ទីក្រុងប៉េកាំង៖ លោកប្រធានាធិបតីនៃប្រទេសចិន ហ៊ូ ជិនតៅ (Hu Jintao) កំពុងធ្វើដំណើរទៅកាន់សរអា ដោយមានសារចាំបាច់មួយអំពីសហប្រតិបត្តិការរវាងចិននិងសរអា មិនមែនការប្រឈមមុខគ្នាទេ។
លោក ហុង ឡេ (Hong Lei) អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងនៅថ្ងៃអង្គារនេះថា ប្រទេសចិនសង្ឃឹមថា ទស្សនកិច្ចរបស់លោកប្រធានាធិបតី ហ៊ូ នឹងពង្រឹងសេចក្តីទុកចិត្តគ្នាខាងវិស័យយុទ្ធសាស្រ្តរវាងរដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
លោក ហុង និយាយថា ប្រទេសចិនសង្ឃឹមថា ទស្សនកិច្ចនេះនឹងជួយឲ្យភាគីទាំងពីរមើលគ្នាទៅវិញទៅមកដោយស្មោះត្រង់ និងដោយគោរពចំពោះអ្វីដែលលោកហៅថា «ជម្រើសរបស់ភាគីម្ខាងៗ»។
លោកក៏បានអំពាវនាវឲ្យសរអានិងចិនពង្រីកវិស័យដែលមានផលប្រយោជន៍រួមគ្នាផងដែរ ដើម្បីឲ្យប្រទេសទាំងពីរក្លាយទៅជាដៃគូនឹងគ្នានៅក្នុងបញ្ហាដ៏ទូលំទូលាយជាច្រើន។ ពាណិជ្ជកម្មជាបញ្ហាមិនស្រុះស្រួលគ្នាមួយ ដែលមានអតុល្យភាពពាណិជ្ជកម្មដ៏ធំមហិមាលំអៀងទៅខាងប្រទេសចិន។ សមាជិកព្រឹទ្ធសភាអាមេរិកាំងមួយក្រុមថ្លែងថា អស់លោកចង់ជូនសារមួយដល់លោកប្រធានាធិបតី ហ៊ូ ដោយធ្វើសេចក្តីព្រាងច្បាប់ដើម្បីដាក់ទណ្ឌកម្មប្រទេសចិន ដោយដំឡើងប្រាក់ពន្ធលើទំនិញនាំចេញរបស់ចិន។ អស់លោកទាំងនេះបានចោទថា ប្រទេសចិនបានរក្សាទុកពាណិជ្ជកម្មអយុត្តិធម៌ដែលខ្លួនមានប្រៀប ដោយរក្សារូបិយបណ្ណរបស់ខ្លួនឲ្យនៅថោកដោយចេតនា។
អ្នកនាំពាក្យរបស់ចិនពោលថា លោកគិតថា អត្រាប្តូរប្រាក់របស់ចិនមិនមែនជាមូលហេតុធំនៃឱនភាពពាណិជ្ជកម្មរបស់សរអាទេ។
លោក ហុង បានអំពាវនាវឲ្យសមាជិកសភាអាមេរិកាំងយល់ដល់សារៈសំខាន់នៃពាណិជ្ជកម្មរវាងចិននិងសរអា ហើយជៀសវាងមិនធ្វើឲ្យខូចដល់ផលប្រយោជន៍ទូទៅនៃសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
នេះជាទស្សនកិច្ចផ្លូវរដ្ឋទីមួយរបស់មេដឹកនាំប្រទេសចិនមួយរូបទៅកាន់សរអា ចាប់តាំងពីឆ្នាំ ១៩៩៧ មក។
លោក ជេ. ស្តេផុលតុនរ៉យ(J. Stapleton Roy) អតិតឯកអគ្គរដ្ឋទូតសរអាទៅកាន់ប្រទេសចិន ថ្លែងថា ទោះបីជាលោកប្រធានាធិបតី ហ៊ូ ខ្វះបុគ្គលិកលក្ខណៈដែលធ្វើឲ្យគេកោតសរសើរដូចអ្នកកាន់តំណែងមុនលោកក៏ដោយ ក៏លោកនៅជាមេដឹកនាំដែលមានឥទ្ធិពលខ្លាំងជាងគេនៅប្រទេសចិន ហើយមេដឹកនាំសរអាត្រូវតែស្ថាបនាការទាក់ទងជាមួយលោក។
«នៅក្នុងករណីប្រទេសចិន យើងកំពុងឈានចូលដល់យុគសម័យមួយដែលមេដឹកនាំកំពូលក្នុងប្រទេសចិនលែងមានប្រវត្តិជាអ្នកបដិវត្តន៍ទៀតហើយ។ អ្នកទាំងនេះមិនមែនដូចក្រុមលោក ម៉ៅ សេទុង (Mao Tse-tung) លោកជូ អេនឡាយ (Zhou Enlai) និងលោក តេង ស៊ាវភីង (Deng Xiaoping) នោះទេ។ ក៏ប៉ុន្តែ គេនៅតែជាមេដឹកនាំកំពូលក្នុងប្រទេសចិនជានិច្ច»។
លោកប្រធានាធិបតី ហ៊ូ នឹងទទួលពិធីលាងសាយភោជន៍ឯកជនមួយជាមួយលោកប្រធានាធិបតី អូបាម៉ា នៅសេតវិមាននៅថ្ងៃអង្គារ មុនពេលមេដឹកនាំទាំងពីររូបចូលធ្វើកិច្ចចរចានៅថ្ងៃពុធ។ លោក ហ៊ូ នឹងត្រូវជួបជាមួយសមាជិកសភាសរអាដែរ ហើយនិងចូលរួមក្នុងពិធីលាងសាយភោជន៍តាមផ្លូវរដ្ឋមួយនៅក្រុងវ៉ាស៊ីនតោន មុនអញ្ជើញទៅក្រុងឈីកាហ្គោ (Chicago) ដើម្បីជួបជាមួយក្រុមពាណិជ្ជករ(អាមេរិកាំង)៕
ប្រែសម្រួលដោយ កែរ យ៉ាន