ក្រុងប៉េកាំង៖ ប្រទេសចិនបញ្ជាក់ប្រាប់អ្នកការទូតបរទេសថា ខ្លួនយកចិត្តទុកដាក់ហ្មត់ចត់ណាស់ចំពោះទំនាក់ទំនងជាមួយសរអា ហើយថាប្រទេសទាំងពីរនឹងធ្វើការជាមួយគ្នា។ អ្នកវិភាគនយោបាយខ្លះពណ៌នាថាការទាក់ទងនេះជាការទាក់ទងការងារ មិនសូវជាមានមិត្តភាពណាស់ណាពេកទេ។
លោកអនុរដ្ឋមន្រ្តីការបរទេស ធួយ ធានខាយ (Cui Tiankai) បានជំរាបអ្នកការទូតបរទេសជាង ១០០ នាក់នៅក្រុងប៉េកាំងថាសហប្រតិបត្តិការជិតស្និតជាងមុនជាការល្អសម្រាប់ប្រទេសទាំងពីរនិងសម្រាប់ពិភពលោកទាំងមូល។
លោកថ្លែងថា កាលពីឆ្នាំមុន ពិភពលោកយកចិត្តទុកដាក់ខ្លាំងពេកទៅលើ«ព័ត៌មានអាក្រក់នៅក្នុងការទាក់ទងជាឧភតោភាគី»។ លោកពោលថា ការណ៍នេះបាននាំឲ្យមានសំណួរថាតើចិននិងសរអា អាចស្ថិតនៅលើអ្វីដែលលោកពណ៌នាថាជា«មាគ៌ានៃសហប្រតិបត្តិការ»បានឬទេ។
លោក ធួយ ថ្លែងថា ចម្លើយចំពោះសំណួរនេះគួរតែបញ្ជាក់ដោយច្បាស់លាស់ថា«បាន» -- គឺថាចិននិងសរអាគ្មានជម្រើសណាទៀតក្រៅពីធ្វើសហប្រតិបត្តិការទេ។
នៅក្រៅកិច្ចប្រជុំដដែលនេះ ព្រឹទ្ធបុរសនៃសាលាខាងការសិក្សាកិច្ចការអន្តរជាតិនៅសកលវិទ្យាល័យប៉េកាំង លោក វ៉ាង ជីស៊ី (Wang Jisi) បានពណ៌នាទំនាក់ទំនងការងារផ្អែកលើការណ៍និយមរវាងចិននិងសរអាយ៉ាងដូច្នេះ។
លោក វ៉ាង ថ្លែងថាការទាក់ទងរវាងចិននិងសរអាមិនអាចពិនិត្យមើលក្នុងអត្ថន័យជាមិត្តភាពឬសត្រូវបានទេ តែក្នុងរឿងផលប្រយោជន៍រួមទៅវិញ។ លោកបន្ថែមថាប្រទេសទាំងពីរមានផលប្រយោជន៍រួមនៅក្នុងពាណិជ្ជកម្មនិងជំនួញ និងនៅក្នុងពិភពលោក ដូច្នេះមិនគួរបើកឲ្យជម្លោះលប់លើសហប្រតិបត្តិការបានទេ។
លោកប្រធានាធិបតីចិន ហ៊ូ ជិនតៅ និងចេញដំណើរនៅថ្ងៃអង្គារក្រោយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋមួយនៅក្រុងវ៉ាស៊ីនតុន។ នៅទីនេះ លោករំពឹងថានិងពិភាក្សាអំពីឧបសគ្គធំៗនៅក្នុងការទាក់ទងរបស់ចិនជាមួយសរអា៕
ប្រែសម្រួលដោយកែរ យ៉ាន