ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ការ​ទូត​ជា​ពលរដ្ឋ​សាមញ្ញ​​សម្រាប់​យុទ្ធនាការ​សកល


ជ័យលាភី​រង្វាន់​អ្នក​ការ​ទូត​ពលរដ្ឋ​ឆ្នាំ​២០១០ លោក​បណ្ឌិត James Rolfe កំពុង​ពិនិត្យ​ធ្មេញ​​អ្នក​ជំងឺ​ក្មេង​ម្មាក់​នៅ​គ្លីនិក​​ធ្មេញ​ដែល​លោក​បាន​បង្កើត​នៅ​ប្រទេស​​អាហ្វហ្កានីស្ថាន។
ជ័យលាភី​រង្វាន់​អ្នក​ការ​ទូត​ពលរដ្ឋ​ឆ្នាំ​២០១០ លោក​បណ្ឌិត James Rolfe កំពុង​ពិនិត្យ​ធ្មេញ​​អ្នក​ជំងឺ​ក្មេង​ម្មាក់​នៅ​គ្លីនិក​​ធ្មេញ​ដែល​លោក​បាន​បង្កើត​នៅ​ប្រទេស​​អាហ្វហ្កានីស្ថាន។

មជ្ឈមណ្ឌល​សហរដ្ឋ​អាមេរិក​សម្រាប់ការទូត​ប្រជា​ពលរដ្ឋ​ឲ្យ​ដឹង​ថា​ ជន​ជាតិ​អាមេរិកាំង​ម្នាក់ៗ​មាន​សិទ្ធិ​ និង​ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​ជួយ​តម្រង់​ទិស​ទំនាក់​ទំនង​ការ​បរទេសអាមេរិក។ កាល​ពី​ថ្ងៃ​ទី១៦​ដល់​១៩​ខែ​វិច្ឆិកា មជ្ឈមណ្ឌល​នេះ​បាន​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​មួយ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ក្នុង​គោល​បំណង​ឲ្យ​ធ្វើប្រជា​ពល​រដ្ឋ​អាមេរិកាំង​ច្រើន​បន្ថែមទៀត​ធ្វើ​កិច្ច​នេះ។

អ្នកការ​ទូត​ប្រជា​ពលរដ្ឋ​មួយ​រូប​ អាច​មាន​លក្ខណៈ​សាមញ្ញ​ដូច​ជា​ការ​ទទួល​ភ្ញៀវ​អន្តរជាតិ​ម្នាក់នៅក្នុងផ្ទះមួយ​ដែរ។ ឬ​វា​ប្រៀប​បាន​ទៅ​នឹងការ​រៀប​ចំ​ «ដំណើរ​កម្សាន្ត​មួយ»។ សាហារ​ តាម៉ាន​ (Sahar Taman) ដែល​ជា​អ្នក​កាន់​សាសនា​ឥស្លាម​មួយ​រូប​ និង​ដែល​ធំ​ដឹង​ក្តី​នៅ​ក្នុង​រដ្ឋ​ វិស្កនសិន (Wisconsin) បាន​ដឹកនាំ​ទេសចរណ៍​ទៅ​មក​ប្រទេស​អារ៉ាប់​ចំនួន​៧​ នៅ​ក្នុង​រយៈ​ពេល​បួន​ឆ្នាំ​កន្លង​មក​នេះ​ ដោយ​បាន​ទៅ​ទស្សនា​វិហារ​ឥស្លាម​ វិហារ​សាសនា​របស់ជន​ជាតិ​ជី្វហ្វ និង​វិហារ​សាសនា​គ្រិស្ត​ជា​ច្រើន ហើយ​បាន​ធ្វើ​ការ​ពិភាក្សា​អំពី​សាសនា​ប្រកប​ដោយ​អត្ថន័យ។ តាម៉ាន​ថ្លែង​ថា៖

«រឿង​មួយ​ដែល​យើង​ធ្វើ​ គឺ​ទម្លាយវប្បធម៌​នៃ​ការ​ផ្តល់​ព័ត៌មាន​ខុស​អំពី​សាសនា។ ការយល់​ខុសអំពីអ្នក​កាន់​សាសនា​ឥស្លាម​ ប៉ុន្តែ​ជា​ញឹក​ញយ​ អ្នក​កាន់​សាសនា​ឥស្លាម​ក៏យល់​ខុស​អំពីសាសនា​ផ្សេងៗ​ទៀត​ដែរ»។

តាម៉ាន បាន​ដក​ស្រង់​សំណេរ​របស់​អ្នក​បោះពុម្ពផ្សាយឥស្លាម​មួយ​រូប ដែលបាន​ទទួលអ្នក​ចូល​រួម​នៅក្នុង​កម្ម​វិធី​របស់គាត់ ហើយ​បាន​សរសេរអត្ថបទមួយ​អំពី​បទ​ពិសោធន៍​របស់គាត់។

«គាត់​បាន​សរសេរ​ក្នុងអត្ថបទ​របស់​គាត់​ថា​៖​ «បន្ទាប់​ពី​សង្រ្គាម ជន​ជាតិ​ជីហ្វ​គឺ​ជា​សត្រូវ។ ​បណ្តាញព័ត៌​មាន​ និង​រដ្ឋា​ភិ​បាលផ្សាយដូច្នេះ។ ​តែ​ដល់​ឆ្នាំ​២០០៨ គឺ​នៅ​ពេល​ដែល​ខ្ញុំ​មាន​អាយុ​៦៣​ឆ្នាំ ​ខ្ញុំ​បាន​ជួប​ជន​ជាតិ​ជីហ្វ​ម្នាក់​ជា​លើក​ទី​មួយ ហើយ​ខ្ញុំ​បាន​ដឹង​ថា ពួក​គេ​គឺ​ជា​មនុស្សដូច​យើង​អញ្ចឹង»។

តាម៉ាន​ គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​៧​នាក់​ ដែល​ទទួល​បាន​ការ​ផ្តល់​កិត្តិយស​នៅ​ក្នុង​ឆ្នាំ​នេះ​ ពី​មជ្ឈមណ្ឌល​សហរដ្ឋ​អាមេរិក​សម្រាប់ការទូត​ប្រជា​ពលរដ្ឋ។ មនុស្ស​ជាង​៦០០​នាក់​មក​ពី​គ្រប់​ទិសទី​នៃ​សហរដ្ឋ​អាមេរិក​ និង​មក​ពី​៤១​ប្រទេស​ផ្សេង​ទៀត បាន​ចូល​រួម​នៅ​ក្នុង​ជំនួបរយៈ​ពេល​បួន​ថ្ងៃ​របស់​ក្រុម​នេះ​ ដើម្បី​ផ្តល់​ជា​កិត្តិយស​ដល់​គាត់​ និង​អ្នក​ការទូតប្រជា​ពលរដ្ឋផ្សេង​ទៀត​ និងនិយាយ​អំពី​ប្រធាន​បទ​ដែល​ជា​កង្វល់​ទាំង​ឡាយ។

ប៉ុន្តែ អ៊ែន ស្កូដ (Anne Schodde) ដែល​ជា​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌលនេះ​បាន​គូស​បញ្ជាក់​ថា កិច្ច​ប្រជុំ​កំពូល​នេះ​មិនមែន​សម្រាប់​តែ​ពិភាក្សា​នោះ​ទេ។

«វា​មិន​មែន​គ្រាន់​តែ​ជា​ការ​ប្រជុំ​មួយ​នោះ​ទេ។​ វា​គឺ​ជា​ការ​ផ្តួច​ផ្តើម​មួយ។ ​វា​គឺ​ជា​ការ​ចាប់​ផ្តើម​ធ្វើ​យុទ្ធ​នាការ​មួយ។ ​អ្វី​ដែល​យើង​កំពុង​ធ្វើ គឺ​ជា​ការ​ចាប់​ផ្តើម​យុទ្ធ​នា​ការ​រយៈ​ពេល​១០​ឆ្នាំ​មួយ ដើម្បី​បង្កើន​ចំនួន​ជន​ជាតិ​អាមេរិកឲ្យ​បាន​ទ្វេ​ដង ​ត្រឹម​ឆ្នាំ​២០២០​ ឲ្យ​ចូល​រូម​ជា​អន្តរជាតិ​ ទោះបី​ជា​ពួក​គេមានអាយុ៥​ឆ្នាំ ឬ​៩៥​ឆ្នាំ ​ក៏​ដោយ»។

ទោះ​បី​ជា​មាន​ការ​ពិបាក​ក្នុង​ការ​និយាយ​ឲ្យ​ប្រាកដ​ ថា​តើ​មាន​ជន​ជាតិ​អាមេរិក​ប៉ុន្មាន​នាក់​ ដែល​ចូល​រួម​នៅ​ក្នុង​យុទ្ធ​នា​ការការ​ទូត​ប្រជា​ពលរដ្ឋ ស្កូដ​ និយាយ​ថា​ មជ្ឈមណ្ឌលបាន​ពិនិត្យទិន្នន័យ​ជំរឿន​សម្រាប់​តួលេខ​មួយ​ចំនួន។ ស្កូដ​បន្តថា៖

«ទិន្នន័យ​មួយ​បាន​បង្ហាញ​ថា​តើ​សិស្ស​អាមេរិក​ប៉ុន្មាន​នាក់​ ដែល​កំពុង​សិក្សា​នៅ​ឯ​បរទេស? គឺ​មាន​ចំនួន​២៤១.០០០​នាក់​ បើ​តាម​ការរាប់​ចុង​ក្រោយ។ តើ​មាន​ប្រជា​ជន​ចំនួន​ប៉ុន្មាន​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​បរទេស ដើម្បី​ធ្វើ​ជំនួញ​ឬ​ការងារ? យើង​អាច​ទទួល​បាន​តួលេខនេះ។ ប្រសិន​បើ​អ្នក​បូក​តួលេខ​ទាំង​អស់​នោះ​បញ្ចូល​គ្នា វា​មាន​ចំនួន​ប្រហែល​៦៣​លាន​នាក់ ហើយ​នេះ​គឺ​ជា​តួលេខ​មក​ពី​ប្រភពតែ​មួយ»។

មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​រាប់​លាន​នាក់​ ដែល​ទទួល​បាន​ការ​ផ្តល់​កិត្តិយស​នៅ​ក្នុង​ខែ​នេះ​គឺ ​ចេមស៍ រ៉ូលហ្វ៍ (James Rolfe) ដែលជាទន្តបណ្ឌិតជាង​បួន​ទសវត្សរ៍​មក​ហើយ ហើយ​បាន​បង្កើតគម្រោង​ជួយ​សង្រ្គោះ​សុខភាព​មាត់​ធ្មេញនៅ​ក្នុង​ប្រទេស​អាហ្កានីស្ថាន​ដែលផ្តល់​ការថែ​ទាំ​មាត់​ធ្មេញ​ដល់​ជន​ជាតិ​អាហ្គានីស្ថាន​ដោយ​ឥត​គិត​ថ្លៃ។ លោក​ រ៉ូហ្វ៍ បន្ត​ថា៖

«ខ្ញុំ​បាន​បង្កើត​គ្លីនិក​មួយ​ សាលា​រៀន​មួយ ហើយ​យើង​បាន​បណ្តុះ​បណ្តាល​ជំនួយ​ការ​ពេទ្យ​ធ្មេញ អ្នក​បច្ចេក​ទេស​ខាង​ការ​ពិសោធន៍​ធ្មេញ និង​អ្នក​បច្ចេទស​ខាង​អនាម័យ​ធ្មេញ។ ​អ្នក​អ្នក​ទទួល​ការ​បណ្តុះ​បណ្តាល​ទាំង​នេះ​ត្រូវ​បាន​ជ្រើស​រើសចេញ​មក​ពីចំណោម​ប្រជា​ពលរដ្ឋ​ដែល​ជា​ក្មេង​កំព្រា​ និង​ស្រ្តី​ម៉េ​ម៉ាយ។ យើងព្យាបាល​មនុស្ស​ប្រមាណ​២ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ។ នៅ​ពេល​ដែល​ខ្ញុំ​ចាប់​ផ្តើម​គម្រោង​នេះ ខ្ញុំ​គិត​ថា ​នេះ​គឺ​ពិត​ជា​គម្រោង​មួយ​ដ៏​អស្ចារ្យ​ ហើយ​មនុស្សជា​ច្រើន​នឹង​ជួយ​ខ្ញុំ​អនុវត្តគម្រោង​នេះ។ ​វា​មិន​ដូច្នេះ​ទាល់​តែ​សោះ។ មិន​មាន​ថវិកា​ ហើយ​ក៏​មិន​មាន​ក្រុមអ្នក​ស្ម័គ្រ​ចិត្តមក​ជួយ​ដែរ​។ ដូច្នេះ​ ជាមូលដ្ឋាន​ វា​ជាកិច្ច​ការ​លំបាក។ ខ្ញុំ​ចេញ​ថវិកា​ ហើយ​ខ្ញុំត្រូវធ្វើ​កិច្ច​ការ​ដោយ​ខ្លួន​ឯង»។

លោក​និយាយ​ថា បញ្ហា​នេះ​កំពុង​តែ​ចាប់​ផ្តើម​ផ្លាស់​ប្តូរ​ហើយ​ ប៉ុន្តែ​លោក​នៅ​តែត្រូវ​ចំណាយ​ថវិកា​ភាគ​ច្រើន​ ដែល​បាន​មក​ពី​កិច្ចការ​របស់​លោក​ នៅ​ក្នុង​ទី​ក្រុង​ សានតា បារបារ៉ា (Santa Barbara) រដ្ឋកាលី​ហ្វ័រញ៉ា​ទៅ​ក្នុង​កម្ម​វិធី​នេះ។

«ខ្ញុំ​ចង់​ទៅ​ទី​នោះដើម្បីជួយ​ប្រជាពលរដ្ឋ​ ពី​ព្រោះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​អាច​ធ្វើ​បាន។ ខ្ញុំ​ដឹង​ថា​ ពួក​គេ​ត្រូវ​ការ​ជំនួយ ហើយ​ខ្ញុំ​មានអារម្មណ៍​ថា ពួក​គេ​ត្រូវ​បាន​បោះ​បង់​ចោល ​ដោយ​ប្រទេស​របស់​យើង​ផ្ទាល់»។

អ៊ែន ស្កូដ មាន​ប្រសាសន៍​ថា​ នៅ​ពេល​មាន​ភាព​តាន​តឹង​រវាង​ប្រទេស ​និង​ប្រទេស អ្នក​ការ​ទូត​ប្រជា​ពល​រដ្ឋ​ ជា​ញឹក​ញយ​ អាច​ដោះស្រាយ​បញ្ហា​ចម្បងៗ ដូច​ជា​បញ្ហាក្រី​ក្រ សុខភាព​ បរិស្ថាន។ ស្កូដ​ថ្លែង​ថា៖

«វាច្បាស់ណាស់ថា រដ្ឋា​ភិ​បាល​របស់​យើងមិន​អាច​បង្ហាញ​តម្លៃ​របស់​ជន​ជាតិ​អាមេរិក​ និង​មិន​អាច​បង្ហាញ​ថាយើង​ជា​អ្នក​ណា​ ទៅ​កាន់​ពិភពលោក​ទាំង​មូល​បាន​ទេ។ ប្រសិន​បើ​អ្នក​មើ​ល​ទៅអំណាចនៃការ​ធ្វើការ​ជាមួយ​គ្នា​របស់​ប្រជា​ពលរដ្ឋ​ ជា​ញឹក​ញយ ការ​វិវត្តអាច​ធ្វើ​ទៅបានលើ​បញ្ហា​សំខាន់ៗ​លឿន​ជាង»។

នេះ​គឺ​ជា​មូលហេតុ​ដែល អ៊ែន ស្កូដ ចង់​ឃើញ​ប្រជា​ពលរដ្ឋ​អាមេរិកាំង​៦០​លាន​នាក់​ផ្សេង​ទៀត ចូល​រួម​នៅ​ក្នុង​កម្មវិធីការ​ទូតប្រជា​ពលរដ្ឋ ​នៅ​ត្រឹម​ឆ្នាំ​២០២០៕

XS
SM
MD
LG