រដ្ឋាភិបាលចិនកំពុងបង្កើនការដាក់សម្ពាធរបស់ខ្លួន ទៅលើក្រុមហ៊ុនទាំងឡាយដែលមានជាប់ពាក់ព័ន្ធនៅក្នុងការហៀរកំពប់ប្រេង នៅក្នុងឈូងសមុទ្រ បូហៃ (Bohai Bay)។ រដ្ឋាភិបាលបានអំពាវនាវឱ្យមានការស៊ើបអង្កេតហ្មត់ចត់មួយទៅក្នុងឧប្បត្តិហេតុនេះ និងការដាក់កំហិតមួយទៅលើគម្រោងសាងសង់ថ្មីនៅក្នុងឈូងសមុទ្រ បូហៃ។
បណ្តាញព័ត៌មានចិនកាលពីថ្ងៃព្រហស្បត៍ បានធ្វើសេចក្តីរាយការណ៍យ៉ាងទូលំទូលាយ អំពីការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី វែន ជៀប៉ាវ (Wen Jiabao) ឱ្យមានការស៊ើបអង្កេតមួយទៅលើការហៀរកំពប់ប្រេងនៅក្នុងឈូងសមុទ្រ បូហៃ (Bohai Bay)។
លោក វែន (Wen) ជាអ្នកដឹកនាំក្រុមប្រឹក្សារដ្ឋ ដែលបានចេញសេចក្តីថ្លែងការមួយ អំពាវនាវឱ្យគ្រប់ភាគីទាំងអស់ ដែលទទួលខុសត្រូវចំពោះគ្រោះថ្នាក់នេះ ធ្វើការប្រមូលទប់ប្រេង និងបោសសម្អាតលទ្ធផលទាំងឡាយ។
តំបន់ដែលមានការហៀរកំពប់ប្រេងនេះ ត្រូវគ្រប់គ្រងដោយក្រុមហ៊ុន ខូណូខូហ្វីលីបស៍ ឆាយណា (ConocoPhillips China) ដែលជាក្រុមហ៊ុនរកស៊ីរួមគ្នាមួយ រវាងក្រុមហ៊ុនអាមេរិកាំង ខូណូខូហ្វីលីបស៍ (ConocoPhillips) និង សាជីវកម្មប្រេងក្នុងដែនសមុទ្ររបស់ប្រទេសចិន (China National Offshore Oil Corporation) ដែលជាក្រុមហ៊ុនរបស់រដ្ឋ។
កាលពេលមុននេះ ក្រុមហ៊ុន ខូណូខូហ្វីលីបស៍ (ConocoPhillips) បាននិយាយថា ខ្លួននឹងបង្កើតមូលនិធិមួយ ដើម្បីទូទាត់ការខូចខាតទាំងឡាយ ដែលបណ្តាលមកពីការហៀរកំពប់ប្រេង។ បណ្តាញព័ត៌មានចិននិយាយថា គេមិនបានប្រាប់ចំនួនទឹកប្រាក់សម្រាប់មូលនិធិនោះទេ។
នៅពេលដែលត្រូវបានគេសួរអំពីប្រិតកម្មរបស់រដ្ឋាភិបាលចិន ទៅលើការប្រកាសរបស់ក្រុមហ៊ុន ខូណូខូហ្វីលីបស៍ (ConocoPhillips) អ្នកនាំពាក្យក្រសួងការបរទេស លី វីមិន (Liu Weimin) បានហៅការប្រកាសនេះថាជាបញ្ហាពាណិជ្ជកម្មមួយ ហើយមិនមែនជាបញ្ហាការទូតមួយទេ។
លោក លី (Liu) និយាយថា អាជ្ញាធរដែលជាប់ពាក់ព័ន្ធ នឹងដោះស្រាយជាមួយនឹងករណីនេះ ដោយយោងទៅតាមអ្វីដែលលោកពណ៌នាថា «ជាទម្រង់ការធម្មតា»។
រដ្ឋាភិបាលចិនមិនបានស្តីបន្ទោសក្រុមហ៊ុនណាមួយដោយចំឈ្មោះទេ ប៉ុន្តែ លោក ហ្វង់ យ៉ាមិន (Wang Yamin) ដែលជាសាស្រ្តាចារ្យរងមួយរូបនៃមហាវិទ្យាល័យអំពីមហាសមុទ្រ (College of Ocean) នៅក្នុងសាកលវិទ្យាល័យ ស្សានទុង (Shandong University) បាននិយាយចំៗជាងនេះ។
លោក Wang និយាយថា លោកយល់ថា ក្រុមហ៊ុន ខូណូខូហ្វីលីបស៍ (ConocoPhillips) បានព្រងើយកន្តើយនឹងបទបញ្ញត្តិទាំងឡាយស្តីអំពីបរិស្ថាន ហើយខ្វល់ខ្វាយតែអំពីការបូមយកប្រេងតែប៉ុណ្ណោះ។ ដូច្នេះ ក្រុមហ៊ុននេះជាអ្នកទទួលខុសត្រូវចំពោះការធ្វើឱ្យមានការហៀរកំពប់ប្រេងនេះ។
ជាពិសេស លោកបាននិយាយសរសើរបញ្ញត្តិរបស់ក្រុមប្រឹក្សារដ្ឋ ដែលបានកំណត់គម្រោងឧស្សាហកម្មបន្ថែមទៀត នៅក្នុងតំបន់ឈូងសមុទ្រ បូហៃ (Bohai)។ លោកនិយាយថា តំបន់នេះមានប្រព័ន្ធបរិស្ថានមិនរឹងមាំមួយ ដែលត្រូវបានអភិវឌ្ឍយកផលលើសលុបរួចទៅហើយ។
លោកនិយាយថា ការខូចខាតផ្នែកបិរស្ថានកំពុងតែមានភាពធ្ងន់ធ្ងរ ដ៏គួរឲ្យមានការភ័យខ្លាចរួចទៅហើយ ហើយមិនទាន់ឈានដល់កម្រិតខ្ពស់បំផុតរបស់វានៅឡើយទេ។ លោកនិយាយថា ប្រសិនបើនិន្នាការនាពេលបច្ចុប្បន្ននៅតែបន្ត តំបន់ បូហៃ (Bohai) នឹងក្លាយទៅជាដែនសមុទ្រមួយ ដែលលែងមានសត្វនិងរុក្ខជាតិនៅរស់ជីវិតតទៅទៀតហើយ៕
ប្រែសម្រួលដោយ ឌី ខាំបូលី