លោកឧបនាយករដ្ឋមន្ត្រីចិន វ៉ាង គីស៊ាន (Wang Qishan) និងក្រុមនាយកប្រតិបត្តិផែ្នកជំនួញនិងពាណិជ្ជកម្ម របស់ចិនចំនួនជិត១០០នាក់ បានជួបជាមួយសមភាគីសហរដ្ឋអាមេរិករបស់ខ្លួនក្នុងទីក្រុងវ៉ាស៊ីនតោន នាសប្តាហ៍នេះ។ ក្រុមហ៊ុនចិនកំពុងពង្រីកការវិនិយោគរបស់ខ្លួន នៅសហរដ្ឋអាមេរិកដោយធ្វើឲ្យអ្នកនយោបាយសហរដ្ឋអាមេរិកមួយចំនួននិងក្រុមកម្មករ មិនសប្បាយចិត្តខណៈដែលអ្នកផ្សេងទៀត ដូចជាលោកអភិបាលរដ្ឋ Indiana ត្រូវការជំនួញច្រើនថែមទៀត។
កាលពីខែមុន លោក Mitch Daniels អភិបាលរដ្ឋ Indiana ដែលស្ថិតនៅពាក់កណ្តាលភាគខាងលិចនៃសហរដ្ឋអាមេរិកបានធ្វើដំណើរទៅកាន់ប្រទេសចិនដើម្បីលើកទឹកចិត្តក្រុមហ៊ុនចិនឲ្យវិនិយោគនៅក្នុងរដ្ឋរបស់លោកហើយបង្កើនការនាំចេញរបស់រដ្ឋលោកចូលទៅកាន់ប្រទេសនេះវិញដែរ។
រដ្ឋ Indiana រកបានប្រាក់ចំណូលភាគច្រើនរបស់ខ្លួនពីវិស័យកម្មន្តសាល (រោងចក្រផលិត) ប៉ុន្តែជិត១០ភាគរយនៃពលរដ្ឋរបស់ខ្លួនគ្មានការងារធ្វើទេ។
នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចនេះរដ្ឋ Indiana បានទទួលការសន្យាពីក្រុមហ៊ុនចិនមួយចំនួនតូច ក្នុងការបើកឬពង្រីករោងចក្រនៅក្នុងរដ្ឋនេះ។ លោក Mitch Roob ប្រធានសាជីវកម្មអភិវឌ្ឍន៍សេដ្ឋកិច្ច (Economic Development Corporation) ដែលជាទីភ្នាក់ងារវិនិយោគរបស់រដ្ឋ Indiana នេះបានមានប្រសាសន៍ថា៖
«យើងបានចាកចេញពីប្រទេសចិនដោយទទួលបានតម្រុយពិតប្រាកដនៃការព្រមព្រៀងគ្នាចំនួនជាង២០សម្រាប់រដ្ឋ Indiana នេះ។ ដូច្នេះយើងមានការរំភើបចិត្តយ៉ាងខ្លាំងពីរឿងនេះ។ ការព្រមព្រៀងទាំងអស់នោះ រាប់ចាប់តាំងពីកិច្ចព្រមព្រៀងផ្នែកថែរក្សាសុខភាពរហូតដល់ការធានារ៉ាប់រង ការផលិតរថយន្ត អាគុយ គ្រឿងសង្ហារឹម និងកសិកម្ម ជាដើម។ ឱកាសនៅក្នុងប្រទេសចិន មានភាពធំធេងណាស់សម្រាប់រដ្ឋមួយដែលមានសេដ្ឋកិច្ចរឹងមាំដូចដែលរដ្ឋ Indiana មាន»។
ការស្ទាបស្ទង់មតិថ្មីមួយដែលធ្វើឡើងដោយក្រុមហ៊ុនពិគ្រោះយោបល់អន្តរជាតិ KPMG ក្នុងចំណោមក្រុមនាយកប្រតិបត្តិរបស់ចិនចំនួន១៥០នាក់បង្ហាញថាប្រហែលពាក់កណ្តាលនៃក្រុមហ៊ុនធំៗទាំងអស់នោះ បាននិយាយថាពួកគេមានផែនការទទួលទិញយកទ្រព្យធនរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលបីឆ្នាំទៀត។ កាលពីឆ្នាំមុន ក្រុមហ៊ុនចិនបានវិនិយោគក្នុងទឹកប្រាក់ចំនួន ៤២,៦ ពាន់លានដុល្លារ នៅក្នុងការរួមបញ្ចូលគ្នានិងការទិញយកបន្ថែម នៅឯបរទេស។
ការខកខានរបស់សាជីវកម្មប្រេងជាតិក្នុងសមុទ្រនៃប្រទេសចិន (China National Offshore Oil Corporation) ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ មិនបានទិញក្រុមហ៊ុនសហរដ្ឋអាមេរិកឈ្មោះ Unocal កាលពីឆ្នាំ២០០៥ ដោយសារការព្រួយបារម្ភពីបញ្ហាសន្តិសុខជាតិ បានធ្វើឲ្យមានការមន្ទិលសង្ស័យថាតើក្រុមហ៊ុនចិនជាច្រើនអាចទទួលបានកិច្ចព្រមព្រៀងធំៗនៅសហរដ្ឋអាមេរិកដែរឬអត់។ ប៉ុន្តែ អ្នកវិភាគកិច្ចការជំនួញជាច្រើន និយាយថាក្រុមហ៊ុនចិនបានធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពពាណិជ្ជកម្មរបស់ពួកគេ ហើយពួកគេបានទាញយកឱកាសពីការធ្លាក់ចុះសេដ្ឋកិច្ចសហរដ្ឋអាមេរិក។
នៅខែតុលាក្រុមហ៊ុន CNOOC បានវិនិយោគទឹកប្រាក់ចំនួន១ពាន់លានដុល្លារលើផ្នែកប្រេងកាត និងឧស្ម័នរបស់រដ្ឋតិចសាស់។ ធនាគារធំបំផុតរបស់ចិនឈ្មោះ ICBC បានទិញយកក្រុមហ៊ុនភាគហ៊ុនឈ្មួញកណ្តាលតូចៗនៅទីក្រុងញ៉ូវយ៉ក។
នៅខែកក្កដាក្រុមហ៊ុនចិនមួយបានទិញក្រុមហ៊ុនផលិតរថយន្តនិចធៀរ (Nexteer Automotive) ដែលជាសាខារបស់ក្រុមហ៊ុន General Motors ក្នុងទឹកប្រាក់ចំនួន៤៥០លានដុល្លារ។ និចធៀរ ជានិយោជកធំបំផុតលំដាប់ទី២នៅក្រុង Saginaw ក្នុងរដ្ឋ Michigan ដែលជាសហគមន៍ មានអត្រាអ្នកអត់ការងារធ្វើជាង១១ភាគរយ។
និយោជិតក្រុមហ៊ុននិចធៀរមួយចំនួនព្រួយបារម្ភថាពួកគេនឹងបាត់បង់ការងារប្រសិនបើម្ចាស់ថ្មីផ្ទេរប្រតិបត្តិការទៅកាន់ប្រទេសចិនវិញ។ អ្នកផ្សេងទៀតមិនសប្បាយចិត្តទេការណ៍ដែលក្រុមហ៊ុនមួយ ធ្លាប់ជាផ្នែកនៃក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកឥឡូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិនទៅវិញ។ ប៉ុន្តែក្រុមហ៊ុននេះបានបង្កើនការងារខាងវិស្វកម្មចំនួនប្រហែល១០០ទៀតចាប់តាំងពីកិច្ចព្រមព្រៀងត្រូវបានប្រកាសឲ្យដឹង។
នៅក្នុងឆ្នាំនេះដែរក្រុមហ៊ុនដែកនិងដែកថែបអានសាន (Anshan Iron and Steel) ដែលជាក្រុមហ៊ុនផលិតដែកថែបធំបំផុតលំដាប់ទី៤របស់ចិនចង់បើកការរកស៊ីរួមគ្នាក្នុងទឹកប្រាក់ ១៦៨លានដុល្លារ ជាមួយក្រុមហ៊ុនអាមេរិកឈ្មោះសាជីវកម្មអភិវឌ្ឍន៍ដែកថែប (Steel Development Corporation) នៅរដ្ឋMississippi ដែលជាការវិនិយោគដំបូងបង្អស់របស់ចិនលើវិស័យនេះ។ ប៉ុន្តែក្រុមអ្នកតាក់តែងច្បាប់មួយចំនួននិងក្រុមហ៊ុនផលិតដែកថែបរបស់អាមេរិកផ្សេងៗទៀត បានប្រឆាំងទៅនឹងកិច្ចព្រមព្រៀងនេះដោយអះអាងថាក្រុមហ៊ុនផលិតដែកថែបរបស់ចិនទទួលបានប្រាក់ជួយឧបត្ថម្ភពីរដ្ឋ។ សភាសហរដ្ឋអាមេរិក ត្រូវតែត្រួតពិនិត្យកិច្ចព្រមព្រៀងណាមួយដែលអាចប៉ះពាល់ដល់សន្តិសុខជាតិ។
អត្រាអត់ការងារធ្វើនៅសហរដ្ឋអាមេរិកមានកម្រិតជិត១០ភាគរយក្នុងរយៈពេលពីរឆ្នាំបន្ទាប់ពីការចាប់ផ្តើមការធ្លាក់ចុះសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីទសវត្សរ៍១៩៣០មក។
លោក Derek Scissors អ្នកស្រាវជ្រាវជាន់ខ្ពស់នៃមូលនិធិបេតិកភណ្ឌដែលជាវិទ្យាស្ថានស្រាវជ្រាវខាងគោលនយោបាយនៅទីក្រុងវ៉ាស៊ីនតោនមានប្រសាសន៍ថា ការវិនិយោគរបស់ចិនផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។
«ការវិនិយោគរក្សាការងារឲ្យពលរដ្ឋអាមេរិកាំងនៅទីនេះ។ វាមានសារៈប្រយោជន៍សម្រាប់ប្រទេសចិនក្នុងការអនុញ្ញាតឲ្យទទួលបានធនធានធម្មជាតិរបស់អាមេរិក។ សហរដ្ឋអាមេរិក សម្បូរទៅដោយធនធានធម្មជាតិស្ទើរតែគ្រប់ទាំងអស់ដែលប្រេងគឺជាករណីពិសេសពិតប្រាកដតែមួយគត់។ ប្រទេសចិនកំពុងត្រូវការធនធាននេះយ៉ាងខ្លាំង។ សហរដ្ឋអាមេរិកមានបរិយាកាសវិនិយោគដ៏ល្អណាស់ សម្រាប់ក្រុមហ៊ុនចិនហើយគេអាចយល់បានថាប្រទេសចិនចង់វិនិយោគនៅទីនេះ។ ហើយនិយាយតាមត្រង់ទៅចិនបានចំណាយប្រាក់យ៉ាងច្រើនដើម្បីទទួលបានធនធានធម្មជាតិ ដូច្នេះហេតុអ្វីក៏មិនអនុញ្ញាតឲ្យពួកគេបង់ប្រាក់យ៉ាងច្រើនសម្រាប់ធនធានធម្មជាតិរបស់អាមេរិក?»
ប៉ុន្តែក្រុមនាយកប្រតិបត្តិផ្នែកជំនួញនិងអ្នកនយោបាយសហរដ្ឋអាមេរិកខ្លះបានត្អូញត្អែរថា ទីក្រុងប៉េកាំងបានដាក់កម្រិតដល់ក្រុមហ៊ុនអាមេរិកដែលចង់ពង្រីកខ្លួនចូលទៅក្នុងប្រទេសចិន។ លោករដ្ឋមន្ត្រីពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកGary Locke មានប្រសាសន៍ថាបញ្ហានឹងត្រូវបានដោះស្រាយ ក្នុងអំឡុងកិច្ចប្រជុំរវាងក្រុមមន្ត្រីពាណិជ្ជកម្ម និងជំនួញរបស់សហរដ្ឋអាមេរិកនិងចិននៅទីក្រុងវ៉ាស៊ីនតោននាថ្ងៃទី១៣ ខែធ្នូនេះ។
«យើងចង់ឃើញមានការផ្លាស់ប្តូរគ្នាទៅវិញទៅមកច្រើនថែមទៀត ពីដៃគូរបស់យើងនៅប្រទេសចិន និងការប្តេជ្ញាខ្លាំងជាងមុន ដើម្បីអនុវត្តគោលនយោបាយបើកចំហរទីផ្សារ ដែលចិនបានយល់ស្របនៅពេលខ្លួនបានចូលរួមក្នុងអង្គការពាណិជ្ជកម្មពិភពលោកពីដំបូង»។
ដោយរដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិកជួបប្រទះនូវអត្រាអត់ការងារធ្វើយ៉ាងខ្ពស់និងជំពាក់បំណុល អភិបាលរដ្ឋនៅតាមរដ្ឋផ្សេងៗ មានដូចជារដ្ឋ California និង Minnesota បានធ្វើដំណើរផ្សព្វផ្សាយពាណិជ្ជកម្មទៅកាន់ប្រទេសចិនដែរកាលពីពេលថ្មីៗនេះ៕
ប្រែសម្រួលដោយ លី សុខឃាង