ពេលកងកុម្ម៉ង់ដូអាមេរិកាំងចាកចេញពីបរិវេណជម្រករបស់ប៊ីនឡាដិននៅប្រទេសប៉ាគីស្ថាន គេបានយកអ្វីដែលមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិកាំងជាន់ខ្ពស់ហៅថា ការប្រមូលសម្ភារៈដ៏សំខាន់ ដែលគេរំពឹងថា នឹងផ្តល់ព័ត៌មានយ៉ាងច្រើនអំពីបណ្តាញក្រុមភេរវករអាល់កៃដា។ តើគេកំពុងយកសម្ភារៈទាំងនោះទៅធ្វើអ្វី ហើយតើមន្ត្រីសង្ឃឹមថា នឹងបានព័ត៌មានអ្វីខ្លះ?
នៅពេលកងកម្លាំងពិសេសរបស់អាមេរិកាំងវាយលុកតាមក្បួនប្រយុទ្ធចូលបរិវេណជម្រករបស់ប៊ីនឡាដិន បានរកឃើញ និងបានសម្លាប់ប៊ិនឡាដិន និងអនុប្រធានរបស់គាត់នោះ សមាជិកផ្សេងទៀតនៃកម្លាំងរបស់អាមេរិកាំងប្រមូលវត្ថុតាងផ្សេងៗ ដែលអាចជាព័ត៌មានដ៏មានប្រយោជន៍។
កាលពីថ្ងៃច័ន្ទ លោក John Brennan ប្រធានទីប្រឹក្សាជាន់ខ្ពស់របស់លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាប្រឆាំងភេរវកម្មបានសង្ខេបព័ត៌មាននៅសេតវិមានអំពីប្រតិបត្តិការផ្នែកនេះ។
«កម្លាំងដែលឋិតនៅក្នុងបរិវេណនោះបានឆ្លៀតពេលទាន់នៅទីនោះ ធ្វើអ្វីៗដើម្បីធានាថា យើងអាចប្រមូលបាននូវសម្ភារៈដែលយើងគិតថា សមស្រប ហើយចាំបាច់។ ហើយឥឡូវនេះយើងកំពុងដំណើរការពិនិត្យអ្វីៗដែលយើងបានប្រមូលមកនោះ»។
មន្ត្រីស៊ើបការណ៍សម្ងាត់ជាន់ខ្ពស់ ដែលប្រាប់អ្នកយកព័ត៌មានដោយសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA បានបង្កើតក្រុមមួយដើម្បីធ្វើការវិភាគសម្ភារៈទាំងនោះដោយសង្ឃឹមថា នឹងនាំឲ្យគេរកឃើញសមាជិកផ្សេងទៀតរបស់ក្រុមភេរវករអាល់កៃដា។
លោក Marion Bowman អតីតមន្ត្រីស៊ើបការណ៍សម្ងាត់របស់អាមេរិកាំងដឹងថា លោកត្រូវរកអ្វី ប្រសិនបើលោកធ្វើការក្នុងក្រុមនេះ។
«ខ្ញុំនឹងរកវត្ថុតាងតូចតាចក្នុងហោប៉ៅ។ ខ្ញុំនឹងរកអ្វីគ្រប់យ៉ាង ដែលអាចពិសោធន៍ឃើញ DNA។ ខ្ញុំនឹងរកអ្វីៗទាំងអស់ សូម្បីក្រដាសសម្រាម ដែលអាចបង្ហាញថា តើប៊ីនឡាដិនទំនាក់ទំនងជាមួយអ្នកណា ហើយតើអ្នកណាខ្លះបានទៅទីនោះ ដើម្បីឲ្យយើងដឹងថា តើប៊ីនឡាដិនគ្រប់គ្រងបណ្តាញប្រភេទណា ហើយនៅផ្នែកណាខ្លះ»។
លោក Bowman ធ្លាប់ធ្វើជាមន្ត្រីកងនាវាអាមេរិកាំងផ្នែកស៊ើបការណ៍សម្ងាត់ និងជាមន្ត្រីរដ្ឋាភិបាលសហព័ន្ធផ្នែកស៊ើបការណ៍សម្ងាត់ មុនពេលលោកក្លាយជាទីប្រឹក្សាជាន់ខ្ពស់ទី២របស់លោកអតីតប្រធានាធិបតី George W Bush ផ្នែកប្រឆាំងចារកម្មស៊ើបការណ៍សម្ងាត់ក្នុងឆ្នាំ២០០៦។ លោកមានព័ត៌មានផ្ទៃក្នុងខ្លះថា តើក្រុមការងារប្រភេទណាដែលភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA ទំនងជាចាត់ចែងឲ្យពិនិត្យមើលវត្ថុតាងបានពីជម្រករបស់ប៊ីនឡាដិន។
មន្ត្រីនានាសង្ឃឹមថា ព័ត៌មាននេះនឹងផ្តល់សញ្ញារឹងមាំ ដែលនឹងជួយឲ្យគេមានលទ្ធភាពវ៉ៃបំបាក់បណ្តាញក្រុមអាល់កៃដាយ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែលោក Bowman បានទទួលស្គាល់ថា បណ្តាញរបស់ប៊ីនឡាដិនទំនងជាដឹងខ្លួនមុន ហើយបានរត់គេចខ្លួន ហើយខំបង្វែងដានរបស់គេ។ មន្ត្រីម្នាក់និយាយថា«កិច្ចការមិនបង្អង់ដៃ» ដែលនាំឲ្យគេរកឃើញភេរវករ ដែលគេរកមុខបំផុតក្នុងពិភពលោកនោះនឹងបន្តធ្វើយូរទៀត៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ