ការធ្វើមរណកាលរបស់អ្នកស្រី អ៊ុង ថារី កាលពីសប្តាហ៍កន្លងទៅ បានធ្វើឱ្យមានការនឹកឃើញទាំងអាឡោះអាល័យពីញាតិមិត្តនិងក្រុមគ្រួសារទៅលើចិត្តសប្បុរសធម៌ និង ការជួយជ្រោមជ្រែងកិច្ចការសហគមន៍ និងការពង្រឹងទំនាក់ទំនងរវាងសហគមន៍ខ្មែរនិងរដ្ឋការអាមេរិកាំង។
អ្នកស្រី ថារី អាយុ៥៨ឆ្នាំ រស់ នៅក្រុង West Covina ជាប់នឹងទីក្រុង Long Beach (ឡុងប៊ិច) រដ្ឋ California (កាលីហ្វ័រញ៉ា) បានទទួលមរណភាពកាលពីថ្ងៃទី ១០ ខែ មីនា ឆ្នាំ២០២២ ដោយរោគាពាធ ហើយបានបន្សល់ទុកនូវកូនពីរនាក់និងប្តីរបស់អ្នកស្រីគឺលោក Raymond Phung ។ នេះបើតាមកម្មវិធីបុណ្យសពដែលបានប្រកាសមុនពេលបូជាសពនៅថ្ងៃទី២៥ ខែមីនា នៅអគារតម្កល់សព លេខ ៣៨៨៨ ផ្លូវ Workman Mill Road សង្កាត់ Whittier រដ្ឋ California លេខហ្ស៊ីបកូដ ៩០៦០១ ។
មរណភាពនេះ បានធ្វើឱ្យមិត្តភក្តិទាំងនៅសហរដ្ឋអាមេរិក និង កម្ពុជា បង្ហោះសារព្រោងព្រាតលើបណ្តាញសង្គមហ្វេសប៊ុក នឹកចាំពីកេរដំណែលរបស់អ្នកស្រី អ៊ុង ថារី ដែលបានធ្វើសម្រាប់សហគមន៍នៅក្នុងប្រទេសទាំងពីរ និង ការពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិក ជាពិសេសរាជធានីភ្នំពេញនិងរដ្ឋកាលីហ្វ័ញ៉ា ជារដ្ឋឬខេត្តបងប្អូន។ រដ្ឋកាលីហ្វ័ញ៉ានេះត្រូវគេដឹងថាមានពលរដ្ឋខ្មែររស់នៅយ៉ាងច្រើនលំដាប់ទី១នៅសហរដ្ឋអាមេរិក។
ទំនាក់ទំនងនេះ រាប់ទាំងការរៀបចំទស្សនកិច្ចមន្ត្រីសំខាន់ទៅនិងមក សហរដ្ឋអាមេរិកនិងប្រទេសកម្ពុជា ការផ្លាស់ប្តូរទស្សនកិច្ច វប្បធម៌ និង ពាណិជ្ជកម្មផងដែរ។
លោកស្រី ស៊ូលី សារ៉ូ ជាចៅសង្កាត់ក្រុង Long Beach បានហៅលោកស្រីអ៊ុង ថារី ថាជាស្ត្រីដ៏អស្ចារ្យ ហើយបានចូលរួមការសោកស្តាយនិងសម្តែងមរណទុក្ខចំពោះគ្រួសារគឺលោក Raymond Phung។ នេះបើតាមការបង្ហោះសារតាមហ្វេសប៊ុក ក្រោយពេលមរណកាល។ លោកស្រីបានបញ្ជាក់បន្ថែមថា លោកស្រី អ៊ុង ថារី បានជួយដល់សហគមន៍ខ្មែរជាច្រើនទសវត្សរ៍មកហើយ។
លោកស្រីបញ្ជាក់ថា៖ «គ្មានអ្វីដែលនាំមកនូវសេចក្តីត្រេកអរពន់ពេក និង តម្លៃជាមោទនភាពដ៏ធំជាងការបម្រើ និង ការបរិច្ចាគជូនដល់សហគមន៍ខ្មែរ ទាំងក្នុងសហគមន៍អាមេរិក និង នៅបរទេស (កម្ពុជា) ហើយនិងទីក្រុង Long Beach ទេ សម្រាប់លោកស្រី អ៊ុង ថារី »។
លោកស្រី បានបង្ហោះសារភ្ជាប់មកជាមួយនូវបណ្ណសរសើរដល់អ្នកស្រី អ៊ុង ថារីផងដែរ។
ញាតិមិត្តជាច្រើនដែលបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួន ហើយភ្ជាប់មកបណ្តាញហ្វេសប៊ុកសពអ្នកស្រី អ៊ុង ថារី បានបង្ហាញសមានចិត្តអាឡោះអាល័យ និង រំឭកពីការជួយបរិច្ចាគដល់អង្គការ សមាគមន៍ ក្នុងសហរដ្ឋអាមេរិក និង នៅកម្ពុជាជាដើម រួមទាំងកិច្ចការងារដែលអ្នកស្រី បានបម្រើសហគមន៍ខ្មែរផងដែរ។
មិត្តភក្តិម្នាក់ ឈ្មោះអ្នកស្រី Caylee So បានបង្ហោះរូបភាពអ្នកស្រី ថារីដ៏ធំ បួងសួងឱ្យវិញ្ញាណក្ខន្ធ ទៅកាន់សុគតិភព ហើយចាត់ទុកអ្នកស្រី ថារី ថាជាមនុស្សចិត្តល្អ និង គាំទ្រគ្រប់បញ្ហារបស់សហគមន៍យ៉ាងសកម្ម។
«លោកស្រីនឹងត្រូវគេនឹករឭក»។
បើតាមហ្វេសប៊ុករបស់ Cambodia Town និង អ្នកស្រី Caylee So បានបន្តថា លោកស្រី ថារី ធ្លាប់បម្រើកិច្ចការជាប្រធានគណ:កម្មាការទទួលពាក្យបណ្តឹង ពលរដ្ឋនិង ប៉ូលិស ជាប្រធានគណ:អភិបាលទីក្រុងខ្មែរ នៅឡុងប៊ិច ហៅថា Cambodian Town ក្រុមប្រឹក្សាសម្របសម្រួលកម្ពុជា វត្តខ្មែរ ពុទ្ធិការរ៉ាមក្រុងឡុងប៊ិច ជាបេឡាធិការិនីនៃមជ្ឈមណ្ឌលចងចាំអំពើប្រល័យពូជសាសន៍ ប្រធានសមាគមអ្នកសិល្បជនពិការ សមាជិកសមាគមបុគ្គលិកអាស៊ីនៃទីក្រុងឡូសអានជែឡេះ (Los Angeles) ក្រៅពីការបរិច្ចាគជំនួយដល់ ការកសាងសាលារៀន ថវិកាអប់រំ បណ្ណាល័យ ជួយក្មេងកំព្រា និងគ្រួសារដែលខ្សត់ខ្សោយផងនោះ។
អង្គការដែលផ្តល់ការគាំទ្រយុវជននិងក្មេងគ្មានទីពឹងនៅតំបន់ក្រីក្រក្នុងរាជធានីភ្នំពេញឈ្មោះ Advanced Center for Empowerment (ACE) បានបង្ហាញការសោកស្តាយចំពោះការធ្វើមរណកាលរបស់អ្នកស្រី អ៊ុង ថារីដោយបានចេញជាសេចក្តីថ្លែងការណ៍ផ្លូវការមួយកាលពីថ្ងៃ ១២ ខែមីនា ឆ្នាំ២០២២ ក្រោយពីរថ្ងៃនៃការស្លាប់របស់អ្នកស្រី ថារី។
«យើងខ្ញុំនឹងចងចាំនូវគុណូបការ: និង សណ្តានចិត្តសណ្តោសប្រណីរបស់អ្នកមីងក្នុងការឧបត្ថម្ភគាំទ្រដល់យើងខ្ញុំនិងសហគមន៍ ក៏ដូចជាផ្តល់អាហារូបករណ៍ដល់និស្សិតដែលមានជីវភាពខ្សត់ខ្សោយជារឿយៗ ដើម្បីឱ្យពួកគេបានបន្តការសិក្សារបស់ពួកគេ»។
អ្នកស្រី អ៊ុង ថារី ដែលមានទំនាក់ទំនងស៊ីជម្រៅជាមួយរដ្ឋាភិបាលកម្ពុជាជាប្រទេសកំណើតនិងជាមួយរដ្ឋការអាមេរិកាំងជាពិសេសរដ្ឋ California ក៏បានទទួលបណ្ណសរសើរជាច្រើនពីសមាជិករដ្ឋសភាសហព័ន្ធ និង សភាប្រចាំរដ្ឋ និងអាជ្ញាធររដ្ឋ California ផងដែរពីតួនាទីរបស់អ្នកស្រីក្នុងការពង្រឹងចំណងទាក់ទងទីក្រុងនិងរដ្ឋជាបងប្អូន California និងកម្ពុជា និង ផ្លាស់ប្តូរទស្សនកិច្ចផ្នែកពាណិជ្ជកម្ម និង វប្បធម៌ និង ការពង្រឹងចំណងទាក់ទងរវាងសហគមន៍ខ្មែរជាមួយក្រុមមន្ត្រីអាមេរិកាំង អ្នកនយោបាយសំខាន់ក្នុងរដ្ឋនិងក្នុងរដ្ឋាភិបាលសហព័ន្ធផងនោះ។
អ្នកស្រី អ៊ុង ថារី ធ្លាប់បានទទួលងារជាឧកញ៉ាដែលត្រូវប្រទានដោយព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលគេដឹងថាគោរមងារនេះ ត្រូវបានផ្តល់ជូនក្រោយពេលលោកស្រី បានបរិច្ចាគថវិកា និង ជំនួយមនុស្សធម៌យ៉ាងច្រើនដល់ប្រទេសកម្ពុជា៕