ប៉េកាំង៖ រដ្ឋាភិបាលកាន់អំណាចផ្ដាច់ការរបស់ប្រទេសចិន មានប្រតិកម្មដ៏ប្រុងប្រយ័ត្នទៅនឹងការបណ្ដេញ លោក ហុសនី មូបារ៉ាក់ចេញពីតំណែងប្រធានាធិបតីអេហ្ស៊ីព។
គណបក្សកុម្មុយនិស្ត ដែលដឹកនាំប្រទេសចិន បានអំពាវនាវ កាលពីថ្ងៃសៅរ៍ ឲ្យមានស្ថិរភាពនៅក្នុងប្រទេសអេហ្ស៊ីព ក្រោយពីការធ្លាក់ចេញពីតំណែងរបស់ប្រធានាធិបតី ហុសនី មូបារ៉ាក់ ដោយនិយាយថា មហាអំណាចបរទេសមិនត្រូវជ្រៀតជ្រែកទេ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកម៉ា ស្សាវស៊ូ (Ma Zhaoxou)បានថ្លែងផ្ទួនៗនៅក្នុងសេចក្ដីថ្លែងការណ៍ដ៏ប្រុងប្រយ័ត្ន ទៅនឹងព្រឹត្ដិការណ៍នៅក្នុងប្រទេសអេហ្ស៊ីព ចុះផ្សាយនៅក្នុងបណ្ដាញអ៊ិនធឹណិត ចាប់តាំងពីបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យបានផ្ដើមឡើងកាលពី១៨ថ្ងៃ មុន។
អ្នកនាំពាក្យនោះមិនបាននិយាយអំពីការលាលែងចេញពីតំណែងរបស់លោក មូបារ៉ាក់ទេ ហើយក៏មិននិយាយអំពីមធ្យោបាយដែលបណ្ដាលឲ្យលោកមូបារ៉ាក់ បាត់បង់អំណាចដែរ។ តែផ្ទុយទៅវិញ លោក ម៉ាបានថ្លែងផ្ទួនៗពាក្យដដែលៗដែលថ្លែងនៅក្នុងសន្និសីទកាសែត កាលពីថ្ងៃព្រហស្បតិ៍។
លោកម៉ា និយាយថា ចិនបានតាមដានមើលដ៏ដិតដល់ ទៅនឹងការប្រែប្រួល នៅក្នុងប្រទេស អេហ្ស៊ីព ហើយសង្ឃឹមថា ការអភិវឌ្ឈចុងក្រោយបង្អស់ នឹងជួយប្រទេសអេហ្ស៊ីពរៀបចំឲ្យមានស្ថិរភាពឡើងវិញ នៅក្នុងប្រទេសជាតិនិងមានសណ្ដាប់ធ្នាប់ជាប្រក្រតីឡើងវិញឲ្យបានឆាប់រហ័ស។
បណ្ដាញព័ត៌មានចិន ដែលរដ្ឋកាន់កាប់ ក៏មានការប្រុងប្រយ័ត្នដែរ។ ទិនានុប្បវត្ដិចិន ឆៃណា ដែលី (China Daily) បានសរសេរសង្កត់ធ្ងន់មកលើពាក្យស្លោករបស់រដ្ឋាភិបាលចិនថា ស្ថិរភាពមានសារៈសំខាន់លើសអ្វីទាំងអស់។កាសែតនោះសរសេរចុះផ្សាយនៅក្នុងបទវិចារណកថានៅថ្ងៃសៅរ៍ថា ប្រទេសមហាអំណាចមិនត្រូវចូលធ្វើអន្ដរាគមន៍ទេ។
បទវិចារណកថានោះ ជាសេចក្ដីអធិប្បាយទូលំទូលាយលើកទីមួយ ចេញពីបណ្ដាញព័ត៌មានរដ្ឋកាន់កាប់ ដែលបកស្រាយអំពីការបណ្ដេញលោកមូបារ៉ាក ចេញពីអំណាចនៅថ្ងៃសុក្រ។លោកបានដឹកនាំប្រទេសអេហ្ស៊ីពជិត៣០ឆ្នាំមកហើយ។ ទូរទស្សន៍រដ្ឋផ្សព្វផ្សាយព័ត៌មាន ដែលរាយការណ៍អំពីការធ្លាក់ចេញពីតំណែង តែការផ្សាយនេះមិនមានបទអធិប្បាយ មិនបានបង្ហាញរូបភាពហ្វូងមនុស្សគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅក្នុងទីក្រុងឡឺគែរទេ។
អ្នកសង្កេតការណ៍ជាច្រើននិយាយថា ប្រតិកម្មដ៏ប្រុងប្រយ័ត្នរបស់ចិននេះ អាចជាការបង្ហាញពីក្តីព្រួយបារម្ភក្នុងចំណោមមន្ដ្រីចិន នៅក្នុងទីក្រុងប៉េកាំង ទាក់ទងនឹងការកាន់ក្ដាប់ត្រួតត្រាកិច្ចការផ្ទៃក្នុងប្រទេស។
គេហទំព័រក្នុងបណ្ដាញអ៊ិធឹណិតចិនបានរឹតបន្ដឹងមកលើការអធិប្បាយរបស់សាធារណជន អំពីការបះបោរនៅក្នុងប្រទេសអេហ្ស៊ីព។ តែគេឃើញមានការសរសេរនៅក្នុងទំព័រប្លក វែកញែកអំពីការធ្លាក់ចេញពីអំណាចរបស់មេដឹកនាំនេះ។ អ្នកសរសេរទំព័រប្លកម្នាក់និយាយថា “ការប៉ះពាល់ចេញពីព្រឹត្ដិការណ៍នោះ នឹងរាលដាលហួសពីពិភពអារ៉ាប់ទៅទៀត។ ប្រទេសចិនដែលនៅឆ្ងាយក៏នឹងអាចត្រូវប៉ះពាល់ ដែរ”។
ប្រែសម្រួលដោយ អ៊ូ ធួក