កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋាភិបាលចិនបានជំរុញឲ្យប្រទេសជប៉ុនជាប្រទេសជិតខាងរបស់ខ្លួនដែលមានវិបត្តិយ៉ាងខ្លាំងនោះ ចេញផ្សាយព័ត៌មានយ៉ាងឆាប់រហ័សនិងត្រឹមត្រូវអំពីការលេចជាតិវិទ្យុសកម្មមកពីរោងចក្រនុយក្លេអ៊ែររដែលត្រូវបានបំផ្លាញដោយការរញ្ជួយផែនដីនិងរលកយក្ស ស៊ូណាមី។ រដ្ឋាភិបាលទីក្រុងប៉េកាំងក៏បានអំពាវនាវដល់ ដោយមានការព្រួយកង្វល់ពីពាក្យចចាមអារ៉ាមដែលកំពុងផ្សព្វផ្សាយនៅក្នុងប្រទេសចិនអំពីកាកសំណល់នុយក្លេអ៊ែរនិងចំហាយវិទ្យុសកម្ម លោកស្រី Jiang Yu អ្នកនាំពាក្យក្រសួងការបរទេសចិនបានអំពាវនាវឲ្យរដ្ឋាភិបាលទីក្រុងតូក្យូចេញផ្សាយសេចក្តីលម្អិតជាបន្ទាន់ភ្លាមហើយនឹងត្រឹមត្រូវអំពីរោងចក្រថាមពលនុយក្លេអ៊ែរដែលត្រូវបានបំផ្លាញដោយការរញ្ជួយផែនដីនិងរលកយក្សស៊ូណាមី កាលពីសប្តាហ៍មុន។
លោកស្រីក៏បានចេញសេចក្តីអំពាវនាវដល់ប្រជាពលរដ្ឋចិនដែលមានការបារម្ភហើយដែលមានការស្លន់ស្លោរដោយការទិញអំបិលនៅក្នុងជំនឿមិនត្រឹមត្រូវថាខ្លួនអាចការពារទប់ទល់នឹងជំងឺពីវិទ្យុសកម្ម។
លោកស្រី Jiang និយាយថា ជប៉ុនគួរតែបញ្ចេញព័ត៌មានលម្អិតនិងត្រឹមត្រូវអំពីការលេចវិទ្យុសកម្មឲ្យបានដឹងដោយឆាប់រហ័សនៅពេលដែលខ្លួនដឹងភ្លាម។
លោកស្រីជំរុញឲ្យសាធារណជនរក្សាការស្ងៀមស្ងាត់ ដោយនិយាយថា គេមិនចាំបាច់ភ័យស្លន់ស្លោរទេ។
ក្រុមហ៊ុនសាជីវកម្មឧស្សាហកម្មអំបិលជាតិចិន ជាក្រុមហ៊ុនអំបិលដ៏ធំបង្អស់របស់ប្រទេស បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ដោយព្រមានថា ការទិញនិងស្តុកអំបិលទុកដោយការភ័យស្លន់ស្លោរជាការមិនចាំបាច់។
ក្រសួងសុខាភិបាលក៏កំពុងប្រាប់សាធារណជនថា អំបិលធម្មតាមិនអាចការពារជាតិវិទ្យុសកម្មបានទេ។
ក៏ប៉ុន្តែការទិញដោយភ័យស្លន់ស្លោរនេះកំពុងបន្តមានឡើង ហើយតម្លៃកំពុងកើនឡើង។
លោកស្រី Jiang ក៏បានបញ្ជាក់ដែរថា ចិននឹងបញ្ជូនប្រេងសាំងនិងប្រេងម៉ាស៊ូតចំនួន២០.០០០តោនទៅកាន់ប្រទេសជប៉ុន ដើម្បីជួយប្រទេសនេះក្នុងការរើបឡើងវិញពីការខូចខាតនៃការរញ្ជួយផែនដី។
ទោះបីទំនាក់ទំនងរវាងចិននិងជប៉ុនជារឿយៗមានភាពមិនល្អក៏ដោយ ក៏មហន្តរាយនៅជប៉ុនបានធ្វើឲ្យមានការអាណិតអាសូរយ៉ាងច្រើននៅក្នុងប្រទេសចិន។
ប្រែសម្រួលដោយ ជឹង ប៉ូជីន