ថ្ងៃច័ន្ទទី១០ខែតុលាជាថ្ងៃខួបឆ្នាំទី១០០ នៃការចាប់ផ្ដើមការបះបោរមួយបណ្ដាលឲ្យបញ្ចប់របបរាជាធិរាជនៅក្នុងប្រទេសចិន។ ប្រធានាធិបតី ហ៊ូ ជិនតាវ បានឆ្លៀតឱកាសនេះដើម្បីអំពាវនាវឲ្យមានការរួបរួមជាតិតែមួយ ជាមួយ តៃវ៉ាន់ ដែលជាកោះមូយគ្រប់គ្រងដោយអ្នកជាតិនិយមចិនជាង ប្រាំមួយទសវត្សរ៍មកហើយ។
នៅថ្ងៃច័ន្ទ បណ្ដាញព័ត៌មានចិន ភាគច្រើន បានសរសេរអំពីសេចក្ដីអំពាវនាវរបស់ប្រធានាធិបតី ហ៊ូជិនតាវ ដែលស្នើឲ្យប្រទេសជាតិមានសម្រស់ថ្មី និងក្មេង ឡើងវិញ ១០០ឆ្នាំក្រោយពីការបដិវត្ដន៍ ស៊ិនហៃ បាន បញ្ចប់របបគ្រប់គ្រងសន្ដតិវង្ស ជាង ពីរពាន់ឆ្នាំ នៅក្នុងប្រទេសចិន។
លោកប្រធានាធិបតី ហ៊ូ ជិនតាវ បានអំពាវនាវដល់កុលបុត្រកុលធីតារបស់ប្រទេស ចិន ឲ្យពួតដៃគ្នាដើម្បីធ្វើឲ្យសម្រេចនូវកិច្ចការ និង គោលឧត្ដមគតិ របស់ប្រធានាធិបតី សាធារណរដ្ឋចិនទី១គឺលោក ស៊ុន យ៉ាត់សេន ចំពោះអ្វីដែលលោកពិព័ណ៌នាថា « ការធ្វើឲ្យប្រទេសជាតិមានសម្រស់ក្មេងឡើងវិញ»។
គេចាត់ទុកលោក ស៊ុនយ៉ាត សេន ថាជាបិតាស្ថាបនាប្រទេសចិនទំនើប ហើយបានទទួលការគោរពជ្រាលជ្រៅដោយពលរដ្ឋតៃវ៉ាន់ និង ពលរដ្ឋចិន នៃប្រទេសចិនដីគោក។ លោក ស៊ុនយ៉ាត សេន បានទទួលមរណភាពទៅហើយ ក្រោយពីក្រុមចិនអ្នកជាតិនិយម បានចាញ់សង្រ្គាមជាមួយក្រុមកុម្មុយនិស្ដចិន នៅឆ្នាំ ១៩៤៩ រួច ក៏បានរត់គេចវេះទៅកាន់ដែនដីតៃវ៉ាន់។
នៅក្នុងសុន្ទរកថារបស់លោក កាលពីថ្ងៃអាទិត្យ លោក ហ៊ូ ជិនតាវបានថ្លែងសង្កត់ទៅលើប្រវត្ដិសាស្រ្ដរួមជាមួយគ្នាដោយលោកចង្អុលថាប្រជាពលរដ្ឋនៃដែនដីទាំងពីរស្ថិតនៅចន្លោះឆកសមុទ្រតៃវ៉ាន់ជាពលរដ្ឋមានឈាមរួម។
«លោកហ៊ូជិនតាវថ្លែងថានៅពេលនេះតៃវ៉ាន់ និងចិនដីគោកបានជួបប្រទះនឹងវិបុលភាព និងការអភិវឌ្ឍន៍។ លោកអំពាវនាវឲ្យមានការរួបរួមជាតិតែមួយដោយសន្ដិវិធី ហើយភាគីទាំងពីរគួរផ្ដោតទៅលើគោលដៅតែមូយ គឺការអភិវឌ្ឍន៍ដល់ជនជាតិចិន»។
អតីតប្រធានាធិបតីចិន លោក ជាង ហ្សេមិនបានទៅបង្ហាញខ្លួននៅមុខសាធារណជនក្នុងពិធីបុណ្យខួបកាលពីថ្ងៃអាទិត្យ។
ទូរទស្សន៍រដ្ឋ បង្ហាញរូបភាពជនជរាទន់ខ្សោយ អាយុ ៨៥ ឆ្នាំ ច្រៀងបទភ្លេងជាតិ ជាមួយក្រុមមេដឹកនាំចិនដទៃទៀត។ មន្ដ្រីចិន ជារឿយៗ បានបដិសេធពាក្យចចាមអារាម អំពីសុខភាពដុនដាប របស់លោក ជាងហ្សេមិន កាលពីប៉ុន្មានខែកន្លងទៅនេះ។
នៅទីក្រុងតាយប៉ិ លោកប្រធានាធិបតីតៃវ៉ាន់ លោក ម៉ា យីង ជីវ ក៏បានលើកដំកើងលោក ស៊ុន យ៉ាតសេនដែរ ក្នុងពិធីប្រារព្ធបុណ្យខួប១០០ ឆ្នាំនោះ តែលោកបានថ្លែងសង្កត់ទៅលើសារៈសំខាន់ មួយដែលខុសពីទស្សនៈរបស់សមភាគីរបស់លោក នៃចិនដីគោក។
«លោក ម៉ា យីងជូ អំពាវនាវអាជ្ញាធរចិនដីគោកឲ្យនឹកឃើញអំពីគោលឧត្ដមគតិ របស់បិតាស្ថាបនាប្រទេសចិន លោក ស៊ុន យ៉ាតសេន ថាជាប្រទេសដែលមានសេរីភាព ប្រជាធិបតេយ្យ និង សម្បត្ដិទ្រព្យចែកគ្នាស្មើ។ លោកអំពាវនាវដល់ក្រុមមេដឹកនាំចិន តាមពាក្យផ្ទាល់របស់លោកថា « សុំឲ្យដើរយ៉ាងក្លាហានឆ្ពោះទៅរកមាគ៌ានេះ»។
សុន្ទរកថារបស់លោកធ្វើឡើង បន្ទាប់ពីមានការបង្ហាញកម្លាំងយោធាអស់រយៈពេលមួយម៉ោងដោយមានយន្ដហោះចម្បាំងហោះហើរលើមេឃ មាន រថក្រោះ និងកំាជ្រួចមីស៊ីល។
ចិនដីគោកនៅតែបន្ដទាមទារថា តៃវ៉ាន់ជាផ្នែកមូយនៃដែនដីរបស់ខ្លួន។
ភាគីទាំងពីរបានធ្វើឲ្យធូរស្រាលដល់ស្ថានការណ៍អរិភាព កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ តែចិនដីគោកមិនបានទម្លាក់ចោលលទ្ធភាពនៃការប្រើកម្លំាងទ័ព ដើម្បីរារាំងមិនឲ្យតៃវ៉ាន់គ្រប់គ្រងដោយរដ្ឋាភិបាលផ្ទាល់របស់ខ្លួន អាចប្រកាសឯករាជ្យបាន។
ប្រែសម្រួលដោយ អ៊ូ ធួក