អ្នកជំនាញមកពីរោងចក្រផលិតឧទ្ធម្ភាគចក្រប្រភេទZ-9 នៅក្នុងប្រទេសចិនចំនួន២នាក់ គ្រោងនឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃពុធ ដើម្បីរុករកប្រអប់ខ្មៅនៃឧទ្ធម្ភាគចក្រដែលបានធ្លាក់កាលពីថ្ងៃច័ន្ទ។
លោកឧត្តមសេនីយ៍ឯក យឹន សុខា មេបញ្ជាការរងកងទ័ពអាកាសមានប្រសាសន៍នៅថ្ងៃអង្គារនេះថា អ្នកជំនាញទាំងនោះនឹងស្វែងរកប្រអប់ខ្មៅដែលបានបាត់រួចហើយនឹងយកទៅធ្វើកោសល្យវិច័យដើម្បីរកមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រនេះ។
លោកនិយាយថា៖ «ការយើងស្រាវជ្រាវប្រអប់ខ្មៅហ្នឹងនៅពេលដែលវារកឃើញយើងយកទៅចាក់មើលជាក់លាក់អំពីបញ្ហាបណ្តាលមកពីអ្វី។ នេះយើងអាចដឹងថ្ងៃក្រោយទៀត ប៉ុន្តែបច្ចុប្បន្នយើងមិនទាន់ដឹងអ្វីទាំងអស់»។
កាលពីថ្ងៃច័ន្ទ ឧទ្ធម្ភាគចក្រប្រភេទ Z-9 ផលិតនៅក្នុងប្រទេសចិនបានធ្លាក់នៅក្នុងទឹកស្រះដ៏ធំមួយដែលបានបណ្តាលឱ្យកងទ័ពអាកាសចំនួន៤នាក់ ស្លាប់បាត់បង់ជីវិតនិងម្នាក់ទៀតបានរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
មន្ត្រីរដ្ឋាភិបាលបានបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត គឺលោក ឧត្តមសេនីយ៍ទោ អ៊ុក ប៊ុណ្ណាហា មេបញ្ជាការផ្នែកហ្វឹកហ្វឺនបើកយន្តហោះនៃកងទ័ពអាកាស និងលោក ឧត្តមសេនីយ៍ត្រី អៀង វណ្ណរិទ្ធ នាយកសាលាហ្វឹកហ្វឺនបើកយន្តហោះ ព្រមទាំងជំនួយការអ្នកបើកបរពីរនាក់ផ្សេងទៀត។
ចំណែក លោក ចេង សុខសំបូរ ជំនួយការអ្នកបើកបរម្នាក់ផ្សេងទៀតបានរួចជីវិតដោយសារប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានជួយសង្គ្រោះ។
ចេង សុខសំបូរ អាយុ២៧ឆ្នាំដោយមានស្នាមរុំរបួសនៅនឹងមុខចំនួនពីរកន្លែងកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ មិនអាចនិយាយជាមួយនឹងអ្នកកាសែតបានទេនៅថ្ងៃនេះ។
លោក សោ សារី បងប្អូនជីដូនមួយដែលបាននៅកំដរជនរងគ្រោះបានបញ្ជាក់ប្រាប់វីអូអេថា កាលពីម្សិលមិញលោក ចេង សុខសំបូរ បាននិយាយប្រាប់លោកថាយន្តហោះទំនងជាមានបញ្ហាគ្រឿងម៉ាស៊ីននៅពេលដែលព្យាយាមហោះឡើងបានសំយុងក្បាលចុះទៅក្រោមតែម្តង។
លោកនិយាយថា៖ «គ្រាន់តែគាត់ប្រាប់ថាគ្រាន់តែយន្តហោះវាមុជចូលទៅក្រោមទៅស្រាប់តែផ្ទុះគាត់ចេញមកហើយគាត់ប្រវាឡើងមកលើដើម្បីដកដង្ហើម ហើយគាត់មានឃើញឥវ៉ាន់ដែលវាផ្ទុះចេញក៏តោងវាឡើងមកហែលមកកៀនហើយក៏មានប្រជាជន គាត់ចូលទៅជួយ។ គេព្យាយាមជួយគាត់បោះប៊ីដុងទឹកទៅ ហើយមកដល់ច្រាំងទៅក៏នាំគ្នាចាប់ទាញហើយបានជួយឡើងមក»។
វីដេអូឃ្លីបតាមបណ្តាញសង្គមហ្វេសប៊ុកបានបង្ហាញឧទ្ធម្ភាគចក្រមួយគ្រឿងដែលគេអត្ថាធិប្បាយថា ជាប្រភេទឧទ្ធម្ភាគចក្រZ-9 បានព្យាយាមចុះចតរួចហើយបានហោះឡើងទៅលើបន្តិចមុនពេលដែលវាបានសំយ៉ុងក្បាលចុះទៅក្នុងទឹកស្រះ។
លោក យឹន សុខា មេបញ្ជាការរងកងទ័ពអាកាសបានបញ្ជាក់ថា យើងមិនទាន់បញ្ជាក់ពីមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រនេះបាននៅឡើយ ដរាបណាប្រអប់ខ្មៅមិនទាន់បានរកឃើញ។
លោកបាននិយាយថាប្រសិនណាបើប្រអប់ខ្មៅបានរកឃើញនឹងនាំយកទៅប្រទេសចិនកន្លែងដែលក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្រនោះដើម្បីរកមូលហេតុពិតប្រាកដនៃការធ្លាក់។
កាលពីឆ្នាំ២០១៣ ប្រទេសចិនបានលក់ឧទ្ធម្ភាគចក្រប្រភេទZ 9 ចំនួន១២គ្រឿងដែលផលិតនៅក្នុងប្រទេសចិនក្នុងគម្រោងប្រាក់កម្ចីប្រមាណជាង២០០លានដុល្លារសហរដ្ឋអាមេរិក៕