ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​កាត់​ទោស​​ភូគព្ភវិទូ​អាមេរិក​ឲ្យ​ជាប់​ពន្ធនាគារ


ប៉េកាំង៖ កាល​ពីខែ​វិច្ឆិកា ឆ្នាំ​២០០៧ អាជ្ញាធរ​ចិន​បាន​ឃុំឃាំង​លោក​ស្ស៊ូ ហ្វេង (Xue Feng) ដែល​មាន​អាយុ​៤៤​ឆ្នាំ ពី​បទ​ប៉ុន​ប៉ង​ទិញ​ទិន្នន័យ​ព័ត៌មាន​ស្តី​អំពី​ឧស្សាហកម្ម​ប្រេង​ឥន្ធនៈ​របស់​ប្រទេស​ចិន។

លោក​ស្ស៊ូ ជា​សញ្ជាតិ​អាមេរិក។ កាល​ពី​ពេល​នោះ លោក​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុនប្រឹក្សា​វិស្វកម្ម និង​ថាមពល​អាមេរិកាំង(IHS)។ ទិន្នន័យ​ព័ត៌មាន​ត្រូវ​បាន​ចាត់ថ្នាក់ថា ​ជា​កិច្ចការ​សម្ងាត់​របស់​រដ្ឋ​ក្រោយ​ពី​លោក​ស្ស៊ូ​បាន​ទិញវា។

តុលាការ​ក្រុង​ប៉េកាំង​បាន​សម្រេច​ថា លោក​មាន​កំហុសចំនួន​មួយ​ឆ្នាំ​កន្លង​មក​ហើយ ប៉ុន្តែ​ការ​កាត់​ទោស​ចេះ​តែត្រូវ​បានពន្យា។

កាល​ពី​ថ្ងៃច័ន្ទ លោក​ស្ស៊ូ ត្រូវបាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៨ឆ្នាំ។ ជនជាតិ​ចិន​បី​រូប​ផ្សេង​ទៀត​ដែលត្រូវបាន​រក​ឃើញ​ថា​មាន​ទោស​ជាមួយ​នឹង​គាត់ ​ក៏​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ដែរ ។ ម្នាក់​ជាប់​ពន្ធនាគារ​ចំនួន​៨​ឆ្នាំ និង​ពីរ​នាក់​ទៀត​ចំនួន​ពីរ​ឆ្នាំ​កន្លះ។

លោករីឆាត បួនហ្គែន(Richard Buangan) អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​អាមេរិក មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មាន​ការ​ព្រួយ​បារម្ភ​ជាខ្លាំង។ លោក​បន្ត​ថា៖

«ស្ថានទូត​ស្រងាក​ចិត្ត​ចំពោះ​ការ​កាត់​ទោស​បណ្ឌិត​ស្ស៊ូ ហើយ​យើង​មាន​ការ​ព្រួយ​បារម្ភ​អំពី​សិទ្ធិ​របស់​លោក​ចំពោះ​ដំណើរ​ការ​កាត់​ទោស​នៅក្រោមច្បាប់​នៃ​ប្រទេស​ចិន»។

អ្នក​ជំនាញ​ច្បាប់​មួយ​ចំនួនដែល​ផ្តល់​ប្រឹក្សា​ដល់​គ្រួសារ​លោក​ស្ស៊ូ​ឲ្យ​ដឹង​ថា ក្រោយ​ពី​លោក​ត្រូវបាន​ឃុំខ្លួន ភ្នាក់​ងារ​សន្តិសុខ​រដ្ឋ​បាន​ធ្វើ​ទារុណកម្ម​លោក ដោយ​រួម​ទាំង​អុច​លោក​នឹង​បារីផង​ដែរ។

លោកបួនហ្គែន មានប្រសាសន៍​ថា ចាប់​តាំង​ពី​លោក​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈពេល​បីឆ្នាំ​មក មន្រ្តី​សហរដ្ឋ​អាមេរិក​បាន​ទៅ​សួរ​សុខទុក​លោក​ចំនួន​៣០​ដង ដើម្បី​ពិនិត្យ​មើល​សុខមាលភាព​របស់​លោក។ លោកបួនហ្គែន ឲ្យ​ដឹង​ទៀត​ថា ឯកអគ្គរដ្ឋទូត ចន ហាន់ស្ម៊ែន (Jon Hunsman) មាន​ការចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​រឿង​ក្តី​នេះ ហើយ​បាន​អញ្ជើញទៅ​បន្ទប់​តុលាការ​កាល​ពី​ការ​កាត់​ទោស​នៅ​ថ្ងៃ​ច័ន្ទ។ លោក​បួនហ្គែន ​ថ្លែង​ថា៖

«លោក​ឯកអគ្គ​រដ្ឋទូតហាន់ស្ម៊ែន មាន​ប្រសាសន៍​កាល​ពី​ដើម​ខែ​នេះ​ថា លោក​បាន​ទៅ​សួរ​សុខ​ទុក​លោក​ ស្ស៊ូ ហ្វ៊ែង ជា​ច្រើន​លើក ក្នុង​រយៈពេល​កន្លះ​ឆ្នាំ​កន្លង​មក​នេះ។ បណ្ឌិតស្ស៊ូ មាន​ភាព​រឹង​មាំ​ក្នុង​ពេល​ដ៏​លំបាក​របស់​លោក ហើយ​លោក​ឯកអគ្គ​រដ្ឋទូត បាន​មាន​ប្រសាសន៍​ទៅ​កាន់​រូប​លោក និង​គ្រួសារ​របស់​លោក ដែល​លោក​សង្ឃឹម​ថា ​នឹង​បាន​រួមរស់​ជួប​ជុំ​គ្នា​វិញ​ក្នុង​ពេល​ឆាប់ៗ»។

មន្រ្តី​ចិន​មួយ​ចំនួន មាន​អំណាច​ដ៏​ទូលំ​ទូលាយ​ក្នុង​ការ​កំណត់​កិច្ចការ​សម្ងាត់​របស់​រដ្ឋ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដល់​ជន​បរទេស​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ចិន ដើម្បី​ដឹង​ថា​តើ​ពេល​ណា​ពួក​គេ​ឆ្លង​ចូល​ទៅ​កិច្ចការ​សម្ងាត់។ កិច្ចការ​សម្ងាត់​ជា​រឿយៗ​រួម​ទាំង​ទិន្នន័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ព័ត៌មាន​សាធារណៈ​នៅ​ក្នុង​ប្រទេស​ភាគច្រើន ហើយ​ជូន​កាល​ព័ត៌មាន​ក៏​អាច​ត្រូវ​បាន​ប្រកាស​ថា​ ជា​កិច្ច​ការ​សម្ងាត់​ដែរ សូម្បី​តែ​ព័ត៌មាន​នោះ​ត្រូវ​បាន​បោះពុម្ពផ្សាយ​ជាសាធារណៈហើយ​ក៏​ដោយ។

ច្បាប់​ស្តី​អំពី​កិច្ចការ​សម្ងាត់​រដ្ឋ​ប្រកប​ដោយ​ភាព​ស្រពិច​ស្រពិលដ៏​ល្បី​ល្បាញ​ជាច្រើន បាន​ទទូល​ការ​យក​ចិត្ត​ទុក​ដាក់​ពី​មជ្ឈដ្ឋាន​អន្តរជាតិ​កាល​ពី​ឆ្នាំ​កន្លង​ទៅ​ នៅ​ពេល​ដែល​និយោជិក​បួន​នាក់​នៃ​ក្រុម​ហ៊ុនរ៉ែ​ដ៏​ធំ​របស់​អូស្ត្រាលី ឈ្មោះ ​រីអូ ទីនតូ (Rio Tinto) ត្រូវ​បាន​ឃុំ​ខ្លួន ពី​បទ​លួច​កិច្ច​ការ​សម្ងាត់​របស់​រដ្ឋ​ក្នុង​អំឡុង​ពេល​ដំណើរ​ការ​នៃចរចារ​តឹង​តែង​មួយ​ចំនួន​ស្តី​អំពី​រ៉ែដែក។

ប្រែសម្រួល​ដោយ​លោក​អ៊ឹម សុធារិទ្ធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG