ប្រទេសចិនឲ្យដឹងថា ខ្លួនសង្ឃឹមថា សហគមន៍អន្តរជាតិនឹង «កាន់តែយល់ជាងនេះ» ចំពោះកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ដោយចេញរបាយការណ៍ដែលរៀបចំឡើងរាល់ពីរឆ្នាំម្តង ស្តីអំពីការអភិវឌ្ឍនៅក្នុងវិស័យយោធារបស់ខ្លួន ហើយថា ប្រទេសចិនក៏ឈោងដៃទៅរកកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិកផងដែរ។
រដ្ឋមន្រ្តីការពារប្រទេសចិនលោក Geng Yansheng មានប្រសាសន៍ថា ចិនកំពុងតែស្វែងរកទំនុកចិត្ត ដោយចេញឯកសារណែនាំអំពីការងារយោធា ឬហៅថាឯកសារសយោធាថ្មីបំផុតរបស់ខ្លួន។
លោក Geng មានប្រសាសន៍ថា របាយការណ៍នេះ នឹងអាចជួយសហគមន៍អន្តរជាតិឲ្យកាន់តែយល់ថែមទៀត អំពីកងកម្លាំងប្រដាប់អាវុធរបស់ចិន និងការទុកចិត្ត និងការសហប្រតិបត្តិការរវាងចិន និងប្រទេសដទៃៗទៀតនៅក្នុងពិភពលោក។
របាយការណ៍នេះ ឲ្យដឹងថា ប្រទេសចិននឹងបន្តរក្សាគោលនយោបាយយោធាដែលមានលក្ខណៈការពារ ហើយថា ចិននឹងផ្តោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន។
ទាំងនោះគួរជាពាក្យសម្តីស្វាគមន៍ចំពោះប្រទេសជិតខាងខ្លះរបស់ចិន ដែលមានការព្រួយបារម្ភដោយសារ រដ្ឋាភិបាលក្រុងប៉េកាំងបង្កើនការទាមទារបូរណភាពទឹកដីជុំវិញតំបន់ឆ្នេរសមុទ្ររបស់ខ្លួន។ ក៏ប៉ុន្តែ របាយការណ៍នោះ ក៏ឲ្យដឹងផងដែរថា កងនាវារបស់ចិនបានអភិវឌ្ឍ យុទ្ធសាស្រ្តការពារតំបន់ឆ្នេរ ដោយមានលទ្ធភាព អាចប្រតិបត្តិការ «នៅលើផ្ទៃទឹកសមុទ្រឆ្ងាយៗ»។ របាយការណ៍នោះឲ្យដឹងថា កិច្ចការមួយរបស់យោធាចិនគឺ យាមការពារសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ប្រទេស។
របាយការណ៍នោះ បានរិះគន់សហរដ្ឋអាមេរិកដោយចំៗចំពោះការណ៍ដែលលក់សព្វាវុធទៅឲ្យកោះតៃវ៉ាន់ ដែលជាកោះមានការគ្រប់គ្រងដាច់ដោយឡែកមួយ ដែលចិនចាត់ទុកថា ជាចំណែកមួយនៃដែនដីរបស់ខ្លួន។
អ្នកនាំពាក្យរូបនេះមិនបានលើកឡើងអំពីកោះតៃវ៉ាន់ដោយជាក់លាក់ទេ ក៏ប៉ុន្តែ បើតាមពាក្យសម្តីរបស់លោកផ្ទាល់ និយាយថា ប្រទេសចិនត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បី «ដោះស្រាយឲ្យបានត្រឹមត្រូវ» ចំពោះបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ដ៏សំខាន់នៃប្រទេសចិន និងសហរដ្ឋអាមេរិក។
លោក Geng បានចង្អុលបង្ហាញថា ប្រទេសចិនត្រៀមខ្លួនជាស្រេច ក្នុងការចរចារជាមួយអាជ្ញាធរតៃវ៉ាន់ និងគម្រោងប្តូរយោធាគ្នាទៅវិញទៅមកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។
លោក Geng និយាយថា ប្រទេសចិនចង់ជៀសវាង រឿងរ៉ាវដែល "បងប្អូន២នាក់នៃប្រជាជាតិចិន" ត្រូវជួបគ្នានៅលើសមរភូមិ ឬពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធនឹងគ្នានោះ។
ក្នុងពេលនេះដែរ លោក Geng និយាយថា ចិន និងសហរដ្ឋអាមេរិក នៅតែប្រឈមនឹងបញ្ហាលំបាក និងឧបសគ្គ ក្នុងការអភិវឌ្ឍទំនាក់ទំនងយោធា។ ក៏ប៉ុន្តែ លោកបានសង្កត់ធ្ងន់ថា ចិន នឹងបញ្ចូលកិច្ចខិតខំប្រឹងប្រែងជាថ្មីចំពោះការសាងទំនាក់ទំនងយោធា រវាងចិននិងសហរដ្ឋអាមេរិកឲ្យបានល្អប្រសើរ។
លោកបានប្រកាសថា ប្រធាននាយក្រុមអគ្គសេនាធិការចំរុះនៃកងទ័ពរំដោះប្រជាជនចិន លោកឧត្តមសេនីយ Chen Bingde នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកក្នុងខែឧសភាខាងមុខនេះ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្រោយដំណើរទស្សនកិច្ចទៅប្រទេសចិន របស់លោក Robert Gates រដ្ឋមន្រ្តីការពារប្រទេសអាមេរិក កាលពីខែមករាកន្លងទៅនេះ៕
ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់