ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ចិន​រក​ឱកាស​ទិញ​ទ្រព្យ​នៅ​បរទេស


លោក លី ស្ហូហ្វូ (Li Shufu) (ស្តាំ) ប្រធាន​ក្រុម​ហ៊ុន​ផលិត​រថយន្តរបស់​ចិន​ Geely ថ្លែង​សន្ទរកថា​​ ក្នុង​សន្និសីទ​សារព័ត៌មាន​​ក្នុង​ទីក្រុង​ប៉េកាំង​​ នៅ​​ថ្ងៃ​​ទី ៣០ ខែ ឧសភា ឆ្នាំ​២០១០។
លោក លី ស្ហូហ្វូ (Li Shufu) (ស្តាំ) ប្រធាន​ក្រុម​ហ៊ុន​ផលិត​រថយន្តរបស់​ចិន​ Geely ថ្លែង​សន្ទរកថា​​ ក្នុង​សន្និសីទ​សារព័ត៌មាន​​ក្នុង​ទីក្រុង​ប៉េកាំង​​ នៅ​​ថ្ងៃ​​ទី ៣០ ខែ ឧសភា ឆ្នាំ​២០១០។

ហុងកុង៖ ក្រុម​ហ៊ុន​ចិនសម្បូរប្រាក់​ កំពុងតែ​ស្វែង​រក​ទី​ផ្សារ ​និង​ជំនាញ​បច្ចេកទេសថ្មីៗ​សម្រាប់​ពាណិជ្ជ​កម្ម​របស់​ខ្លួន។ ការ​ស្ទាប​ស្ទង់​មតិ​ថ្មី​មួយ​ទៅ​លើ​ក្រុម​ហ៊ុន​ចិន​ ​បង្ហាញ​ថា ក្រុម​ហ៊ុន​ចិន​ជា​ច្រើន​មាន​ផែន​ការទិញ​យក​ទ្រព្យ​សម្បត្តិ​នៅ​បរទេសនៅ​ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ខាង​មុខ​នេះ។

ធនាគារ​គ្រប់​គ្រង​ដោយ​រដ្ឋ​ធំ​ជាង​គេ​បង្អស់​មួយរបស់​ចិន គឺ​ធនាគារ​ឧស្សាហ​កម្ម​ និង​ពាណិជ្ជ​កម្ម​ចិន នាពេល​ថ្មីៗ​នេះ​ បាន​ប្រកាស​ថា ខ្លួន​ទិញ​បាន​ក្រុម​ហ៊ុនមូលធនប័ត្ររបស់​សហរដ្ឋ​អាមេរិកក្នុង​តម្លៃ​មួយ​ដុល្លារ​។​ ការ​លក់​ Prime Dealer Services ដែល​ជាសាខាតូច​មួយ​របស់​ក្រុម​ហ៊ុន​មូលធនប័ត្រ​ Fortis Securities តម្រូវ​ឲ្យធនាគារឧស្សាកម្ម​ និង​ពាណិជ្ជ​កម្ម​ចិន ICBC ទទួលខុស​ត្រូវបំណុល​ទាំង​អស់​របស់​ក្រុម​ហ៊ុន​នេះ។ ធនាគារ​ ICBC ឲ្យដឹងថា ខ្លួន​កំពុង​ស្វែង​រក​ទិញ​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

កាលពីខែមុន សាជីវកម្ម​ប្រេង​ក្នុង​សមុទ្រ​របស់ចិន​ ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​ បាន​ទិញ​យក​១​ភាគ៣​នៃ​តំបន់​ឧស្ម័ន​ធម្ម​ជាតិនៅ​ក្នុង​រដ្ឋ​តិច​សាស។ នេះគ្រាន់​តែ​ជា​ចំនួនកើន​ឡើង​បន្តិច​បន្តួច​នៃ​ការ​ទិញ​យក​ទ្រព្យ​សម្បត្តិ​នៅ​ទូ​ទាំង​ពិភព​លោក​របស់​ចិន។​ កាល​ពី​ឆ្នាំ​ទៅ​ ក្រុម​ហ៊ុន​ចិន​បានបោះទុនវិនិយោគ​ចំនូន​៤៣​ពាន់​លាន​ដុល្លារ​អាមេរិក​ លើ​ការ​ច្របាច់​បញ្ចូល​ក្រុម​ហ៊ុន​ និង​ទិញ​យក​ក្រុម​ហ៊ុន​បរទេស។

លោក ចឺរ៉ឺមី ហ្វ៊ានលី (Jeremy Fearnley) ប្រធាន​ផ្នែកការច្របាច់បញ្ចូល និងទិញ​នៅក្រុម​ហ៊ុន​ផ្តល់​ប្រឹក្សា​មួយ ហៅ​កាត់​ជា​ភាសា​អង់​គ្លេស​ថា KPMG ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ទី​ក្រុង​ហុង​កុង មាន​ប្រសាសន៍ថា ក្រុម​ហ៊ុន​ចិន ​ទាំង​ក្រុមហ៊ុន​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ និង​ក្រុម​ហ៊ុនឯក​ជន កំពុង​ស្វែង​រក​ការ​ទិញ​យក​ទ្រព្យ​សម្បត្តិ​នៅ​បរទេស។

ក្រុម​ហ៊ុន KPMG បាន​ធ្វើ​ការ​ស្ទាប​ស្ទង់​មតិ​ ​នាយក​ប្រតិបត្តិក្រុម​ហ៊ុន​ចិន​ជាង​១៥០ ស្តីអំពី​មាន​ផែន​ការ​វិនិយោគបរទេស​របស់​គេក្នុងកំឡុងពេល​បី​ឆ្នាំ​ខាង​មុខ។ លោក​ ហ្វ៊ានលីថ្លែង​ថា៖

«៨៥​ភាគរយ​នៃ​អ្នក​ដែល​យើង​បាន​ជួប​សម្ភាស កំពុងស្វែង​រក​ឱកាស​ច្របាច់​បញ្ចូល​ និងទិញ​យកក្រុម​ហ៊ុន​បរទេស។ គេពិត​ជា​មាន​ផែន​ការ​នេះ​នៅ​ក្នុង​របៀប​វារៈ​របស់​ពួក​គេ»។

ក្រុម​ហ៊ុន​ភាគ​ច្រើន ដែល​ត្រូវបាន​ធ្វើ​ការ​ស្ទាបស្ទង់​មតិ ហើយ​ដែល​មាន​ចំណូល​តិច​ជាង​១៥០លាន​ដុល្លារ​ ឲ្យ​ដឹង​ថា ​គេ​កំពុង​សម្លឹង​មើល​ការ​វិនិយោគ​នៅ​ក្នុង​ទ្វីប​អាស៊ី ខណៈ​ដែល​ប្រហែល​ពាក់​កណ្តាល​នៃ​អ្នក​ដែល​ត្រូវបាន​ធ្វើ​ការស្ទាប​ស្ទង់​មតិ​នេះ​ និង​ដែល​មាន​ប្រាក់​ចំណូលច្រើន​ជាង​នេះ​ មាន​ផែន​ការ​ទិញ​យក​ទ្រព្យសម្បត្តិ​នៅ​ក្នុង​ទ្វីប​អាមេរិក​ខាង​ជើង អឺរ៉ុប​ និង​អាស៊ី​ផង​ដែរ។ លោក ហ្វ៊ានលី​ បន្តថា៖

«យើង​មើល​ឃើញថា ​មនុស្ស​កំពុង​សម្លឹង​មើលទៅអាមេរិក ​និង​អឺរ៉ុប។​ ពួក​គេ​ពិត​ជា​ចង់​ទិញ​យក​បច្ចេក​វិជ្ជា​ព័ត៌​មាន ម៉ាក​យីហោ និង​បច្ចេក​វិជ្ជា ដែលជា​ទ្រព្យ​សម្បត្តិ ​ដែល​ពួក​គេ​អាច​ប្រើ​ប្រាស់​ដើម្បី​បង្កើនពាណិជ្ជ​កម្ម​របស់​គេទៅមួយ​កម្រិត​ទៀត។​ ឥឡូវ​នេះ​ ប្រហែលជា​ត្រូវ​នាំ​ចេញ​បន្ថែម​ទៀត​ទៅ​កាន់​ទី​ផ្សា​បរទេស។ ជម្រើស​មួយ​ផ្សេង​ទៀតគឺថា គេ​អាចលក់​ផលិត​ផល​ទាំង​នោះ​បាន​កាន់​តែ​ច្រើន​ ដោយ​ប្រើ​ផ្លាក​យីហោ​អន្តរ​ជាតិ​ល្បីៗ ឬ​ប្រើ​បច្ចេក​វិជ្ជា​ខ្ពស់ ដើម្បី​ផ្តល់​ជា​ប្រយោជន៍​ដល់​ទី​ផ្សា​រក្នុង​ស្រុក​ ឬ​ដល់​ប្រទេស​ចិន»។

ឧទាហរណ៍ ក្រុម​ហ៊ុន​ផលិត​រថយន្តរបស់​ចិន​ Geely បាន​បញ្ចប់​ការ​ទិញ​យក​ភាគ​ហ៊ុន​របស់ក្រុមហ៊ុន Ford Motors នៅ​ក្នុងក្រុមហ៊ុន​ផលិត​រថយន្ត​របស់ស៊ុយ​អែដ​ ឈ្មោះ​ Volvo នៅ​ក្នុង​ខែ​សីហា​នេះ។ ក្រុម​ហ៊ុន Volvo មាន​ផែនការ​បើក​រោង​ចក្រ​ថ្មីៗ​នៅ​ក្នុង​ប្រទេស​ចិន ហើយ​លក់​ឡាន​ដែល​ផលិត​នៅប្រទេស​ចិន ​ក្នុង​ទ្វីប​អឺរ៉ុប។

ក្រុម​ហ៊ុន​ចិន​ក៏​បានវិនិយោគ​យ៉ាង​ច្រើននៅ​ទ្វីប​អាហ្រ្វិក និង​អាមេរិក​ឡាទិនដែរ ជាពិសេស​លើការ​រុក​រក​រ៉ែ ប្រេង​ និង​ឧស័្មន ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធ​សាស្រ្ត​របស់​ប្រទេស​នេះ​ ក្នុង​ការ​ធានា​ឲ្យ​បាន​នូវ​ការ​ផ្គត់​ផ្គង់​វត្ថុ​ធាតុ​ដើម​ សម្រាប់​សេដ្ឋ​កិច្ច​ ដែលកំពុង​តែកើន​ឡើង​យ៉ាង​លឿន​របស់​ខ្លួន។

ទោះ​ជាយ៉ាង​នេះ​ក្តី កាល​ពី​អតីត​កាល ការ​វិនិយោគ​របស់​ចិន​នៅ​ក្នុង​ឧស្សាហ​កម្ម​ជា​យុទ្ធ​សាស្រ្ត​របស់​សហ​រដ្ឋ​អាមេរិក​ ទទួលបរាជ័យ​ដោយ​សារ​តែ​កង្វល់ផ្នែក​សន្តិសុខ។ នៅ​ក្នុង​ឆ្នាំ​២០០៥ ក្រុម​ហ៊ុនប្រេង​របស់​ចិន CNOOC ដែល​ជា​ក្រុម​ហ៊ុន​តែ​មួយ​ ដែលបាន​ទិញ​យក​តំបន់ឧស័្មន​នៅ​ក្នុង​រដ្ឋ​តិច​សាស​ ​ទិញ​យក​ក្រុម​ហ៊ុនប្រេង​របស់​អាមេរិក Unocal មិន​បាន​។​ ក្រុម​ហ៊ុន​Anshan Iron and Steel ដែល​ចូលហ៊ុនជាមួយ​ក្រុម​ហ៊ុន​ Steel Development Co. ដើម្បីកសាងរោង​ចក្រ​ផលិត​ដែក​បន្ទះ​នៅ​ក្នុង​រដ្ឋម៉ីស៊ី​ស៊ី​ពី បាន​ប្រឈម​ទៅ​នឹង​ការ​ជំទាស់​ពី​អ្នក​តាក់តែងច្បាប់​របស់​អាមេរិក​មួយ​ចំនួន។

ការ​ស្ទាប​ស្ទង់​មតិ​របស់​ក្រុម​ហ៊ុន KPMG បង្ហាញថា ភាព​គ្មាន​បទ​ពិសោធន៍ក្នុង​ការ​ធ្វើ​ទំនាក់​ទំនង​ ភាព​ខុស​គ្នា​ផ្នែក​វប្បធម៌ ភាព​គ្មាន​បទពិសោធន៍ក្នុង​ដំណើរ​ការ​នៃ​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្តរបស់​ក្រុម​ហ៊ុន​ចិន ជួន​កាល​អាច​ធ្វើ​ឲ្យរាំង​ស្ទះដល់​លទ្ធភាព​របស់ពួក​គេ​ក្នុង​ការ​សម្រេច​ការ​រក​ស៊ី។​ ភាគ​ច្រើន​ ចង់​បាន​ការ​គ្រប់​គ្រង​របស់​ចិន​លើ​ក្រុមហ៊ុនគោល​ដៅ ទោះ​បី​ជា​អ្នក​ផ្សេង​ទៀតមាន​ភាព​ប្រាកដ​និយម​ជាង​ នៅ​ពេល​ប្រឈម​មុខ​ទៅ​នឹង​ការ​ដាក់​កំហិត​ទៅ​លើ​ភាព​ជា​ម្ចាស់​កម្ម​សិទ្ធិ​ក៏​ដោយ។

នៅ​សប្តាហ៍​នេះ​ លោក​ ចិន ជាន​ (Chen Jian) អនុ​រដ្ឋ​មន្រ្តីពាណិជ្ជ​កម្ម​របស់​ចិន បាន​ជំរុញអាមេរិកឲ្យ​បើក​ឲ្យ​មានការ​វិនិយោគ​របស់​ចិន​ថែម​ទៀត។ ក្រសួង​នេះ​ឲ្យ​ថា វិនិយោគ​របស់​ចិន​នៅ​អាមេរិក​ នៅ​ក្នុង​រយៈ​ពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ បាន​កើន​ឡើង​ដល់​ទៅ​៥៣០​ភាគ​រយ បើ​ប្រៀប​ធៀប​ទៅ​នឹងឆ្នាំ​ទៅ៕

ប្រែសម្រួល​ដោយ​ ឌី​ ខាំបូលី

XS
SM
MD
LG