ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋា​ភិបាល​ចិន​បង្ក​ការ​លំបាក​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​និង​បរទេស


គណៈ​ប្រតិភូ​ស្ត្រី​ចិន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​របស់​ស្ត្រី។
គណៈ​ប្រតិភូ​ស្ត្រី​ចិន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​របស់​ស្ត្រី។

រដ្ឋា​ភិបាល​ចិន​កំពុង​ធ្វើ​ឱ្យក្រុម​អង្គការ​ក្រៅរដ្ឋា​ភិបាល​ក្នុង​ស្រុកនិង​បរទេស​ពិបាក​ធ្វើការ​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ប្រទេស​ចិន​។​ ប៉ុន្តែ​អង្គ​ប្រជុំ​កំពូល​ស្រ្តី​សាកល​ដែល​កំពុង​ធ្វើ​នៅ​ក្រុង​ប៉េកាំង​ ហើយ​នឹង​បាន​ចាប់​ផ្តើម​បញ្ចេញ​អ្វី​ដែល​គេ​ហៅ​ថា​ ​កម្ម​វិធី​ការ​ដឹកនាំ​របស់​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ ឬ”NGOs LEAD” ​នោះ ​បាន​និយាយ​ថា​ ​ក្រុម​គេ​សំខាន់​ណាស់​សម្រាប់​ពង្រឹង​អំណាច​សេដ្ឋ​កិច្ច​របស់​ស្រ្តី។

Peter ​Simpson​ រាយ​ការណ៍​រឿង​នេះ​សម្រាប់​ VOA​ ពីទី​ក្រុង​ប៉េកាំង​។ ​អ្នក​ស្រី នៅ សារីម​ ប្រែ​សម្រួលអត្ថបទ​នេះ​ជូន​លោក​អ្នក។

ក្រុម​ស្ត្រី​ជា​មេដឹក​នាំ​ពាណិជ្ជ​កម្ម​នឹង​ក្រុម​ស្រ្តី​មា​នបណ្តា​ស័ក្តិ​ពី​ទូទាំង​ពិភពលោក​បាន​ស្តាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​កម្មវិធី​ថ្មី​មួយ ​ដែល​លោក​ស្រី ​Irene ​Natividad ​ប្រធាន​អង្គ​ប្រជុំ​កំពូល​ស្រ្តី​សាកល​បាន​បញ្ចេញ​អង្គការ​សម្រាប់​បង្ហាត់​ក្រុម​មេ​ដឹកនាំ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល។

លោក​ស្រី​ថ្លែង​ថា ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ជា​អាយុ​ជីវិត​សម្រាប់​អំណាច​សេដ្ឋកិច្ច​ស្រ្តី​នៅ​គ្រប់​ទិសទី​ ដែល​មានរួម​ទាំង​ប្រទេស​ចិន​ផង​ដែរ​ ប្រទេស​ដែល​ធ្វើ​ជា​អ្នក​ទទួល​ភ្ញៀវ​ខួប​២០​ឆ្នាំ​របស់​អង្គ​ប្រជុំ​កំពូល​នេះ។

តែ​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ ប្រទេស​ចិន​បាន​ដាក់​កម្រិត​ធ្ងន់ៗ​ច្រើន​លើ​ក្រុម​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ក្នុង​ស្រុក​និង​បរទេស ​ហើយ​ប្រទេស​ចិន​ត្រូវ​គេ​ចោទ​ថា​ ​បាន​ធ្វើ​ទុក្ខ​ទៅ​លើ​មេ​ដឹកនាំ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ច្រើន​រូប ​ដែល​មាន​ទាំងលោក ​វាន់​យ៉ង​ហៃ ​សកម្ម​ជន​ល្បី​ឈ្មោះ​ម្នាក់​ខាង​រោគ​អេដស៍ផង​ដែរ ដែល​បាន​រត់​ចេញ​ពី​ប្រទេស​ចិន​ចូល​មក​ស.រ.អ.​ ​កាល​ពី​ដើម​ខែ​នេះ។

ក្រុម​អ្នក​សង្កេតការណ៍​នឹង​អ្នក​រិះគន់​និយាយ​ថា​ រដ្ឋា​ភិបាល​ក្រុង​ប៉េកាំង​ខ្លាច​ឥទ្ធិពល​កាន់​តែ​មាន​ខ្លាំង​ឡើង​របស់​សង្គម​ស៊ីវិល ​ដែល​មាន​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ជា​អ្នក​តំណាង​នោះ​ ​ម្ល៉ោះ​ហើយ​រដ្ឋា​ភិបាល​ចិន​កំពុង​បង្ក្រាបលើ​ក្រុម​នោះ។

លោក​ស្រី ណាទីវិដាដ​ ថ្លែង​ថា​ ​លោក​ស្រី​បារម្មណ៍​ពី​ការ​ដែល​កើត​ឡើង​ទាំង​នោះ​ ហើយ​សង្ឃឹម​ថា​ប្រទេស​ចិន​នឹង​ប្រឹង​ធ្វើ​ឱ្យ​បាន​ចម្រើនលើ​អ្វី​ដែល​លោក​ស្រី​ហៅ​ថា​ ជា​វិស្ស័យ​មួយ​សំខាន់​ណាស់​ក្នុង​សង្គម។

“អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ជា​មធ្យោបាយ​សំខាន់​សម្រាប់​ធ្វើ​កិច្ចការ​ ដែល​រដ្ឋា​ភិបាល​នឹង​ក្រុម​វិស្ស័យ​ឯកជន​ធ្វើ​មិន​កើត​ ​ពីព្រោះ​មក​ពី​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ធ្វើ​កិច្ចការ​ចូល​ទៅ​ដល់​អ្នក​នៅ​ស្រទាប់​ក្រោម។ ហើយ​ជាការ​ចាំបាច់​ណាស់​សម្រាប់​ក្រុម​គេ​ធ្វើ​ការ​ក្នុង​ស្ថានភាព​មួយ​គ្មាន​ការបន្តឹង​ ​ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា​ ច្បាប់​ថ្មី​អាច​ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ”។

មាន​ច្បាប់​ច្រើន​ដែល​ដាក់​ការ​បន្តឹង​លើ​អំណោយ​ទៅក្រុម​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ក្នុង​ស្រុក។​ ច្បាប់​ទាំង​នោះ​នឹង​ចូល​ជា​ធរមាន​នៅ​ខែ​មិនា​ ​ ​ហើយ​អង្គការ​ចិន​ជា​ច្រើន​និយាយ​ថា​ ​ផ្នែកប្រាក់​កាស​របស់​គេ​ត្រូវ​រឹត​បន្តឹង​ ​ រ​ហូត​ដល់​គេ​ត្រូវ​បិទ​អង្គការ​របស់គេ ហើយ​ជា​លទ្ធ​ផល ​ មនុស្ស​ច្រើន​លាន​នៅ​ប្រទេស​ចិន​ត្រូវ​រង​ទុក្ខ។ ​អង្គការ​ទាំង​នោះ​និយាយ​ថា​ ​មាន​ច្បាប់​ថ្មី​ខាង​ពន្ធដារ ​ហើយ​នឹង​មាន​ច្បាប់​បន្តឹង​ខ្លះ​ទៀត​ដែល​រចនា​ឡើង​សម្រាប់​ឱ្យ​អង្គការ​ទាំង​នោះ​មាន​ការ​រអាក់​រអួល​ក្នុង​ការងារ។

លោកNicholas ​Bequelin​ ពី​អង្គការ​Human ​Rights ​Watch ​ ការ​ពារ​សិទ្ធិ​មនុស្ស​នៅ​កោះ​ហុងកុង​ បាន​សរសើរ​លោក​ស្រី ​ណាទីវិដាដ ​ដែល​បាន​លើក​រឿង​នេះ​មក​និយាយ។

“យើង​កំពុង​នៅ​ក្នុង​ស្ថានភាព​មួយ​អាក្រក់​ណាស់​សម្រាប់​ក្រុម​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​នៅ​ប្រទេស​ចិន​ក្នុង​ពេល​នេះ​ ​ហើយ​រឿង​ទាំង​នេះ​ប្រហែល​ជា​រដ្ឋាភិបាល​ចិនបារម្មណ៍​ពី​ការ​ដែល​អង្គការ​ក្រៅ​រដ្ឋា​ភិបាលបាន​ដាក់​កិច្ចការ​របស់​រដ្ឋា​ភិបាល​ចិន​ នៅ​ក្រោម​ការ​តាម​ពិនិត្យ​មើល​ដិតដល់​មួយ​ ហើយ​នៅ​ទី​បំផុតនឹង​នាំ​ឱ្យ​រដ្ឋា​ភិបាល​ចិន​ជួប​នឹង​ការ​គាប​សង្កត់​ឱ្យ​ទទួលខុស​ត្រូវ ជា​កិច្ចការ​ដែល​រដ្ឋា​ភិបាល​ចិន​ មិន​ព្រម​ធ្វើ។ ហើយ​គ្មាន​ការ​សង្ស័យ​ទេ​ថា​ ​ប្រជា​ពលរដ្ឋ​ចិន​នឹង​បន្ត​រុញ​ឱ្យ​មាន​អង្គការ​ច្រើន​ថែម​ទៀត​សម្រាប់​ដែល​តំណាង​ផល​ប្រយោជន៍​របស់​គេ​ ​ហើយ​នឹង​ដោះ​ស្រាយ​បញ្ហា​សង្គម​កិច្ច​ ដែល​គេ​មើល​ឃើញ​នោះ”។

លោក​ស្រី ​ណាទីវី ​ដាដ​ ​ជា​ជនជាតិ​អាមេរិកាំង​ បាន​ជម្រាបក្រុម​ប្រតិភូ​ថា អង្គការ​ក្រៅ​រដ្ឋា​ភិបាល​របស់​លោក​ស្រី​ Lead ​Program ​នេះ​នឹង​ចាប់​ផ្តើម​បង្ហាត់​ស្រ្តី​ជា​មេ​ដឹកនាំ​ជំនួញ​នៅឆ្នាំ​ក្រោយ។​ លោក​ស្រី​ថ្លែង​ទៀត​ថា​ ​អង្គការ​នេះ​នឹង​ជួយ​ក្រុម​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​នៅ​ទូទាំង​ពិភព​លោក​ដែល​ធ្វើ​ការ​ក្នុង​លក្ខណ​លំបាក​ឱ្យ​បានបន្ត​ការងារ​មាន​សារៈ​សំខាន់​របស់​ខ្លួន​ទៅទៀត៕

XS
SM
MD
LG