បោះឆ្នោត​ទេ។

«ដើម្បី​ជ្រើសរើស​ជំនួយ​ការ ​អ្នក​ការពារ​ឬ​ក៏​អ្នក​បើក​ឡាន​នោះ​ណា៎​ រឿង​ហ្នឹង ​ម្នាក់ៗ​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​ ក្នុង​ការ​ជ្រើសរើស​ដោយ​ខ្លួន​ឯង។​ អញ្ចឹង ​វា​អាច​មាន​ការ​ពាក់ព័ន្ធ​នឹង​មនុស្ស​ដែល​ខ្លួន​ទុក​ចិត្ត​ហើយ​ដើម្បី​ធ្វើការ​អម​ជា​មួយ​ខ្លួន​បាទ»។

កាល​ពី​ថ្ងៃ​ទី​១៥ ​ខែ​មករា​ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដឹកនាំ​ដោយ​លោក​ ស៊ិក ប៊ុនហុក​ ប្រធាន​គណៈកម្មាធិការ​នេះ​ បាន​សម្រេច​ជ្រើស​រើស​លោក​ ទេព នីថា ​ជា​អគ្គ​លេខាធិការ​ និង​ជ្រើសរើស​លោក​ ម៉ៅ សុភារិទ្ធ​ លោក​ សោម សូរីដា​ លោក ​នី ចរិយា ​និង​លោក​ម៉ុក ដារ៉ា ជា​អគ្គលេខាធិការ​រង​ ហើយ​នឹង​ជ្រើសរើស​មន្ត្រី​គ.ជ.ប. ​៣៥៧​រូប​នោះ៕

XS
SM
MD
LG