ប្រតិភូប្រមាណបីពាន់នាក់មកពីទូទាំងប្រទេសចិនកំពុងឋិតក្នុងក្រុងប៉េកាំងដើម្បីចូលរួមក្នុងសមាជជាតិរបស់ប្រជាជនប្រចាំឆ្នាំនៃប្រទេសចិន។ គេរំពឹងថា អាទិភាពមួយក្នុងបណ្តាអាទិភាពជាន់ខ្ពស់របស់ពួកប្រតិភូទាំងនេះគឺការកែលម្អជីវភាពក្រុមជនក្រីក្រដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចៀសកុំឱ្យមានចលាចល។
នៅពេលដែលប្រទេសចិនប្រុងប្រៀបបើកការប្រជុំសមាជជាតិរបស់ប្រជាជននៅថ្ងៃសៅរ៍ រដ្ឋាភិបាលបាននិយាយថាការថែរក្សាឱ្យមានស្ថិរភាពសង្គមជាកង្វល់ខ្លាំងបំផុតរបស់ពួកគេ។
នៅក្នុងការសំណេះសំណាលគ្នាកាលពីពេលថ្មីៗនេះតាមបណ្តាញ Internet ជាមួយប្រជាជនចិន លោកនាយករដ្ឋមន្ត្រី Wen Jiabao បានមានប្រសាសន៍ថា វិធីមួយដែលរដ្ឋាភិបាលសង្ឃឹមថានឹងបញ្ចៀសកុំឱ្យមានបញ្ហាសង្គម គឺជួយក្រុមអ្នកក្រីក្រ។
លោក Wen មានប្រសាសន៍ថាបញ្ហានៃការបង្កើនកម្រឹតជីវភាពរបស់ប្រជាជននឹងទៅជាចំណុចចាប់ផ្តើមនៃបទបញ្ជាទាំងអស់ក្នុងផែនការប្រាំឆ្នាំថ្មីរបស់ប្រទេសពីឆ្នាំ២០១១ដល់ឆ្នាំ២០១៥។
នៅក្នុងឱកាសសម័យប្រជុំសភាមួយសប្តាហ៍ក្នុងឆ្នាំនេះ អង្គការនីតិប្បញ្ញត្តិនឹងផ្តល់ការយល់ព្រមចុងក្រោយបង្អស់ដល់ផែនការនេះ។ ផែនការនេះកំណត់គោលដៅនៃគណបក្សកុម្មុយនិស្តគ្រប់គ្រងប្រទេសសម្រាប់ប្រទេសជាតិ ហើយផែនការនេះបានទទួលការយល់ព្រមរួចស្រេចហើយនៅក្នុងការប្រជុំមួយរបស់ពួកមេដឹកនាំគណបក្សកាលពីឆ្នាំទៅមិញ។
រដ្ឋាភិបាលបាននិយាយកាលពីឆ្នាំ២០០៩ថា ប្រជាជនចិនជិត៣៦លាននាក់រស់នៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រដែលមានទឹកប្រាក់ប្រមាណ១៨០ដុល្លារក្នុងមនុស្សម្នាក់សម្រាប់ពេលមួយឆ្នាំ ឬប្រមាណ៤៩សេនក្នងមួយថ្ងៃ។ ទឹកប្រាក់នេះស្មើនឹងមួយភាគបីនៃទឹកប្រាក់ដែលធនាគារពិភពលោកប្រើប្រាស់សម្រាប់ខ្សែបន្ទាត់នៃភាពក្រីក្ររបស់គេដែលអាចកំណត់ថាជនជាតិចិន១៥០លាននាក់ក្រីក្រខ្លាំងណាស់។
លោកនាយករដ្ឋមន្ត្រីចិនបានផ្តល់សញ្ញាថារដ្ឋាភិបាលក៏គ្រោងនឹងដោះស្រាយបញ្ហានយោបាយពីរដែលអាចនាំឱ្យមានស្ថានភាពធ្ងន់ធ្ងរបានគឺអំពើពុករលួយនិងអតិផរណា។
លោក Wen មានប្រសាសន៍ថាដោយសារអតិផរណាមានផលប៉ះពាល់លើជីវភាពរបស់ប្រជាជនហើយអាចមានផលប៉ះពាល់លើស្ថិរភាពសង្គមផងដែររដ្ឋាភិបាលចិនចាត់ទុកការថែរក្សាស្ថិរភាពតម្លៃទំនិញថាជា “បញ្ហាធំ” មួយ។
អតិផរណាកាលពីខែមករាមាន៤,៩ភាគរយ ក៏ប៉ុន្តែម្ហូបអាហារបានទ្បើងថ្លៃជាង១០ភាគរយ។
លោកសាស្ត្រាចារ្យ Huang Jing ផ្នែកគោលនយោបាយសាធារណៈនៅឯសាកលវិទ្យាល័យប្រទេសសិង្ហបូរី មានប្រសាសន៍ថាលោកយល់ថាការបង្ក្រាបអំពើពុករលួយគួរតែជាអាទិភាពមួយក្នុងបណ្តាអាទិភាពកំពូលរបស់រដ្ឋាភិបាល។
ប្រែសម្រួលដោយឈឹមសុមេធ