ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ចិន​ក្នុង​សង្គ្រាម​លោក​លើក​ទី​មួយ​បាន​ទាញ​ការ​ចាប់​អារម្មណ៍​ជា​ថ្មី​


ពលករ​ចិន​​ ដែល​បម្រើការងារ​ក្នុង​សង្រ្គាម​លោកលើក​​ទី​មួយ។​
ពលករ​ចិន​​ ដែល​បម្រើការងារ​ក្នុង​សង្រ្គាម​លោកលើក​​ទី​មួយ។​

ក្រុងហ្វ្លានដឺស៍ ប្រទេស​បែលហ្សីក៖​ សង្រ្គាម​លោក​លើក​ទី​មួយ ​បាន​បង្ក​ឲ្យ​មាន​លំហូរ​ប្រជាជន​នៅ​ជុំ​វិញ​ពិភពលោក​ ដែល​រួម​បញ្ចូល​ទាំង​ពលករ​ចិន​ចំនួន​ប្រមាណ​មួយ​សែន​បួន​ម៉ឺន​នាក់​ ដែល​បម្រើ​ឲ្យ​សមរភូមិជួរ​មុខ​បស្ចឹម​ប្រទេស ជា​ភាសា​អង់​គ្លេស​ហៅ​ថា​ Western ​Front។​ ការ​តាំង​ពិព័រណ៍​សារមន្ទីរ​ថ្មី​មួយ ​នៅ​ក្រុងហ្វ្លានដឺស៍ ប្រទេស​បែលហ្សីក​ បាន​កត់​សម្គាល់​តួ​នាទី​របស់​ចិន​នៅ​ក្នុង​សង្រ្គាម។​ តែ​អ្នករៀប​ចំ​កម្ម​វិធី​ហាក់​ដូច​ជា​ត្រូវ​លុប​ចោល​ផែន​ការ​ក្នុង​ការ​យក​ពិព័រណ៍​នេះ​ទៅ​តាំង​នៅប្រទេស​ចិន។

រឿង​រ៉ាវ​ដែល​គេ​ដឹង​តិច​តួច​ អំពី​ប្រជាជន​ចិន​ប្រមាណ​មួយ​សែន​បួន​ម៉ឺន​នាក់​ ដែល​បម្រើ​នៅ​ក្នុង​សមរភូមិ​ខាង​មុខរបស់​បស្ចឹម​ប្រទេស​ក្នុង​កំឡុង​ពេល​សង្រ្គាម​លោក​លើក​ទី​មួយ​ ​បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ជា​ថ្មី​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​រៀប​ចំ​ពិព័រណ៍​សង្រ្គាម​ នៅ​ឯ​សារមន្ទីរ​ In​ Flanders​ Fields​ ក្នុង​ទី​ក្រុង​ Ypres​ ប្រទេស​បែលហ្សីក​ គឺ​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​លើក​ទី​មួយ​ ដើម្បី​បង្ហាញ​លម្អិត​អំពី​ការ​ជាប់​ពាក់​ព័ន្ធ​យ៉ាង​សំខាន់​របស់​ចិន​នៅ​ក្នុង​ជម្លោះ។

លោក​ Dominiek​ Dendooven​ គឺ​ជា​អភិរក្ស​រង​និង​ជា​អ្នក​ស្រាវ​ជ្រាវ​នៅ​ក្នុង​សារមន្ទីរ។​ លោក​បាន​ជួយ​រៀប​ចំការ​តាំង​ពិព័រណ៍​ ហើយ​និយាយ​ថា​វា​ដល់​ពេល​វេលា​ហើយដែល​ពិភព​លោក​ចាប់​ផ្តើម​ទទួល​ស្គាល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ចិននៅ​ក្នុង​សង្រ្គាម ​និង​ថា​តើ​ជម្លោះ​នេះ​បាន​ផ្លាស់​ប្តូរ​ប្រទេស​ចិនសម័យ​ទំនើប ​ដោយ​របៀប​ណា។

«អស់​ជា​ច្រើន​ទស្សវត្សរ៍​មក​ហើយ​ រឿង​រ៉ាវ​នៃ​បុព្វហេតុ​កម្លាំង​ពលកម្ម​របស់​ប្រជាជន​ចិន​ត្រូវ​បាន​បំភ្លេច​ចោល​ទាំង​ស្រុង។​ ប៉ុន្តែ​នៅទស្សវត្សរ៍​ចុង​ក្រោយ​នេះ​ គឺជាក់​ស្តែង​នៅ​ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ ​អ្នក​បាន​ឃើញ​ថា​ ប្រជាជន​នៅ​ទូ​ទាំង​ពិ​ភព​លោក​កំពុង​តែ​មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​បញ្ហា​នេះ។​ នេះ​គឺ​ជា​ប្រវត្តិ​សាស្រ្ត​រួម​មួយ​ដែល​យើង​កំពុង​តែ​ចែករំលែក​គ្នា»។

ពលករចិន​បានកប់​សាក​សព​ ជីក​រណ្តៅ​ត្រង់សេ​ ធ្វើ​ការ​នៅ​ក្នុង​រោង​ចក្រ​ផលិត​គ្រាប់​រំសេវ​ និង​សម្អាត​ឡត​គ្រាប់​កាំ​ភ្លើង​ធំ​ គ្រាប់​បែក​ដៃ​ និង​គ្រាប់​កាំ​ភ្លើង​ផ្សេងៗ​ទៀត​ បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង​យុទ្ធសន្តិ​ភាព​នៅ​ថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា​ ឆ្នាំ​១៩១៨។

ពលករ​ចំនួន​មួយ​សែន​នាក់​បម្រើ​នៅ​ក្នុង​អង្គភាព​ពល​កម្ម​ចិន​អង់គ្លេស​ រវាងឆ្នាំ​១៩១៧​និង​ឆ្នាំ​១៩១៩។​ ពលករ​ម្នាក់ៗ​ទទួល​បាន​មេ​ដាយ​ ចំពោះ​សេវា​បម្រើរបស់​ខ្លួន។​ ពលករ​ចំនួន​បួន​ម៉ឺន​ផ្សេង​ទៀតបាន​បំរើ​នៅ​ក្នុង​កង​កម្លាំង​របស់​បារាំង​ ហើយ​និស្សិត​ចិន​រាប់​រយ​នាក់​ផ្សេង​ទៀត​បម្រើ​ការ​ជា​អ្នក​បក​ប្រែ។

ដំបូង​ឡើយ​ សារមន្ទីរ​នៅ​ក្នុង​ទី​ក្រុង​ Ypres​ គ្រោង​នឹង​យក​ពិព័រណ៍​ទៅ​តាំង​នៅ​ក្នុង​ប្រទេស​ចិន​នៅ​ក្នុង​ខែ​វិច្ឆិកា ​រយៈ​ពេល​ប្រាំ​ខែ។​ ប៉ុន្តែ​ លោក​ Dendooven​ បាន​មាន​ប្រសាសន៍​ថា​ មន្រ្តី​ចិន​នឹង​មិន​ធានា​ថា​ ការ​តាំង​ពិព័រណ៍​នេះ​នឹង​មិន​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទេ។​ ដូច្នេះ​ គម្រោង​នាំ​យក​ទៅប្រទេស​ចិន​នេះ​ត្រូវ​លុប​ចោល​វិញ។

«យើង​ដឹង​ពី​បរិបទ​នៃ​រឿង​រ៉ាវ​នេះ។​ ដូច្នេះ​ ដើម្បី​ឲ្យ​សាច់​រឿង​មាន​ភាព​ទាក់​ទង​គ្នា​ យើង​ប្រា​ថ្នា​ចង់​បាន​ថា​ យើង​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ ថា​តើ​ការ​តាំង​ពិពណ៍​នៅ​ប្រទេស​ចិន​ នឹង​ត្រូវ​បាន​រៀប​ចំ​ដោយ​របៀប​ណា»។

ចំណុច​ចំរោងចំរាស់​ផ្នែក​ប្រវត្តិសាស្រ្ត​មួយ​ គឺ​ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​សង្រ្គាម។​ អ្នក​ប្រាជ្ញមួយ​ចំនួន​និយាយ​ថា ​ចំនួន​អ្នក​ស្លាប់​អាច​មាន​រហូត​ដល់​ទៅ​ពីរ​ម៉ឺន​នាក់។​ ប៉ុន្តែ​ ឯកសារ​ដែល​រក្សា​ដោយ​អ្នក​ជ្រើស​រើស​ពលករ​ជន​ជាតិ​អង់​គ្លេស​និង​បារាំង​បាន​បង្ហាញថា​ មាន​មនុស្សប្រមានតែ​ពីរ​ពាន់​នាក់​ប៉ុណ្ណោះ​ ដែល​បាន​បាត់​បង់​ជីវិត។​ ភាគ​ច្រើន​នៃ​អ្នក​ទាំង​នោះ​ស្លាប់​ដោយ​សារ​ជំងឺ​ឆ្លង​ផ្តាស់​សាយ​ ដែល​រាល​ដាល​ពេញ​ពិភព​លោក​ ចាប់​តាំង​ពី​ឆ្នាំ​១៩១៩។

ប្រវត្តិវិទូ​និង​អ្នក​ស្រាវ​ជ្រាវ​ជា​ច្រើន​និយាយ​ថា​ តួ​នាទី​របស់​ចិន​បាន​រាំង​ខ្ទប់​ដល់​ជ័យ​ជំនះ​របស់​អាលឺ​ម៉ង់​ ​ដូច​ជា​កង្វះ​នូវ​កម្លាំង​មនុស្ស​របស់ពួក​សម្ព័ន្ធ​មិត្រ​នៅ​ជិត​ចុង​បញ្ចប់​នៃ​សង្រ្គាម​ជា​ដើម។

សម្រាប់​ពលករ​ទាំង​នោះ​ សង្រ្គាម​គឺ​ជា​ផ្លូវ​មួយ​ដែល​អាច​រក​លុយ​បាន​ច្រើន​លើស​លប់​ជាង​ អ្វី​ដែល​ពួក​គេ​អាច​រក​បាន​នៅ​ក្នុង​ប្រទេស។​ ទោះ​ជា​យ៉ាង​នេះ​ក្តី​ ពលិកម្ម​របស់​ពួក​គេ​បាន​ក្លាយ​ទៅ​ជា​ចំណុច​ដ៏​សំខាន់បំផុត​មួយ​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​ចិន។

បន្ទាប់​ពី​មាន​ សន្ធិ​សញ្ញា​យុទ្ធ​សន្តិភាព​ឆ្នាំ​១៩១៩​នៅ​ទី​ក្រុង​វែគ​សៃ(Versailles)​ តម្រូវ​ឲ្យអាលឺ​ម៉ង់​ប្រគល់​កំពង់​ផែ​សម្បទាន​នៅក្នុង​ប្រទេស​ចិន​ទៅ​ឲ្យ​ជប៉ុន​ ទោះ​បី​ជា​មាន​ការ​ជំទាស់​ពី​ចិន​យ៉ាង​ណា​ក៏​ដោយ។​ ការ​មិន​សប្បាយ​ចិត្ត​ចំ​ពោះ​សន្ធិ​សញ្ញា​នេះ​ បាន​នាំ​ឲ្យ​មានចលនា​ប្រឆាំង​នៅ​ថ្ងៃ​ទី​៤​ខែ​ឧសភា។​ ការ​ជំទាស់​ប្រឆាំង​នេះ​ត្រូវ​បាន​មើល​ឃើញ​ថា​ បាន​រួម​ចំណែក​ដល់​ការ​កើត​ឡើង​នូវ​គណបក្ស​កម្មុយនីស្ត​ ដែល​គ្រប់​គ្រង​ប្រទេស​ចិន​ចាប់​តាំង​ពីឆ្នាំ​១៩៤៩។

រយៈកាល​ជា​ច្រើន​ឆ្នាំនៃ​ការ​បង្ហូរ​ឈាម​ផ្ទៃ​ក្នុង ​ការ​ឈ្លាន​ពាន​ សង្រ្គាម​ស៊ីវិល​ និងការ​បដិវត្តិន៍មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ ទៅ​នឹង​សង្រ្គាម​លោក​លើក​ទី​មួយ​ និង​លទ្ធផល​នៃ​សន្ធិ​សញ្ញា​សន្តិភាព។

លោក​ Xu Guoqi​ គឺ​ជា​សាស្រ្តាចារ្រ​ប្រវត្តិវិទ្យា​ នៃ​សាកល​វិទ្យាល័យ​ហុង​កុង។​ សៀវភៅ​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា​ «ជន​ចម្លែក​នៅ​សមរភូមិ​មុខ​របស់​បស្ចឹម​ប្រទេស៖ ពលករ​ចិន​នៅ​ក្នុង​សង្រ្គាម​ដ៏​អស្ចារ្យ» ​នឹង​ត្រូវ​បោះ​ពុម្ព​នៅ​ក្នុង​ឆ្នាំ​នេះ។​ លោក​បាន​មានប្រសាសន៍​ថា​ការ​បញ្ជូនមនុស្ស​ដូច​ជា​ពលករ​ចិន​ទៅ​សមរភូមិ​មុខ​នេះ គឺ​ជា​យុទ្ធសាស្រ្ត​ដ៏​អស្ចារ្យ​ ក្នុង​ការ​ភ្ជាប់​ប្រទេស​ចិន​ទៅ​នឹង​ប្រ​ទេសនៃ​លោក​ខាង​លិច។​ ហើយ​លោកបាន​សង្កត់ធ្ងន់​ ទៅ​លើ​ទំនាក់​ទំនង​រវាង​សង្រ្គាម​ ហើយ​និង​ការ​បង្កើត​បក្ស​កុម្មុយ​នីស្ត​ចិន។

នៅ​ក្នុង​កំឡុង​ពេល​នៃ​សង្រ្គាម​ អ្នក​បក​ប្រែ​វ័យ​ក្មេង​បាន​រៀប​ចំ​ផែន​ការ​អប់រំ​ ក្នុង​ពេល​ទំនេរ​ដែល​ចាក​ឆ្ងាយ​ពី​កិច្ច​ការ​ដ៏​មាន​គ្រោះ​ថ្នាក់​នៅ​ឯ​សមរភូមិ។​ ជា​លទ្ធផល​ ជិត​ពីរ​ភាគ​បីនៃ​ពលករ​ទាំងអស់​ បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​អាច​អាន​អក្សរបាន។​ លោក​បាន​មាន​ប្រសាសន៍​ថា​ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នេះ ​បាន​ជួយ​លើក​ទឹក​ចិត្ត​ដល់​ជន​ទាំង​ឡាយ​ ដែល​បាន​ឡើង​ទៅ​បន្ត​ដឹកនាំ​គណបក្ស​កុម្មុយនីស្ត។

«ក្រុម​អ្នក​ចេះ​អាន​សៀវ​ភៅ​ដូច​ជា ​ជូ អេន ឡាយ​ និង​ តេង ស៊ាវ ពីង​ ហើយ​នឹង​មនុស្ស​ជា​ច្រើន​ផ្សេង​ទៀត​ បាន​ចូល​ពាក់​ព័ន្ធ។​ យើង​បាន​ធ្វើ​ការ​តាមលំនាំ​ពលករ​ចិន​នៅ​ទ្វិប​អឺរ៉ុប​ដោយ​ត្រង់ៗ​ ក្នុង​កំឡុង​សង្រ្គាម​លោក​លើកទី​មួយ។​ និយាយ​ម្យ៉ាង​ទៀត​ គណបក្ស​កុម្មុយនីស្ត​របស់​ តេង ស៊ាវ ពីង​ និង​ ជូ អេន ឡាយ​ ហើយ​នឹង​អ្នក​ផ្សេង​ទៀត​ ដែល​ជា​និស្សិតធ្វើ​កម្មសិក្សា​នៅ​ពេល​នោះ​ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ប្រទេស​ចិន​កុម្មុយនីស្ត។​ ប៉ុន្តែ​ យើង​បាន​ដើរ​តាម​គំរូ​របស់​អ្នក​ទាំង​នេះ​ដោយ​ត្រង់ៗ។​ សូម្បី​តែ​ ម៉ៅ សេទុង​ ក៏​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ក្រុម​នេះ​ដែរ»។

ពិព័រណ៍ក៏​បាន​បង្ហាញ​ផង​ដែរ​ អំពី​ការ​ប្រព្រឹត្ត​មក​លើ​ប្រជាជន​ចិន​ នៅ​ពេល​ស្នូរ​កាំ​ភ្លើង​បាន​ស្ញប់​ស្ញាត់។

ពលករទាំង​នោះ​បាន​ទទួល​រង​គ្រោះ​ ដោយសារ​តែ​ជនភៀស​ខ្លួន​ប៊ែលហ្សិក​ បានវិល​ត្រឡប់​ទៅ​ផ្ទះ​ ដែល​បែក​បាក់​ខ្ចេច​ខ្ទី​របស់​ខ្លួន​វិញ។​ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក​ រដ្ឋា​ភិបាល​ប៊ែលហ្សិក ​បាន​បញ្ជា​ឲ្យ​ជនជាតិ​ចិន​ទាំង​អស់​ចាក​ចេញ​ពី​ប្រទេស។

ពលករ​ចិន​ភាគ​ច្រើន​ត្រូវ​បាន​ជ្រើស​រើស ​ចេញ​ពី​កំពង់​ផែ​សម្បទាន​របស់​បារាំង​និង​អង់​គ្លេស នៅ​ក្នុង​ខេត្ត​ Shandong។

អ្នក​ស្រាវ​ជ្រាវ​ Zhang Yan​ ពី​សាកល​វិទ្យាល័យ​ Shandong​ នៅ​ក្នុង​ទី​ក្រុង​ Weihai​ បាន​ទទួល​បេសកកម្ម​ឲ្យ​ស្វែង​រក​សាច់​ញាតិ​របស់​អ្នក​ដែលបាន​បម្រើ​ការងារ​នៅ​សមរភូមិ​មុខ​របស់​បស្ចឹម​ប្រទេស​ ដើម្បី​ជួយ​ប្រទេស​ចិន​ក្នុង​ការ​ស្វែង​រក​ឡើង​វិញ​ នូវ​ផ្នែក​ដ៏​មាន​សារៈសំខាន់​មួយ​នៃ​ប្រវត្តិ​សាស្រ្ត​របស់​ខ្លួន។

លោក​នឹង​អម​ដំណើរ​សាច់​ញាតិ​មួយ​ចំនួន​ នៅ​ឯពិធី​បុណ្យ​ពិសេស​មួយ​ នៅ​ក្នុង​ការ​តាំង​ពិព័រណ៍​ប៊ែល​ហ្សិក​ ក្នុង​ទី​ក្រុង​ស៊ាងហ៊ៃ​ នៅ​ថ្ងៃ​សុក្រ​ទី​ ២៤​ កញ្ញា។

នៅ​ខែ​ឧសភា​ លោក​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​ Flanders និង​សមរភូមិ​មុខ​បស្ចឹម​ប្រទេស Western​ Front។

នៅ​កំឡុង​ពេល​នៃ​ពិធី​បុណ្យ​ចុង​ក្រោយ​មួយ​ នៅឯ​វិមាន​ Menin Gate​ ដែល​រំឭក​ទៅ​ដល់​កង​កម្លាំង​សម្ព័ន្ធមិត្រ​ដែល​បាន​ស្លាប់​នៅ​ក្នុង​សង្រ្គាម​ លោក​អាន​ឈ្មោះ​ជន​ជាតិចិន​ចំនួន​១៣​នាក់​ ដែល​ស្លាប់​ដោយ​សារ​តែ​ការ​វាយ​ប្រហារ​ពី​អាកាស​របស់​អាលឺម៉ង់​ នៅ​ក្នុង​ឆ្នាំ​១៩១៨។

លោក​ Zhang​ និយាយ​ថា​ ដំណើរ​របស់​លោក​ទៅ​ទ្វីប​អ៊ឺរ៉ុប​ ធ្វើ​ឲ្យ​លោក​រំភើប​ចិត្ត​ជា​ខ្លាំង។​ លោក​និយាយ​ថា​ ការ​គោរព​ចំពោះ​ជនជាតិ​ចិន​ដែល​បាន​ស្លាប់​ និង​ការ​ធ្វើឲ្យកូន​ចៅ​ជំនាន់​ក្រោយ​របស់​ពួក​គេ​ បាន​ដឹង​អំពី​វាសនា​នៃ​សាច់ញាតិ​របស់​ខ្លួន ​គឺ​ជា​វិធី​សំខាន់មួយ​សម្រាប់​ឲ្យ​ជនជាតិ​ចិន​ យល់ដឹង​បន្ថែម​អំពី​ប្រវត្តិសាស្រ្ត​របស់​ខ្លួន​នៅ​ក្នុង​សង្រ្គាម​លោក​លើក​ទី​មួយ​ និង​ថា​តើ​សង្រ្គាម​នេះ​ បាន​ផ្លាស់​ប្តូរ​ប្រទេស​ចិន​សម័យ​ទំនើប​ដោយ​របៀប​ណា៕

ប្រែ​សម្រួល​ដោយ​ ឌី ខាំបូលី

XS
SM
MD
LG