គ្រួសាររបស់សកម្មជន សិល្បករដ៏ល្បីឈ្មោះ លោក Ai Weiwei ថ្លែងថាលោក ហាក់ដូចជាមានសុខភាពល្អក្រោយពីអាជ្ញាធរបានអនុញាតឲ្យពួកគេ ទៅជួបសួរសុខទុក្ខលោកជាលើកដំបូង នៅពេលក្រោយលោក Ai Weiwei បានបាត់ខ្លួនហើយជាប់នៅក្នុងគុកជាងមួយខែមកហើយ។
ភរិយារបស់លោក Ai Weiwei អ្នកស្រី លូ គីញ( Lu Qing )បានជួបប្ដីរបស់អ្នកស្រីបានតែ១៥ នាទីបុណ្ណោះ កាលពីថ្ងៃអាទិត្យ។ លោក Liu Xiaoyuan មេធាវី ម្នាក់ជិតស្និទ្ធទៅនឹងគ្រួសារ លោក អៃ ថ្លែងថា គេបានប្រាប់លោកថា នេះជាលើកដំបូងដែលគ្រួសារបានចូលទៅសួរសុខទុក្ខសកម្មជនសិល្បករនោះ។
«លោក លីវ ថ្លែងថាភរិយារបស់លោក អៃ បាននិយាយប្រាប់លោកថា លោក អៃហាក់ដូចជាមានសុខភាពល្អ ហើយអាហារដែលគាត់ពិសារក្នុងគុក ក៏ ល្អដែរ។ លោក លីវ និយាយថា លោក អៃ និយាយអំពីគ្រួសារតែបុណ្ណោះ តែលោកមិនបានវែកញែកអំពីរឿងច្បាប់ណាមួយទេ»។
លោក អៃ ជា សិល្បករម្នាក់ល្បីឈ្មោះដែលអន្ដរជាតិទទួលស្គាល់។ លោក ក៏បានត្រូវគេស្គាល់លោកដែរថាជាសកម្មជនចេញមុខ នៅពេលក្រោយការរញ្ជួយផែនដីក្នុងខេត្ដ Sichuan កាលពីឆ្នាំ ២០០៨ នៅពេលលោកធ្វើការស៊ើបអង្កេតដោយផ្ទាល់ខ្លួនមកលើមរណភាពសិស្សសាលារៀនច្រើនពាន់នាក់។ សិល្បករនោះស្ថិតនៅក្នុងចំណោមអ្នកទិះតៀនជាច្រើននាក់ដែលដាក់កំហុសមកលើមន្ដ្រីពុករលួយ និង អាគារសាលារៀនសង់មិនត្រិមត្រូវ ដែលជម្រុញកាន់តែខ្លាំងដល់ការ គំរាម។
ទោះជាលោក អៃ បានត្រូវចាប់ឃុំកាលពីជាងមួយខែមុន ក៏ដោយក៏ រដ្ឋាភិបាលចិនមិនបានប្រាប់គ្រួសារតាមផ្លូវការ អំពីស្ថានការណ៍ ឬ លោកនៅទីកន្លែងណានោះ។ បណ្ដាញព័ត៌មានចិន និយាយថា លោកបានត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសេដ្ឋកិច្ច តែគេមិនឃើញមានសេចក្ដីរាយការណ៍ពិស្ដារច្រើនទេ។
អ្នកនាំពាក្យ ក្រសួងការបរទេសចិន លោកស្រីជាងយូ (Jiang Yu) បានបដិសេធសំណួរជាច្រើនរបស់អ្នកកាសែតបរទេសអំពី លោក អៃ ។ លោកស្រី ជាង យូ និយាយថាលោកស្រីមិនអាចអធិប្បាយអំពីករណីនេះទេដោយសារតែការស៊ើបអង្កេតកំពុងដំណើរការ។ នៅអតីតកាល លោកស្រីអំពាវនាវដល់អ្នកទិះតៀនឲ្យរង់ចាំលទ្ធផលនៃការស៊ើបអង្កេត៕
ប្រែសម្រួលដោយ អ៊ូ ធួក